រដ្ឋមន្រ្តី​ការ​បរទេស​កម្ពុជា​គ្រោង​ទៅ​ភូមា​នៅ​ខែ​មីនា​ក្នុង​នាម​ជា​ប្រេសិត​ពិសេស​អាស៊ាន​

លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា ថ្លែងក្នុងសន្និសីទសារព័ត៌មាននៃកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅភ្នំពេញ កាលពីថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២២។

រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា​លោក​ ប្រាក់ សុខុន ​នៅ​ថ្ងៃ​ព្រហស្បតិ៍​បាន​ថ្លែង​ថា​លោក​មាន​គម្រោង​ធ្វើ​ដំណើរ​ជា​លើក​ដំបូង​ក្នុង​នាម​ជា​ប្រេសិត​ពិសេស​អាស៊ាន​ទៅ​កាន់​រដ្ឋធានី​ណៃពិដោ​និង​ទីក្រុង​រ៉ង់ហ្គូន​ប្រទេស​ភូមា​នៅ​សប្ដាហ៍​ទី​ពីរ​ខែ​មីនា​ខាង​មុខ។​

ប្រមុខ​ការ​ទូត​កម្ពុជា​ថ្លែង​ដូច្នេះ​ក្នុង​សន្និសីទ​កាសែត​មួយ​ក្រោយ​បិទ​បញ្ចប់​កិច្ច​ប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍។​ លោក​បាន​ថ្លែង​ថា​នេះ​គ្រាន់​តែ​ជា​គម្រោង​តែ​អ្វីៗ​អាស្រ័យ​លើ​របប​សឹក​អ្នក​រៀបចំ​និង​សម្រប​សម្រួល​ជូន​សម្រាប់​ទស្សនកិច្ច​នេះ។​

លោក​ប្រាក់ សុខុន ថ្លែង​ថា៖ «រដ្ឋមន្ត្រី​ការ​បរទេស​ទាំង​អស់​គឺ​បាន​សម្ដែង​ជា​ថ្មី​គាំទ្រ​លើ​ការ​តែង​តាំង​ខ្ញុំ​ជា​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ានប៉ុន្តែ​គេ​និយាយ​លេង​សើច​ថា​មិន​មែន​ជា​កាដូ​សម្រាប់​អ្នក​ឯង​នោះ​ទេ​ ព្រោះ​បញ្ហា​មីយ៉ាន់ម៉ា​យើង​ដឹង​ថា​ជា​បញ្ហា​ក្ដៅ។ ​ ខ្ញុំ​ទៅ​ពេល​ណា?​គឺ​ដើម​ខែ​ក្រោយ»។​

ក្រោយ​ពី​មាន​ការ​ខ្វែង​គំនិត​គ្នា​ក្នុង​ចំណោម​បណ្ដា​ប្រទេស​ជា​សមាជិក​ផ្សេង​ទៀត​លើ​អភិក្រម​របស់​ខ្លួន​លើ​បញ្ហា​ភូមា​ អាស៊ាន​បាន​សម្រេច​មិន​ហៅ​លោក​ Wunna Maung Lwin​រដ្ឋមន្ត្រី​ការ​បរទេស​របប​សឹក​មក​ភ្នំពេញ​ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​នេះ​ឡើយ។​ ការ​សម្រេច​របស់​អាស៊ាន​ត្រូវ​ឈរ​លើ​គោលការណ៍​មូល​មតិ​គ្នា​ឬ​កុងសង់ស៊ីស។​

លោក​ប្រាក់ សុខុន​ ថា​កម្ពុជា​ត្រូវ​«បង្ខំ​ចិត្ត»​ធ្វើ​ដូច្នោះ​តាម​សំណើ​របស់​រដ្ឋ​ជា​សមាជិក​«មួយ​ចំនួន»។​

លោក​ Saifuddin Abdullah ​រដ្ឋមន្ត្រី​ការ​បរទេស​ម៉ាឡេស៊ី​ដែល​មាន​វត្តមាន​នៅ​រាជធានី​ភ្នំពេញ​ដែរ​បាន​ស្នើ​ឱ្យ​អាស៊ាន​រិះរក​ដំណោះ​ស្រាយ​ណា​ដែល​«គោរព​ឆន្ទៈ​និង​សេចក្ដី​ប្រាថ្នា​នៃ​ប្រជាជន​មីយ៉ាន់ម៉ា»។​ លោក​ថា ​លោក​គាំទ្រ​លោក​ប្រាក់ សុខុន​បំពេញ​តួនាទី​ជា​ប្រេសិត​ពិសេស។​

ប្រមុខ​ការទូត​ម៉ាឡេស៊ី​រូប​នេះ​បាន​សរសេរ​លើ​បណ្ដាញ ​Twitter ​ស្នើ​ឱ្យ​រដ្ឋមន្រ្តី​ការ​បរទេស​កម្ពុជា​ស្វះស្វែង​ជួប​តំណាង​រដ្ឋាភិបាល​រួប​រួម​ជាតិ ​(NUG) ដែល​ជា​រដ្ឋាភិបាល​ស្រមោល​បង្កើត​ដោយ​អ្នក​ប្រឆាំង​នឹង​របប​សឹក​ភូមា។​

លោក​ប្រាក់​ សុខុន​ លើក​ឡើង​ថា​សំណើ​ជួប​ឥស្សរជន​ផ្សេង​ទៀត​ក្រៅ​ពី​មន្ត្រី​របប​សឹក​នោះ​គឺ​ អាស្រ័យ​នឹង​របប​ក្រុង​ណៃពិដោ​«សម្រួល​ឱ្យ​ជួប»។​លោក​ថា​លោក​នឹង​ទៅ​រដ្ឋធានី​ណៃពិដោ​និង​ទីក្រុង​រ៉ង់ហ្គូន។

លោក​ប្រាក់ សុខុន​ក៏​បាន​និយាយ​ជា​សាធារណៈ​លើក​ដំបូង​ឈ្មោះ​«រដ្ឋាភិបាល​រួប​រួម​ជាតិ​(NUG)»​របស់​អ្នក​ប្រឆាំង​របប​សឹក​ផង​ដែរ។​

លោក​ ប្រាក់ សុខុន​ ថា​ការ​និយាយ​ជាមួយ​រដ្ឋាភិបាល​និរទេស​ខ្លួន​ភូមា​មួយ​នេះ​គ្រាន់​តែ​ជា​បញ្ហា​ពេល​វេលាប៉ុណ្ណោះ​ ដោយ​លោក​ថា​គេ​ត្រូវ​ថ្នម​ទំនាក់ទំនង​ជាមួយ​របប​សឹក​ដើម្បី​រក្សា​ដំណើរការ​សន្តិភាព​ទាំង​មូល​ឱ្យ​នៅ​មាន​សង្ឃឹម។​

«គឺ​ទី​មួយ ធ្វើ​យ៉ាង​ណា​ឱ្យ​បាន​ជួប​សន្ទនា​ជាមួយ​គ្រប់​ភាគី​ពាក់​ព័ន្ធ។​ ខ្ញុំ​និយាយ​ថា​ជាមួយ​ភាគី​ពាក់ព័ន្ធ។​ យើង​អាច​ថា​ មិន​ទាំង​អស់​ទេ​ ហើយ​នេះ​ជា​ការ​ធ្វើ​ដំណើរ​លើក​ទី១​ផង។ ​យើង​ក៏​និយាយ​ទៅ​...​និយាយ​ឱ្យ​ចំ​ទៅ​ យើង​មិន​អាច​លោភ​បាន​ទេ។​ មាត់​យើង​ទំពារ​បាន​ប៉ុណ្ណា​យើង​លេប​ប៉ុណ្ណឹង​បាន​ហើយ។ ប៉ុន្តែ​យើង​ក៏​នឹង​មាន​ការ​ជួប​ជាមួយ​គ្រប់​ភាគី​ពាក់​ព័ន្ធ។ខ្ញុំ​ក៏​មាន​ស្នើ​សុំ​ជួប​ជាមួយ​ឧត្ដម​សេនីយ៍​ Min Aung Hlaing​ជួប​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​ហើយ​ខ្ញុំ​ក៏​នឹង​ស្នើ​ជួប​ជាមួយ​ឥស្សរជន​ផ្សេង​ទៀត»។​

លោក​ថា​គេ​ចៀស​មិន​ផុត​ពី​ត្រូវ​ធ្វើ​ការ​ជាមួយ​របប​សឹក​ទេ ដោយ​លោក​បញ្ជាក់​ថា៖ «ចូរ​យើង​ដឹង​ថា​ មីយ៉ាន់​ម៉ា​ជា​ប្រទេស​មួយ​ដែល​ដឹក​នាំ​ដោយ​របប​យោធា​តាំង​ពី​បាន​ទទួល​ឯករាជ្យ​មក​ម្ល៉េះ​...​ចិត​សិប​ប្លាយ​ឆ្នាំ​ហើយ​...​៧៤​ឆ្នាំ​ហើយ។​ ខណៈ​ពេល​ដែល​លោក​ស្រី ​Aung San Suu Kyi ​ដឹក​នាំ​រដ្ឋាភិបាល​ក៏​មាន​ចំណែក​របស់​យោធា​ដែរ។​ យោធា​អត់​ទាន់​ទៅ​ណា​ទេ។អ៊ីចឹង​ក៏​មាន​ចំណែក​របស់​យោធា​ដែរ។រាប់​មក​ចិត​សិប​ប្លាយ​ឆ្នាំ បាន​ន័យ​ថា​របប​គាត់​បាន​ចាក់​ឫស​ជ្រៅ​នៅ​ក្នុង​សង្គម​ហើយ»។

ក្នុង​ជំនួប​ដាច់​ដោយ​ឡែក​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​វិមាន​សន្តិភាព​កាល​ពី​ថ្ងៃ​ពុធវេជ្ជបណ្ឌិត Vivian Balakrishnan រដ្ឋមន្ត្រី​ការ​បរទេស​សិង្ហបុរី បាន​លើក​ឡើង​ថា​លោក​ទាំង​ពីរ​យល់​ស្រប​គ្នា​ថា​សមាសភាព​ចូល​រួម​របស់​តំណាង​មីយ៉ាន់ម៉ា​គួរ​រក្សា​ត្រឹម​កម្រិត​តំណាង​មិន​មែន​នយោបាយ។​

ក្នុង​សេចក្ដី​ថ្លែង​ការណ៍​របស់​ប្រធាន​អាស៊ាន​ក្រោយ​កិច្ច​ប្រជុំ​ចង្អៀត​របប​សឹក​មីយ៉ាន់ម៉ា​ត្រូវ​បាន​អាស៊ាន​ស្នើ​ឱ្យ​ចាត់​វិធានការ​ពេញ​លេញ​ដើម្បី​អនុវត្ត​កិច្ច​ព្រម​ព្រៀង​៥​ចំណុច​ដែល​ខ្លួន​បាន​សន្យា​ជាមួយ​អាស៊ាន​កាល​ពី​ខែ​មេសា​ឆ្នាំ​២០២១​ដើម្បី​ស្ថាបនា​ផ្លូវ​ឈាន​ទៅ​បញ្ចប់​វិបត្តិ​រ៉ាំរ៉ៃ​ក្រោយ​រដ្ឋ​ប្រហារ​ខែ​កុម្ភៈ​ឆ្នាំ​២០២១៕​