ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េអំពាវនាវឲ្យពលករខ្មែរទាំងអស់រក្សាភាពស្ងៀមស្ងាត់ ខណៈប្រជាពលរដ្ឋកូរ៉េកំពុងធ្វើបាតុកម្មទាមទារឲ្យប្រធានាធិបតីរបស់ពួកគេចុះចេញពីតំណែង ដោយសារការប្រកាសឲ្យប្រើច្បាប់អាជ្ញាសឹក។
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃពុធ បានចេញសេចក្តីជូនដំណឹងមួយលើទំព័រហ្វេសប៊ុករបស់ខ្លួន ដោយអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ ធ្វើការ និងសិក្សា នៅសាធារណរដ្ឋកូរ៉េ យកចិត្តទុកដាក់តាមដានព័ត៌មាន និងគោរពតាមការណែនាំរបស់រដ្ឋាភិបាលកូរ៉េ ព្រមទាំងរក្សាភាពស្ងៀមស្ងាត់ និងចៀសវាងការប្រមូលផ្ដុំនានា។
កាលពីយប់ថ្ងៃអង្គារ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានប្រកាសប្រើ «ច្បាប់អាជ្ញាសឹកក្នុងគ្រាអាសន្ន» ដោយបានចោទគណបក្សប្រឆាំងថាត្រួតត្រាសភា មានសមានចិត្តជាមួយកូរ៉េខាងជើង និងធ្វើឲ្យរដ្ឋាភិបាលគាំងដំណើរការដោយសារសកម្មភាពនានាប្រឆាំងរដ្ឋ។ លោកបានដកច្បាប់នេះចេញវិញ ក្រោយដាក់បាន ៦ ម៉ោង បន្ទាប់ពីក្រុមតំណាងរាស្ត្រទាំងអស់បានបោះឆ្នោតប្រឆាំងនឹងវិធានការច្បាប់នេះ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន AP។
ច្បាប់អាជ្ញាសឹកនេះ បានហាមឃាត់សកម្មភាពនយោបាយ និងដាក់ប្រព័ន្ធផ្សព្វផ្សាយនៅក្រោមការគ្រប់គ្រងរបស់យោធា។ ក្រោយការប្រកាសដាក់ឲ្យប្រើ និងដកចេញច្បាប់អាជ្ញាសឹក ក្រុមប្រជាពលរដ្ឋកូរ៉េខាងត្បូងនាំគ្នាធ្វើបាតុកម្មទាមទារឲ្យប្រធានាធិបតីរបស់ពួកគេចុះចេញពីតំណែង។
លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ប្រាប់វីអូអេនៅព្រឹកថ្ងៃព្រហស្បតិ៍ជាសារអក្សរថា ក្រសួងកំពុងតាមដានសភាពការណ៍ក្នុងប្រទេសកូរ៉េខាងត្បូងដោយការយកចិត្តទុកដាក់ចំពោះលទ្ធភាពនៃផលប៉ះពាល់ ដែលអាចកើតមានជាយថាហេតុចំពោះពលករ និងពលរដ្ឋខ្មែរដែលកំពុងរស់នៅទីនោះ។
លោកបញ្ជាក់តាមន័យដើមថា៖ «រហូតមកដល់ពេលនេះ សភាពការណ៍មិនមានលក្ខណៈចាំបាច់ ដើម្បីដាក់ចេញវិធានការ ឬធ្វើការអំពាវនាវណាមួយនៅឡើយទេ»។
ប្រជាពលរដ្ឋខ្មែរយ៉ាងហោចណាស់ ៥០.០០០ នាក់កំពុងធ្វើការ និងរស់នៅប្រទេសកូរ៉េខាងត្បូង។ ពួកគេមួយចំនួនបង្ហាញការភ្ញាក់ផ្អើល បន្ទាប់ពីប្រធានាធិបតីនៃប្រទេសប្រជាធិបតេយ្យរឹងមាំមួយនេះ ប្រកាសឲ្យប្រើច្បាប់អាជ្ញាសឹកក្នុងប្រទេស។
អ្នកស្រី កាំង សេណា ជនជាតិខ្មែររស់នៅកូរ៉េខាងត្បូងជិត ១៥ ឆ្នាំ ប្រាប់វីអូអេថា ការប្រកាសដាក់ឲ្យប្រើច្បាប់អាជ្ញាសឹកក្នុងប្រទេស គឺជារឿងនឹកស្មានមិនដល់ ខណៈប្រទេសកូរ៉េខាងត្បូងគឺជាប្រទេសប្រជាធិបតេយ្យ។
អ្នកស្រីប្រាប់វីអូអេថា៖ «ទាល់តែមកដល់ថ្ងៃនេះ ដូចថាមិននឹកស្មានថានៅប្រទេសកូរ៉េ វាអាចកើតរឿងអ៊ីចឹងទៅកើត។ ខ្ញុំដំបូង ខ្ញុំអត់បានដឹងទេបង ប៉ុន្តែកូនខ្ញុំគាត់ប្រាប់។ បើកូនខ្ញុំវិញ គាត់ថា ម៉ែតោះ យើងទៅនៅខ្មែរតែម្តងទៅ។ គាត់ភ័យដែរ»។
ចំណែកសមាជិកចលនាយុវជនសង្គ្រោះជាតិប្រចាំកូរ៉េខាងត្បូង លោក យ៉ង់ ស៊ីណេត ប្រាប់វីអូអេថា លោកភ្ញាក់ផ្អើល ដោយឃើញប្រទេសកូរ៉េខាងត្បូងមានភាពតានតឹងខ្លាំង ក្រោយការប្រកាសឲ្យដំណើរការច្បាប់អាជ្ញាសឹក។
លោកថ្លែងថា៖ «ស្ថានភាពកូរ៉េជាប្រទេសដែលប្រជាធិបតេយ្យពេញលេញ ទី ១ គឺខ្ញុំមានការភ្ញាក់ផ្អើល។ ទី ២ ខ្ញុំមានទំនុកទុកចិត្តទៅលើប្រជាពលរដ្ឋកូរ៉េ ពីព្រោះប្រជាពលរដ្ឋកូរ៉េ គឺជាពលរដ្ឋដែលមានចំណេះដឹង គេហៅថា យល់ដឹងពីគ្រឹះនៃប្រជាធិបតេយ្យ»។
លោកបន្ថែមថា លោកស្នើឲ្យប្រជាពលរដ្ឋខ្មែរដែលមានគម្រោងធ្វើដំណើរទៅសេអ៊ូល គួរតែផ្អាក ឬតាមដានសភាពការណ៍ជាមុនសិន ដើម្បីចៀសវាងកុំឲ្យជួបបញ្ហាផ្សេងៗ។
វីអូអេបានព្យាយាមសុំការអត្ថាធិប្បាយបន្ថែមពីស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ប៉ុន្តែមិនមានការឆ្លើយតប គិតត្រឹមល្ងាចថ្ងៃព្រហស្បតិ៍នេះ៕