វេជ្ជបណ្ឌិត​ពី​សហរដ្ឋ​អាមេរិក​នឹង​ទៅ​ព្យាបាល​ពលរដ្ឋ​នៅ​ខេត្ត​ព្រៃវែង

គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​​ពិនិត្យ​អ្នក​ជំងឺ​ក្នុង​អំឡុង​បេសកកម្ម​របស់​ក្រុម​វេជ្ជបណ្ឌិត​នៃ​សមាគម​សុខាភិបាល​ខ្មែរ​នៅ​អាមេរិក​​ នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ឆ្នាំ​២០១១។ (រូប​ផ្តល់​ឲ្យ​ដោយ CHPAA)

​​នេះ​ជា​បេសកកម្ម​ប្រចាំ​ឆ្នាំ​លើកទី៨​របស់​សមាគម​សុខាភិបាល​ខ្មែរ​នៅ​អាមេរិក​​​​ដែល​ធ្វើ​ការងារ​មនុស្ស​ធម៌​ដល់​មាតុភូមិ​កំណើត​របស់​ពួកគេ។

ក្រុម​គ្រូ​ពេទ្យ​ស្ម័គ្រចិត្ត​ពី​សហរដ្ឋ​អាមេរិក​នឹង​ផ្តល់​ការ​ព្យាបាល​ដោយ​មិនគិត​ថ្លៃ​ដល់​ពលរដ្ឋក្រីក្រ​កម្ពុជា​នៅ​ខេត្ត​ព្រៃវែងនៅ​សប្តាហ៍​ក្រោយ​នេះ។

បេសកកម្ម​របស់​ក្រុម​វេជ្ជបណ្ឌិត​នៃ​សមាគម​សុខាភិបាល​ខ្មែរ​នៅ​អាមេរិក​ (Cambodian Health Professionals Association of America – CHPAA)​ នឹង​ចាប់​ផ្តើម​ពី​ថ្ងៃ​ច័ន្ទ​ទី២២ដល់​ថ្ងៃ​សៅរ៍ ទី​២៧ ខែ​មករា ឆ្នាំ​២០១៨ ​នៅ​មន្ទីរពេទ្យ​ខេត្ត​ព្រៃវែង។

លោក​វេជ្ជបណ្ឌិត តាន់ សុង ​ប្រធាន​សមាគម​និង​ជា​អ្នកដឹកនាំ​បេសកកម្ម​នេះ​បាន​បញ្ជាក់​ប្រាប់ ​VOA​ ថា ក្រុម​ការងារ​មាន​សមាជិក​ចំនួន​១១០​នាក់​ដែល​ក្នុង​នោះ​មាន​វេជ្ជបណ្ឌិត​១៨​នាក់​ដែល​មាន​ជំនាញ​ខុសៗ​គ្នា។

លោក​វេជ្ជបណ្ឌិត​បាន​បន្ថែម​ថា៖​

«យើង​មាន​ព្យាបាល​ជំងឺ​ទូទៅ កុមារ​ មនុស្ស​ចាស់ ​ហើយ​ជំងឺ​ខាង​វះកាត់​ ជំងឺ​ឡើង​បាយ​ភ្នែក​ ហើយ​មាន​ពាក់​ដៃ​សិប្បនិម្មិត​ ហើយព្យាបាល​ខាងមាត់​និង​ធ្មេញ‍»។

លោក​វេជ្ជបណ្ឌិត តាន់ សុង ​ប្រធាន​សមាគម​ក្រុម​វេជ្ជបណ្ឌិត​នៃ​សមាគម​សុខាភិបាល​ខ្មែរ​នៅ​អាមេរិក​ពិនិត្យ​អ្នក​ជំងឺ​ក្នុង​អំឡុង​បេសកកម្ម​មួយ​នៅ​ខេត្ត​ស្វាយរៀង​កាល​ពី​ឆ្នាំ​២០១៥។ (រូប​ផ្តល់​ឲ្យ​ដោយ CHPAA)

នេះ​ជា​បេសកកម្ម​ប្រចាំ​ឆ្នាំ​លើកទី៨​របស់​សមាគម​សុខាភិបាល​ខ្មែរ​នៅ​អាមេរិកដែល​ធ្វើ​ការងារ​មនុស្ស​ធម៌​ដល់​មាតុភូមិ​កំណើត​របស់​ពួកគេ។ សមាគម​នេះ​គឺជា​អង្គការ​មិន​រកប្រាក់​ចំណេញដែល​ផ្តល់​ថ្នាំពេទ្យ​និង​សេវា​ព្យាបាលដោយ​មិន​គិត​ថ្លៃ​ដល់​ពលរដ្ឋ​ក្រីក្រ​កម្ពុជា​និង​ផ្តល់​ការអប់រំ​ចាំ​បាច់​ខាង​ផ្នែក​សុខភាព​ដល់​ពួកគេ។ នេះ​បើ​តាម​ការ​បញ្ជាក់​នៅ​ក្នុងគេហទំព័រ​របស់​សមាគម។

លោក​វេជ្ជបណ្ឌិត ​ង៉ា វិសាល ​ដែល​ជា​អ្នកឯកទេស​ខាង​ព្យាបាល​ជំងឺ​មនុស្ស​ចាស់​បាន​ស្ម័គ្រចិត្ត​ចូលរួម​ក្នុង​បេសកកម្ម​នេះ​តាំងពី​លើក​ទី​មួយ។

លោក​មើល​ឃើញ​ថា​ប្រភេទ​ជំងឺ​ដែល​មនុស្ស​ចាស់​នៅ​កម្ពុជា​ជួបប្រទះ​មាន​ដូចគ្នា​នឹង​នៅ​សហរដ្ឋអាមេរិក​ដែរ​គឺ​ជំងឺ​ឆ្អឹង​ ទឹកនោមផ្អែម ​លើស​ឈាម​និង​ឈឺពោះ​ប៉ុន្តែ​ចំណុច​ខុស​គ្នា​គឺ​សេវា​សុខាភិបាល​នៅ​សហរដ្ឋ​អាមេរិក​មាន​ច្រើន​រីឯ​នៅ​កម្ពុជា​នៅ​មាន​កម្រិត​តិចតួច​នៅ​ឡើយ។

លោក​បាន​បន្ថែម​ថា៖

«បួន​ហ្នឹង​មាន​ច្រើន​ណាស់​គឺ​អ្នក​ជំងឺ​មាន​ច្រើន​ហើយ​គាត់​មិន​សូវ​ទៅ​ពេទ្យ​ផង​ហើយ​ទុក​យូរៗ​ទៅ​គឺ​ពិបាក​កាន់តែ​ឈឺ​ច្រើន។ នៅ​ទី​នេះ​បើ​សិន​ជា​មាន​បញ្ហា​អ្វី​ពេទ្យ​យើង​ទៅ​រាល់​ខែ​ក៏​បាន​ប៉ុន្តែ​នៅ​ទី​នោះ​មិន​បាន​ដោយសារ​ពេទ្យ​មិន​សូវ​មាន​ហើយ​ទៅ​ថ្លៃ​ទៀត។ អីចឹង​ហើយ​បាន​ជា​មាន​មនុស្ស​ជា​ច្រើន​មាន​បញ្ហា​ច្រើន​ណាស់»។

លោក​វេជ្ជបណ្ឌិត​ ង៉ា ​វិសាល​ យល់​ថា ​ប្រទេស​កម្ពុជា​នៅ​ខ្វះខាត​វេជ្ជបណ្ឌិត​ដែល​មាន​ជំនាញ​ជាច្រើន​ហើយ​ពួកគេ​គួរតែ​ទទួល​បាន​ការ​ហ្វឹកហ្វឺន​បន្ថែម​ពីក្រៅ​ប្រទេស​ដើម្បី​បំពេញ​តាម​តម្រូវការ​កើន​ឡើង​នៃ​ពលរដ្ឋ​កម្ពុជា។​

គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​ថត​រួម​ជុំ​គ្នា​ក្នុង​អំឡុង​បេសកកម្ម​របស់​ក្រុម​វេជ្ជបណ្ឌិត​នៃ​សមាគម​សុខាភិបាល​ខ្មែរ​នៅ​អាមេរិក នៅ​ខេត្ត​បាត់ដំបង​កាល​ពី​ឆ្នាំ​២០១៤។ (រូប​ផ្តល់​ឲ្យ​ដោយ CHPAA)

ក្រុមវេជ្ជបណ្ឌិត​តែងតែ​ផ្តល់​ដំបូន្មាន​ជាប្រចាំ​ដល់​ពលរដ្ឋ​កម្ពុជា​ឱ្យ​អនុវត្តវិធានការ​បង្ការ​កុំ​ទុក​ឱ្យ​ធ្លាក់​ខ្លួន​ឈឺ​ហើយ​ទើប​ទៅ​មន្ទីរពេទ្យ​ដើម្បី​ទទួល​សេវា​ព្យាបាល​ព្រោះ​វា​អាច​នឹង​ខាតបង់​ថវិកា​និង​ពេល​វេលា។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត​តាន់ សុង។

លោក​វេជ្ជបណ្ឌិត ​តាន់ សុង​ ក៏​បាន​សង្កេត​ឃើញ​ដែរ​ថា​ ពលរដ្ឋ​កម្ពុជា​នៅ​ពុំ​ទាន់​យក​ចិត្ត​ទុក​ដាក់​ថែ​រក្សា​ភ្នែក​ទេ​បើ​ទោះ​បី​ជា​ប្រទេស​កម្ពុជា​មាន​អាកាសធាតុ​ក្តៅ​ខ្លាំង ​មាន​ពន្លឺ​ថ្ងៃ​ខ្លាំង​និង​ធូលី​ហុយ​ច្រើន​ក៏ដោយ​ក៏ពលរដ្ឋ​មិន​សូវ​និយម​ពាក់​វ៉ែនតា​ខ្មៅ​ដើម្បី​ការពារទេ។

លោក​បន្ថែម​ថា៖

«ម្នាក់ៗ​ដូច​អត់​សូវ​ថែ​ភ្នែក​ ជាពិសេស​ដូចជា​ចេញ​ទៅ​ក្រៅ​មាន​ថ្ងៃ​ចាំង​ជាដើម​អត់​មាន​អ្នកណា​ចូល​ចិត្ត​ពាក់​វ៉ែនតា​ហើយ​អ្នកខ្លះ​អត់​ហ៊ាន​ពាក់​វ៉ែនតា​ទេ​ខ្លាច​គេ​ថា ​ឈ្លើយ ឬក៏​មិន​សមរម្យ​ដូច្នេះ​គួរ​តែ​ពាក់​វ៉ែនតា​ការពារ​កម្តៅ​ថ្ងៃហើយ​ត្រូវតែ​ការពារ​ធូលី​ដី​នៅ​ស្រុក​យើង​ច្រើន​ណាស់​។ ធូលី​ដីជៀសវាង​កុំឱ្យ​ចូល​ភ្នែក‍»។

លោក​វេជ្ជបណ្ឌិត ​តាន់ សុង ​ក៏​ផ្តល់​យោបល់​ថា ​វិធានការ​សុខភាព​ងាយស្រួល​មួយ​ចំនួន​ទៀត​ដែល​ជួយ​ឱ្យ​សុខភាព​ល្អ​ប្រសើរ​ដែរ​គឺ​ការ​រក្សា​សុខភាព​មាត់​ធ្មេញ​ឱ្យ​ល្អ​ជា​ប្រចាំ។

«ប្រជាពលរដ្ឋ​យើង​មិនសូវ​ដែល​ថែ​ដូចជា​ដុសធ្មេញ​ជាដើម​ហើយ​ហូប​ម្ហូប​ដែល​ផ្អែម​ដូច្នេះ​ត្រូវ​លាងមាត់​ឬ​ដុស​ធ្មេញ​ជា​ញឹកញាប់។ បើ​មានលទ្ធភាព​ទៅ​ជួប​គ្រូពេទ្យ​ធ្មេញ​ជា​ការ​ប្រសើរ​ប៉ុន្តែ​ច្រើន​តែ​មិន​មាន​លទ្ធភាព​ទៅ។ នេះ​ជា​ការ​ធម្មតា។ បើ​សិន​ជា​ដុសធ្មេញ​គឺ​នៅ​ស្រុក​នេះ​គេ​ទាញសរសៃ​អំបោះ​ដើម្បី​សម្អាត​គល់​ធ្មេញ​ឱ្យ​បាន​ល្អ​ដើម្បី​កុំ​ឱ្យ​មាន​ជំងឺ​ខាង​អញ្ចាញ​ធ្មេញ​ផង​ដែរ‍»។​

មាន​ក្រុម​គ្រូពេទ្យ​និង​និស្សិត​កម្មសិក្សា​ស្ម័គ្រចិត្ត​មកពី​ប្រទេស​កម្ពុជា​ជាង​៧០នាក់​ផង​ដែរ​ចូលរួម​ក្នុងបេសកកម្ម​ឆ្នាំ​២០១៨​នេះ​ហើយ​វា​ក៏​ជា​ឱកាស​ដែល​ក្រុម​គ្រូពេទ្យ​អាមេរិកាំង​បាន​ជួយ​បង្ហាត់​បង្ហាញ​និង​សិក្សាពី​គ្នា​ទៅ​វិញ​ទៅមក​ពី​ក្រុម​គ្រូពេទ្យ​កម្ពុជា​ផង​ដែរ។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោ​ក​វេជ្ជបណ្ឌិត តាន់ សុង។

នៅ​រាល់​ពេល​បំពេញ​ការងារ​នេះ​ក៏​មាន​ការ​ជួយ​បង្ហាត់​បង្ហាញ​និង​បង្រៀន​ដល់​និស្សិតពេទ្យនៅ​កម្ពុជាដែល​ស្ម័គ្រចិត្ត​ចូលរួម​ផង​ដែរ។​

លោក​វេជ្ជបណ្ឌិត ​ង៉ា វិសាល ​សង្កេត​ឃើញ​ថា​និស្សិត​កម្ម​សិក្សា​ខ្មែរ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ចង់​ចេះ​ដឹង​ពី​ក្រុម​គ្រូ​ពេទ្យ​អាមេរិកាំង។

«កូនសិស្ស​នៅ​ស្រុក​ខ្មែរ​យកចិត្ត​ទុកដាក់​ណាស់​ ខិតខំ​ជួយ​បកប្រែ​ពួក​យើង​ហើយ​ខំ​សួរ​សំណួរ​អ្នកជំងឺ​ ខំ​ស្ម័គ្រចិត្ត​ខំ​សួរ​សំណួរ​ពីព្រោះ​អី​ពួកគេ​ចង់​បាន​ចំណេះដឹង​ពី​ពួក​យើង​នៅ​សហរដ្ឋ​អាមេរិក‍»។​

លោក​វេជ្ជបណ្ឌិត​ Hadi Emamian ឯកទេស​ខាង​ផ្នែក​រោគ​ស្រ្តី​បាន​ស្ម័គ្រចិត្ត​លើក​ទីពីរ​ហើយ​នៅ​ឆ្នាំនេះ។ លោក​សម្តែង​ការ​សប្បាយចិត្ត​ដែល​បាន​ចូលរួម​ក្នុង​បេសកកម្ម​នៅ​ប្រទេស​កម្ពុជា​បន្ទាប់​ពី​ធ្វើការ​ងារ​បម្រើ​សហគមន៍​ខ្មែរ​នៅ​ទីក្រុង​ឡុងប៊ិច ​រដ្ឋ​កាលីហ្វញ៉ា​អស់​រយៈពេល​២៨ឆ្នាំ​ហើយ។

«វា​ជា​ការ​រីករាយ​ខ្លាំង​ណាស់​ដែល​បាន​ចូលរួម​ការងារ​ជាមួយ​នឹង​ក្រុម​គ្រូ​ពេទ្យ​ល្បីៗ​ដែល​បាន​ខិតខំ​ប្រឹងប្រែង​គ្រប់យ៉ាង​ដើម្បី​ឱ្យ​បេសកកម្ម​នេះ​បាន​ជោគជ័យ‍»។

តាំងពី​ចាប់ផ្តើម​បេសកកម្ម​ព្យាបាល​លើក​ទី​មួយ​ក្នុងឆ្នាំ​២០១១​មក​ក្រុម​វេជ្ជបណ្ឌិត​ខ្មែរ​អាមេរិកាំងនេះបាន​ផ្តល់​សេវា​ព្យាបាល​ដល់​ពលរដ្ឋ​ខ្មែរ​ជាង​៣៥.០០០នាក់​ដោយ​ក្នុង​មួយ​លើកៗផ្តល់​សេវា​ដល់​អ្នកជំងឺ​ជាង​៥.០០០​នាក់។ ការ​ព្យាបាល​ធ្វើ​ឡើង​នៅ​តាម​ខេត្ត​ផ្សេងៗ​ក្នុង​មួយ​ឆ្នាំ​មួយ​ខេត្ត​ហើយ​ក្នុង​ពេល​កន្លងមក​បាន​ផ្តល់​សេវា​នៅ​រាជធានី​ភ្នំពេញ ​ខេត្ត​កោះកុង ​បាត់ដំបង ​តាកែវ​និង​ស្វាយរៀង​ជាដើម។

សមាគម​សុខាភិបាល​ខ្មែរ​នៅ​អាមេរិក​ត្រូវ​បាន​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​២០០១​ដោយ​ក្រុម​វេជ្ជបណ្ឌិត​ ទន្តពេទ្យ​និង​អ្នក​ដែល​មាន​អាជីព​ខាង​ផ្នែក​សុខាភិបាល​ហើយ​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង​ឡុងប៊ិច​ រដ្ឋ​កាលីហ្វ័រញ៉ា។ នៅ​ឆ្នាំ​២០១០​ក្រុម​គ្រូ​ពេទ្យ​នេះ​បាន​រីក​ធំធាត់​ហើយ​បាន​ឈាន​ទៅ​បំពេញ​បេសកកម្ម​លើកទីមួយ​នៅ​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​២០១១ហើយ​បាន​បន្ត​ការងារ​នេះ​ជាប់​ជា​ប្រចាំ។ នេះ​បើ​តាម​ព័ត៌មាន​ក្នុង​គេហទំព័រ​របស់​សមាគម។

សមាគម​ក៏​កំពុង​តែ​គិត​គូរ​រក​វិធី​ដើម្បី​បង្កើត​ជា​គ្លីនិក​មួយ​ជាប្រចាំ​ដើម្បី​ផ្តល់​សេវា​ជូន​ដល់​ពលរដ្ឋ​កម្ពុជា​ដើម្បី​បង្ក​ការ​ងាយ​ស្រួល​ដល់​ពួកគេ​ផង​ដែរ៕