ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​កម្ពុជា​សម្រុក​ទិញ​អាវ​រងារ​ ​ខណៈ​ភ្លៀង​នឹង​ចាប់​ផ្តើម​ធ្លាក់​នៅ​សប្តាហ៍​ខាងមុខ


ប្រជា​ពល​រដ្ឋ​កម្ពុជា​កំពុង​ទិញ​អាវ​រងារ​នៅ​តូប​មួយ​​នៅ​ផ្សារធំថ្មី​ រាជធានី ភ្នំពេញ ​កាលពី​ថ្ងៃទី​២១ ធ្នូ​ ឆ្នាំ ២០១៧។ (ទុំ ម្លិះ/VOA)
ប្រជា​ពល​រដ្ឋ​កម្ពុជា​កំពុង​ទិញ​អាវ​រងារ​នៅ​តូប​មួយ​​នៅ​ផ្សារធំថ្មី​ រាជធានី ភ្នំពេញ ​កាលពី​ថ្ងៃទី​២១ ធ្នូ​ ឆ្នាំ ២០១៧។ (ទុំ ម្លិះ/VOA)

ក្រុម​អាជីវករ​លក់​ខោអាវ​រងារ​អះអាង​ថា​ ​អាជីវកម្ម​របស់​ពួក​គេ​មាន​កើន​ឡើង​ខុស​ធម្មតា​ក្នុង​សប្តាហ៍​នេះ​ ​ខណៈ​ដែល​អាកាស​ធាតុ​ប្រែ​ជា​ត្រជាក់​ខុស​ពី​ឆ្នាំ​មុនៗ​ដល់​ក្រោម​២០​អង្សារ​ ​ក៏​ប៉ុន្តែ​អ្នក​ជំនាញ​អះអាង​ថា​ សីតុណ្ហភាព​នឹង​កើន​ឡើង​វិញ​ ​ហើយ​ភ្លៀង​នឹង​ចាប់​ផ្តើម​ធ្លាក់​នៅ​សប្តាហ៍​ក្រោយ​ ក្រោម​ឥទ្ធិពល​ព្យុះ​ទី​២៧​ ​ឈ្មោះ​ ​តាំប៊ីន​ ​(Tembin) ។​

​នៅ​ពេលកំពុង​រវល់​លក់ខោអាវ​ ​អ្នកស្រី​ ហួត គឹមហឿន​ ​អាយុ​៥៥​ឆ្នាំ​ ​អ្នក​លក់​ខោអាវ​ចម្រុះ​គ្រប់​ប្រភេទ​ម្នាក់​ នៅ​ផ្សារ​ធំថ្មី​ ​បាន​និយាយ​ថា​ ​ឆ្នាំ​នេះ​គាត់​លក់​ខោ​អាវ​រងារ​ដាច់​ជាង​រាល់​ឆ្នាំ ​នៅពេល​អាកាស​ធាតុ​ចាប់​ផ្តើម​ត្រជាក់។​

«ឆ្នាំ​នេះ​ត្រជាក់ខ្លាំង​ ​ត្រជាក់​ជាង​រាល់​ឆ្នាំ​ ​ហើយ​អាវ​រងារ​លក់​ដាច់​ជាង​រាល់​ឆ្នាំ»។​

កំពុង​វក់វី​លក់​អាវ​រងារ​បណ្តើរ និង​បម្រើ​អតិថិជន​របស់​ខ្លួនបណ្តើរ​ ​លោក​ ​ឯម ដែន​ ​វ័យ​៣៤ឆ្នាំ​ ​បានប្រាប់​ ​VOA​ ​ថា ឆ្នាំ​នេះ​ត្រជាក់ចម្លែក​ខុស​ធម្មតា​ ហើយ​មាន​ប្រជាពល​រដ្ឋ​បាន​សំរុក​មកទិញ​ខោអាវ​ការពារ​ភាព​ត្រជាក់​នេះ​ពី​គ្រប់ទិស​ទី។​

លោក​បាន​រ៉ាយរ៉ាប់​ប្រាប់​ ​VOA​ ​ទាំង​សប្បាយ​ចិត្ត​ថា៖​

«ឆ្នាំ​នេះ​វា​ប្លែក!​ ប្លែក​យ៉ាងម៉េច? ​វាត្រជាក់​ខុស​ប្លែក​ពី​ឆ្នាំ​ទៅ!​ ឆ្នាំទៅ​វា​ត្រជាក់​ល្មមៗ​ទេ!​ ​បើឆ្នាំ​ទៅ​យើង​អាច​ពាក់​អាច​សាមញ្ញ​ធម្មតា​ហ្នឹង។​ ​មាន​អីត្រជាក់​ដល់​ថ្នាក់​ហ្នឹង?​ សូម្បី​តែ​នៅ​ផ្សារ​ថ្មី​ក៏​ប្លែក​ដែរ​ ​ឆ្នាំ​ហ្នឹង។​ មនុស្ស​ច្រើន​ ​គេ​មក​ទិញ​ខោ​អាវ​រងារ​ មកពី​គ្រប់​ទិស​ទី»។​

ប្រជា​ពល​រដ្ឋ​កម្ពុជា​កំពុង​ទិញ​អាវ​រងារ​នៅ​តូប​មួយនៅ​ផ្សារធំថ្មី​ រាជធានីភ្នំពេញ ​កាលពី​ថ្ងៃទី​២១ ធ្នូ​ ឆ្នាំ ២០១៧។ (ទុំ ម្លិះ/VOA)
ប្រជា​ពល​រដ្ឋ​កម្ពុជា​កំពុង​ទិញ​អាវ​រងារ​នៅ​តូប​មួយនៅ​ផ្សារធំថ្មី​ រាជធានីភ្នំពេញ ​កាលពី​ថ្ងៃទី​២១ ធ្នូ​ ឆ្នាំ ២០១៧។ (ទុំ ម្លិះ/VOA)

តូប​លក់​ខោអាវ​នៅ​ទីធ្លា​ខាងមុខ​នៃ​ផ្សារ​ធំ​ថ្មី​ នៅ​រសៀលថ្ងៃ​ពុធ​ ​និង​ពេញ​មួយ​សប្តាហ៍​នេះ ពោរពេញ​ដោយ​ភាព​មមាញឹក​ដូច​ថ្ងៃ​ចុង​សប្តាហ៍​ ​ដោយ​មាន​ប្រជា​ពល​រដ្ឋ​កម្ពុជា​គ្រប់​ស្រទាប់​វណ្ណៈ​ ​ជា​ច្រើន​កំពុង​ឈរ​រើស​ និង​ទិញ​ខោអាវ​រងារ​ដើម្បី​ការពារ​ភាព​ត្រជាក់ជាមួយ​នឹង​សីតុណ្ហភាព​ស្ថិត​នៅ​ត្រឹម​ប្រហែល​២០​អង្សារ។​

អ្នក​ស្រី​ ​ឈិម ច្រិប​ ​ដែលរស់​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ កំពុង​រើស​អាវ​ក្រៅ​ការពារ​ភាព​ត្រជាក់​ជាច្រើន​ ដើម្បី​ទិញ​ទុក​ឲ្យ​កូនៗ​និង​សាច់​ញាតិ​របស់​អ្នក​ស្រី។​ ​អ្នក​ស្រី​បាន​និយាយ​ថា​ អ្នកស្រី​មិន​ដែល​ទិញ​អាវ​រងារ​នោះ​ទេ​ ​កាលពី​ឆ្នាំ​មុនៗ​ ​ទើប​តែ​ឆ្នាំ​នេះ​ប៉ុណ្ណោះ​ដែល​អាកាស​ធាតុ​មាន​ភាព​ខុស​ប្លែក​ខ្លាំង។​

អ្នក​ស្រី​បាន​ប្រាប់​ VOA ​ទាំង​សើច​ថា៖​

«ថ្ងៃនេះ​វា​ប្លែក។ វារងារ​ប្លែក។ រាល់​ឆ្នាំ​វា​អត់​ដែល​រងារ​អីចឹង​ទេ។​ ទើប​តែ​ឥឡូវវា​រងារ»។​

លោក​ ឯម ដែន​ ​អាជីវករ​លក់​ខោអាវ​នៅ​ផ្សារ​ធំ​ថ្មី​ ​បាន​បន្ត​ប្រាប់ VOA​ ​ថា​ ជា​ធម្មតា​ ​លោក​លក់​តែ​ខោអាវ​សាមញ្ញៗ​ស្តើងៗ​រាល់​ឆ្នាំ។​ លោក​មិន​ដែល​ប្តូរ​មក​លក់​ខោ​អាវ​រងារ​ពេល​អាកាស​ធាតុ​ចុះ​ត្រជាក់​ទេ​ ​ទើប​តែ​ឆ្នាំ​នេះ​ប៉ុណ្ណោះ។​

​លោក​បាន​និយាយ​ថា៖​

«ទើប​ឆ្នាំ​ហ្នឹង!​ ​អីចឹង​មួយ​ជួរ​ហ្នឹង​គឺ​ផ្អើល​លក់​អីចឹង​ទាំង​អស់​ហ្មង​! ​លក់​ខោអាវ​រងារ​ច្រើន»។​

ជា​មួយ​គ្នា​នោះ​ដែរ លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន​ ​កាល​ពី​ថ្ងៃទី​២០ ​ខែធ្នូ​ កន្លង​ទៅ ​ក៏​បាន​ថ្លែង​ប្រាប់​ឲ្យ​ប្រជាជន​ខ្មែរ​ថែ​រក្សា​សុខភាព​ និង​ពាក់ខោអាវ​ក្រាស់ៗ​ ​ខណៈ​ ​ធាតុអាកាស​ចុះ​ត្រជាក់​ខ្លាំង។​ ​លោក​ថា ​ជាង​៩០​ភាគរយ​បាន​ពាក់​អាវ​រងារ​ដើម្បី​ការពារ​ភាព​ត្រជាក់​ ​ដែល​ធ្វើ​ឲ្យ​អាជីវករ​លក់​អាវ​រងារ​កំពុង​ត្រូវ​ប៉ាន់។​

ថ្លែង​ក្នុង​ពិធី​ជួប​ជុំ​ជាមួយ​កម្មករ​ កម្មការិនី​រោងចក្រ​កាត់ដេរ​ ​និង​ដោយ​មាន​ពាក់​អាវ​រងារ​ខ្លួន​ឯង​ផង​នោះ​ ​លោក​ ​ហ៊ុន សែន​ បាន​មាន​ប្រសាសន៍​ថា៖​

«ហើយ​ឥឡូវ​នេះ​ អ្នក​ដែល​លក់​អាវ​រងារ​គឺ​ត្រូវ​ប៉ាន់​ខ្លាំង​ណាស់។​ ​ប៉ុន្តែ​នៅសល់​តែ​ប៉ុន្មាន​ថ្ងៃទៀត​ទេ​ ​ក៏​វា​នឹង​ផុត​រលត់​ដែរ»។​

តូបលក់​ខោអាវមួយ​ពោរពេញ​ដោយ​អាវ​រងារនៅ​ផ្សារធំថ្មី​ រាជធានីភ្នំពេញ ​កាលពី​ថ្ងៃទី​២១ ធ្នូ​ ឆ្នាំ ២០១៧។ (ទុំ ម្លិះ/VOA)
តូបលក់​ខោអាវមួយ​ពោរពេញ​ដោយ​អាវ​រងារនៅ​ផ្សារធំថ្មី​ រាជធានីភ្នំពេញ ​កាលពី​ថ្ងៃទី​២១ ធ្នូ​ ឆ្នាំ ២០១៧។ (ទុំ ម្លិះ/VOA)

យោង​តាម​ការ​ឱ្យដឹង​របស់ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម​ ​ការ​ចុះ​ត្រជាក់​ជា​លើក​ទីពីរ​នៅ​ចុង​ឆ្នាំ​២០១៧​នេះ​ គឺ​ត្រជាក់​ជាង​បណ្តា​ឆ្នាំ​កន្លង​មក​ ​ហើយ​ការ​ធ្លាក់​ចុះ​ត្រជាក់​នេះ​នៅ​បន្ត​ទៀត​រហូត​ដល់​សប្តាហ៍​ខាង​មុខ​ ​ពេល​ដែល​ភ្លៀង​នឹង​ចាប់​ផ្តើម​ធា្លក់។​

ថ្លែង​ប្រាប់​ ​VOA​ ​តាម​ទូរសព្ទ​នៅ​ថ្ងៃ​សុក្រ​នេះ​ ​លោក​ ​ចាន់ យុត្ថា​ អ្នក​នាំ​ពាក្យ​ ក្រសួង​ធនធាន​ទឹក ​និង​ឧតុនិយម​ ​មាន​ប្រសាសន៍​ក្នុង​ន័យ​ដើម​ថា៖​

«បាទ​ អឺ​អ្វី​ដែល​យើង​បាន​ជួប​ប្រទះ​កន្លង​មក ​ជាពិសេស​ការ​ចុះ​ត្រជាក់​លើក​ទី​ពីរ​នេះ​ គឺ​វា​ត្រជាក់​ជាង​បណ្តា​ឆ្នាំ​កន្លង​មក​ បាទ។ ​ហើយ​មិនទាន់​ផុត​ទេ ​ដោយ​សារ​តែ​យើង​មិន​ទាន់​ផុត​រដូវ​រំហើយ។​ ​អីចឹង​ទេ​ ការ​ត្រជាក់​នេះ​នៅ​មាន​បន្ត​ទៀត​បាទ»។

អ្នក​នាំពាក្យ​រូប​នេះ​ថា​ ​ភ្លៀង​នឹង​ចាប់​ផ្តើម​ធ្លាក់​នៅ​សប្តាហ៍​ក្រោយ​ ​ដោយ​សារ​ឥទ្ធិពល​ព្យុះនៅ​ប្រទេស​វៀតណាម បន្ទាប់​ពី​សីតុណ្ហភាព​នឹង​ត្រឡប់​ទៅ​ត្រឹម​២៣ ឬ២៤​អង្សារ។​

លោក ចាន់ យុត្ថា​ ​បាន​មាន​ប្រសាសន៍​ថា៖​

«ព្យុះ​នេះ​នឹង​ធ្វើ​ដំណើរ​មក​តំបន់​ដី​សណ្ត​ទន្លេ​មេគង្គ​ក្នុង​ប្រទេស​វៀតណាម​ ​អីចឹង​ទេវា​ធ្វើ​ឲ្យ​មាន​ភ្លៀង។​ ​ភ្លៀង​មាន​រយៈពេល​ពីរ​បី​ថ្ងៃ​ដែរ​ ចាប់​ពី​២៦​ដល់​២៨​ បាទ»។​

ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម​បានឱ្យ​ដឹង​ក្នុង​ចេញ​សេចក្តី​ជូន​ដំណឹង​ចេញ​ផ្សាយ​នៅ​សប្តាហ៍​នេះ​ថា​ ​ធាតុ​អាកាស​ត្រជាក់​ខ្លាំង​នឹង​បន្ត​គ្រប​ដណ្តប់​លើ​ព្រះ​រាជាណាចក្រ​កម្ពុជា​ត្រឹម​ថ្ងៃទី​២១​ខែ​ធ្នូ​នេះ​ ហើយ​ចាប់ពី​ថ្ងៃទី​២២​ដល់​៣១​ធ្នូ​ សីតុណ្ហភាព​អប្បបរមា​នឹង​កើន​មក​ត្រឹម​រង្វង់​២៣​អង្សារ​ទៅ​២៤​អង្សារ​ ​លើក​លែង​តែ​ខេត្ត​មួយ​ចំនួន​គឺ​ខេត្ត​ប៉ៃលិន​ ព្រះ​វិហារ​ ​ស្ទឹងត្រែង​ មណ្ឌលគិរី​ និង​ខេត្តរតនគិរី៕

XS
SM
MD
LG