ក្រុមអ្នកឯកទេសរបស់អ.ស.បខាងវិស័យកសិកម្មនិងសុខភាពសាធារណៈ គ្រោងនឹងជួបប្រជុំគ្នាចំនួនពីរថ្ងៃក្នុងរាជធានីភ្នំពេញចាប់ពីថ្ងៃពុធនេះ ដើម្បីពិភាក្សាគ្នាអំពីការស្វែងរកវិធានការនានាក្នុងការទប់ស្កាត់ភាពស៊ាំនឹងឱសថប្រឆាំងមេរោគ ក្នុងប្រទេសកម្ពុជា។
នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់អង្គការ FAO អង្គការសុខភាពសត្វ (OIE) និង អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថា គោលបំណងនៃសិក្ខាសាលាថ្នាក់ជាតិចំនួនពីរថ្ងៃចាប់ពីថ្ងៃទី២៩ខែ វិច្ឆិកា នៅសណ្ឋាគារ Raffle Le Royal នេះ គឺដើម្បីពិនិត្យឡើងវិញនូវសមិទ្ធិផលនានារបស់ប្រទេសកម្ពុជាដោយផ្អែកលើយុទ្ធសាស្ត្រជាតិទប់ស្កាត់ភាពស៊ាំនៃឱសថប្រឆាំងនឹងមេរោគ ឆ្នាំ ២០១៥ ដល់ ឆ្នាំ ២០១៧ ដែលបានបង្កើតឡើងនិងអនុម័តដោយក្រសួងសុខាភិបាល។
សេចក្តីថ្លែងការណ៍នោះក៏បានអះអាងដែរថា ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទកម្ពុជាក៏បានព្រាងផែនការសកម្មភាពជាតិស្តីពីភាពស៊ាំនឹងឱសថប្រឆាំងនឹងមេរោគដោយផ្តោតលើវិស័យកសិកម្ម និងផលិតកម្មស្បៀង។ មូលនិធិ Fleming នៃក្រសួងសុខាភិបាលប្រទេសអង់គ្លេសគាំទ្រថវិការៀបចំសិក្ខាសាលាពហុភាគី ដែលនឹងពង្រឹងការសម្របសម្រួលក្នុងវិស័យផ្សេងៗរួមមានវិស័យសុខាភិបាល កសិកម្ម និងបរិស្ថាន។ ក្រុមអ្នកជំនាញមកពីអង្គការសហប្រជាជាតិ ស្ថាប័នរដ្ឋនានានិងអ្នកជំនាញនានានឹងពិភាក្សាលើ ផលប៉ះពាល់ វិធានការនិងដំណោះស្រាយទាំងឡាយទាក់ទងនឹងការទប់ស្កាត់ភាពស៊ាំនិងឱសថប្រឆាំងមេរោគនេះ៕