លោក ទៀ បាញ់ នឹង​ទៅ​ប្រជុំ​កំពូល​សន្តិសុខ​អាស៊ី​នៅ​សិង្ហបុរី

រូបឯកសារ៖ រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា លោក ទៀ បាញ់ និងគណៈប្រតិភូកម្ពុជា ចូលរួមសន្និសីទស្តីពីបេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ នៅ​ទីស្នាក់​កណ្តាល​របស់​អ.ស.ប នៅ​ទីក្រុង​ញូវយ៉ក នៅ​ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩។ (រូបថតដកស្រង់ពីទំព័រហ្វេសប៊ុករបស់ General Tea Banh)

​លោក ទៀ បាញ់​ នឹង​ដឹកនាំ​គណៈប្រតិភូ​យោធា​ជាន់​ខ្ពស់​នៃ​កង​យោធ​ពល​ខេមរភូមិន្ទ​ ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​សន្តិសុខ​អាស៊ី​ ឬ​ ហៅថា​ The 18th IISS Shangri-La Dialogue ដែល​ជាកិច្ចប្រជុំ​ជាន់ខ្ពស់​នៃ​ថ្នាក់ដឹកនាំ​​ការពារជាតិ​ ប្រទេស​អាស៊ី។

រដ្ឋមន្ត្រី​ការពារជាតិ​កម្ពុជា​លោក ទៀ បាញ់ គ្រោង​នឹង​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​សន្តិសុខ​អាស៊ី​លើក​ទី​១៨​ចំនួន​បីថ្ងៃ​នៅ​ប្រទេស​សិង្ហបុរី​ ដែល​នឹង​មាន​ការ​ចូលរួម​ពី​មេដឹកនាំ​ការពារជាតិ​នៃ​បណ្តា​ប្រទេស​ផ្សេង​ទៀត។ នេះ​បើ​យោងតាម​សេចក្តី​ប្រកាស​មួយ ដែល​បាន​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​នៃ​មន្ត្រី​នាំពាក្យ​ក្រសួង​ការពារ​ជាតិ

អ្នកវិភាគ​នយោបាយ​កម្ពុជា​ យល់​ឃើញ​ថា​ នឹង​មាន​ការ​ចោទសួរ​ពី​លទ្ធភាព​នៃ​ការ​ដាក់​មូលដ្ឋាន​យោធា​របស់​កងទ័ព​រំដោះ​ប្រជាជន​ចិន​ (PLA)នៅ​លើ​ទឹកដី​កម្ពុជា​ ដែល​ធ្លាប់​បាន​រាយការណ៍​ដោយ​បណ្តាញ​សារព័ត៌មាន​បរទេស​មួយចំនួន​កាលពី​ពេល​កន្លងមក។ អនុ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក​ Mike Pence ក៏ធ្លាប់លើកឡើង​ជា​ផ្លូវការ​នូវ​ការ​សង្ស័យ​ និង​ព្រួយ​បារម្ភ​នេះ​ នៅក្នុង​លិខិត​មួយ​ ​ផ្ញើ​ជូន​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​របស់​កម្ពុជា​ ​កាល​ពី​ខែ​វិច្ឆិកា​ ​ឆ្នាំ​២០១៨។

យោងតាម​សេចក្តីប្រកាស​របស់​ក្រសួង​ការពារជាតិ​កម្ពុជា​ចុះថ្ងៃ​ទី​២៩​ ខែឧសភា​នេះ​ នាយ​ឧត្តម​សេនីយ៍​ផ្កាយមាស​បួន​ទៀ បាញ់​ នឹង​ដឹកនាំ​គណៈប្រតិភូ​យោធា​ជាន់​ខ្ពស់​នៃ​កង​យោធ​ពល​ខេមរភូមិន្ទ​ ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​សន្តិសុខ​អាស៊ី​ ឬ​ហៅថា​ The 18th IISS Shangri-La Dialogue ដែល​ជាកិច្ចប្រជុំ​ជាន់ខ្ពស់​នៃ​ថ្នាក់ដឹកនាំ​ ការពារជាតិ​ ប្រទេស​អាស៊ី។ កិច្ច​ប្រជុំ​នេះ​នឹង​ប្រព្រឹត្ត​ទៅ​ពីថ្ងៃទី​៣១​ ខែឧសភា​ ដល់ថ្ងៃទី​២ ខែមិថុនា​ ឆ្នាំ​២០១៩​។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​បន្ថែមថា៖

«ដូចឆ្នាំមុន​ៗ​ដែរ​ កិច្ចប្រជុំកំពូល​សន្តិសុខ​អាស៊ី​លើក​ទី​១៨​ ឆ្នាំ​២០១៩​ ក្នុង​ប្រទេស​សិង្ហបុរី​ លើក​នេះ​នឹង​ផ្តល់​ឱកាស​យ៉ាង​ច្រើន​សម្រាប់​កិច្ចប្រជុំ​ទ្វេភាគី​ និងពហុ​ភាគី​ ដល់​តំណាង​ និងប្រមុខការពារ​ជាតិ​ទាំងអស់​ពីគ្រប់​ប្រទេស​ដើម្បី​ប្រជុំ​ពិភាក្សា​ និង​ផ្លាស់​ប្តូរ​យោបល់​គ្នា​ស្តីពី​បញ្ហា​សនិ្តសុខ​ក្នុងតំបន់​»។

លោក​បណ្ឌិត​មាស នី​ អ្នកវិភាគ​នយោបាយ​កម្ពុជា​ និងជាអ្នកសិក្សា​ស្រាវជ្រាវ​ខាង​ការ​អភិវឌ្ឍ​សង្គម​បាន​ប្រាប់ VOA ​នៅថ្ងៃពុធ​នេះ​ថា​ ការសង្ស័យ​មកលើ​កម្ពុជា​ថា​ នឹង​អាច​បើក​ផ្លូវឲ្យ​មាន​ការ​ដាក់​មូលដ្ឋាន​ទ័ពចិន​នៅកម្ពុជា​ អាចនឹង​ត្រូវបានលើកឡើង​ពីមេដឹកនាំ​ការពារ​ជាតិ​មក​ពី​ប្រទេស​ដទៃ​ក្នុង​កិច្ច​ប្រជុំ​នោះ​។

«ខ្ញុំមិនដឹង​ថា​ តើ​សំណួរ​ហ្នឹង​ គេ​នឹង​លើក​តម្រង់​មក​រកកម្ពុជា​ សារជាថ្មី​ម្តង​ទៀត​ ដូចកាល​ដែល​អនុប្រធានាធិបតី​អាមេរិក​បានលើកឡើង​កាលពីឆ្នាំ​ទៅ​ ឬក៏យ៉ាង​ម៉េច​ អាហ្នឹង​យើង​អត់​ទាន់​ដឹង​បាទ​។ ប៉ុន្តែ​កម្ពុជា​គួរតែ​ត្រៀមខ្លួន​ ដើម្បី​ឆ្លើយ​ទៅលើ​រឿងនោះ​ វាអាច​គេនឹង​សួរ​ម្តង​ទៀត»​។

នាយឧត្តមសេនីយ៍ឈុំ សុជាតិ​ អ្នក​នាំពាក្យ​ក្រសួងការពារជាតិ​ ថ្លែង​ថា​ លោក​មិន​ទាន់មាន​ព័ត៌​មាន​លម្អិត​ ជុំវិញ​ដំណើរ​របស់​លោក​ទៀ បាញ់​ទៅកាន់​ប្រទេស​សិង្ហបុរីនោះទេ​។ យ៉ាងណា​លោក​ថា​ ជា​ធម្មតា​ ប្រមុខ​ការពារ​ជាតិ​កម្ពុជា​នឹង​លើកឡើង​ពីកិច្ចការ​រក្សា​សន្តិសុខ​ប្រទេស​និង​តំបន់។

«ធម្មតា​គាត់​ទៅ​ គាត់បាន​លើក​ពីបញ្ហា​ សន្តិសុខ​ក្នុង​តំបន់​ ប៉ុន្តែ​ក្នុង​សេចក្តីប្រ​កាស​ គេមាន​សរសេរ​ទេ​? ខ្ញុំអត់បាន​មើល​ផង​សេចក្តី​ប្រកាស​ហ្នឹង​»។​

ក្រុមហ៊ុន​ចិន​មួយ​ឈ្មោះ​ Union Development Group ឬ​ហៅថា​ UDG​ ត្រូវគេរាយការណ៍​កន្លងមកថា​ ​ទទួល​បាន​ដីសម្បទាន​ចំនួន​ ៤៥.​០០០ ​ហិកតា ​ដែល​ក្នុងនោះ​មាន​បញ្ចូល​ដែន​សមុទ្រ​ខ្មែរ​ចំនួន ​២០​ភាគរយ​ នៅ​ក្នុង​ស្រុក​បុទុម​សាគរ និង​គីរី​សាគរនៃខេត្ត​កោះកុង ដើម្បី​អភិវឌ្ឍន៍​គម្រោងមួយ​ដែល​មាន​មន្ទីរពេទ្យ អគារ​ខុនដូ រមណីយ​ដ្ឋាន​ សណ្ឋាគារ​ រោងចក្រ​ អាកាស​យានដ្ឋាន​អន្តរជាតិ​និង​កំពង់ផែ​សមុទ្រ​ទឹកជ្រៅ។ ក្រុមហ៊ុនបាន​ប្រកាស​ថា​នឹង​វិនិយោគ​ទុន​ចំនួន​ ៣.៨០០​ លាន​ដុល្លារ​។

របាយការណ៍​សារព័ត៌មាន​នានា​បញ្ជាក់​ថា ​អាកាស​យានដ្ឋាន​អន្តរជាតិ​នោះ​មាន​ផ្លូវ​យន្តហោះ​ចុះ​ប្រវែង​ ៣.៤០០ម៉ែត្រ​ ដែល​វែង​ជាង​នៅ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដែល​នាំ​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​ថា​អាច​នឹង​ត្រូវ​ប្រើប្រាស់​ក្នុង​គោល​បំណង​យោធា​ក្នុងពេល​ខាង​មុខ។ អាកាស​យានដ្ឋាន​អន្តរជាតិ​តារាសាគរ ​នឹង​ត្រូវ​បើក​ដំណើរ​ការ​ខ្លះៗ​នៅ​ដំណាច់​ឆ្នាំ​ ២០២០។ នេះ​បើ​តាម​គម្រោង​អភិវឌ្ឍន៍​ ដែល​បាន​បង្ហាញ​ក្នុង​ពេល​កន្លង​មក​។

ទោះ​ជា​យ៉ាង​នេះក្តីលោក ​ទៀ បាញ់ ​ដែលមាន​តំណែង​ជា​ឧបនាយក​រដ្ឋមន្ត្រីមួយ​រូប​ផងនោះ​ ធ្លាប់​ អះអាងប្រាប់​ VOA ​ថា​ ការ​ដ្ឋាន​សាងសង់​អាកាស​យានដ្ឋាន​នេះ​គឺ​បើក​ទូលាយ​ សម្រាប់​ប្រជាជន​ទូទៅ​ហើយ​ការ​កសាង​អាកាស​យានដ្ឋាន​ធំ ដូច្នេះគឺស្រប​តាម​អ្វី​ដែល​រដ្ឋាភិបាល​ហៅថាដី​សម្បទាន​សម្រាប់​ការ​វិនិយោគ‍​។

កាល​ពីឆ្នាំ​២០១៨​ សារព័ត៌មាន ​Asia Times​ បាន​ចេញ​សេចក្តីរាយការណ៍​មួយ​ ដោយបាន​ដក​ស្រង់​សម្តី​ក្រុម​អ្នកវិភាគ​ ដែល​និយាយ​ថា ​កំពង់​ផែ​ទឹកជ្រៅ​ដែល​កំពុង​សាងសង់​ដោយ​ក្រុម​ហ៊ុន​ Union ​Development​ Group​ (UDG) ​មាន​ទំហំ​ធំ​ល្មម​ ដើម្បី​ចត​នាវា​ចម្បាំង​និង​នាវា​ពិឃាត​ផ្សេង​ទៀត​។

ប្រទេស​ចិន​បាន​ដាក់​មូលដ្ឋាន​យោធា​ដ៏ធំ​មួយ​នៅ​ប្រទេស​ជីប៊ូទី តាម​ច្រក​ដែល​គេ​ហៅថា​ខ្សែគុជ​នៃ​ការ​អភិវឌ្ឍន៍។​នៅក្នុង​តំបន់អាស៊ី​ខាងត្បូង​ និង​អាស៊ី​អាគ្នេយ៍​ ដូចជា​នៅ​កំពង់ផែ ​Gwadar​ ​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន​ កំពង់ផែ​ Hambanthota​ នៅក្នុង​ប្រទេស​ស្រីលង្កា និង​បណ្តា​កោះនៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ ក្រុមហ៊ុនចិន​បាន​អភិវឌ្ឍ​ទីតាំង​ផែ​ ​និង​វាល​យន្តហោះ​ដើម្បី​ប្រើប្រាស់​ទីតាំង​ទាំងនេះ​សម្រាប់​អំណាច​យោធា។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​ជំនាញ៕