សហគមន៍​ខ្មែរ​រៀបចំ​សន្និសីទ​ពិភពលោក​លើក​ទី១នៅ​អូស្ត្រាលី

រូបឯកសារ៖ លោក ហុង លីម សមាជិក​សភា​រដ្ឋ Victoria នៃ​ប្រទេស​អូស្ត្រាលី និង​ជា​អ្នកផ្តួចផ្តើម​គំនិត​​រៀបចំ​«សន្និសីទ​ពិភពលោក​សម្រាប់​ការអភិវឌ្ឍ​នាពេល​អនាគត​របស់​កម្ពុជា‍» នេះ មាន​វត្តមាន​នៅ​ទីស្នាក់ការ​ VOA នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពីថ្ងៃទី៥ ខែ​តុលា ឆ្នាំ២០១៧។ (ទែន សុខស្រីនិត/VOA)

សន្និសីទ​នេះ​នឹង​រៀបចំ​ឡើង​ពីថ្ងៃទី៣១​ខែមីនា​ដល់​ថ្ងៃទី២​ខែមេសា​ហើយ​​ត្រូវថ្លែង​សុន្ទរកថា​​បើក​ដោយ​លោក​ហ្ការ៉េដ អេវ៉ាន (Gareth Evans) ​អតីត​រដ្ឋមន្ត្រី​ការ​បរទេស​អូស្រ្តាលី​និង​ជា​អ្នកផ្តួចផ្តើម​គំនិត​ឱ្យ​មាន​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​សម្រាប់​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​១៩៩១។

តំណាង​សហគមន៍​ខ្មែរ​សំខាន់ៗ​មកពី​ជុំវិញ​ពិភពលោក នឹង​ជួប​ប្រជុំ​គ្នា​នៅ​ទីក្រុង​ម៉ែលប៊ន ​ប្រទេស​អូស្ត្រាលី​នៅ​ឯ​សន្និសីទ​រយៈពេល​បីថ្ងៃ​នា​ចុងខែ​មីនា​ ដើម្បី​ពិភាក្សា​ពី​បញ្ហា​ប្រឈម​ដែល​ប្រទេស​កម្ពុជា​កំពុង​ជួបប្រទះ។

«សន្និសីទ​ពិភពលោក​សម្រាប់​ការអភិវឌ្ឍ​នាពេល​អនាគត​របស់​កម្ពុជា‍»​មានគោល​បំណង​វិភាគ​គោល​នយោបាយ​ដែល​មាន​ស្រាប់​របស់​គណបក្ស​ធំៗ​នៅក្នុង​ប្រទេស​កម្ពុជា​និង​ស្វែង​រក​គន្លឹះ​ដោះស្រាយ​បញ្ហា​ហើយ​រៀបចំ​ជា​អនុសាសន៍​ដើម្បីឱ្យគណបក្ស​នយោបាយ​ទទួល​យក​ទៅបញ្ចូល​ក្នុង​គោល​នយោបាយ​របស់​ពួកគេ​សម្រាប់​យក​ទៅ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​នៅ​ក្រោយពី​ការបោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​សហព័ន្ធ​ខ្មែរ​អូស្រ្តាលី​សាជីវកម្ម​ដែល​ជា​ម្ចាស់​ផ្ទះរៀបចំ​សន្និសីទ។

លោក​ហុង លីម ​អ្នកតំណាងរាស្ត្រ​អូស្រ្តាលី​ដើម​កំណើត​ខ្មែរ​ ដែល​ជាអ្នកផ្តួចផ្តើម​គំនិតរៀបចំ​សន្និសីទ​នេះ​បាន​បញ្ជាក់​បន្ថែម​ថា៖

«ខ្ញុំ​យល់​ថា​វានឹង​ជា​ការប្រមូលផ្តុំ​ជាលើក​ទីមួយ​នូវ​គំនិត​ប្រាជ្ញា​ខ្មែរ​រួមគ្នា​មក​គិត​គូ​ពីបញ្ហា​មាតុភូមិយើង​ដោយ​សុទ្ធចិត្ត​ ដោយ​ស្មោះត្រង់​មិន​មាន​ការបំភ្លៃ​បន្លំ​ដើម្បី​ធ្វើ​ឱ្យ​មាន​ការប្រទុស្ត​រ៉ាយ​ខាងផ្លូវចិត្ត​ឬ​ខាង​អីទេ។ យើង​និយាយ​ដោយ​សុទ្ធចិត្ត។ ខ្ញុំ​យល់​ថា​វា​នឹង​ទៅ​ជា​ឯកសារ​មួយ​ដ៏​សំខាន់​សម្រាប់​ប្រើប្រាស់​រហូត​ទៅ​ទោះជា​គណបក្ស​ណាមិន​យក​ក៏ដោយ​អ្នកដទៃទៀត​អាច​យក​មក​ស្រាវជ្រាវ​បន្ត​យក​ទៅមើល​យកចិត្ត​ទុកដាក់​ដើម្បី​ជួយរួមគ្នា​គិត​គូ​ដំណោះស្រាយ​បញ្ហា​របស់​ខ្មែរ​យើង‍»។​

សន្និសីទ​នេះ​នឹង​រៀបចំ​ឡើង​ពីថ្ងៃទី៣១​ខែមីនា​ដល់​ថ្ងៃទី២​ខែមេសា​ហើយត្រូវថ្លែង​សុន្ទរកថាបើក​ដោយ​លោក​ហ្ការ៉េដ អេវ៉ាន (Gareth Evans) ​អតីត​រដ្ឋមន្ត្រី​ការ​បរទេស​អូស្រ្តាលី​និង​ជា​អ្នកផ្តួចផ្តើម​គំនិត​ឱ្យ​មាន​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​សម្រាប់​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​១៩៩១។ ក្នុង​ចំណោម​វាគ្មិន​សំខាន់ៗ​ដែលនឹង​ត្រូវ​មក​ធ្វើ​បទបង្ហាញមានដូច​ជា​លោក​បណ្ឌិត​អ៊ា សុផល សាស្រ្តាចារ្យ​នៃ​មហា​វិទ្យា​ល័យOccidental College ​លោក​ព្រាប កុល ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា​ លោក​មាស ហៃសាន ​អតីត​ប្រធាន​បណ្តាញ​ពលរដ្ឋ​ខ្មែរ​ដើម្បី​កម្ពុជា ​(Khmer People Network for Cambodia) ​និងលោក វ៉ាន់ ស ​ប្រធាន​មូលនិធិ​មិត្តភាព​ខ្មែរ-អាមេរិកាំង។

បញ្ហា​ប្រឈម​ដែល​នឹង​ត្រូវ​យក​មក​ពិភាក្សា​មាន​ការសិក្សា​ធិការ ​សុខាភិបាល ​ហេដ្ឋារចនា​សម្ព័ន្ធ​ជនបទ​ រហូត​ដល់​ការពារបរិស្ថាន ​ពលករ​ចំណាកស្រុក​និង​ជនអន្តោប្រវេសន៍។

លោក​ហុង លីម ​មើលឃើញ​ថា​សិស្សានុសិស្ស​កម្ពុជា​សិក្សា​តែ​កន្លះ​ថ្ងៃ​ដែល​ពិបាក​នឹង​មាន​ចំណេះ​ដឹងគ្រប់គ្រាន់​អាច​ប្រកួត​ប្រជែង​ជាមួយ​នឹង​ប្រទេស​ក្នុង​តំបន់។ រីឯ​ពលរដ្ឋ​ក្រីក្រ​មួយ​ចំនួន​បាន​សម្រេច​ចាកចេញ​ពី​ប្រទេស​ទៅធ្វើការ​ជា​ពលករ​គ្មាន​ជំនាញ​នៅ​ប្រទេស​ជិតខាង។

លោក​បន្ថែមថា៖​

«ជា​រឿង​គួរ​ឱ្យ​អាណោច​អធ័ម​ណាស់​ដែល​ថា​កូនចៅ​យើង​ធ្វើ​ចំណាកស្រុក​អត់ធ្វើ​ស្រែធ្វើចំការនឹង​ទឹកដី​មាតុភូមិ​ខ្លួនឯង​ដែល​មាន​ចំការ​ហើយ​ទៅចោល​ចំការ​ប៉ុន្តែទៅស្រុក​ថៃ​ទៅធ្វើការចំការ​ឱ្យ​គេ​ដដែល​ដោយសារ​ជីវភាព​គេ​ខាង​ពួក​ម្ចាស់ស្រុក​ថៃ​គេ​ហ៊ឺហា​ជាង​យើង​ទៅ​កិច្ច​ការ​ធ្វើ​ស្រែ​ធ្វើ​ចំការ​គេ​យល់​ថា​ជា​កិច្ច​ការ​ដែល​គេ​មាន​កម្រិត​ជីវភាព​ខ្ពស់​មិន​ត្រូវ​មក​ធ្វើ​មុខ​របរ​ហ្នឹង។ ដូច្នេះ​គេ​មក​ឱ្យ​តែ ពួកយើង​ធ្វើ​អីចឹង​ទៅ‍»។​

ក្រុមសកម្មជន​សិទ្ធិ​ពលករ​ចំណាក​ស្រុក​បាន​វាយ​តម្លៃ​ថា​មាន​ពលរដ្ឋ​ខ្មែរ​ជាង​១លាននាក់​បាន​ធ្វើការ​នៅ​ក្រៅ​ប្រទេស​ក្នុង​នោះ​ភាគ​ច្រើន​នៅ​ប្រទេស​ថៃ ​ម៉ាឡេស៊ី ​និង​កូរ៉េ។ ពួកគេ​រងការ​រំលោភ​បំពាន​សិទ្ធិ​និង​ធ្វើការ​លំបាក​ជាច្រើន។

ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ​ជន​ជាតិ​វៀតណាម​បែរ​ជាចូលមក​ក្នុង​ប្រទេស​កម្ពុជា​ដើម្បី​ធ្វើការ​និង​ស្នាក់​នៅ​ដោយ​មិន​មាន​ច្បាប់​ទម្លាប់​ត្រឹមត្រូវ។ នេះ​ជា​ក្តីបារម្ភ​របស់​លោ​កហុង លីម។

«ការហូរ​ចូល​និគម​យួន​ជា​អំពើ​អាណាចា​ខាង​ផ្នែក​អន្តោប្រវេសន៍​គឺ​ស្រេចតែ​អំពើ​ចិត្ត​ហ្មង​ហើយ។ យួន​ចូល​មក​នៅ​ខុសច្បាប់​ហើយ​ដល់​គេ​មក​នៅ​ច្រើន​គេ​ថា​ធ្វើ​ម៉េច​ឱ្យ​គេ​បាន​រស់​នៅ​ស្រួល​បួលផង។ វា​ទៅ​ជារឿង​ជ័យជេដ្ឋា​ទីពីរ​កើត​ឡើង​វិញ​គឺ​ជា​ការអាណោចអធ័ម​ហើយ​ជា​គ្រោះថ្នាក់​ខ្លាំង​បំផុត​នូវ​កិត្យានុភាព​ស្រុក​យើង​ នូវ​បូរណភាព​ទឹកដី​ប្រទេស​យើង​ដែល​ជា​ប្រទេស​ឯករាជ្យ‍»។

ជនជាតិ​ចិន​ក៏​ចាប់​ផ្តើម​ហូរ​ចូលយ៉ាងគំហុកចូលក្នុង​ប្រទេស​កម្ពុជា​ដោយ​ធ្វើការ​មិន​មាន​ច្បាប់​ទម្លាប់​អ្វី​ទេ។ រដ្ឋាភិបាល​កម្ពុជា​បាន​ប៉ាន់ប្រមាណ​ថា​ជនជាតិ​ចិន​ដែល​ធ្វើការ​ដោយ​គ្មានច្បាប់​និង​មិន​បាន​បង់ពន្ធ​មាន​ជាង​១០ម៉ឺននាក់។

លោក​វ៉ាន ស​ ប្រធាន​មូលនិធិ​មិត្តភាព​ខ្មែរ​-អាមេរិកាំង​(Cambodian American Friendship Foundation) ​ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋ​វ៉ាស៊ីនតោនគ្រោងនឹង​លើកឡើង​ពី​តម្រូវ​ការ​វិនិយោគលើ​ផ្នែក​ហេដ្ឋារចនា​សម្ព័ន្ធ​ដល់​ពលរដ្ឋ​ដែល​នៅតំបន់​ជនបទដែល​មាន​ដូច​ជា​សាលារៀន ​មន្ទីរ​សុខភាព​ និង​អណ្តូង​ទឹក។

លោ​កបន្ថែម​ថា៖

«ទីមួយ ​ធ្វើ​ម៉េច​ឱ្យ​ភូមិករ​របស់​ខ្លួន​ដែល​ពលរដ្ឋ​រស់​នៅមាន​រចនា​សម្ព័ន្ធ​គ្រប់​គ្រាន់​ដើម្បី​គ្នារស់​នៅ​បាន​ស្រួល​ហើយ​ទីពីរ​ឱ្យ​គ្នា​មាន​លទ្ធភាព​ចូលរួម​ក្នុង​ការបង្កើត​ផល​ព្រោះ​វាមានប្រយោជន៍​ពីរ​គឺ​ទីមួយ​ដល់​ជាតិ​និង​ទីពីរ​ឱ្យ​គ្នា​អ្នករស់នៅ​ក្នុង​តំបន់​រស់​នៅ​បាន​ស្រួល​ផង‍»។​

លោកវ៉ាន់ ស ​យល់​ថា​បើ​ធ្វើ​ដូចនេះ​បាន​គឺ​អាច​ទប់​ពលរដ្ឋ​មិន​ឱ្យ​ធ្វើ​ចំណាកស្រុក​ក្នុង​ចំនួន​ច្រើនដូចពេល​បច្ចុប្បន្ន​នេះ។

«ខ្ញុំ​បារម្ភ​ឃើញ​ប្រជាពលរដ្ឋ​យើង​ចេញ​ពី​ភូមិ​កំណើត​ច្រើនពេក​។ ឥឡូវ​នេះ​កាន់តែ​ច្បាស់​ឡើង​ទៀត​គឺ​ទីមួយ​មក​រក​ការងារ​ធ្វើ​ក្នុង​ក្រុង​ ហើយ​ទីពីរ​បើ​រក​ក្នុង​ក្រុង​មិន​បាន​ទេ​គឺចេញទៅ​ស្រុក​ក្រៅ​។ បើ​យើង​ធ្វើ​ដូចនេះ​បាន​គឺ​ជួយ​ទប់​ឱ្យ​ពលរដ្ឋ​ដែល​នៅក្នុង​ភូមិករ​មាន​លទ្ធភាព​រស់នៅ​បាន​ស្រួល​ហើយ​ស្រឡាញ់​ភូមិករ​ខ្លួនផងដែរ‍»។​

លោកមាស ហៃសាន ​នៃ​បណ្តាញ​ពលរដ្ឋ​ខ្មែរ​ដើម្បី​កម្ពុជា​ចង់​ឃើញ​គម្រោង​ច្បាស់​លាស់​ដែល​អាចយក​ទៅជួយ​ប្រទេស​កម្ពុជា​បាន​ដែល​មាន​ដូច​ជា​លើ​វិស័យ​អប់រំនិង​សុខាភិបាល​នៅ​តំបន់​ជនបទ។

«ការអប់រំ​ជា​ធម្មតា​នៅ​ជនបទ​ជា​មូលដ្ឋាន​ហ្នឹង​ក៏ដោយ​ឬក៏​ការអប់រំផ្នែក​សុខភាព​នៅ​មូលដ្ឋាន​ក៏ដោយ​ ឬក៏​ការបង្កើត​មន្ទីរ​សម្រាល​កូន​នៅតាម​ទីជនបទ​ក៏ដោយ​មាន​សារៈសំខាន់​ណាស់​ពីព្រោះ​ពលរដ្ឋខ្មែរ​យើង​ភាគច្រើន​មាន​ការលំបាក​ក្នុង​ការចូលមក​ទទួល​សេវាព្យាបាល​ដោយ​សារ​តែ​ខ្វះ​ធនធាន​ដោយសារ​តែខ្វះ​ផ្លូវថ្នល់​ឬ​ខ្វះ​យាន​ជំនិះ​ដូច្នេះ​ស្លាប់​ហ្នឹង​ច្រើន​ណាស់‍»។​

ប្រទេស​កម្ពុជា​គ្រោង​នឹង​រៀបចំ​ការបោះឆ្នោត​ជាតិ​នៅថ្ងៃទី​២៩​ខែកក្កដា​។ គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​កាន់​អំណាច​ជាង​៣០ឆ្នាំ​ត្រូវ​បាន​គេ​មើលឃើញ​ថា​ជា​គណបក្ស​ដ៏ធំ​គ្មាន​គូ​ប្រៀប​បន្ទាប់​ពី​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏ធំ។ មាន​គណបក្សនយោបាយ​ជាច្រើន​ទៀត​ដែល​មិន​ធ្លាប់​ឈ្នះ​បានអាសនៈ​សភាជាតិ​ក្នុង​ការបោះឆ្នោត​ឆ្នាំ​២០១៣​ក៏គ្រោងនឹង​ចូលរួម​ប្រកួត​ដែរ។ ​

លោក​ហុង លីម ​ជឿជាក់​ថា​អនុសាសន៍​ដែល​ទទួល​បាន​ពី​សន្និសីទ​នេះ​គឺគណបក្ស​នានាអាច​នឹងយក​ទៅប្រើ​ប្រាស់​បាន​ច្រើន។

«ទោះជា​គ្មាន​រដ្ឋាភិបាល​ណា​នឹង​យក​ចិត្តទុកដាក់​នូវ​សំណើ​ស្នើ​សុំ​អនុសាសន៍​របស់​យើង​ឱ្យ​មាន​ការកែប្រែ​លម្អ​បញ្ហា​ប្រឈម​មុខ​សំខាន់ៗ​ទាំងអស់​ហ្នឹង​យ៉ាងណាក៏ដោយ​ក៏​យើង​ចង់​បង្ហាញ​ ចង់​ស្រែក​ជំទាល​ឱ្យ​ពេញ​មួយ​ពិភពលោក​ហ្នឹង​ក្នុង​ចំណោម​មជ្ឈដ្ឋាន​ខ្មែរ​យើង​ក្នុង​ស្រុក​និង​ក្រៅស្រុក​ថា​ជារឿង​ជា​បញ្ហា​ដ៏​តក់​ក្រហល់​ជា​បញ្ហា​ប្រឈមមុខ​យ៉ាង​ខ្លាំង​ជាមួយ​នឹង​ជាតិ​យើង។ ដូច្នេះ​យើង​ជា​ម្ចាស់​ស្រុក​យើង​ជាខ្មែរ​ត្រូវតែ​ហ៊ាន​ចាត់​ប្រឈមមុខ​យក​បញ្ហា​នេះ​យកមកគិត​ហើយ​គិត​ហ្នឹង​គិត​ដោះស្រាយ​ទោះ​អ្នកណា​មិន​ដោះស្រាយ​ក៏ដោយ​ក៏បញ្ហា​ហ្នឹង​វា​នៅ តែ​ជាបញ្ហា​ដែល​យើង​នៅតែ​ដោះស្រាយ‍»។​ ​

ប្រទេស​កម្ពុជា​មាន​ការរីកចម្រើន​សេដ្ឋកិច្ច​ថេរ​ក្នុង​កម្រិត​៦ទៅ៧​ភាគរយ​ចាប់តាំងពី​ឆ្នាំ​១៩៩៤មក​ដែល​ធ្វើ​ឱ្យ​អត្រា​នៃ​ភាពក្រីក្រ​ធ្លាក់ចុះ​ពី​៤៧,៨​ភាគរយ​មក​នៅត្រឹម​១៣,៥ភាគរយ​នៅថ្នាក់​ជាតិ។ ​ប៉ុន្តែ​ការរីកចម្រើន​នោះ​មិនបាន​ចែករំលែក​ដោយ​សមភាព​ដល់​តំបន់ជនបទ​ដែលធ្វើឱ្យ​មានគម្លាត​គ្នា​រវាង​ទីក្រុង​និង​ជនបទ។

ធនាគារពិភពលោក​បាន​រកឃើញ​ថា​បញ្ហា​ប្រឈម​ក្នុង​ការអភិវឌ្ឍដែលកម្ពុជា​ជួបប្រទះ​រួម​មាន​តម្រូវការ​ក្នុងការ​ផ្តល់​សេវាសាធារណៈ​ឱ្យ​បាន​ល្អ ​ការអភិវឌ្ឍ​ដែល​រួម​បញ្ជូល​ជនក្រីក្រ​ រដ្ឋបាល​ដីធ្លី ការគ្រប់គ្រង​ធនធាន​ធម្មជាតិ​ ការថែរក្សា​បរិស្ថាន​និង​អភិបាលកិច្ច​ល្អ៕