ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយក​រដ្ឋ​មន្ត្រី​ខ្មែរ​លើក​ទឹក​ចិត្ត​បាតុករ​ឱ្យ​ដុត​រូប​ចម្លាក់​នាគ​តាម​វត្ត​នៅ​អូស្ត្រាលី


រូបឯកសារ៖ នាយក​រដ្ឋមន្ត្រី​កម្ពុជា​លោក​ ​ហ៊ុន សែន​ ​​​ចូលរួមមហា​សន្និបាត​បក្ស​​ដែល​មាន​រយៈពេល​បីថ្ងៃ​ ​នៅរាជធានីភ្នំពេញ កាលពីថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០១៨។⁣ (រូបដកស្រង់ពីហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister)

បន្ទាប់​ពី​ធ្វើ​សកម្មភាព​ផ្គើន​នឹង​ការ​ព្រមាន​របស់​លោក ​ហ៊ុន ​សែន ដោយ​ដុត​រូប​ទីង​មោង​តំណាង​រូប​លោក លោក​នាយក​រដ្ឋ​មន្ត្រី​ខ្មែរ​និយាយ​ពន្យុះ​ឱ្យ​ដុត​រូប​សំណាក​នាគ​នៅ​តាម​វត្ត​អារាម​ក្នុង​ប្រទេស​អូស្ត្រាលី​ បើ​សិន​ជា​ចង់​ដាក់​បណ្ដាសា​ទម្លាក់​រាសី​របស់​លោក​ឱ្យ​​ស្រុត​ចុះ​អាប់​អួរ​មែន​នោះ។

លោក​នាយករដ្ឋមន្រ្តី ​ហ៊ុន​ សែន ​នៅ​ថ្ងៃ​ពុធ​នេះ ​បាន​ប្រាប់​ឲ្យអ្នក​ដុត​រូប​របស់​លោក ប្តូរ​ទៅដុត​រូបនាគ​ ឬ​វាយ​កម្ទេចរូប​នាគ​នៅ​តាម​វត្ត​អារាម​នានា​វិញ​ ដោយ​លោក​ថា ​ការ​ដុត​ត្រឹម​រូប​ថត​ មិន​មាន​ប្រសិទ្ធភាព​ណា​មួយ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់លោក​នោះ​ទេ។

ក្នុង​វេទិកា​សំណេះ​សំណាល​ជាមួយ​កម្មករ កម្មការិនី​មក​ពី​រោង​ចក្រ​សហគ្រាស​ចំនួន​៨​ ក្នុង​ខេត្ត​កំពង់​ស្ពឺ លោក​នាយក​រដ្ឋ​មន្រ្តី ​ហ៊ុន ​សែន ​ថ្លែង​ថា ​អ្នក​ដែល​ដុត​រូប​ថត ​ឬ​ទីងមោង​ដែល​មាន​បិទ​រូបថត​របស់​លោក​ ជា​ទង្វើ​គ្មាន​ប្រយោជន៍​និង​គ្មាន​ប្រសិទ្ធិភាព​អ្វី​ប៉ះពាល់​ដល់​លោក​នោះ​ទេ។ លោក​បន្ថែម​ដោយ​ប្រាប់​ទៅអ្នក​ដែល​ដុត​រូប​របស់​លោក​ថា​ ប្រសិន​បើ​ចង់​ដាក់​បណ្ដាសា​ទាញ​ទម្លាក់​ជោគជតា​រាសី​លោក ​គឺ​ត្រូវទៅ​ដុត​រូប​នាគ​នៅ​តាម​វត្ត ​ឬ​ វាយ​កម្ទេច​រូបនាគ​នោះ​តែ​ម្តង​ ដោយ​សារ​លោក​កើត​ក្នុង​ឆ្នាំ​រោង ​ជា​ឆ្នាំ​តំណាងឲ្យ​សត្វ​នាគ។

​លោក​បញ្ជាក់​ថា៖ «ប្រាប់​យក​តែបុណ្យ​តែចុះ ​បើ​ចង់​ឲ្យ​ ហ៊ុន​ សែន ​ងាប់ ​ហើយ​បើ​ធ្វើ​តែ​រូប​នាគ​យក​ទៅ​ដុត ​ក៏​វា​អត់​មាន​ប្រសិទ្ធ​ភាព​ទេ ​ព្រោះ​បារមី​របស់​ ហ៊ុន​ សែន ​នៅ​ជាប់​ជាមួយ​ហ្នឹង​នាគ​ដែល​នៅក្នុង​វត្ត។ ​អញ្ចឹង​ដើរ​ដុតទៅ ​កន្លែង​ណា​ដែលមាន​នាគ​នៅ​ក្នុង​វត្ត​ទាំង​ប៉ុន្មាន​នៅ​អូស្រ្តាលី ​ឬ​វត្ត​ក្នុង​ប្រទេស​ដទៃ ​ដើរ​ដុត​ឲ្យ​អស់​ទៅ ​ហើយ​ឬវាយ​កម្ទេច​រូប​នាគ​ហ្នឹង​ចោល​តែ​ម្តង​ទៅ។ អា​ហ្នឹង​ល្អ»។

ការ​ថ្លែង​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន ​សែន ​ធ្វើឡើង​បន្ទាប់​ពី​លោកព្រមាន​តាម​វាយ​ដល់​ផ្ទះ​ ចំពោះពលរដ្ឋ​ខ្មែរ​រស់​នៅ​ប្រទេស​អូស្ត្រាលី​ណា ​ដែលដុត​ទីងមោង​រូប​លោក​ នៅ​ពេល​លោក​ចូលរួម​កិច្ច​ប្រជុំ​អាស៊ាន-អូស្ត្រាលី នា​ពេល​ខាង​មុខ​នេះ។ ក្រោយ​ការ​ព្រមាន​នេះ គេឃើញ​ប្រជាពលរដ្ឋ​ខ្មែរ​មួយចំនួនរស់​នៅសហរដ្ឋ​អាមេរិក កាណាដា និង​អូស្ត្រាលី បាន​នាំ​គ្នា​ដុត​ទីងមោង​រូប​លោក​ ហ៊ុន សែន ដើម្បី​បង្ហាញ​ពី​ការ​មិន​ពេញចិត្ត​ចំពោះ​ការដឹកនាំ​របស់​រដ្ឋាភិបាល​កម្ពុជា។

ពលរដ្ឋ​ខ្មែរ​អូស្រ្តាលី បាន​នាំ​គ្នា​ដុត​រូប​របស់​លោក ហ៊ុន សែន ហើយ​លោក ហ៊ុន សែន បាន​ប្រាប់​ឲ្យអ្នក​ដុត​រូប​របស់​លោក ប្តូរ​ទៅដុត​រូបនាគ​ ឬ​វាយ​កម្ទេចរូប​នាគ​នៅ​តាម​វត្ត​អារាម​នានា​វិញ។ (ទំព័រ​ហ្វេសប៊ុក SK Media Inc.)
ពលរដ្ឋ​ខ្មែរ​អូស្រ្តាលី បាន​នាំ​គ្នា​ដុត​រូប​របស់​លោក ហ៊ុន សែន ហើយ​លោក ហ៊ុន សែន បាន​ប្រាប់​ឲ្យអ្នក​ដុត​រូប​របស់​លោក ប្តូរ​ទៅដុត​រូបនាគ​ ឬ​វាយ​កម្ទេចរូប​នាគ​នៅ​តាម​វត្ត​អារាម​នានា​វិញ។ (ទំព័រ​ហ្វេសប៊ុក SK Media Inc.)

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​អូស្រ្តាលី ដើម្បីចូលរួម​កិច្ច​ប្រជុំ​អាស៊ាន-អូស្រ្តាលី​ នៅ​ថ្ងៃទី​១៧-១៨ ​ខែ​មីនា​ខាង​មុខ​នេះ​ ក្នុង​ការ​ពិភាក្សា​ពាក់ព័ន្ធ​នឹង​ការ​ងារ​ផ្សេងៗ​របស់​ប្រជាជាតិ​អាស៊ាន​និង​អូស្ត្រាលី។

លោក ​កុយ ​គួង ​ឯក​អគ្គរាជ​ទូត​កម្ពុជា​ប្រចាំ​ប្រទេស​អូស្រ្តាលី ​និង​ប្រទេស​ណូវ៉ែល​ហ្សេឡង់​លើកឡើងថា​ មិន​មែន​មាន​តែ​កម្ពុជា​នោះ​ទេ ​សហគមន៍​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ដទៃ​ទៀត​នៅ​ប្រទេស​អូស្ត្រាលី ​ក៏​មាន​គម្រោង​បាតុកម្ម​ប្រឆាំង​វត្តមាន​ថ្នាក់​ដឹកនាំ​នៃ​ប្រទេស​កំណើត​ខ្លួន ​អំឡុង​កិច្ចប្រជុំពិសេស​អាស៊ាន-​អូស្រ្តាលី នា​ពាក់​កណ្តាល​ខែ​មីនា​នេះផងដែរមិន​មែន​មាន​តែ​កម្ពុជា​នោះ​ទេ។

​លោក​បញ្ជាក់​ថា៖«ដូច្នេះ​ហើយ ​[បណ្ដា​ស្ថាន]​ទូត​អាស៊ាន​នៅ[ទីក្រុង]កង់បេរ៉ាហ្នឹង បានស្នើដល់រដ្ឋាភិបាល​អូស្ត្រាលី ធ្វើម្ដេចគឺថា​ ការពារសុវត្ថិភាព សេចក្ដីសុខ និងសេចក្ដីថ្លៃថ្នូរ របស់ប្រតិភូទាំងអស់ ដែលក្នុងនោះគឺថា មានប្រតិភូកម្ពុជាយើងដែរ។​ [...] ដូច្នេះ​ការ​ស្នើ​នេះ​មិន​មែន​តែ​ខ្មែរ​យើង​ទេ ​តែ​យើង​ធ្វើ​ទាំង​អស់​គ្នា»។

ថ្លែង​ប្រាប់អ្នក​សារ​ព័ត៌មាន​នៅ​ក្រៅ​សន្និបាត​ក្រសួង​ការ​បរទេស​ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ពុធ ​លោក ​កុយ​ គួង បាន​បន្ថែម​ថា ​ទំនាក់ទំនង​កម្ពុជា​អូស្ត្រាលី​មាន​លក្ខណៈល្អ​ប្រសើរ បើ​ទោះ​បី​បណ្ដាប្រទេសលោកខាងលិចមួយចំនួនបានប្រតិកម្ម​ខ្លាំង​ៗ និងឆ្លើយតបជាវិធានការត​ទល់នឹងអ្វីដែលគេហៅថា ការបង្ក្រាបនយោបាយនៅ​ប្រទេសកម្ពុជា។

លោក​មាន​ប្រសាសន៍​ថា៖​ «អត់​មាន​បញ្ហា​អ្វី​ទេ! ​គឺ​នៅ​តែ​ល្អ​ដដែល! បើ​សិន​ជា​យើង​ធៀប​ជាមួយ​នឹង​ប្រទេស​ដទៃ​ទៀត​ កន្លង​មក​អូស្រ្តាលី​ឥត​មាន​កាត់​បន្ថយ​ជំនួយ​អ្វី​ទេ ​គឺ​នៅ​រក្សា​ដដែល។ ជំនួយ​អភិវឌ្ឍន៍​[ផ្លូវ​ការ]​ODA​ហ្នឹង ​គឺ​ប្រមាណ​ពី​៨០​[លាន​ដុល្លារ]ទៅ​៩០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ដដែល ​រី​ឯ​ប្រទេស​ផ្សេង​ទៀត​ អូស្ត្រាលី​កាត់​ណា ​កាត់​បន្ថយ​ហ្អា ​[ក្នុង​គោល]​នយោបាយកាត់​បន្ថយ​ជំនួយ ​ក៏​ប៉ុន្តែ​សម្រាប់​កម្ពុជា ​អត់​មាន​បញ្ហា​អ្វី​ទេ!»។

លោក ​ឡៅ ​ម៉ុងហៃ ​អ្នក​វិភាគ​នយោបាយ​ឯករាជ្យ​ ប្រាប់ ​VOA ​ថា​ ការ​ថ្លែង​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន អាច​នឹង​ជំរុញ​ឲ្យ​មាន​ការ​ប្រើ​អំពើ​ហិង្សា​ផ្សេងៗ ​បន្ទាប់​ពី​មាន​ការ​ដុត​រូប​និង​ទីង​មោង ​ក្រោយ​លោក ​ហ៊ុន ​សែន ​ព្រមាន​ធ្ងន់ៗ​មិន​ឲ្យ​មាន​ការ​ដុត​រូប​ថត​របស់​លោក​នា​ពេល​កន្លង​មក។​

​លោក​មាន​ប្រសាសន៍​ថា៖«ខ្ញុំ​ថា​គាត់​មិន​បាន​មាន​ប្រសាសន៍​ដោយ​យោង​លើ​ការ​ខុស​ច្បាប់​ទម្លាប់​នោះ​ទេ។​ គ្រាន់​តែ​ថា​វា​អាច​ជំរុញ​ឲ្យ​មាន​អំពើ​ហិង្សា ​សូម្បី​តែ​អំពើ​ហិង្សា​ហ្នឹង​ទៅ​លើ​វត្ថុ​ក៏​ដោយ»។​

​ចំណែក​លោក មាស​ នី ​អ្នក​សិក្សា​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍន៍​សង្គម​និង​ជា​អ្នក​វិភាគ​នយោបាយ​ឯករាជ្យ ​លើក​ឡើង​ថា ​ការ​ថ្លែង​របស់​លោក​នាយក​រដ្ឋមន្រ្តី​ គឺ​ជា​ការ​ឌឺដង​ទៅ​វិញ​ទៅ​មក​រវាង​ថ្នាក់​ដឹក​នាំ​ និង​អ្នក​មិន​និយម​ចូល​ចិត្ត​រូប​លោក​ដែល​លោក​ថា​ ការ​ឌឺ​ដង​នេះបង្ហាញ​ពី​ការ​ចោល​កំហឹង​ ដែល​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​កិត្តិយស​របស់​កម្ពុជា។​

​លោក​មាន​ប្រសាសន៍​ថា៖«អ្នក​ដែល​ដុត​រូប​ទីង​មោង​ ក៏​មិនមែន​ដុត​ដោយ​សារ​តែ​លំនាំ​នៃសិទ្ធិ​មនុស្ស​ ក៏​ប៉ុន្តែដុត​ដោយ​សារ​ខឹងម្ចាស់​ទីង​មោង​ឬ​ក៏​ខឹងរូប​សំណាក​ទីងមោង​ហ្នឹង​ទៅ។ រី​ឯ​អ្នក​ប្រតិកម្ម​វិញ​ ក៏​ប្រតិកម្ម​ដោយ​សារ​តែខឹង​នឹង​ស្អី​ដែល​គេ​កំពុង​ធ្វើ ប៉ុន្តែ​ការ​ប្រើ​កំហឹង​ទៅ​វិញ​ទៅ​មក​បែប​នេះ​វា​អត់​បាន​ផល​អីទេ​ ហើយ​ពេល​ខ្លះ​វា​អាច​ធ្វើ​ឲ្យ​កិត្តិយស​របស់​សង្គម​ជាតិ​យើង​ត្រូវ​ធ្លាក់​ចុះ​ដោយ​សារ​កំហឹង»។

ការ​ប្រកាស​ពី​គម្រោង​ធ្វើ​បាតុកម្ម​របស់​សហគមន៍​ខ្មែរ​មួយ​ចំនួន​ដែល​កំពុង​រស់នៅ​អូស្រ្តាលី ដើម្បី​បង្ហាញ​ពី​ការ​មិន​ពេញ​ចិត្ត​ទៅនឹង​ការ​ដឹកនាំ​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្វើ​ឡើង​បន្ទាប់ពី​មន្រ្តី​ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ ព្រម​ទាំង​សកម្មជន​សិទ្ធិ​មនុស្ស​ យ៉ាង​ហោច​ណាស់​ជាង​២០​នាក់​កំពុង​ត្រូវ​បាន​ឃុំខ្លួន​និង​ចោទ​ប្រកាន់​ពី​បទ​ល្មើស​ផ្សេងៗ​គ្នា ​រីឯ​លោក​ សម​ រង្ស៊ី​ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាននិរទេស​ខ្លួន​ទៅ​រស់​នៅ​ក្រៅ​ប្រទេស ​ក្រោយ​រង​ការ​ចោទ​ប្រកាន់​ និង​កាត់ទោស​ពី​បទ​ល្មើស​ជា​ច្រើន​ករណី។​

​ជាង​នេះ​ទៅ​ទៀត លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ​មួយ​រូប​ទៀត ត្រូវ​បាន​ចាប់ខ្លួន​និង​បញ្ជូន​ទៅ​ពន្ធនាគារ កាលពី​ដើម​ខែ​កញ្ញា​កន្លង​ទៅ ដោយ​រង​ការ​ចោទ​ថា បាន​ឃុបឃិត​ជាមួយ​បរទេស​រៀបចំ​គម្រោង​ផ្តួល​រំលំ​រដ្ឋាភិបាល។ ក្រោយ​ការ​ចាប់​ខ្លួន​លោក កឹម សុខា តែ​ប៉ុន្មាន​ខែ ​តុលាការ​កំពូល​ក៏​បាន​សម្រេច​រំលាយ​គណ​បក្ស​សង្គ្រោះជាតិ​ទៅ​តាម​បណ្តឹង​របស់​ក្រសួង​មហា​ផ្ទៃ ​ដោយ​ចោទ​ពី​បទ​ល្មើស​ដូចគ្នា​ទៅ​នឹង​លោក កឹម សុខា ព្រមទាំង​ហាម​មន្រ្តី​និងតំណាង​រាស្ត្រ​គណបក្ស​នេះ​ចំនួន​១១៨​រូប​ ​មិន​ឲ្យ​ធ្វើ​នយោបាយ​ ដែល​ម្នាក់ៗ​ចំនួន​៥​ឆ្នាំ។​

​ក្រោយ​ពេល​ហេតុការណ៍​ទាំង​នោះ​កើត​ឡើង ពិសេស​គឺ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ទទួល​បានការ​គាំទ្រ​ពី​ពលរដ្ឋ​ខ្មែរ​ជាង​៤០​ភាគ​រយ​នា​ពេល​បោះឆ្នោត​កន្លង​ទៅ គេ​ឃើញ​អង្គការ​សង្គម​ស៊ីវិល ស្ថាប័ន​ជាតិ​និង​អន្តរ​ជាតិ​ជា​ច្រើន​បាន​រិះគន់​រដ្ឋាភិបាល​លោក ហ៊ុន សែន ជា​បន្ត​បន្ទាប់។ ពួកគេ​បាន​បង្ហាញ​ការ​បារម្ភ​អំពី​ដំណើរ​ការ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ហើយ​ថា ការណ៍​នេះ​នឹង​ជះ​ឥទ្ធិពល​ដល់​ដំណើរ​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ។

​មន្ត្រី​ស្ថានទូត​អូស្រ្តាលី​មិន​បាន​ឆ្លើយ​តប​នឹង​សំណើ​សុំ​ការ​អធិប្បាយ​បាន​ទេ ​គិត​ត្រឹម​ល្ងាច​ថ្ងៃ​អង្គារ​នេះ។​

​ប៉ុន្តែ​នៅ​ក្នុង​ការ​ប្រជុំ​សភា​មួយ​នៅ​ប្រទេស​អូស្រ្តាលី ​កាល​ពី​ថ្ងៃ​ពុធ​នេះ​ដែរ​ តំណាង​រាស្ត្រ​គណបក្ស​ការងារ​អូស្ត្រាលី ​លោក ​Chris ​Bowen ​បាន​ថ្លែង​ការពារ​សិទ្ធិ​របស់​បាតុករ​ក្នុង​ការ​តវ៉ា​ដ៏​ស្រប​ច្បាប់​ប្រឆាំង​នឹង​ដំណើរ​ទស្សន​កិច្ច​របស់​លោក ​ហ៊ុន សែន។

«សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី​មាន​កំហឹង ហើយ​ពួក​គេ​ពិត​ជា​ភ័យ​ខ្លាច​ពិតៗ។ ហើយ​ពួក​គាត់​ត្រូវ​ការ​ដឹង​ថាសភា​មួយ​នេះ ​នឹង​មិន​បណ្ដែត​បណ្ដោយ​ឱ្យ​ភាសា​របៀប​នេះ​ទទួល​ការ​យោគ​យល់​ដោយ​ចេញ​ពី​មាត់​បុគ្គល​ណា​ម្នាក់​ឡើយ​ បើ​ទោះ​ជា​អ្នក​នោះ​ជា​ប្រមុខ​រដ្ឋា​ភិបាល ​ឬ​បើ​ទោះ​ជា​អ្នក​នោះ​ជា​សមាជិក​អាស៊ាន​ក៏​ដោយ»។​

​លោក​ Chris​ Bowen ​បាន​បន្ថែម​ថា៖​

​«បើ​ទោះ​ជា​គាត់​ជា​នាយក​រដ្ឋមន្ត្រី​ក៏​ដោយ ក៏គាត់មិនអាច​មក​ប្រទេស​របស់​យើង ​ហើយ​ប្រកាន់​កិរិយា​មាយាទ​របៀប​នេះ​បាននោះ​ទេ»។

​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន ​សែន​ បាន​ចូល​មក​កាន់​អំណាច​តាំង​ពី​ឆ្នាំ១៩៨៥ ​ហើយ​ថ្មីៗ​នេះ ​លោក​បាន​ប្រកាស​ថា​ខ្លួន​លោក​នឹង​បន្ត​កាន់​អំណាច​យ៉ាង​ហោច​ណាស់១០​ឆ្នាំ​ទៀត​ បើ​ទោះ​ជា​លោក​ត្រូវ​ឆ្លង​កាត់​ការ​បោះ​ឆ្នោត ​និង​នីតិវិធី​នៃ​ការ​ជ្រើស​រើស​ដទៃ​ទៀត​ក៏​ដោយ៕

XS
SM
MD
LG