គណៈរដ្ឋមន្ត្រី​ខ្មែរ​ថែម​មាត្រា​ក្នុង​ក្រម​ព្រហ្មទណ្ឌ​​​ដើម្បី​ដាក់​ទោស​អ្នក​ប្រមាថ​ព្រះ​មហា​ក្សត្រ

រូបឯកសារ៖ ភ្ញៀវ​ទេសចរ​ដើរ​កាត់​មុខ​ព្រះឆាយាលក្ខណ៍​ព្រះបរមនាថ​ នរោត្តម​ សីហមុនី​ ព្រះ​មហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​ត្រូវ​បាន​ដាក់​តាំង​នៅ​មុខ​វិមាន​ឯករាជ្យ​ក្នុង​ឱកាស​ខួប​ទី​១១​នៃ​ព្រះ​រាជ​ពិធី​បុណ្យ​​គ្រង​រាជ​សម្បតិ្ត​ កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៨ ខែ​តុលា​ ឆ្នាំ​២០១៥។ (នូវ ពៅ​លក្ខិណា​/VOA)

បន្ទាប់​ពី​​​មាន​ករណី​នៃ​ការ​ប្រមាថ​អង្គ​ព្រះមហាក្សត្រ​ជា​បន្តបន្ទាប់​ក្នុង​មួយ​រយៈ​ពេល​កន្លង​មក ​​នៅ​ថ្ងៃ​សុក្រ​នេះ​ គណៈរដ្ឋមន្ត្រី​បាន​សម្រេច​អនុម័ត​​សេចក្តី​ព្រាង​ក្រមព្រហ្មទណ្ឌ​ ​ដោយ​បន្ថែម​​មាត្រា​ចែង​ពី​ការ​ដាក់ទោស​ទណ្ឌ​​បុគ្គល ​ដែល​ប្រមាថ​ព្រះ​មហាក្សត្រ។​ មន្រ្តី​សង្គម​ស៊ីវិល​ សាទរ​ចំពោះ​ការ​បង្កើត​នេះ​ តែ​រិះ​គន់​ចំពោះ​ការ​តាក់តែង​ច្បាប់​ ដែល​មិន​អនុញ្ញាត​ឲ្យ​មានការ​ចូលរួម​ពិភាក្សា​ពី​ភាគី​ពាក់ព័ន្ធ។

គណៈរដ្ឋមន្រ្តី​កម្ពុជានៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ សម្រេច​អនុម័ត​វិសោធនកម្ម​ក្រម​ព្រហ្មទណ្ឌ ដោយចែង​ដាក់​ទោស​អ្នក​ប្រមាថ​ព្រះមហាក្សត្រ​ឲ្យ​ជាប់​ពន្ធនាគារ​ពី​១​ឆ្នាំ​ទៅ​៥​ឆ្នាំ​ ​និង​ពិន័យ​ជា​ប្រាក់​ពី​ ​២លាន​រៀល​ ​ទៅ​១០​លាន​ ​រៀល។​ នេះ​បើ​តាម​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា។​

លោក​ ផៃ ស៊ីផាន​ អ្នក​នាំពាក្យ​ទី​ស្តី​ការ​គណៈរដ្ឋមន្រ្តី​ប្រាប់​ VOA​ ​នា​រសៀល​ថ្ងៃ​សុក្រ​នេះ​ថា​ ​លោក​នាយករដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈរដ្ឋមន្រ្តី​ ដោយ​អនុម័ត​សេចក្តី​ព្រាង​វិសោធនកម្មច្បាប់​មួយ​ចំនួន​ដូចជា​ សេចក្តីព្រាង​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ ​សេចក្តី​ព្រាង​វិសោធនកម្ម​ក្រម​ព្រហ្មទណ្ឌ​ និង​របៀប​វារៈ​មួយ​ចំនួន​ទៀត។​

លោក​បន្ត​ថា​ ​បទល្មើស​ប្រមាថ​អង្គ​ព្រះមហាក្សត្រ​ ​ត្រូវ​រៀបចំ​ជា​មាត្រា​ថ្មី​មួយ​បន្ថែម​ទៀត​ ​គឺ​មាត្រា​ ​៤៣៧​ ​នៃ​ក្រម​ព្រហ្មទណ្ឌ​ ​ដែល​មាន​ខ្លឹមសារ​ជា​រួម​ថា​ ​ការ​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី​១​ឆ្នាំ​ ​ទៅ​៥​ឆ្នាំ​ ​និង​ពិន័យ​ជា​ប្រាក់​ពី​ ​២​លាន​រៀល​ ​ទៅ​១០​លាន​រៀល។ លោក​ថា​ ​ចំពោះ​នីតិបុគ្គល​ក៏​អាច​ត្រូវ​បាន​ផ្តនា្ទ​ទោស​ពិន័យ​ជា​ប្រាក់​ពី​១០​លាន​រៀល​ ​ទៅ​៥០​លាន​រៀល​ ​ព្រមទាំង​ទោស​បន្ថែម​មួយ​ ​ឬ​ច្រើន​ ​ក្នុង​ករណី​ដែល​តុលាការ​រក​ឃើញ​ថា​ ​មាន​ពិរុទ្ធភាព​ពាក់ព័ន្ធ​នឹង​ការប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ។

លោក​ ផៃ ស៊ីផាន​ បន្ថែម​ថា ការ​សម្រេចធ្វើ​វិសោធនកម្ម​ដាក់​ទោស​អ្នក​ប្រមាថ​ព្រះ​មហាក្សត្រ​នៅ​ពេល​នេះ​ ​គឺ​ដោយ​សារ​មាន​សំណើ​ពី​ក្រុមប្រឹក្សា​ធម្មនុញ្ញ និង​បន្ទាប់​ពី​មាន​ករណី​ប្រមាថ​ព្រះ​មហា​ក្សត្រ​កើត​មាន​ជា​បន្តបន្ទាប់។​

លោក​បញ្ជាក់​ថា៖​

​«ដោយសារ​យើង​ឃើញ​មាន​ការ​កើន​ឡើង​នៃ​អ្នក​វាយ​ប្រហារ ប៉ះពាល់​ដល់​ព្រះ​មហាក្សត្រ​ជា​ទី​សក្ការៈ​របស់​យើង​ទាំង​អស់​គ្នា​ ទើប​បាន​យើង​ចាប់​ផ្តើម។ ហើយ​ការ​ចាប់​ផ្តើម​នេះ​យើង​បាន​ពិភាក្សា យើង​បាន​ពិនិត្យ​ពិច័យ សិក្សា​អំពី​ប្រទេស​ដែល​មាន​ព្រះមហាក្សត្រ​អាស្រ័យ​រដ្ឋធម្មនុញ្ញ​ ​ដូច​ជា​ប្រទេស​អង់គ្លេស ព្រះរាជាណាចក្រ​ថៃ និង​ប្រទេស​ដទៃ​ទៀត យើង​ធ្វើ​លំនាំ​ប្រហាក់​ប្រហែល​គ្នា»។​

លោក​ ផៃ ស៊ីផាន​ បញ្ជាក់​ថា​ ​សេចក្តី​ព្រាង​វិសោធនកម្ម​ច្បាប់​ដែល​គណៈរដ្ឋមន្ត្រី​ទើប​តែ​អនុម័ត​នៅ​ព្រឹក​នេះ​ ​នឹង​បញ្ជូន​ទៅ​រដ្ឋសភាដើម្បី​អនុម័ត​ នាសប្តាហ៍​ក្រោយ។​

បើ​តាមច្បាប់របស់​ព្រះ​រាជាណាចក្រ​ថៃ​ ​ដែល​ជា​ប្រទេស​ជាប់​ព្រំដែន​របស់​កម្ពុជា​ចែង​ថា​ ការ​ប្រមាថ​ព្រះ​មហាក្សត្រ​ ​នឹង​ត្រូវ​ជាប់ទោស​ពី​៣ ​ទៅ​១៥ឆ្នាំ។​ ច្បាប់​នេះ​ត្រូវ​បាន​រង​ការ​រិះគន់​ជា​រឿយៗ​ពី​ ​អង្គការ​សង្គម​ស៊ីវិលនិង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ ​ដែល​មើល​ឃើញ​ថា​ វា​ហាក់​ដូច​ជា​មាន​ទម្ងន់​ធ្ងន់​ហួស​ពេក​សម្រាប់​អ្នក​ប្រព្រឹត្ត​បទ​ល្មើស​នេះ។

លោក​ អ៊ុំ ដារ៉ាវុធ​ អ្នកនាំ​ពាក្យ​ព្រះបរមរាជវាំងសុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ ​ដោយបញ្ជាក់​ថា​ ​លោក​មិន​ទាន់​ទទួល​បាន​សេចក្តី​ព្រាង​វិសោធនកម្ម​ច្បាប់​នោះ​នៅ​ឡើយ។​

បើ​ទោះបី​ជា​សេចក្តី​ព្រាង​ច្បាប់​ទាំងនេះ​ត្រូវ​បាន​គណៈរដ្ឋមន្រ្តី​អនុម័ត​ ​និង​ត្រៀម​បញ្ជូន​ទៅ​រដ្ឋសភា​ក្តី ប៉ុន្តែ​ ​ឯកសារ​ដែល​ជា​សេចក្តី​ព្រាង​ច្បាប់​ទាំង​នោះ​មិន​ទាន់​ត្រូវបាន​បង្ហាញ​ជា​សាធារណៈ​ ​ឬ​ដាក់​ឱ្យ​មាន​ការ​ពិគ្រោះ​យោបល់​ឲ្យ​បាន​ទូលំ​ទូលាយ​នោះ​ទេ។​

លោក​ អំ សំអាត​ មន្រ្តី​ជាន់ខ្ពស់​ផ្នែក​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ ​លើក​ឡើង​ថា​ ​លោកគាំទ្រ​ចំពោះ​ការ​រៀបចំ​ច្បាប់​ចែង​ការពារ​ព្រះ​មហាក្សត្រ។​ ប៉ុន្តែ​លោក​បាន​រិះគន់​ចំពោះ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ទាំង​នោះ​ដោយមិន​មាន​ការ​ចូល​រួម​ពិភាក្សា​ពី​ភាគី​ពាក់ព័ន្ធ​ ​និង​ការ​មិន​ផ្សព្វផ្សាយ​អត្ថន័យ​នៃ​សេចក្តី​ព្រាង​ទាំង​នោះ​ជា​សាធារណៈ។​

លោក​មាន​ប្រសាសន៍​ថា៖​

​«នៅ​ប្រទេស​គេ​ដែល​ប្រកាន់​លទ្ធិ​ប្រជាធិបតេយ្យ​ សេចក្តី​ព្រាង​ច្បាប់​ក្តី ឬ​ក៏​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ក្តី​ ​អា​សេចក្តី​ព្រាង​ហ្នឹង​គេ​អាច​នឹង​មាន​ការ​ដាក់​ពិគ្រោះ​យោបល់​ជា​សាធារណៈ ដើម្បី​ទទួល​នូវយោបល់​ផ្សេងៗ​ទៀត​ពី​អ្នក​ជំនាញ​ ​ឬ​ក៏​អ្នក​ពាក់ព័ន្ធ​ហ្នឹង ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ច្បាប់​ហ្នឹង​ជា​ធរមាន​អនុវត្ត​ទៅ​វា​មាន​ប្រសិទ្ធភាព​ ​ហើយ​មិន​មាន​បញ្ហា​ចម្រូងចម្រាស​ដូច​ច្បាប់​មុនៗ​មក​ ​យើង​ឃើញ​ថា​ មាន​បញ្ហា​ចម្រូង​ចម្រាស​ច្រើន​ដែរ​ ច្បាប់​មួយ​ចំនួន»។​

កន្លងមក​ ​ការ​ប្រមាថ​អង្គ​ព្រះ​មហាក្សត្រ​តាម​រយៈ​ការ​បង្ហោះ​រូបភាព​ ​និង​ប្រើ​ពាក្យ​មិន​គប្បី​តាម​បណ្តាញ​សង្គម​ ​Facebook​ ​គឺ​ជា​ប្រធានបទ​ដែល​ប្រជា​ពលរដ្ឋ​ខ្មែរ​ជជែក​គ្នា​ ​និង​បញ្ចេញ​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ទង្វើ​របស់​អ្នក​បង្ហោះ​នោះ។​ គណនី​ Facebook​ ​ទាំង​នោះ​ភាគ​ច្រើន​មាន​ឈ្មោះ​ជា​ភាសា​បរទេស​ ​ដែល​មាន​ជា​ភាសា​អង់គ្លេស ​និង​ថៃ​ជា​ដើម។​

​ការ​បង្កើត​មាត្រា​ថ្មី​ដាក់​ទោស​ទណ្ឌ​អ្នក​ប្រមាថ​ព្រះ​មហាក្សត្រ​ខ្មែរ​ ​គឺ​ធ្វើ​ឡើង​មិន​ប៉ុន្មាន​ថ្ងៃ​ ​ក្រោយ​ពី​មាន​ការ​កាត់​ទោស​លោក​ លឺ ឡាយស្រេង ​អតីត​ឧបនាយករដ្ឋមន្ត្រី​ ​ស្តី​ពី​ការ​បរិហារ​កេរ្តិ៍​លោក​ ហ៊ុន សែន​ និង​ហៅ​ព្រះ​មហាក្សត្រ​ខ្មែរ​ថា​ជា​«មាន់​គ្រៀវ»​ ​ក្នុង​ទូរស័ព្ទ​ឯកជន​ដែល​គេ​លួច​ថត​សំឡេង​របស់​លោក។​ តុលាការ​បាន​កាត់​ទោស​លោក​ ​លឺ ឡាយ​ស្រេង ពី​បទ​បរិហារកេរ្តិ៍លោក​ ហ៊ុន សែន​ ដោយ​តម្រូវ​ឲ្យ​លោក​បង់​សំណង​ចូល​រដ្ឋ​ចំនួន​៨​លាន​រៀល និង​សង​ជំងឺ​ចិត្ត​ទៅ​លោក ហ៊ុន សែន ចំនួន​៥០០​លាន​រៀល។​

​ក្រៅ​ពី​នេះ​គេ​មើល​ឃើញ​ថា​ ​ករណី​ប្រមាថ​ព្រះ​មហាក្សត្រនៅ​កម្ពុជា​ ​មិន​ទាន់​មាន​ការ​ចាប់​ខ្លួន​បុគ្គល​មក​ផ្តន្ទា​ទោស​នៅ​ឡើយ​ ​ប៉ុន្តែកាល​ពីឆ្នាំ​២០១៦​ ​ទាក់ទង​នឹង​ករណី​គំរាម​សម្លាប់​ ​និង​ប្រមាថ​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​តាម​បណ្ដាញ​សង្គម​នេះ​ ​តុលាការ​បាន​ចាត់​ការ​លើ​ករណី​មួយ​ចំនួន​ ​ដូច​ជា​ ​ករណី​គំរាម​សម្លាប់​លោក​ ស ខេង​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ ​ករណី​គំរាម​សម្លាប់​លោក​ ​សុខ ទូច​ ​ប្រធាន​ក្រុម​ស្រាវ​ជ្រាវ​បញ្ហា​ព្រំដែន​ជាដើម៕​