អាជ្ញាធរ​កម្ពុជា​បញ្ចេញ​ព័ត៌មាន​តិចតួច​ចំពោះ​ការ​បង្ក្រាប​ជនជាតិចិន​ជាច្រើន​កន្លែង​ក្នុង​ខេត្ត​តាកែវ

រូបឯកសារ៖ សមត្ថកិច្ច​ចម្រុះ​កំពុង​ចុះ​ត្រួតពិនិត្យ​និង​ឃាត់ខ្លួន​ជនជាតិ​ចិន​ជិត​៣០០នាក់​ដែល​ធ្វើ​ការ​សំណង់​ខុស​ច្បាប់​នៅ​កម្ពុជា​កាល​ពី​ថ្ងៃទី​២៤​ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ (រូបភាព​ពី​នាយកដ្ឋាន​ស៊ើប​អង្កេត​និង​អនុវត្ត​នីតិ​វិធី​នៃ​ក្រសួង​មហាផ្ទៃ)

នៅ​ថ្ងៃ​ចន្ទ​នេះ​ ​សមត្ថកិច្ច​ឃាត់ខ្លួន​ជនជាតិ​ចិន​ដែល​យក​កម្ពុជា​ ​ធ្វើជា​ទីតាំង​ប្រព្រឹត្ត​បទ​ល្មើស​បច្ចេកវិទ្យា​ចំនួន​ជាង​២០០​នាក់​បន្ថែម​ទៀត​ ​បន្ទាប់ពី​ករណីនេះ​ត្រូវ​បាន​បង្រ្កាប​បាន​ជាច្រើនលើក​កន្លងមក។​

អាជ្ញាធរ​កម្ពុជា​នៅ​ថ្ងៃ​អង្គារនេះ ​ព្យាយាម​មិន​ធ្វើអត្ថាធិប្បាយ​ចំពោះ​ការ​បង្ក្រាប​លើ​ជន​ជាតិ​ចិន​ដែល​ត្រូវបាន​ឃាត់​ខ្លួន​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្តបទ​ល្មើស​បច្ចេក​វិទ្យា​ជា​ច្រើន​កន្លែង​ នៅ​ក្នុង​ខេត្ត​តាកែវ ខណៈ​អ្នកឃ្លាំ​មើល​សង្គម​ ជំរុញ​ឲ្យ​សមត្ថ​កិច្ច​កម្ពុជាប្តូរ​យុទ្ធ​សាស្រ្ត​ក្នុង​ការ​អនុវត្ត​លើ​ជន​ជាតិ​ចិន​ដែល​យក​កម្ពុជា​ធ្វើ​ជា​ទីតាំង​ប្រព្រឹត្ត​បទ​ល្មើស​បច្ចេកវិទ្យា​ ​ជាជាង​គ្រាន់​តែ​ចាប់​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​កំណើត​របស់​ពួកគេ​វិញ។

បើតាម​អត្ថបទ​ព័ត៌មាន​ដែល​ ​ចេញ​ផ្សព្វផ្សាយ​លើ​គេហទំព័រ​របស់​អគ្គស្នងការ​នគរបាល​ជាតិ​កាលពី​យប់​ថ្ងៃ​ចន្ទ​ឲ្យដឹង​ថា​ ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ ​ទី២៦​ ​ខែវិច្ឆិកា​ ​កម្លាំង​ជំនាញ​ជាង​១០០នាក់​ ​ដឹកនាំ​ដោយ​ ​លោក​ ​សុខ សំណាង​ ​ស្នងការ​នគរបាល​ខេត្តតាកែវ​ ​និង​លោក​ ​អ៊ី សុខឃី​ ​ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម​ ​និង​ឧក្រិដ្ឋ​កម្ម​ឆ្លងដែន​ ​ដោយ​សហការ​ជាមួយ​សមត្ថកិច្ច​នគរបាល​ចិន​ ​បាន​បង្ក្រាប​ទីតាំង​ចាប់​ជំរិត​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ចំនួន​៤​ទីតាំង​ផ្សេងគ្នា​ ​ក្នុង​ខេត្តតាកែវ។​ ​ក្នុង​ការ​បង្រ្កាប​នោះ​ ​សមត្ថ​កិច្ច​ឃាត់ខ្លួន​ជនជាតិ​ចិន​បាន​ចំនួន​២៣៥នាក់​ ​ស្រី​៣៦នាក់​ ​និង​បាន​បញ្ជូន​ជនល្មើស​ ​ព្រមទាំង​វត្ថុ​តាង​ពាក់ព័ន្ធ​ទាំងនោះ​ ​យក​ទៅ​ក្រសួង​មហាផ្ទៃ។

​VOA​ ​បាន​ព្យាយាម​ទាក់ទង​សុំ​ការ​អត្ថា​ធិប្បាយ​ពី​លោក​ ​សុខ សំណាង​ ​ស្នងការ​នគរបាល​ខេត្តតាកែវ​ ​និង​លោក​ ​អ៊ី​ ​សុខ​ឃី​ ​ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម​ ​និង​ឧក្រិដ្ឋ​កម្ម​ឆ្លងដែន​ តែ​រហូត​មក​ដល់​ល្ងាច​ថ្ងៃ​អង្គារ​នេះ មិនមាន​ការ​ឆ្លើយ​ណាមួយ​នៅ​ឡើយ។

​ចំណែក​នាយ​ឧត្តមសេនីយ៍​ ​ខៀវ​ ​សុភ័គ​ ​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ ​ដោយ​បាន​បង្វែរឲ្យ​ទៅ​សួរ​ខាង​កងរាជ​អាវុធហត្ថ។

​យ៉ាងណា​ក្តី​ ​លោក​ ​អេង​ ​ហ៊ី​ ​អ្នកនាំពាក្យ​កង​រាជ​អាវុធ​ ​បដិសេធ​មិន​ធ្វើ​អត្ថា​ធិប្បាយ​ ​ដោយ​គ្រាន់តែ​បញ្ជា​ក់យ៉ាង​ខ្លី​ថា៖​

​«​អានេះ​គឺ​ការ​សហការ​ ​សួរ​ខ្ញុំ​ខ្ញុំ​មិន​អាច​ឆ្លើយ​បានទេ​ ​ព្រោះ​ការ​សហការ​របស់​ខាងនេះ​ ​បើ​ចង់​ច្បាស់​ ​អាហ្នឹង​សួរ​ទៅ​ខាង​ខេត្ត​តែម្តង»។

​ដោយ​ឡែក​ ​លោក​ ​សន​ ​ជ័យ​ ​នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​ ​ប្រាប់​ ​VOA​ ​នា​ល្ងាច​ថ្ងៃអង្គារ​នេះ​ថា​ ​កា​រដែ​ល​ជនជាតិ​ចិន​យក​កម្ពុជា​ជាទី​តាំង​ក្នុង​ការប្រព្រឹត្ត​បទល្មើស​បច្ចេកវិទ្យា​ទាំងនោះ​ ​គឺ​ដោយសារ​កម្ពុជា​មានការ​គ្រប់គ្រង​ ​និង​អនុវត្ត​ច្បាប់​ធូរ​រលុង។​ ​លោក​បន្ថែម​ថា​ ​ការ​ចាប់បាន​ជនជាតិ​ចិន​ដែល​ប្រព្រឹត្ត​បទល្មើស​បច្ចេក​វិទ្យា​ដដែលៗ​ ​ជាច្រើន​ករណី​ ​គួរតែ​ជា​មេរៀន​គ្រប់គ្រាន់​ក្នុង​ការ​អាច​ឲ្យ​សមត្ថកិច្ច​ស្វែងរក​យន្តការ​ថ្មី​ក្នុង​ការអនុវត្ត​ឲ្យ​មានប្រសិទ្ធភាព​ ​ជាជាង​ការដែល​គ្រាន់តែ​ចាប់ខ្លួន​ហើយ​បញ្ជូន​ត្រឡប់ទៅ​ប្រទេសកំណើត​របស់​ពួកគេ​វិញ។

​លោក​បញ្ជាក់​ថា៖​

​«រដ្ឋាភិបាល​គួរ​មាន​វិធានការ​ថ្មី​ ទី១​ពិនិត្យ​លើ​លក្ខណៈ​សម្បត្តិ​ ​ឬក៏​ស្ថានភាព​នៃ​ជនជាតិ​ចិន​ ​ឬក៏​ប្រវត្តិ​នៃ​ក្រុម​ជនជាតិ​ចិន​ហ្នឹង​ ​ហើយ​មើលទៅ​លើ​ស្ថានភាព​ដែល​ពួកគេ​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​ថា​តើ​គេ​រស់នៅ​ក្នុង​ទម្រង់​ជា​ទេសចរណ៍​ ​ឬមួយ​ក៏​អ្នក​មក​ស្វែងរក​ការងារ​ធ្វើ?​ ​ក៏​អ្នក​ដែល​ត្រូវ​បាន​ក្រុមហ៊ុន​ចិន​បញ្ជូន​មក?​ ​ត្រួតពិនិត្យ​ដើម្បី​រក​ឲ្យ​ឃើញថា​ ​ការរស់នៅ​របស់​ពួកគេ​មាន​អ្វី​ជា​មធ្យោ​បាយ​សម្រាប់​គាំទ្រ​ការរស់នៅ»។

​លោក​ ​សន​ ​ជ័យ​ ​បន្ថែម​ថា​ ​ករណី​ជនជាតិ​ចិន​ដែល​ប្រព្រឹត្ត​បទ​ល្មើស​ទាំងនោះ​ ​អាច​មាន​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​របស់​សមត្ថកិច្ច​កម្ពុជា​ ​ប្រសិនបើ​ពួកគេ​ចូល​មក​កម្ពុជា​តាមរយៈ​ការ​ឆ្លងដែន​ដោយ​ខុស​ច្បាប់។

​លោក​បញ្ជាក់​ថា៖​

«រដ្ឋាភិបាល​ត្រូវតែ​មាន​វិធានការ​ដាក់ឈ្មោះ​ជនជាតិ​ចិន​ដែល​ប្រព្រឹត្ត​បទល្មើស​ ​ហ្នឹង​នៅក្នុង​បញ្ជីខ្មៅ​ ​ដើម្បី​ធានា​ថា​ពួកគេ​ពិតជា​មិនបាន​ត្រឡប់មកវិញ​ក្រោម​រូបភាព​ណាមួយ​នោះ​ទេ​។​ ​ហើយរឿង​សំខាន់​មួយទៀត​ដែរ​ ​ថា​តើ​ការរស់នៅ​របស់​ជនជាតិ​ចិន​ហ្នឹង​ ​គឺ​មក​ដោយ​ស្របច្បាប់​ ​ឬក៏​ដោយ​ខុស​ច្បាប់?​ ​បើសិនជា​រក​ឃើញថា​ពួកគេ​មក​ដោយ​ខុសច្បាប់​ ​គួរតែ​មានការ​ស៊ើបអង្កេត​ទ្រង់ទ្រាយ​ធំ​មួយ​រក​ប្រភព​ដែល​នាំ​ឲ្យ​មាន​ការ​រស់នៅ​ដោយ​ខុសច្បាប់​នៅ​កម្ពុជា​ហ្នឹង​ ​ពីព្រោះ​ថា​វា​អាច​ជា​បទ​ល្មើស​ពុក​រលួយ​ដែរ»។

នេះ​មិនមែន​ជាករណី​ទី១នៃ​ការ​បង្ក្រាប​ជន​ជាតិចិន​ដែល​ប្រើប្រាស់​កម្ពុជា ​ជា​ទីតាំង​ប្រព្រឹត្ត​បទ​ល្មើស​ទារ​ប្រាក់​តាម​អ៊ីនធឺណិត​នោះ​ទេ។​ ​កាល​ពីដើម​ខែកក្កដា​នេះ​ ​កម្លាំង​នគរបាល​អន្តោប្រវេសន៍​បាន​ចាប់​បញ្ជូន​ជនជាតិ​ចិន​ជាង​៧០​នាក់​ ​ដែល​ពាក់ព័ន្ធ​បទល្មើស​ជំរិត​ទារប្រាក់​តាម​អ៊ីនធឺណិត​ឲ្យ​ត្រឡប់​ទៅ​កាន់​ប្រទេស​ចិន​វិញ។​ ​ហើយ​កាលពី​ចុងឆ្នាំ២០១៥​ ​សមត្ថកិច្ច​ក៏បាន​បណ្តេញ​ជនជាតិ​ចិន​ចំនួន​១៦៨​នាក់​ ​ដែល​ប្រព្រឹត្ត​បទល្មើស​ដូចគ្នា​ ​ព្រមទាំង​បង្រ្កាប​បាន​ករណី​ដូចគ្នា​នេះ​ជាច្រើន​ទៀត​ក្នុង​ឆ្នាំ​កន្លងៗ​ទៅ៕