សមត្ថកិច្ច​ចាប់​ជន​ជាតិ​ចិន​១១​នាក់ ហើយ​រឹប​អូស​ថ្នាំ​ញៀន និង​សារធាតុ​គីមី​ផ្សំ​ជាង​២៧០​តោន

នគរបាលប្រឆាំងគ្រឿងញៀនបានចាប់ខ្លួនជនជាតិចិន ១១ នាក់ ដែលពាក់ព័ន្ធក្នុងករណីផលិតគ្រឿងញៀនខុសច្បាប់នៅក្នុងប្រទេសកម្ពុជា។ (រូបថតដោយនគបាលប្រឆាំងគ្រឿងញៀន)

នៅ​ក្នុង​ប្រតិបត្តិ​ការ​ចុះ​បង្រ្កាប​ប៉ុន្មាន​ថ្ងៃ​ជាប់​គ្នា ក្នុង​ទីតាំង​ផ្សេងៗ​គ្នា អាជ្ញាធរ​គ្រឿង​ញៀន​រឹប​អូស​បាន​សារធាតុ​ញៀន​ជាង​១​តោន​៨០០​គីឡូក្រាម និង​សារធាតុ​គីមី​ផ្សំ សរុប​ជាង​២៧០​តោន ដោយ​ចាប់​បាន​ជន​សង្ស័យ​ជា​ជន​ជាតិ​ចិន​១១​នាក់ ដែល​ពួក​គេ​ជាបណ្តាញ​នឹង​គ្នា។ នេះ​បើ​តាម​អាជ្ញាធរ​ពាក់ព័ន្ធ។

ការ​បង្រ្កា​ប​នេះក្នុង​១២​គោល​ដៅ​ផ្សេង​គ្នា រួម​មាន​កន្លែង​ស្តុក​សារ​ធាតុ​គីមី កុង​ទឺន័រ​ដែល​ផ្ទុក​សារ​ធាតុ​គីមី និង​រោង​ចក្រ​កែ​ច្នៃ​ផលិត​កេតា​មីន។

ចាប់​ពី​ថ្ងៃ​ទី​៤​ដល់​ថ្ងៃ​ទី៩​ ខែ​កក្កដា​នេះ សមត្ថ​កិច្ច​ជំនាញ​ក្នុង​រាជធានី​ភ្នំពេញ ខេត្ត​កណ្តាល ​ស្វាយ​រៀង ព្រៃវែង បាន​បង្ក្រាប​គ្រឿង​ញៀន និង​សារ​ធាតុ​ញៀន​ជា​បន្ត​បន្ទាប់ ដែល​រឹប​អូស​បាន​សារ​ធាតុ​ញៀន​ចំនួន​១​តោន​ ៨២៧​គីឡូ​ក្រាម និ​ង​សារ​ធាតុ​គីមី​ជាង​២៧៦​តោន។ នេះ​បើ​យោង​តាម​នា​យក​ដ្ឋាន​ប្រឆាំង​គ្រឿង​ញៀន និងលោក​ មាស វិរិទ្ធ អគ្គ​លេខា​ធិការ​នៃ​អគ្គ​លេខា​ធិការដ្ឋាន​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន។

សារ​នៅបណ្តាញ​សង្គម​ហ្វេស​ប៊ុក​របស់​នាយក​ដ្ឋាន​ប្រឆាំង​គ្រឿង​ញៀន ដែល​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ពុធ​នេះ​ ឱ្យ​ដឹង​ថា​ទី​តាំង​បង្ក្រាប​ទាំង​នោះ មាន​ចំនួន​១២​គោល​ដៅ ដែល​មាន​នៅ​ក្នុង​រាជធានី​ភ្នំពេញ ចំនួន៧​គោល​ដៅ​ ខេត្ត​ស្វាយ​រៀង​ មាន​២​គោល​ដៅ ខេត្ត​ព្រៃវែង​ មាន​១​គោល​ដៅ និង​ខេត្ត​កណ្តា​ល មាន​២​គោល​ដៅ។

នាយក​ដ្ឋាន​ប្រឆាំង​គ្រឿង​ញៀន​បន្ថែម​ថា​ទីតាំង​បង្ក្រាប​បាន​ រួម​មា​ន​ទីតាំង​កែ​ច្នៃ​ផលិត ​ដែល​ជា​រោង​ចក្រ​កែ​ច្នៃ​ផលិត​កេតា​មីន ចំនួន​១​ទីតាំង ស្ថិតនៅ​សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង និង​ឃ្លាំង​ស្តុក​សារ​ធាតុ​គីមី​ចំនួន​៦​ទីតាំង​ ដែល​ស្ថិត​នៅ​ខណ្ឌ​កំបូល​ រាជធានី​ភ្នំពេញ​ ស្រុក​អង្គ​ស្នួល ខេត្ត​កណ្តាល សង្កាត់​ចេក ក្រុង​ស្វាយ​រៀង ឃុំ​អ្នក​លឿង ស្រុក​ពាម​រក៍​ ខេត្ត​ព្រៃ​វែង ​សង្កាត់​ចេក ​ក្រុង​ស្វាយ​រៀង ខេត្ត​ស្វាយរៀង ដែល​ជា​ឃ្លាំង​ស្តុក​សារ​ធាតុ​ញៀន​កេតា​មីន និង​នៅឃុំ​បន្ទាយ​ដែក ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល ​ជា​កុង​ទឺន័រ​ផ្ទុក​សារ​ធាតុ​គីមី។

​ចំណែក​ជន​ជាតិ​ចិន​ទាំង​១១​នាក់ និង​វត្ថុតាង​ដែល​រឹប​អូស​បាន ត្រូវ​បាន​អាជ្ញាធរកសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​តាម​នីតិ​វិធី។ នេះបើ​តាម​លោក​ មាស វិរិទ្ធ​ ​អគ្គ​លេខាធិការ​នៃ​អគ្គ​លេខា​ធិការ​ដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន។

លោក មាស វិរិទ្ធ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​ថា​ក្រុម​ជួញ​ដូរគ្រឿង​ញៀន​នេះ គឺ​ជា​បណ្តាញ​រក​ស៊ី​នឹង​គ្នា​ ដោយ​ពួក​គេ​នាំ​ចូល​សារ​ធាតុ​ផ្សំ​សម្រាប់​ផលិត​គ្រឿង​ញៀន​ផ្សេង​ៗ​ពី​គ្នា ​រួច​យក​មក​ចែក​ចាយ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​មាន​ការ​វេច​ខ្ចប់​បិទ​បាំង​សមត្ថ​កិច្ច ​ដែល​ធ្វើ​ឱ្យ​ការ​ងារ​បង្ក្រាប​គ្រឿង​ញៀន​នេះ​មាន​ភាព​ស្មុគ​ស្មាញ។

លោក​ថ្លែង​ថា៖ ​«បាទ មាន​ការ​ទាក់​ទង​គ្នា​ ដោយ​សារ​អី​ក្រុម​មួយ​ មនុស្ស​មួយ​យក​សារធាតុ​មួយ​ មនុស្ស​មួយ​យក​សារធាតុ​មួយ​ យក​មក​ផ្គុំ​គ្នា...បាន​មាន​អ្នក​ចេះ​ផលិត​ បាន​ផលិត​បាន​ជា​គ្រឿង​ញៀន»។

លោក​បន្ថែម​ថា​ក្រុម​ឧក្រិដ្ឋជ​ន​គ្រឿង​ញៀន​ តែង​តែ​ពិនិត្យ​មើល​ឱកាស​នាំ​ចូល​សារ​ធាតុ​ផ្សំ​ទាំង​ស្រប​ច្បាប់​សម្រាប់​ប្រើ​ប្រាស់​ក្នុង​អាជីវកម្ម​របស់​ពួកគេ ហើយ​ពេល​ខ្លះសល់​សារធាតុ​ផ្សំ​មួយ​ចំនួន​ ពួកគេ​បាន​បង្វែរ​ទៅ​ជា​ការ​ផលិត​គ្រឿង​ញៀន ដោយខុស​ច្បាប់​ និង​ខ្លះ​ទៀត​ប្រើ​ប្រាស់​វិធី​នាំ​ចូល​សារ​ធាតុ​ផ្សំ​ដោយ​ខុស​ច្បាប់ ​ជា​ពិសេស​ក្នុង​ពេល​មាន​ការ​រីករាល​ដាលនេះ​ជំងឺ​កូវីដ​១៩។

លោកប​ញ្ជាក់​ថា៖ ​«ប៉ុន្តែ​នេះ​គេ​ថា​ចរាចរណ៍​ជួញ​ដូរ​សារ​ធាតុ​គីមី​ផ្សំ អ៊ីចឹង​គេ​អាច​លាក់​ផង គេ​យក​តាម​វិស័យ​ស្រប​ច្បាប់​ផង យក​មក​ដោយ​ខុស​ច្បាប់​ផង​ ឬ​ក៏​បង្វែរ​ពី​ជំនួញ​ស្រប​ច្បាប់​ យក​ទៅ​ផលិត​គ្រឿង​ញៀន​ខុស​ច្បាប់​ហ្នឹង»។

វីអូអេ​បាន​ទាក់ទងស្ថាន​ទូត​ចិន​ប្រចាំ​ទីក្រុង​ភ្នំពេញ​តាម​សារ​អ៊ីមែល ដើម្បី​ស្នើ​សុំ​អត្ថាធិប្បាយ​តែ​គ្មាន​ការ​ឆ្លើយ​តប​ទេ។​

កាល​ពី​ចុង​ខែ​មករា ឆ្នាំ​២០២២​នេះ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ទម្លាយ​ថា​មាន​ការ​នាំ​ចូល​សារ​ធាតុ​ដែល​អាច​ផ្សំ​ជា​គ្រឿង​ញៀន​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​លោក​បាន​ស្តី​បន្ទោស​ថា​រដ្ឋមន្រ្តី​ក្រសួង​ពាក់​ព័ន្ធ​ដែល​លោក​មិន​បញ្ចេញ​ឈ្មោះ​បាន​អនុញ្ញាត​ឲ្យ​នាំ​ចូល​សារធាតុ​ទាំង​នោះ​ដោយ​ស្រប​ច្បាប់។

លោក នី សុខា ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក កត់​សម្គាល់​ថា​បញ្ហា​គ្រឿងញៀន​បាន​កំ​ពុង​តែញាំ​ញី និង​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ធ្ងន់ធ្ងរ​ដល់​យុវជន​ ដែល​ជា​ក្តី​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ចំពោះអ​នាគត​យុវជន ​និ​ង​សង្គម​ជាតិ។ លោក​សាទរ​ចំពោះ​ការ​បង្ក្រាប​របស់​អាជ្ញា​ធរ ប៉ុន្តែ​លោក​ក៏​ទាមទារ​ឱ្យ​មាន​ការស្វែង​រក​ជន​ពាក់​ព័ន្ធ និង​វែក​មុខ​ជន​នៅ​ពី​ក្រោយ​នៃ​បញ្ហា​គ្រឿង​ញៀន​នេះ​មក​ផ្តន្ទា​ទោស​តាម​ច្បាប់។ លោក​បន្ថែម​ថា​បញ្ហា​គ្រឿង​ញៀន​នេះ មិន​មែន​អ្នក​តូច​តាច​ ឬ​អ្នក​ដែល​មិន​មាន​ឥទ្ធិពល​អ្វី​សោះ​ អាច​ធ្វើ​កើត​ឡើយ។

លោក​ថ្លែង​ថា៖ ​«​យើង​ឃើញ​ថា​មិន​ទាន់​មាន​ការ​បង្ក្រាប​មាន​ការ​ម៉ឺង​ម៉ាត់ មែន​ទែន​នោះ​ទេ...។ អ៊ីចឹង​ហើយ​បា​ន​ខ្ញុំ​មាន​តែ​សំណូម​ពរ​ថា​សមត្ថកិច្ច​ត្រូ​វតែ​ពង្រឹង​ការ​អ​នុវត្ត​ហ្នឹង​ឱ្យ​មែន​ទែន ហើយ​ចៀស​វាង​កុំ​ឱ្យ​មាន​ការ​ជាប់​ពាក់ព័ន្ធ​របស់​សមត្ថកិច្ច​មួយ​ចំនួន​នៅ​ក្នុង​បញ្ហា​ហ្នឹង​ផង​ដែរ។ ប្រសិន​បើ​យើ​ង​រក​ឃើញ​អំពី​មាន​ការ​ជាប់​ពា​ក់ព័ន្ធ​ទៅ​លើ​សមត្ថ​កិច្ច​ណា គឺ​ត្រូវ​តែ​មាន​ការ​ទទួល​ខុស​ត្រូវ»។

លោក អំ សំអាត ​នាយក​រង​ទទួល​បន្ទុក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ ​ ក៏​កត់​សម្កាល់​ដូច​គ្នា​នឹង​លោក នី សុខា ផង​ដែរ​អំពី​ការ​ព្រួយ​បារម្ភ និង​ទាម​ទារ​ឱ្យ​រដ្ឋាភិបាល​អនុវត្ត​ច្បាប់​ឱ្យ​បាន​តឹង​រ៉ឹង​ទៅ​លើ​អ្នក​ពាក់​ព័ន្ធ​បញ្ហា​គ្រឿង​ញៀន​នេះ ដោយ​មិន​គិត​ថា​បុគ្គលនោះ​ជា​អ្នក​ណា​នោះ​ទេ។

លោក​បញ្ជាក់​ថា៖ «រាជរដ្ឋាភិបាល និង​អាជ្ញាធរ​ពាក់ព័ន្ធ​គួរ​តែ​ពង្រឹង​នូវ​យន្តការ​ដើម្បី​ធ្វើ​ការ​ទប់​ស្កាត់​បន្ថែម​ទៀត​ ទាក់​ទង​លំហូរ​ចូល​នៃ​វត្ថុធាតុ​ដើម ឬ​លំហូរ​ចូល​នៃ​គ្រឿង​ញៀន​តាម​រយៈ​ព្រំដែន។ ហើយ​ត្រូវ​ចាត់​វិធាន​ការ​ឱ្យ​តឹង​រ៉ឹង អ្នក​ដែល​ពាក់ព័ន្ធ​ ទោះ​បី​ជា​សមត្ថកិច្ច​ឬ​អ្នក​ណា​ក៏​ដោយ ក៏​ត្រូវ​ចាត់​វិធាន​ការ​ឱ្យ​បាន​តឹង​រ៉ឹង​តាម​ផ្លូវ​ច្បាប់»។

គួរ​បញ្ជាក់​ថាកាល​ពី​ថ្ងៃ​ទី​២៩ ​ខែ​មិថុនា​ឆ្នាំ​២០២២ មន្ត្រីជំនាញ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​បាន​បង្ក្រាប​ករណី​ប៉ុន​ប៉ង​ផលិត​កែច្នៃ​គ្រឿង​ញៀន​ក្នុង​ខេត្ត​ព្រះ​សីហនុ ដោយ​ចាប់​ខ្លួន​ជនជាតិ​ចិន​តៃវ៉ាន់​៧​នាក់ ដោយរឹប​អូស​សារធាតុ​គីមី​ផ្សំ​ជាង​១៤​តោន។ នេះ​បើ​យោង​តាម​នា​យក​ដ្ឋាន​ប្រឆាំង​គ្រឿង​ញៀន៕