លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនិងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃអង្គារនេះ បានទម្លាយថា មានការនាំចូលសារធាតុដែលអាចផ្សំជាគ្រឿងញៀនក្នុងប្រទេសកម្ពុជាហើយលោកបានស្តីបន្ទោសថា រដ្ឋមន្រ្តីក្រសួងពាក់ព័ន្ធដែលលោកមិនបញ្ចេញឈ្មោះបានអនុញ្ញាតឲ្យនាំចូលសារធាតុទាំងនោះដោយស្របច្បាប់។
លោក ស ខេង បានលើកឡើងបែបនេះនៅក្នុងពិធីប្រគល់រថយន្តជូនវរសេនាតូចនគរបាលការពារព្រំដែន ធ្វើឡើងនៅអគ្គស្នងការដ្ឋាននគរបាលជាតិ។
លោក ស ខេង ឲ្យដឹងថា កម្លាំងសមត្ថកិច្ចចាប់បានសារធាតុសម្រាប់ផ្សំផលិតគ្រឿងញៀន ដែលលោកថា ចូលមកដោយស្របច្បាប់ក្នុងប្រទេសកម្ពុជាជាង១០០តោន កាលពីកន្លងទៅ។ លោកបន្ថែមថាកាលពីបីថ្ងៃមុនអាជ្ញាធរចាប់បានសារធាតុផ្សំផលិតគ្រឿងញៀនជាង១០០គីឡូក្រាម។
លោករដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានស្តីបន្ទោសរដ្ឋមន្រ្តីនានា ដែលលោកថា ផ្តល់អាជ្ញាបណ្ណសម្រាប់ការនាំចូលសារធាតុញៀនទាំងនោះ។
លោកថ្លែងថា៖ «អ៊ីចឹងសួរថា អ្នកណាទទួលខុសត្រូវក្នុងការនាំសារធាតុញៀនហ្នឹងមក? ខ្ញុំគិតថាត្រូវរកឲ្យឃើញអ្នកទទួលខុសត្រូវ ព្រោះនាំគ្នាស៊ីញ៉េអនុញ្ញាតឲ្យគេនាំចូលមក…»។
លោក ស ខេង បន្ថែមថា៖ «អ៊ីចឹងហើយសូមឲ្យក្រសួងដែលជាក្រសួងអាជ្ញាបណ្ណ... ខ្ញុំនិយាយប៉ុណ្ណឹង ខ្ញុំមិនបាច់និយាយឈ្មោះទេ ដឹងហើយក្រសួងអាជ្ញាបណ្ណ។សូមឯកឧត្តមរដ្ឋមន្រ្តីមើលរឿងហ្នឹង។បើមិនអ៊ីចឹងទេ ឯកឧត្តមជាប់ជំពាក់ទទួលខុសត្រូវចំពោះសង្គមកម្ពុជាទាក់ទងនឹងការបំផ្លាញសុខភាពសាធារណៈ»។
លោក ស ខេង បន្ថែមថាអាជ្ញាធរគ្រឿងញៀនត្រូវតែមើលរឿងនេះឲ្យបានច្បាស់លាស់ ហើយដឹងថា តើសារធាតុអ្វីខ្លះ ដែលអាចយកមកផ្សំធ្វើគ្រឿងញៀនបានហើយឲ្យក្រសួងដែលចេញអាជ្ញាបណ្ណដឹង និងត្រូវពិនិត្យមើលសារធាតុទាំងនោះ។ លោកបន្ថែមថា មានការសុំសារធាតុមកធ្វើជី តែធាតុពិតយកមកធ្វើជាគ្រឿងញៀន។
លោករដ្ឋមន្រ្តីបញ្ជាឲ្យរដ្ឋមន្រ្តីក្រសួងពាក់ព័ន្ធពិនិត្យមើលរឿងនេះ ហើយ«កុំមើលស្រាលឲ្យសោះ»។
អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ ប្រាប់វីអូអេថាក្រសួងពាណិជ្ជកម្មនឹងសិក្សាករណីនេះ។ ប៉ុន្តែលោកថា វាស្ថិតក្នុងសមត្ថកិច្ចគយ។
លោកថ្លែងថា៖ «ចំពោះករណីដែលនាំចូលសារជាតិដែលពាក់ព័ន្ធថ្នាំញៀននេះ យើងមិនទាន់បានពិនិត្យពិចារណាជាក់ស្តែងនៅឡើយទេ។ ករណីនេះយើងនឹងធ្វើការសិក្សា។ ប៉ុន្តែខ្ញុំសូមជម្រាបថា កាតព្វកិច្ចសំខាន់បំផុតរបស់ស្ថាប័នពាក់ព័ន្ធគឺស្ថិតនៅដៃរបស់អាជ្ញាធរគយ និងរដ្ឋាករ ដែលធ្វើកិច្ចការនេះផ្ទាល់ នៅតាមព្រំដែន»។
វីអូអេមិនទាន់អាចសុំការឆ្លើយតបពីលោក គន់ ញឹមរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបាននៅឡើយទេ។ វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម និងលោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចបានដែរ។
លោក មាស វីរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា ប្រាប់វីអូអេថាដោយសារតែភាពឆកល្វែងរបស់សមត្ថកិច្ចថ្នាក់ក្រោម ទើបបានបណ្តាលឲ្យសារធាតុផ្សំគ្រឿងញៀនជាច្រើនធ្លាក់ទៅក្នុងដៃក្រុមឧក្រិដ្ឋជន។លោកបន្ថែមថា មិនតែប៉ុណ្ណោះ ក្រសួងពាក់ព័ន្ធនានាដែលបានផ្តល់អាជ្ញាបណ្ណសម្រាប់ការនាំចូលសារធាតុផ្សំគ្រឿងញៀន មិនបានត្រួតពិនិត្យ ឬតាមដាន និងធ្វើរបាយការណ៍ជាក់លាក់អំពីតម្រូវការប្រើប្រាស់ពិតប្រាកដក្នុងវិស័យនីមួយៗ ដែលបណ្តាលឲ្យមានការចែកចាយនូវសារធាតុញៀនទាំងអស់នោះ។
លោកបញ្ជាក់ថា៖ «ពីព្រោះថាសាធាតុគីមី គឺជាអាវុធមុខពីរ គេប្រើប្រាស់វាក្នុងវិស័យឧស្សាហកម្ម សិប្បកម្ម និងវិស័យផ្សេងៗទៀតដែលមានតម្រូវការក្នុងផ្នែកស្របច្បាប់។ ប៉ុន្តែពេលខ្លះពេលដែលគេប្រើមិនអស់ គេអាចលក់ទៅឲ្យអ្នកដែលមានតម្រូវការប្រើប្រាស់វាហ្នឹង។ សកម្មភាពហ្នឹងគេហៅថាការបង្វែរពីការប្រើប្រាស់ក្នុងមុខសញ្ញាស្របច្បាប់ ទៅឲ្យអ្នកផ្សេងទៀតដែលមិនដឹងមុខសញ្ញាប្រើប្រាស់។ អ៊ីចឹងវាអាចជាមុខសញ្ញាលក់បន្ត ឬមុខសញ្ញាយកទៅផលិតកែច្នៃគ្រឿងញៀន»។
លោកថ្លែងបន្តថា៖ «អ៊ីចឹងហើយបានសម្តេច [ស ខេង] ចង់មានប្រសាសន៍ថាត្រូវមានយន្តការជាក់លាក់មួយក្នុងការតាមដាន ត្រួតពិនិត្យ ទាំងការចេញអាជ្ញាបណ្ណ ទាំងការពិនិត្យច្រកដែលនាំចូល ពិនិត្យមុខសញ្ញានៃការប្រើប្រាស់ ពិនិត្យទាំងបរិមាណនៃការប្រើប្រាស់ ត្រូវពិនិត្យបរិមាណដែលនៅសេសសល់ បើគាត់ឈប់ប្រើប្រាស់ហើយ គាត់នៅសល់ប៉ុន្មាន ដើម្បីយើងមានវិធានការ។ លើកក្រោយ យើងអត់អាចឲ្យគាត់លើសទេ។ បើតម្រូវការគាត់ប្រើ១តោន ពេលខ្លះយើងមិនបានគិតគូរ យើងទៅតាមគាត់ប្រើប្រាស់១តោន សុំឲ្យ២តោនទៅ អ៊ីចឹង១តោនទៀត គាត់អាចលក់ឲ្យអ្នកផ្សេងទៀត ប៉ុន្តែគ្រាន់តែថាលក់ហ្នឹងឲ្យទៅអ្នកប្រើប្រាស់ស្របច្បាប់ដូចគាត់ឬមិនស្របច្បាប់»។
លោកបន្តថាច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន គឺដូចសារធាតុគីមីផ្សំដែលប្រើប្រាស់ក្នុងវិស័យសុខាភិបាល ជាសមត្ថកិច្ចរបស់ក្រសួងសុខាភិបាលដែលមានសិទ្ធិក្នុងការអនុញ្ញាតផ្តល់អាជ្ញាបណ្ណ និងត្រួតពិនិត្យ ហើយបើប្រើប្រាស់ក្នុងក្រសួងឧស្សាហកម្ម គឺក្រសួងឧស្សាហកម្មជាអ្នកត្រួតពិនិត្យ និងផ្តល់សិទ្ធិដល់សហគ្រាសទាំងនោះ។
នាយករងទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សអង្គការលីកាដូ លោក អំ សំអាត មើលឃើញថាបញ្ហានេះ ដោយសារភាពឆក់ល្វែងក្នុងការត្រួតពិនិត្យនូវការនាំចូលសារធាតុញៀនទាំងនោះ។លោកបន្ថែមថាអាចមានមន្ត្រីខិលខូចមួយចំនួនឃុបឃិតជាមួយក្រុមហ៊ុន ដែលបញ្ហានេះត្រូវតែយកចិត្តទុកដាក់ និងចាត់វិធានការតាមផ្លូវច្បាប់ឲ្យបានតឹងរ៉ឹងដោយមិនមានការយោគយល់នោះទេ។
លោកថ្លែងថា៖ «ទី១ ជាការឆកល្វែង ជាការខ្វះខាតលើការត្រួតពិនិត្យលើក្រុមហ៊ុនដែលមានអាជ្ញាបណ្ណក្នុងការនាំចូលសារធាតុញៀន សារធាតុគីមីផ្សេងៗ និងវត្ថុធាតុដើមផ្សេងៗដែលអាចផលិតទៅជាគ្រឿងញៀនបាន។ទី២ទាក់ទងការគ្រប់គ្រងផ្ទាល់ជាមួយនឹងក្រុមហ៊ុនក្នុងស្រុកដែរ ដូចយើងមើលនៅខេត្តកំពង់ស្ពឺអីសុទ្ធតែជាក្រុមហ៊ុន បែរជាយកទីតាំងក្រុមហ៊ុនផលិតគ្រឿងញៀនដ៏ធំទៅវិញ។ អាហ្នឹងកង្វះការត្រួតពិនិត្យតាមដានហ្នឹង។ហើយបញ្ហាទី៣ វាអាចទាក់ទងមន្ត្រី ឬបុគ្គលខ្លះ ដែលទទួលផលប្រយោជន៍ ឬក៏ឃុបឃិតជាមួយជនទុច្ចរិត ក្នុងការទទួលលាភសក្ការៈ»។
បើតាមរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អ្នកជាប់ឃុំក្នុងពន្ធនាគារប្រមាណ៥៥%ក្នុងចំណោមអ្នកជាប់ឃុំសរុបប្រមាណ៣៨.០០០នាក់នៅទូទាំងប្រទេស ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន។ ដូច្នេះលោកថាគ្រឿងញៀន«កំពុងវាយលុកសង្គមកម្ពុជាយ៉ាងធ្ងន់ធ្ងរ»៕