ប៉ូលិសម្នាក់ បានយកជង្គង់សង្កត់កបុរសម្នាក់ក្នុងករណីចុះចាប់គ្រឿងញៀនមួយ នៅសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលបុរសម្នាក់នោះ ត្រូវបានចោទថា ជាអ្នកជួញដូរគ្រឿងញៀន។
វីដេអូនៃការយកជង្គង់សង្កត់កបុរសនោះ ត្រូវបានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក និងសារព័ត៌មានដែលស្និទ្ធិនឹងរដ្ឋាភិបាល គឺ Freshnews ផងដែរ។ ករណីនេះ នាំឲ្យមានប្រតិកម្មជាបន្តបន្ទាប់ ដោយប្រៀបធៀបករណីនេះ ទៅករណីនៅសហរដ្ឋអាមេរិក ដែលប៉ូលិសអាមេរិកស្បែកស បានសង្កត់កបុរសស្បែកខ្មៅម្នាក់ ឈ្មោះ George Floyd កាលពីខែឧសភា ដែលក្រោយមកបានស្លាប់អំឡុងពេលស្ថិតនៅក្រោមសមត្ថកិច្ចប៉ូលិស។
នៅក្នុងវីដេអូជាង៨នាទីនោះ គេឃើញបុរសម្នាក់បានយកជង្គង់ស្តាំសង្កត់ជនសង្ស័យម្នាក់ ជិតមួយនាទី ដូចដែលបង្ហាញក្នុងវីដេអូ។ ប៉ុន្តែគេមិនដឹងថា រយៈពេលប៉ុន្មាន ដែលប៉ូលិសសង្កត់ពិតប្រាកដនោះទេ ដោយសារវីដេអូបង្ហាញការសង្កត់ករួចទៅហើយ ពេលវីដេអូចាប់ផ្តើម។
បើតាមគេហទំព័ររបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នេះជាករណីបង្ក្រាបគ្រឿងញៀននៅសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ដោយប៉ូលិសថា ជនសង្ស័យ ឈ្មោះ វ៉េ ឡុងរាជ ស្ថិតក្នុង«ស្ថានភាពញៀនគ្រឿងញៀនខ្លាំង និងស្រវឹងស្រាជោគជាំនិងមានចេតនាប្រើដំបងប្រព្រឹត្តអំពើហិង្សាលើមន្ត្រីអនុវត្តច្បាប់»។
ប៉ូលិសឲ្យដឹងថា កាលពីថ្ងៃទី២៩ ខែមិថុនាឆ្នាំ២០២០ វេលាម៉ោង៥ កន្លះល្ងាចនគរបាលមូលដ្ឋាន បានចេញល្បាត និងពួនស្ទាក់តាមគោលដៅធ្លាប់មានសកម្មភាពជួញដូរគ្រឿងញៀន ក៏បានឃើញជនសង្ស័យម្នាក់នេះ ជិះម៉ូតូម៉ាក Suzuki Smash-V ពណ៌ខ្មៅ បានឈប់ម៉ូតូទទួលយកគ្រឿងញៀនពីជនសង្ស័យម្នាក់ទៀតមិនស្គាល់ឈ្មោះ។ រួចជនសង្ស័យម្នាក់គេចចូលដីឡូត៍ក្បែរនោះបាត់ទៅ។ ចំណែកជនសង្ស័យឈ្មោះ វ៉េ ឡុងរាជ បានជិះម៉ូតូចេញ ដើម្បីគេចខ្លួនពីសមត្ថកិច្ច។
សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យនោះ គឺជាមុខសញ្ញាចាស់ជួញដូរគ្រឿងញៀននៅទីតាំងខាងលើដែលសមត្ថកិច្ចនគរបាលប៉ុស្តិ៍កំពុងស៊ើបអង្កេតតាមរកចាប់ខ្លួន រួមជាមួយ និងបក្ខពួកមួយចំនួនទៀត។
ស្នងការនគរបាលរាជធានីភ្នំពេញ លោក ស ថេត ថ្លែងប្រាប់ VOA នៅថ្ងៃព្រហស្បតិ៍ថា សមត្ថកិច្ចទទួលស្គាល់ថា ពិតជាមានកំហុសក្នុងការប្រើកម្លាំងចាប់ខ្លួនជនសង្ស័យនេះ ដោយលោកថា ជនសង្ស័យព្យាយាមតដៃ និងធ្វើឲ្យប៉ូលិសម្នាក់ត្រូវចំបូសនៅលើជើង រហូតដល់មានការវាយ និងទាត់ជនសង្ស័យ។ លោកថា លោកបានណែនាំទៅប៉ូលិសនោះ តែមិនមានការដកស័ក្តិ និងបណ្តេញចេញនោះទេ។
លោក ស ថេត ទទួលស្គាល់ថា ប៉ូលិសវាយជនសង្ស័យនោះមែន តែលោកមិនទទួលស្គាល់ថា មានការយកជង្គង់សង្កត់កបើទោះវីដេអូបង្ហាញហើយ មនុស្សដែលនៅជិតកន្លែងកើតហេតុបាននិយាយ ហើយសំឡេងជាប់ក្នុងវីដេអូក៏ដោយ។
លោកមានប្រសាសន៍ថា៖ «មានទៅសង្កត់កឯណា ? សង្កត់ខ្នងអីតើ! ពួកហ្នឹងចេះតែថតអ៊ីចឹងទេ។ ហើយអាហ្នឹងវាមានងាប់ឯណា? ហើយអាមេរិកធ្វើប៉ុណ្ណឹង វាល្អជាងខ្មែរ ឬ ខ្មែរធ្វើល្អជាង? គិតមើលទៅ!»
បើតាមវីដេអូដែលបង្ហោះនោះ នៅពេលត្រូវសង្កត់ក នោះ បុរសម្នាក់នោះបានស្រែកថា៖ «ខ្ញុំអត់មានអីក្នុងខ្លួន ទេ ម៉េចមកចាប់ខ្ញុំអ៊ីចឹង។ ខ្ញុំអត់ដឹងអីទេ»។ ហើយលោកក៏បានស្រែកថា «អូយបាក់កហើយ»។
ក្នុងវីដេអូនោះ ស្រ្តីពីរនាក់ដែលក្នុងនោះមានស្រ្តីចំណាស់ម្នាក់ ដែលទំនងជាម្តាយ បានព្យាយាមចូលទៅមើលបុរសម្នាក់នោះ។ ប៉ុន្តែ ប៉ូលិសក្នុងសម្លៀកបំពាក់ស៊ីវិលធម្មតាបានស្រែកថា ប៉ូលិសត្រូវនាំខ្លួនទៅប៉ុស្តិ៍ប៉ូលិស តែជនសង្ស័យនោះ មិនព្រមទៅ។
អ្នកប្រើប្រាស់បណ្តាញសង្គមបានរិះគន់ករណីនេះ ដោយភ្ជាប់ជាមួយករណីនៅអាមេរិកផងដែរ។អ្នកប្រើប្រាស់ម្នាក់និយាយថា៖ «ខំរិះគន់អាមេរិកតែឥឡូវប៉ូលិសខ្មែរសាហាវឃោរឃៅមិនចាញ់អាមេរិកដែរ»។
អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកម្នាក់ទៀតលើកឡើងថា៖ «ហួសហេតុពិតមែនហើយវ៉ៃផង ទាត់ធាក់ផង សង្កត់កផងដូចប៉ូលិសនៅអាមេរិកដែរហើយហ្នឹង! ជនល្មើសមានទោស តែកុំប្រើហិង្សាហួសហេតុពេក»។
លោកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ចាត់ទុកករណីនេះជាអំពើអមនុស្សធម៌ ការប្រើកម្លាំងលើសលប់ និងឃោរឃៅ។
លោកស្រីមានប្រសាសន៍ថា៖ «នៅប្រទេសកម្ពុជាយើងក៏មិនមែនថ្មីដែរ ក៏មានរឿងជាច្រើនដែលពាក់ព័ន្ធនឹងការប្រើប្រាស់កម្លាំងហួសហេតុនេះដែរ។ អ៊ីចឹងខ្ញុំគិតថា ជារឿងមួយដែលមិនគួរកើតឡើងនោះទេ ដែលវាផ្ទុយពីគោលការណ៍ទាំងច្បាប់ជាតិនិងអន្តរជាតិ»។
លោក អំ សំអាត នាយករងទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ ថ្លែងថា នេះជាការប្រើប្រាស់អំពើហិង្សា ដូចរឿងដែលកើតឡើងនៅសហរដ្ឋអាមេរិក។ លោកយល់ថា ការប្រើប្រាស់ហិង្សាហួសហេតុរបស់សមត្ថកិច្ច មានច្រើនករណីនៅកម្ពុជា គ្រាន់តែមិនមានការថត និងបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក។
លោកមានប្រសាសន៍ថា៖ «អាហ្នឹងគឺជារូបភាពដែលយើងបានឃើញនៅតាមបណ្តាញប្រព័ន្ធផ្សព្វផ្សាយ។ ខ្ញុំជឿថា អាចនឹងមានច្រើនជាងហ្នឹងទៀតដែរ ដែលមិនមានការផ្សព្វផ្សាយ។ អ៊ីចឹងហើយ ចំណុចដែលឃើញបណ្តាញសង្គមធ្វើការផ្សព្វផ្សាយទាំងអស់ហ្នឹង គឺជាចំណុចដែលត្រូវយកចិត្តទុកដាក់ ហើយនឹងមានវិធានការយ៉ាងណា ដើម្បីកុំឲ្យមានទង្វើបែបហ្នឹងកើតឡើងបន្តទៀត»។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លើកឡើងថា ការយកករណីនេះទៅប្រៀបធៀបនឹងសហរដ្ឋអាមេរិក គ្រាន់តែជាការរិះគន់តែប៉ុណ្ណោះ ដោយសារករណីនៅអាមេរិកជាការរើសអើងពូជសាសន៍ និងជាការតវ៉ាទ្រង់ទ្រាយធំ។
លោកមានប្រសាសន៍ថា៖ «ប៉ុន្តែសម្រាប់នៅកម្ពុជាវិញរូបភាពដូចគ្នា តែអង្គហេតុវាខុសគ្នា។ ទិដ្ឋភាពនៃសំណុំរឿងខុសគ្នា អ៊ីចឹងយកទៅប្រៀបធៀបគ្នាវាចេះតែបាន។អ្នកដែលមានចេតនាទុច្ចរិត ចេតនាអាក្រក់ ចង់ធ្វើការរិះគន់ ដោយយករូបភាពទៅធ្វើការប្រៀបធៀប ហើយធ្វើការរិះគន់។ អាហ្នឹង វាមិនត្រឹមត្រូវនោះទេ»។
លោកស្រី ចក់ សុភាព នាយិកានៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ក៏លើកឡើងដែរថាមិនគួរមានការប្រៀបធៀបអាមេរិកមកកម្ពុជានូវអំពើអាក្រក់នោះទេ ហើយមិនគួរយកចំណុចអាក្រក់របស់ប្រទេសណាមួយមកប្រៀបធៀបជាមួយកម្ពុជាទេ។ ប៉ុន្តែកម្ពុជាត្រូវរៀនសូត្រពីករណីទាំងអស់នោះ៕