ខ្មែរ​អាមេរិកាំង​មើល​ឃើញ​តួនាទី​សំខាន់​របស់​អាមេរិក​ក្នុង​រឿង​ចម្រូង​ចម្រាស​មុន​ការ​បោះឆ្នោត

រូបឯកសារ៖ លោក Joe Biden ប្រធានាធិបតីសហរដ្ឋអាមេរិក និងលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងជំនួបទ្វេភាគី ក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាន នៅរាជធានីភ្នំពេញ ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២២។

ទោះបី​ជា​ទំនាក់​ទំនង​រវាង​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​ និង​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​មាន​ភាព​តានតឹង​ចំ​ពេល​ទំនាក់​ទំនង​មិត្តភាព​របស់​កម្ពុជា​ជាមួយ​ចិន​កាន់តែ​កើន​ឡើង​ក៏​ដោយ ក៏​ពល​រដ្ឋ​ខ្មែរ​អាមេរិកាំង​នៅតែ​មើល​ឃើញ​តួនាទី​សំខាន់​របស់​សហរដ្ឋ​អាមេរិក​ ក្នុង​ការ​ទាមទារ​ការ​គោរព​លទ្ធិ​ប្រជាធិបតេយ្យ​ នៅមុន​ការ​បោះឆ្នោត​ជាតិ​នាខែ​កក្កដា​ខាង​មុខ។​

គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​របស់​ប្រទេស​កម្ពុជា​កាលពី​ខែ​មុន​បាន​ប្រកាស​ថា​ គណបក្ស​ភ្លើងទៀន​ ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏​ធំ​ជាង​គេ​មិន​មាន​សិទ្ធិ​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ដោយ​សារតែ​បាត់បង់​ឯកសារ​ចុះ​ឈ្មោះ​កាល​ពី​ទសវត្សរ៍១៩៩០។​ ការ​សម្រេច​បែប​នេះ​ ត្រូវបាន​គាំទ្រ​ដោយ​ក្រុមប្រឹក្សា​ធម្មនុញ្ញកម្ពុជា ដែល​ភាគច្រើន​ជា​សមាជិក​ជាន់​ខ្ពស់​របស់​គណបក្ស​គ្រប់គ្រង​ប្រទេស។​

ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ កាល​ពី​ថ្ងៃ​ទី ២៥​ ខែ​ឧសភា​ ដោយ​និយាយ​ថា ​ខ្លួន​មាន «កង្វល់​យ៉ាង​ជ្រាលជ្រៅ»​ ចំពោះ​ទង្វើ​បែប​នេះ។​

អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​អាមេរិក​ លោក​ Matthew Miller ​មាន​ប្រសាសន៍​ថា៖​ «សកម្ម​ភាពផ្លូវច្បាប់ ​ការ​គំរាម​កំហែង ​ការ​យាយី ​និង​ការ​ចោទ​ប្រកាន់​ព្រហ្មទណ្ឌ​ដោយ​ចេតនា​នយោបាយ​ សំដៅ​លើ​គណបក្ស​ប្រឆាំង ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ​និង​សង្គម​ស៊ីវិល​ ធ្វើ​ឱ្យ​ខូច​ដល់​ការ​ប្តេជ្ញា​ចិត្ត​របស់​កម្ពុជា ​ចំពោះ​អន្តរជាតិ​ក្នុង​ការ​អភិវឌ្ឍ​លទ្ធិ​ប្រជា​ធិបតេយ្យ​ពហុបក្ស»។​

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ដែល​ជាប់​ពាក់​ព័ន្ធ​នយោបាយ​មួយ​ចំនួន​ បាន​និយាយ​ជាមួយ​ វីអូអេ​ កាលពី​សប្តាហ៍​មុន​ថា ​ពួកគេ​មាន​ចិត្ត​រីករាយ​ចំពោះ​សេចក្តី​ថ្លែង​ការណ៍​នេះ​ ប៉ុន្តែ​អ្នក​ខ្លះ​និយាយ​ថា​ ពួកគេ​ចង់​ឃើញ​ការ​ចូលរួម​កាន់តែ​ស៊ី​ជម្រៅ​ពី​សហរដ្ឋ​អាមេរិកមុន​ការ​បោះ​ឆ្នោត​ថ្ងៃ​ទី​ ២៣ ​ខែ​កក្កដា។​

លោក ​អ៊ិន សួន ​បុគ្គលិក​សង្គម​កិច្ច​មួយ​រូប​រស់​នៅ​ទីក្រុង ​Stockton ​រដ្ឋ​កាលីហ្វ័រញ៉ា​ និង​ជា​អតីត​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដ៏​សំខាន់​មួយ​រូប​ បាន​ប្រាប់​វីអូអេ​ថា៖​ «ខ្លួន​ខ្ញុំ​ផ្ទាល់​ ខ្ញុំ​ចង់​ឃើញ​អាមេរិកាំង​ហ្នឹង ​កុំ​ឲ្យ​ចេញ​តែ​សេចក្តី​ថ្លែង​ការណ៍​ថ្កោលទោស​រួច​ក៏​ហី​បាត់​ទៅ​ណាស់​ទេ។ ​ខ្ញុំ​ចង់​ឲ្យ​ (សហ​រដ្ឋ​អាមេរិក)​តាមដាន​ជាប់​លាប់​តទៅ​ទៀត​ ពីព្រោះ​យើង​ (សហរដ្ឋ​អាមេរិក)​ ជា​បិតា​ប្រជាធិបតេយ្យ​ពិភពលោក»។​

លោក​បាន​ជំរុញ​ឱ្យ​កម្ពុជា​កាន់​ខ្ជាប់​នូវ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ​និង​រដ្ឋ​ធម្មនុញ្ញ​របស់​កម្ពុជា​ ដែល​តម្រូវ​ឱ្យ​មាន​លទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ​និង​ការ​លើក​កម្ពស់​លទ្ធិ​ប្រជាធិបតេយ្យ​ និង​ការ​គោរព​សិទ្ធិ​មនុស្ស។ ​ប៉ុន្តែ​លោក​ អ៊ិន សួន​ បាន​និយាយ​ថា​ វា​នឹង​មិន​កើត​ឡើង​ដោយ​គ្មាន​សម្ពាធ​ពី​ខាង​ក្រៅ​ប្រឆាំង​នឹង​ «ទំនោរ» ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ដើរ​តាម​ប្រទេស​មួយ​ចំនួន​ ដូច​ជា​ប្រទេស​ចិន​នោះ​ទេ។​

លោកថ្លែងថា៖ «តែកាល​ណា​ប្រទេស​លោក​សេរី​ដកថយ​ ពេល​នោះ​ហើយ​រដ្ឋាភិបាល​ដែល​មាន​និន្នាការ​ខ្លាំង​ទៅខាង​ប្រទេស​កុម្មុយនីស្ត ​ជាពិសេស​យើង​ឃើញ​ហើយ​ទៅ​ខាង​ប្រទេស​ចិន​ទាំង​ផ្នែក​សេដ្ឋកិច្ច​ ទាំង​ផ្នែក​នយោបាយ ​សព្វ​ថ្ងៃ​ហ្នឹង ​ដល់​អ៊ីចឹង​ទៅ ​ប្រជា​ពលរដ្ឋ​នឹង​បាត់​សិទ្ធិ​សេរីភាព​កាន់តែ​ខ្លាំង​ហើយ។​ ដូច្នេះ​ខ្ញុំ​សូម​អង្វរក​ឲ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​មហា​អំណាច​លោក​សេរី​ហ្នឹង​ កុំ​មេត្តា​ដក​ខ្លួន​ថយ​អី ​ចូលរួម​ចរចា​ធ្វើ​កិច្ចការ​ហ្នឹង​តទៅ​ទៀត ​ឲ្យ​អស់​ពី​សមត្ថភាព​តាម​ដែល​អាច​ធ្វើ​ទៅ​បាន»។​

រូបឯកសារ៖ ទិដ្ឋភាព​ទូទៅ​ថ្ងៃចុង​ក្រោយ​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឃុំសង្កាត់អាណត្តិទី ៥ ​របស់​គណបក្ស​ភ្លើងទៀន​ ​នៅ​ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប នៅ​ថ្ងៃ​ទី ០៣ ខែមិថុនា ឆ្នាំ ២០២២។ (លាស់ លីបលីប/វីអូអេ)

រូបឯកសារ៖ សកម្ម​ជន​ និងក្រុម​អ្នក​គាំទ្រ​គណបក្ស​ប្រជាជនកម្ពុជា​ ចូលរួម​ក្បួន​ឃោសនា​គណបក្ស​ខ្លួន នៅ​រាជធានីភ្នំពេញ ថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ២០២២។ (ខាន់​ សុគុំមនោ/វីអូអេ)

ពួកគេ​មាន​ក្តីរំពឹង​ថា​ អាច​មាន​ការ​ពិភាក្សា​សម្ងាត់​ដ៏​ចម្រូង​ចម្រាស​ នៅ​មុន​ការ​បោះឆ្នោត​ខែ​កក្កដា។ ប្រហែល​ជា​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់​អំណាច​នឹង​ប្រកាស​សម្បទាន​ធំ​មួយ​ចំនួន​ដើម្បី​បង្កើត​ឲ្យ​មាន​ការ​បោះឆ្នោត​ដោយ​សេរី ​និង​យុត្តិធម៌។ ​រឿង​នេះ​ធ្លាប់​កើត​ឡើង​ពី​មុន។​

ប៉ុន្មាន​ថ្ងៃ​មុន​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​ ២០១៣​ ដែល​បាន​ក្លាយ​ទៅ​ជា​ការ​ប្រកួត​ប្រជែង​ខ្លាំង​បំផុត​ក្នុង​រយៈពេល​ជា​ច្រើន​ទស្សវត្សរ៍​នោះ មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​ដ៏​យូរ​គឺ​លោក ​សម រង្ស៊ី ​ត្រូវបាន​អនុញ្ញាត​ឲ្យ​វិល​ចូល​ប្រទេស​វិញ ​ដោយ​បង្កើត​នូវ​ភាព​រំភើប​ដែល​ស្ទើរតែ​អាច​ផ្តួល​គណបក្ស​ប្រជាជន​កម្ពុជា​បាន​នាពេល​នោះ។​

ទោះជា​យ៉ាង​ណា​ក៏​ដោយ ​ការ​បោះឆ្នោត​នៅ​ឆ្នាំ​នេះ​កើត​ឡើង​ចំ​ពេល​មាន​រលក​នៃ​ការ​គាប​សង្កត់​ ខណៈ​ដែល​មេ​ដឹកនាំ​សហជីព ​សកម្មជន​ និង​អ្នក​ប្រឆាំង​ដ៏​លេច​ធ្លោ​បំផុត​ជាច្រើន​របស់​ប្រទេស​ត្រូវ​បាន​ចាប់​ដាក់​គុក ​ឬ​បំបិទ​សំឡេង​តាម​រយៈ​ការ​គំរាម​កំហែង។​ លោក ​ថាច់ សេដ្ឋា ​អនុប្រធាន​គណបក្ស​ ភ្លើង​ទៀន​នៅ​តែ​ជាប់​ពន្ធនាគារ​ក្រោម​បទ​ចោទ​ដែល​គណបក្ស​អះអាង​ថា​មាន​ហេតុផល​នយោបាយ។​

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​និយាយ​ថា​ ពួកគេ​គ្រាន់​តែ​ចង់​ឱ្យ​ប្រទេស​កម្ពុជា​រៀបចំ​ការ​បោះឆ្នោត ​ ដូច​នៅ​សហរដ្ឋ​អាមេរិក​ដែល​គណបក្ស​នយោបាយ​មាន​ប្រជា​ប្រិយភាព​បំផុត​អាច​ឈ្នះ។​

លោក ​យ័ប គឹមទឹង​ ប្រធាន​អង្គការ​ខ្មែរ​អាមេរិកាំង​ដើម្បី​សិទ្ធិ​មនុស្ស​ និង​ប្រជា​ធិបតេយ្យ​នៅ​ភាគ​ខាងជើង​រដ្ឋ ​Virginia ​បាន​ប្រាប់ ​VOA​ ថា៖​ «ចំពោះ​យើង យើង​ធ្វើ​ម៉េច​ចង់​ឃើញ​ថា​ ការ​បោះឆ្នោត​ហ្នឹង​ឲ្យ​បាន​យុត្តិធម៌​ ហើយ​របៀប​រៀបចំ​ការ​បោះឆ្នោត​ហ្នឹង​ឲ្យ​មាន​យុត្តិធម៌។ ​យើង​មិន​ខ្វល់​ថា​ ប្រជាជន​បោះឆ្នោត​ឲ្យ​គណបក្ស​មួយ​ណា ​បេក្ខជន​មួយ​ណា​ទេ។​ យើង​ចង់​ឲ្យ​តែ​ប្រជា​ពលរដ្ឋ​មាន​សេរីភាព​ជ្រើសរើស​បុគ្គល​ឬ​មួយ​បេក្ខជន​ គណបក្ស​ដែល​គេ​ចូល​ចិត្ត»។​

លោក ​យ័ប គឹមទឹង ​ដែល​ក្រុម​របស់​លោក​ទើប​នឹង​ទទួល​ស្វាគមន៍​លោក​ សម រង្ស៊ី សម្រាប់​កម្មវិធី​មួយ​នៅ​ សង្កាត់ ​Falls Church ​រដ្ឋ​ Virginia ​បាន​និយាយ​ថា ​ការ​បោះឆ្នោត​ដែល​គ្មាន​លទ្ធិ​ប្រជាធិបតេយ្យ​នឹង​ប៉ះពាល់​ដល់​ទំនាក់​ទំនង​រវាង​សហរដ្ឋ​អាមេរិក ​និង​កម្ពុជា។​

លោក​បាន​មាន​ប្រសាសន៍​ថា៖ «ពេល​ណា​ប្រទេស​ខ្មែរ​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ​មិន​បាន​ត្រឹមត្រូវ​ ឬ​មួយ​គោរព​សិទ្ធិ​មនុស្ស​មិន​បាន​ត្រឹមត្រូវ ​ប្រទេស​អាមេរិក​ មន្ត្រី​របស់​គេ​ពិបាក​ធ្វើការ​ស្និទ្ធ​ស្នាល​ជាមួយ​មន្ត្រី​ខ្មែរ​ឬ​មួយ​ក៏​រក​ស៊ី ​ឬ​មួយ​ក៏មាន​ទំនាក់​ទំនង​ជាមួយ​ប្រទេស​ខ្មែរ​បាន​ល្អ​ទេ ​ព្រោះ​អាហ្នឹង​វា​ខុស​ពី​តម្លៃ​របស់​គេ»។​

ទោះ​ជាយ៉ាង​ណា​ក៏​ដោយ ​សហរដ្ឋ​អាមេរិក​បាន​បណ្តុះ​ទំនាក់​ទំនង​ដ៏​កក់​ក្តៅ​ជាមួយ​ប្រទេស​កុម្មុយនីស្ត​វៀតណាម ​ដែល​ជា​ប្រទេស​ជិត​ខាង​កម្ពុជា ​ក៏ដូច​ជា​របប​ផ្តាច់​ការ​ចាប់​ពី​ប្រទេស​អារ៉ាប៊ីសាអូឌីត​រហូត​ដល់​អេហ្ស៊ីប​ ដោយសារ​តែ​ផល​ប្រយោជន៍​ភូមិសាស្ត្រ​នយោបាយ​ រាប់​ចាប់ពី​បញ្ហា​ថាមពល​រហូត​ដល់​បញ្ហា​សន្តិសុខ​ជាតិ។​

លោក​ ទូច វិបុល​ ដែល​ជា​ប្រធាន​អង្គការ​សម្ព័ន្ធ​ខ្មែរ-អាមេរិកាំង ​(CAA) ​នៅ​ទីក្រុង​ High Point រដ្ឋ North Carolina ​បាន​និយាយ​ថា ​សហរដ្ឋ​អាមេរិក​គួរតែ​នៅ​ក្រៅ​នយោបាយ​កម្ពុជា​ ហើយ​ផ្តោត​លើ​វិស័យ​ដូចជា ​ពាណិជ្ជកម្ម ​ការ​អប់រំ​ និង​សុខាភិបាល។ បើ​មិន​ដូច្នេះ​ទេ ​លោក​បាន​និយាយ​ថា ​ទីក្រុង​វ៉ាស៊ីនតោន​ប្រថុយ​នឹង​ការ​រុញ​ទីក្រុង​ភ្នំពេញ​ទៅ​ក្នុង​ដៃ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។ ​

លោក ​វិបុល​ ថា ​សេចក្តី​ថ្លែង​ការណ៍​ដូចអ្វី​ដែល​លោក ​Miller ចេញ​កាលពី​ខែ​មុន​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​សហរដ្ឋ​អាមេរិក​ ក្នុង​ការ​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​ឲ្យ​កាន់​តែ​ទូលំ​ទូលាយ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ​ដែល​បណ្តា​ប្រទេស​អាស៊ាន​ធ្វើ​ប្រតិបត្តិ​ការជា​ឯកច្ឆន្ទ ​ឬ​កុងស្សង់ស៊ីស។​

លោកថ្លែងថា៖ «បើអី​ចឹង​បាន​ជា​ខ្ញុំ​ចង់​បញ្ជាក់​ថា​ សហរដ្ឋ​អាមេរិក​គង់តែ​ត្រូវ​ការ​កម្ពុជា​ដដែល​ អ៊ីចឹង​ចៀសវាង​ការ​ចេញ​សេចក្តី​ថ្លែង​ការណ៍​ណា​មួយ​ក្នុង​រូបភាព​ប្រឈម​មុខ។ ​អីចឹង​ត្រូវតែ​បង្ហាញ​រូប​ភាព​កិច្ច​សហ​ប្រតិបត្តិ​ការ​ គោរព​អធិបតេយ្យភាព​កម្ពុជា​វិញ។​ អាហ្នឹង​វា​ចំណេញ​ច្រើន​ជាង»។​

លោក​ ទូច វិបុល ​ជា​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​រហូត​មក​ដល់​ឆ្នាំ​នេះ ​នៅ​ពេល​ដែល​លោក​ចាប់​ផ្តើម​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​លោក​ថា​ មាន​បទ​ពិសោធន៍ ​និង​សមត្ថភាព​ និង​ភាព​ជាអ្នក​ដឹកនាំ​ប្រទេស។​

រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ដៃ​ជាមួយ​លោក​ប្រធានាធិបតីចិន ស៊ី ជីនពីង មុន​កិច្ចប្រជុំនៅវិមានរដ្ឋាភិបាលចិនប្រចាំទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​ខ្លួន​កាលពី​ខែ​មុន ​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​បាន​និយាយ​ថា ​ខ្លួន​នឹង​មិន​បញ្ជូន​អ្នក​សង្កេត​ការណ៍​ការ​បោះឆ្នោត​ជាផ្លូវ​ការ​ដើម្បី​តាម​ដាន​ដំណើរ​ការ​បោះឆ្នោត​ «ដែល​អ្នក​ជំនាញ​ឯករាជ្យ​កម្ពុជា ​និង​អន្តរជាតិ​ជាច្រើន​វាយ​តម្លៃ​ថា​ មិន​សេរី ​ឬ​មិន​យុត្តិធម៌»។ ​ហើយ​សហរដ្ឋ​អាមេរិក​ក៏​បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ធ្វើ​ការ​កែប្រែ ​និង​អនុញ្ញាត​ឱ្យ​គណបក្ស​ភ្លើងទៀន​ចូល​រួម​ក្នុង​ដំណើរ​ការ​បោះឆ្នោត​ឡើង​វិញ។​

បច្ចុប្បន្ន ​គណបក្ស​ប្រជាជន​កម្ពុជា​គ្រប់គ្រង​អាសនៈ​ទាំង​ ១២៥​ ក្នុង​រដ្ឋ​សភា ​ដែល​ការណ៍​នេះ ​បង្កើន​ការ​រិះគន់​កាន់​តែ​ខ្លាំង​ថា កម្ពុជា​បាន​ក្លាយ​ជា​រដ្ឋ​ឯកបក្ស​ជា​ធរមាន។​ ខណៈ​ដែល​មាន​គណបក្ស​មួយ​ចំនួន​ផ្សេង​ទៀត​បាន​ចុះ​ឈ្មោះ​សម្រាប់​ការ​បោះឆ្នោត​នៅ​ខែ​កក្កដា ​រួម​ទាំង​គណបក្ស​រាជានិយម​ហ៊្វុនស៊ីនប៉ិច​ក៏​ពិត​មែន ប៉ុន្តែ​គ្មាន​អ្នក​ណា​ទទួល​បាន​ការ​គាំទ្រ ​ឬ​ការ​រំភើប​ចិត្ត​ដូច​គណបក្ស​ភ្លើងទៀន​ទេ។

ខណៈ​ពេល​ដែល​មាន​ការ​ងឿង​ឆ្ងល់​តិច​តួច​អំពី​អ្នក​ណា​នឹង​ឈ្នះ​ការ​បោះឆ្នោត​ខែ​កក្កដា​ ជាពិសេស​ដោយ​គ្មាន​គណបក្ស​ភ្លើងទៀន​ចូល​រួម​ប្រកួត​នោះ អ្នក​សង្កេត​ការណ៍​នឹង​តាមដាន​យ៉ាង​យក​ចិត្ត​ទុកដាក់​លើ​ចំនួន​អ្នក​ចេញ​ទៅ​បោះឆ្នោត​ក្នុង​ចំណោម​អ្នក​ចុះ​ឈ្មោះ​ចំនួន​ប្រមាណ ​១០ ​លាន​នាក់​ ដែល​នេះជា​វិធាន​ការ​នៃ​ការ​វាស់​ស្ទង់​អំពី​ភាព​មិន​ពេញ​ចិត្ត​ជា​សាធារណៈ​ចំពោះ​ដំណើរ​ការ​នយោបាយ។​

ការ​បោះ​ឆ្នោត​ក៏​ជា​ចំណុច​របត់​មួយ​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា​ដែរ។​ កូន​ប្រុស​ច្បង​របស់​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​គឺ​លោក ​ហ៊ុន ម៉ាណែត​ បាន​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ​ជា​ផ្លូវការ​ក្នុង​នាម​ជា​បេក្ខជន​តំណាង​រាស្ត្រ​កំពូល​របស់​គណបក្ស​កាន់​អំណាច​នៅ​រាជធានី​ភ្នំពេញ។ គណបក្ស​ប្រជាជន​កម្ពុជា​បាន​អនុម័ត​ការ​បន្ត​មុខ​តំណែង​នាយក​រដ្ឋមន្ត្រី​រួច​ហើយ។

ថ្មីៗ​នេះ​លោក ​ហ៊ុន សែន ​ធានា​ថា​ លោក​នឹង​បន្ត​គ្រប់គ្រង​លើ​ឆាក​នយោបាយ​ក្នុង​នាម​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​បាន​ជំរុញ​ឱ្យ​មាន​ការ​រំពឹង​ទុក​ថា ​ការ​ឡើង​តំណែង​របស់​លោក ​ម៉ាណែត ​អាច​នឹង​កើត​មាន​ក្នុង​ពេល​ឆាប់ៗ​នេះ ​បន្ទាប់ពី​ការ​បោះឆ្នោត។​

ពេល​វេលា​នឹង​ប្រាប់​ថា​ តើ​លោក ​ហ៊ុន ម៉ាណែត ​កាន់​យក​លទ្ធិ​ប្រជា​ធិបតេយ្យ​ផ្សេង​ពី​ឪពុក​របស់​លោក​ដែរ​ឬ​យ៉ាង​ណា។ ប៉ុន្តែ​បើ​គ្មាន​ការ​វិវត្ត​សំខាន់ៗ​ក្នុង​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​ទេ ​ទិដ្ឋភាព​មួយ​រយៈពេល​ខ្លី​សម្រាប់​គណបក្ស​ប្រឆាំង​មើល​ទៅ​ក្លាយ​ជា​រឿង​សោះ​កក្រោះ​ជា​មិនខាន។​

លោក ​សម រង្ស៊ី ​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស ​បាន​ធ្វើ​ទស្សន​កិច្ច​នៅ​រដ្ឋធានី ​វ៉ាស៊ីនតោន​កាលពី​ថ្មីៗ​កន្លង​ទៅ​នេះ ដើម្បី​ទាញ​ចំណាប់​អារម្មណ៍​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្វី​ដែល​លោក​ហៅ​ថា ការ​បោះឆ្នោត​ក្លែងក្លាយ ខណៈ​លោក ​កឹម សុខា ​ប្រធាន​គណបក្ស​ប្រឆាំង​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ ២៧​ ឆ្នាំ​ ពី​បទ​ក្បត់​ជាតិ​កាល​ពី​ខែ​មីនា ​ហើយ​ត្រូវ​ឃុំ​ខ្លួន​ក្នុង​ផ្ទះ​គ្មាន​កំណត់។​

លោក ​Larry Seng ​ជន​ជាតិ​ខ្មែរ​អាមេរិកាំង​រស់​នៅ​ក្បែរ​ទីក្រុង​ Seattle ​រដ្ឋ​វ៉ាស៊ីនតោន ដែល​គាំទ្រ​គណបក្ស​ភ្លើងទៀន បាន​និយាយ​ថា ​លោក​មាន​ការ​សោក​ស្ដាយ​ចំពោះ​ការ​វិវត្ត​ចុង​ក្រោយ​នេះ។​

លោក​បាន​មាន​ប្រសាសន៍​ថា៖​ «ពីព្រោះ​លទ្ធិ​ប្រជាធិបតេយ្យ​ត្រូវ​ការ​ការ​ប្រកួត ​ហើយ​ការ​ប្រកួត​ត្រូវ​ធ្វើ​ដោយ​យុត្តិធម៌​ ឲ្យមាន​កម្លាំង​ប្រហាក់​ប្រហែល​គ្នា ​ហើយ​ដល់​ពេល​បិទ​សិទ្ធិ​សេរីភាព​មិន​ឲ្យ​អ្នក​មាន​កម្លាំង​ប្រហាក់​ប្រហែល​ប្រកួត​ជាមួយ​នោះ​ បាន​សេចក្តី​ថា​ អយុត្តិធម៌​ពន់​ប្រមាណ​ណាស់ ​ហើយ​ខ្ញុំ ​មាន​ការ​សោក​ស្តាយៗ​ជា​ពន់ពេក​ដែល​បិទ​សិទ្ធ​សេរីភាព​ប្រជាពលរដ្ឋ​ខ្មែរ ​មិន​ឲ្យ​មាន​សិទ្ធិ​ជ្រើស​រើស​អ្នក​ដឹកនាំ​ដោយ​សេរី​និង​យុត្តិធម៌»។​

លោក ​អ៊ុន សុខុម ​ជនជាតិ​ខ្មែរ​អាមេរិកាំង​នៅ​ទីក្រុង ​Lowell ​រដ្ឋ ​Massachusetts ​បាន​ប្រាប់​វីអូអេ​ថា ​លោក​ជឿ​ថា​ សហរដ្ឋ​អាមេរិក​ និង​ប្រទេស​ហត្ថលេខី​ផ្សេង​ទៀត​នៃ​សន្ធិ​សញ្ញា​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​នឹង​វាយ​តម្លៃ​ស្ថានភាព ​និង​ដាក់​សម្ពាធ​ដល់​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​បំពេញ​កាតព្វ​កិច្ច​របស់​ខ្លួន។​

លោក​ថ្លែង​ថា៖​ «ហើយ​កាលពី​កន្លង​មក​ ការ​គោរព​ហ្នឹង​វា​មិន​បាន​ត្រឹមត្រូវ​ទេ​ ហើយ​សម្ពាធ​ហ្នឹង​ចេះ​តែ​ដាក់​ទៅ​លើ​រដ្ឋាភិបាល​បក្ស​កាន់​អំណាច​ហ្នឹង ​ដើម្បី​កុំ​ឲ្យ​ធ្វើការ​គាប​សង្កត់​ទៅ​លើ​ពលរដ្ឋ​និង​បក្ស​ប្រឆាំង»។​

លោក ​អ៊ុន សុខុម ​បាន​ចូល​រួម​ក្នុង​ការ​បង្កើត​ចលនា​ប្រឆាំង​នៅ​ឆ្នាំ​ ១៩៩៧​ ប៉ុន្តែ​បាន​លាឈប់​ពី​ឆាក​នយោបាយ​ក្នុង​ឆ្នាំ ​២០១២។​ លោក​ថា​ លោក​ចង់​ឃើញ​មេដឹកនាំ​គណបក្ស​ប្រឆាំង​បច្ចុប្បន្ន​ខិតខំ​បន្ថែម​ទៀត​ដើម្បី​ស្តារ​លំហ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​ឡើង​វិញ។ ប្រសិន​បើ​ពួកគេ​ធ្វើ​ដូច្នេះ ​លោក​បាន​និយាយ​ថា​ លោក​នឹង​ពិចារណា​ចូល​រួម​ម្ដង​ទៀត។​

លោកថ្លែងថា៖ «យើង​អាច​ឈាន​ចូល​ទៅ​វិញ​បាន ​...​នឹង​មាន​បំណង​ទៅ​វិញ​ដែរ​ តែ​យើង​កំពុង​សិក្សា​របត់​នយោបាយ​ប្រទេស​កម្ពុជា ​ហើយ​នឹង​ស្វែងរក​នូវ​គោលការណ៍​នយោបាយ​ដឹក​នាំ​ច្បាស់​លាស់។ ​យើង​នឹង​ចូល​រួម​ជាមួយ»៕