ខ្មែរ-អាមេរិកាំង​នៅរដ្ឋ​ម៉ាស្សាឈូសិត​ភ្ញាក់ផ្អើល​នឹង​បេក្ខភាព​លោកស្រី​អេលីហ្សាបែត វ៉ារឹន

លោក​ស្រី អេលីហ្សាបែត វ៉ារឹន សមាជិក​ព្រឹទ្ធសភា​ប្រចាំ រដ្ឋ ម៉ាស្សា​ឈូសិត កាលពី​ថ្ងៃ​ទី២ ខែមករា ឆ្នាំ២០១៩។ (រូបថត AP)

ការភ្ញាក់ផ្អើលនិងការ​កោតសរសើរ​កើតមានឡើង​ក្នុងចំណោម​ពលរដ្ឋ​ខ្មែរ-​អាមេរិកាំង​មួយ​ចំនួន​នៅ​ក្នុង​រដ្ឋ​ម៉ាស្សា​ឈូសិត​នៅពេល​ដែល​បានដឹង​ដំណឹង​ថា​លោកស្រី ​អេលីហ្សាបែត វ៉ារឹន សមាជិក​ព្រឹទ្ធសភា​ប្រចាំ រដ្ឋ​នេះ​បាន​ប្រកាស​ពី​ការ​ស្វែងរក​លទ្ធភាពឈរ​ឈ្មោះជា​បេក្ខជនប្រធានាធិបតីសហរដ្ឋអាមេរិកសម្រាប់​គណបក្ស​ប្រជាធិបតេយ្យ។​

​លោកស្រី​ អេលីហ្សាបែត វ៉ារឹន បាន​ប្រកាស​ពីការ​សម្រេចបង្កើត​គណៈកម្មាធិការ​ស្រាវជ្រាវ​មួយ​ដើម្បី​ឈរឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតីនេះ​នៅ​តាម​បណ្តាញ​សង្គមកាលពី​ថ្ងៃច័ន្ទ​។

លោកស្រី​បាន​បញ្ជាក់​បន្ថែម​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅខាងក្រៅ​ផ្ទះ​ពី​បញ្ហាធំៗ​ដែល​លោក​ស្រី​យល់ថា​ពលរដ្ឋ​អាមេរិកាំង​កំពុង​ជួប​ប្រទះ​ថា៖

«ពលរដ្ឋ​អាមេរិកាំងដែលមានប្រាក់ចំណូលមធ្យម​កំពុងរងគ្រោះ​ហើយ​ឱកាស​សម្រាប់​យុវជន​យើង​ជាច្រើន​កំពុងតែរួញទៅៗ​ ដូច្នេះ​ខ្ញុំ​នឹង​ចូល​ប្រឡូក​រហូត​ដល់ទីបញ្ចប់‍»។​

លោកស្រី​ អេលីហ្សាបែត វ៉ារឹន បាន​កាន់តំណែងជា​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ​ម៉ាស្សាឈូសិត ​តាំងពីឆ្នាំ​២០១៣។

រដ្ឋ​ម៉ាស្សា​ឈូសិត​មានពលរដ្ឋ​ខ្មែរ​រស់នៅចំនួន​ជាង​៣០.០០០នាក់​គឺ​ច្រើនជាងគេ​លំដាប់ទីពីរ​បន្ទាប់​ពីរដ្ឋ​កាលីហ្វញ៉ា។

​លោក​ ឃុត ខោលី ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ម្នាក់ដែល​រស់នៅ​ទីក្រុង​ឡូវែល​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា​លោក​ពេញចិត្តនិង​កោតសរសើលោកស្រី​អេលីហ្សាបែត វ៉ារឹន ដែលសម្រេចប្រកាស​បេក្ខភាព​ស្វែង​រក​ការគាំទ្រ​ដើម្បីឈរ​ជា​បេក្ខជន​ប្រធានាធិបតី​ហើយ​លោក​ថា​នឹង​គាំទ្រ​លោក​ស្រីរហូត​ដល់​លោក​ស្រី​បាន​ឈ្នះឆ្នោត​ជា​ប្រធានាធិបតី។​

លោក​ ខោលី ​បាន​បន្ថែម​ទៀតថា៖

«ខ្ញុំ​ពេញចិត្ត​គាត់​ជាស្ត្រី​ហើយ​មានសេចក្តីក្លាហាន​ដើម្បី​ធ្វើការងារ​បម្រើ​ប្រទេស​ជាតិ​ទៅថ្ងៃក្រោយ‍»។​

សែម មាស​ អតីត​បេក្ខជន​សម្រាប់​សភាថ្នាក់រដ្ឋ​បាន​បញ្ជាក់​ថា​លោកភ្ញាក់​ផ្អើលនិង​សប្បាយ​ចិត្តដែល​លោកស្រីអេលីហ្សាបែត វ៉ារឹន ​ប្រកាស​ឈរ​ជា​បេក្ខជនហើយ​ថា​លោកស្រីនឹងអាច​មាន​ការគាំទ្រ​ពីប្រជាពលរដ្ឋ​ជាច្រើន​ជាពិសេស​នៅក្នុងតំបន់​New England នៃ​រដ្ឋ​ម៉ាស្សា​ឈូ​សិតដោយសារ​លោកស្រី​ជា​សមាជិកព្រឹទ្ធសភា​មកពីរដ្ឋ​នេះស្រាប់។

លោក ​សែម មាស​បានបន្ថែម​ទៀតថា៖

«​ខ្ញុំ​ជឿថា​គាត់​នឹង​មាន​ឱកាស​ជាច្រើន​ដែ​រនៅក្នុង​បច្ចុប្បន្ននេះ​ពីព្រោះ​ថា​ឥឡូវនេះ​យើង​អត់​ដឹង​ថា​អ្នកណា​ទៀត​នឹង​ឈរ​ឈ្មោះ​ជាបេក្ខជន​នៅក្នុង​គណបក្ស​ប្រជាធិបតេយ្យ​ទេ​ដូច្នេះ​ហើយ​ខ្ញុំ​ថា​បើសិន​ជា​អត់មានមនុស្ស​ច្រើន​ឈរ​ប្រឆាំងជាមួយគាត់​ គាត់​នឹង​មាន​ឱកាស​ជាច្រើន​នឹង​អាចធ្វើ​ជា​បេក្ខជន​ទទួលបាន​ការតែងតាំង‍»។

លោក សែម មាស​ ចងចាំ​បាន​ពី​ ការណ៍​ដែល​លោកស្រី​ដែលបាន​គាំទ្រ​បញ្ហា​សិទ្ធិមនុស្ស​និង​ប្រឆាំងនឹង​ការ​បណ្តេញពលរដ្ឋ​ខ្មែរដែល​បាន​រស់នៅ​សហរដ្ឋ​អាមេរិក​ជាយូរ​ហើយ​ប៉ុន្តែ​បាន​ធ្វើ​ខុសច្បាប់​ទៅប្រទេស​កម្ពុជាវិញជាដើម។

លោក​បាន​បន្ថែម​ថា៖ ​

«ឥឡូវនេះនៅក្នុង​សង្គមខ្មែរ​យើង​នឹង​ចាប់ផ្តើម​ទៅបញ្ចុះបញ្ចូល​នៅក្នុងការិយាល័យ​របស់គាត់​ដើម្បី​ឱ្យ​គាត់​ជួយដាក់​សម្ពាធ​ដល់​រដ្ឋាភិបាល​ខ្មែរ​ដើម្បី​ដោះស្រាយបញ្ហា​ប្រជាធិបតេយ្យ​នៅ​ប្រទេស​ខ្មែរ​យើង​ហើយ​នឹង​បញ្ហា​ដែល​កើតឡើង​រវាង​លោក​ហ៊ុន សែន​ហើយនឹង​គណបក្ស​ប្រឆាំង​។ ខ្ញុំជឿថា​គាត់​នឹង​យក​បញ្ហា​ហ្នឹង​ជាច្រើន​ដើម្បីយកទៅដោះស្រាយ​ហើយ​នឹង​ដើម្បី​ឱ្យ​មានការ​គាំទ្រ​ជាច្រើនពីជនជាតិ​អាស៊ីយើង‍»។​

កាលពី​ខែ​វិច្ឆិកា​ឆ្នាំ​២០១៧ លោកស្រី​អេលីហ្សាបែត វ៉ារឹន ​រួមគ្នាជាមួយ​នឹង​លោក​សមាជិក​ព្រឹទ្ធសភា​ Edward Markey និង​លោកស្រី​Niki Tsongas ​សមាជិករដ្ឋសភា​ បាន​សរសេរ​លិខិត​មួយ​ទៅ​រដ្ឋមន្ត្រី​ក្រសួង ការ​បរទេសសហរដ្ឋ​អាមេរិក​នាពេលនោះ​ដោយស្នើ​សុំ​ឱ្យ​លោក​ចាត់​វិធានការ​លើ​រដ្ឋាភិបាល​កម្ពុជា​ថា​ការចាប់លោកកឹម សុខា​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​គឺ​ធ្វើ​ឱ្យ​ខូច​លទ្ធិប្រជាធិបតេយ្យ​ សិទ្ធិ​មនុស្ស​និង​នីតិរដ្ឋ។

លោកស្រី ​វ៉ារឹន ក៏បាន​សម្តែង​ការគាំទ្រ​ដល់​សេចក្តីស្នើច្បាប់HR5754 ​ដើម្បី​ដាក់ទណ្ឌកម្ម​រដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ធ្វើ​ឱ្យ​ខូច​លទ្ធិប្រជាធិបតេយ្យផងដែរ។ នេះ​បើតាមការបញ្ជាក់​របស់លោក​ ប៉ែន សុកផល ប្រធាន​សាខាគណបក្សសង្គ្រោះជាតិ​ប្រចាំរដ្ឋម៉ាស្សាឈូសិត។

លោក ​សុកផល ​ក៏បានបញ្ជាក់​បន្ថែម​ថា​ក្រៅពី​សេចក្តី​ស្នើ​ច្បាប់​នេះ​ លោកស្រី​ក៏​បាន​គាំទ្រ​ដល់​ប្រាក់បៀវត្សរ៍​សម្រាប់បុគ្គលិកការងារជាស្ត្រី​ផងដែរ។

លោក​ ប៉ែន សុកផល​បាន​បន្ថែម​ថា៖

«បើយើងនិយាយទៅគាត់​តស៊ូ​រឿង​ស្ត្រី​។ គាត់តវ៉ា​រឿង​ស្ត្រីខ្លាំងណាស់​អំពីតម្លៃនៃការងារ​និង​ការ​ទទួល​ប្រាក់បៀវត្សរ៍​‍»។

សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​ឯទៀត​ដែល​គេ​រំពឹង​ថា​នឹង​ឈរ​ឈ្មោះ​ដែរ​នោះ​មានរួម​ទាំង​លោក ​Bernie Sanders ​សមាជិក​ព្រឹទ្ធសភា នៃ​រដ្ឋ​Vermont ​លោកJoe Biden អតីតអនុប្រធានា​ធិបតី និងលោកស្រី​ Amy Klobuchar ​សមាជិកព្រឹទ្ធសភា​នៃ​រដ្ឋ​ មីនីសូតា​ជាដើម។

គណបក្សប្រជាធិបតេយ្យ​គ្រោងនឹង​ធ្វើ​មហាសន្និបាតគណបក្ស​ពី​ថ្ងៃទី​១៣ដល់១៦ខែកក្កដា​ឆ្នាំ​២០២០ដែល​ក្នុង​ពិធីនោះ​នឹង​មានការតែងតាំងបេក្ខជន​ប្រធានាធិបតីជាផ្លូវ​ការ​ដើម្បី ប្រកួត​ប្រជែង​នឹង​លោក​ប្រធានាធិបតីដូណាល់ ត្រាំ។

ការបោះឆ្នោត​ប្រធានាធិបតី​នឹងធ្វើ​ឡើង​នៅថ្ងៃទី​៣ខែ​វិច្ឆិកា​ឆ្នាំ​២០២០៕