ក្រុម​វេជ្ជបណ្ឌិត​ខ្មែរ​អាមេរិកាំង​ផ្សព្វផ្សាយ​ទប់ទល់​ព័ត៌មាន​បំផ្លើស​ពី​វ៉ាក់សាំង​កូវីដ​និង​ជំរុញ​អ្នក​ស្ទាក់ស្ទើរ​ទៅ​ចាក់​​

រូបថត​ថត​កាល​ពី​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ​ពី​​ឃ្លីប​វីដេអូ​ផ្សព្វផ្សាយ​មួយ​ បង្ហាញ​ក្រុម​វេជ្ជបណ្ឌិត​នៃ​សមាគម​សុខាភិបាល​ខ្មែរ​នៅ​អាមេរិក។ (ថត​ពី​វីដេអូ សមាគម​សុខាភិបាល​ខ្មែរ​នៅ​អាមេរិក)

ក្រុមវេជ្ជបណ្ឌិត​ខ្មែរ​អាមេរិកាំង​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក​និង​នៅ​ប្រទេស​ដទៃ​ទៀត​ដែល​នៅ​ស្ទាក់ស្ទើរ​ឲ្យ​ទៅ​ចាក់​វ៉ាក់សាំង​កូវីដ​១៩​ដើម្បី​ការពារ​ខ្លួន​ពី​វីរុស​ដ៏​ប្រល័យ​នេះ។

ការ​អំពាវនាវ​ធ្វើឡើង​ខណៈ​វីរុស​កូរ៉ូណាបាន​បំប្លែង​រូបរាង​និង​អាច​ចម្លង​កាន់តែ​ខ្លាំង​ជាង​មុន​និង​មាន​ព័ត៌មាន​បំភ្លើស​ជាច្រើន​ពី​វ៉ាក់សាំង។

នៅ​ក្នុង​ឃ្លីប​វីដេអូ​ផ្សព្វផ្សាយ​ដែល​ផលិត​ដោយ​សមាគម​សុខាភិបាល​ខ្មែរ​នៅ​អាមេរិក​លោក​វេជ្ជបណ្ឌិត​សុង តាន់​ប្រធាន​សមាគមគ្រូពេទ្យ​បាន​រៀបរាប់​ថា៖ «នៅពេល​ដែល​យើង​គិតថា​ស្ថានភាព​កូវីដ​បាន​ប្រសើរ​ឡើងវិញ​ហើយ​ជាពិសេស​នៅ​សហរដ្ឋ​អាមេរិក​វីរុស​បំប្លែង​ដែលតា​ក៏​បាន​បញ្ចេញ​ឥទ្ធិពល​វា​ពាសពេញ​ពិភពលោក​ទាំងនៅ​ប្រទេស​កម្ពុជា​យើង​ផង​នៅ​អាមេរិក​នេះ​ផង»។

លោកវេជ្ជបណ្ឌិត ចំរើន ហេង​ វេជ្ជបណ្ឌិត​ជំងឺ​ទូទៅ​ក្នុង​ទីក្រុង​ Stockton (ស្តុកតុន​) រដ្ឋ Calinfornia ​បាន​ថ្លែង​ក្នុង​សារ​វីដេអូ​ដែរ​ថា៖ ​«គួរ​ឲ្យ​សោកស្តាយ​មែនទែន​នៅ​ពេល​នេះ​ដែល​នៅ​តែ​មាន​មនុស្ស​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​នេះ​ដែល​អាច​ការពារ​បាន​យ៉ាងងាយស្រួល។ ឥឡូវ​នេះ​យើង​មាន​វ៉ាក់សាំង​ដែល​មាន​ប្រសិទ្ធភាព​ខ្ពស់​អាច​ការពារ​ជីវិត​រហូត​ទៅដល់​ជិត​១០០​ភាគរយ​អ៊ីចឹង​បើ​សិន​ជា​បងប្អូន​អត់ទាន់​បាន​ចាក់វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​នេះ​ទេ​សូម​អញ្ជើញ​រួសរាន់​ទៅចាក់​ដើម្បី​ថែទាំ​សុខភាព​និង​អាយុ​ជីវិត​បងប្អូន។ សូមអរគុណ»។

តាម​រយៈ​វីដេអូ​ផ្សព្វផ្សាយ​ក្រុមវេជ្ជបណ្ឌិត​ដែល​មាន​វេជ្ជបណ្ឌិត​ផ្នែក​ជំងឺ​ទូទៅ​ទន្តពេទ្យ​ឱសថ​ការី​និង​គ្រូពេទ្យ​កុមារ​បានថ្លែង​ថា​ពួក​អស់លោក​លោកស្រី​ទទួលបាន​សំណួរ​ជាច្រើន​ដែល​ពាក់ព័ន្ធ​នឹង​ការ ភាន់​ច្រឡំ​ថា​អ្នកដែលមាន​សុខភាព​ល្អ​មិន បាច់​ចាក់​ទេ​ឬ​ថា​អ្នកដែល​មាន​ជំងឺ​រ៉ាំរ៉ៃ​មិន​គួរ​ចាក់ទេ​ជាដើម។ អ្នកខ្លះ​ទៀត​រហូតដល់​ថា​អ្នកចាក់​ហើយ​ធ្លាក់ខ្លួន​ឈឺនិង​បាត់បង់​សមត្ថភាព​បន្តពូជ​ជាដើម។

លោកស្រី​វេជ្ជបណ្ឌិត​គ្រីស្ទីណា​លី​ឯកទេស​គ្រូពេទ្យ​ប្រចាំ​គ្រួសារ​នៅ​ទីក្រុង​ឡុងប៊ិច​បាន​ថ្លែងថា៖ «ខ្ញុំ​ចង់​រំលឹក​បងប្អូន​ថា​មនុស្ស​ដែល​មាន​ជំងឺ​រ៉ាំរ៉ៃ​ដូចជា​ជំងឺ​ទឹកនោម​ផ្អែម​ជំងឺ​លើស​ឈាម​ជំងឺ​បេះដូង​ក៏​អាច​ចាក់​វ៉ាក់សាំង​កូវីដ​១៩​នេះ​បាន​ទាំងអស់គ្នា»។

លោកស្រី​សាឡន ថុង​ឱសថ​ការី​បាន​ថ្លែង​ថា៖ «នាងខ្ញុំ​សូម​ពន្យល់​បងប្អូនថា​វ៉ាក់សាំង​នេះ​ជា​ថ្នាំ​ពិតប្រាកដ​មាន​ប្រសិទ្ធភាព​ល្អ​ដែល​អាច​ជួយ​ការពារ​យាយតា​និង​ឪពុកម្តាយ​របស់​បងប្អូន​មិន​ឲ្យ​កើត​ជំងឺ​កូវីដ។ សូមបងប្អូន​ឆ្លៀត​ឱកាស​យក​គាត់​ទៅ​ចាក់​វ៉ាក់សាំង​បង្ការ​នេះ​ផង​ដើម្បី​សុខភាព​ឪពុកម្តាយ​និង​យាយតា​យើង»។

សមាគម​សុខាភិបាល​ខ្មែរ​នៅ​អាមេរិក​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ Los Angeles​ រដ្ឋ​California។ វេជ្ជបណ្ឌិត​នៃ​សមាគម​នេះ​បាន​ធ្វើ​ដំណើរ​ទៅ​ព្យាបាល​ពលរដ្ឋ​កម្ពុជា​ដោយ​ឥតគិត​ថ្លៃ​ជារៀងរាល់ឆ្នាំ​អស់រយៈពេល​ជាង​១០​ឆ្នាំ​កន្លង​មក​តែបានផ្អាកដំណើរ​ក្នុង​ឆ្នាំ​២០២១​ដោយសារ​ការរាតត្បាត​ជំងឺ​កូវីដ១៩។ ទីក្រុង​Los Angeles ដែល​គ្របដណ្តប់​លើ​ក្រុង​ឡុងប៊ិច​មាន​ពលរដ្ឋ​ខ្មែរ​រស់នៅ​ច្រើន​ជាង​គេ​បំផុត​ក្នុង​សហរដ្ឋ​អាមេរិក​គឺ​រហូតដល់​ជាង​៤ម៉ឺននាក់​នៅ​ត្រឹម​ឆ្នាំ​២០១៩។ នេះ​បើតាម​ស្ថិតិ​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ​ Pew។

លោក​វេជ្ជបណ្ឌិត សុង តាន់​ បាន​ថ្លែង​ប្រាប់​វីអូអេ​ក្នុង​បទសម្ភាស​កាលពី​ថ្ងៃព្រហស្បតិ៍​ថា​ស្ថានភាព​ឆ្លងជំងឺ​កូវីដ១៩​នៅ​ទីក្រុង​ Los Angeles បាន​ថយ​ចុះ។ លោក​បាន​ពន្យល់​ថា​ការណ៍​នេះ​ដោយសារ​តែ​ពលរដ្ឋ​បាន​ចាក់​វ៉ាក់សាំង​បាន​ច្រើន​និង​អ្នកខ្លះ​ទៀត​បាន​ឆ្លង​ជំងឺ​និង​បាន​បង្កើត​ប្រព័ន្ធការពារ​ដោយ​ខ្លួនឯង។

លោកវេជ្ជបណ្ឌិត​សុង តាន់​បាន​បន្ថែម​ថា៖ «អ្នក​ដែល​ឈឺ​ធ្ងន់​ឥឡូវ​នៅ​មន្ទីរពេទ្យ​ក្នុង​ចំណោម​នោះ​៩៩,៩៩%​គឺ​អ្នកអត់ព្រម​ចាក់​ថ្នាំ»។

តាម​ស្ថិតិ​របស់​សាកលវិទ្យាល័យ​សុខាភិបាល​Johns Hopkins​ឲ្យ​ដឹង​ថា​ត្រឹម​ថ្ងៃសុក្រថា​រដ្ឋCalifornia​មាន​ចំនួន​អ្នកឆ្លង​ជាង​៤,៩លាន​នាក់​និង​ស្លាប់​ជិត៧២ ០០០​នាក់​ក្នុង​នោះ​ទីក្រុង​Los Angeles ​មាន​អ្នកស្លាប់​ច្រើន​ជាង​គេ​បំផុត​គឺ​២៦ ៦០៤នាក់។

លោកវេជ្ជបណ្ឌិត​សុង តាន់​បាន​បញ្ជាក់​ថា៖ «នៅ​ក្នុង​សហគមន៍​គឺ​ទូទៅ​តំណាង​សហគមន៍​យើង​ក៏​ដូច​គេដែរ​គឺ​ថា​មាន​អ្នកខ្លះ​មិនព្រម​ចាក់​ក៏​ប៉ុន្តែ​ខ្ញុំ​ថា​មិនជា​ច្រើន​ទេ​គឺ​ចំនួន​១០​ឬ​២០​ភាគរយ។ នៅ​សហគមន៍​ខ្លះទៀត​នៅ​កន្លែង​ផ្សេងទៀត​ប្រហែល​៣០%។ ដូច្នេះ​យើង​តិច​ជាង​គេ​បន្តិច​បន្តួច»។

លោក​វេជ្ជបណ្ឌិត​សុង តាន់​បាន​ស្នើ​ដល់​ពលរដ្ឋ​ឲ្យ​ប្រយ័ត្ន​ប្រយែង​នឹង​ព័ត៌មាន​បំភាន់​នានា​ដែល​មាន​ផ្សាយ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ព្រោះ​សូម្បី​តែ​នៅ​សហរដ្ឋ​អាមេរិក​ក៏​មាន​ក្រុម​អ្នកដែល​ប្រឆាំង​នឹង​ការចាក់​វ៉ាក់សាំង​បាន​ធ្វើ​ការឃោសនា​បំភាន់​ផងដែរ។

ចាប់តាំងពី​ផ្សាយ​នៅ​ចុងខែ​សីហា​មក​វីដេអូ​អប់រំ​របស់​សមាគម​សុខាភិបាល​ខ្មែរ​នៅ​អាមេរិកមាន​អ្នក​ចូលទស្សនា​ជិត​៤ម៉ឺននាក់​នៅ​តាម​ទំព័រ​ហ្វេសប៊ុក។

លោក​វេជ្ជបណ្ឌិត​សុង តាន់​បញ្ជាក់​ថា​ការ​ផ្សព្វផ្សាយ​នេះ​បាន​ជួយ​ផ្លាស់ប្តូរ​ការសម្រេចចិត្ត​របស់​ពលរដ្ឋ​នៅ​ប្រទេស​កម្ពុជា​ផងដែរ៖ «អ្នក​នៅ​ស្រុកខ្មែរ​ខ្លះ​បាន​ផ្ញើសារ​មកយើង​ថា​ពីមុនមក​ខ្ញុំ​ខ្លាច​ខ្ញុំ​មាន​ជំងឺ​ទឹកនោម​ផ្អែម។ ខ្ញុំ​អត់ហ៊ាន​ទៅចាក់​ហើយ​ក្រោយពី​គាត់​បាន​ឮ​សារ​អីចឹង​ទៅ​គាត់មិន​រារែក​អ្វី​ទេ។ គាត់​ទៅចាក់។ ដូច្នេះ​មាន​ប្រសិទ្ធភាព​ទៅ​ដល់​គាត់។ អ្នកខ្លះ​គាត់​មិន​ទាន់សម្រេច​ថា​ត្រូវ​ចាក់​ឬ​មិនចាក់​ប៉ុន្តែ​បាន​យោបល់​អីចឹង​ទៅ​ជួយ​ជំរុញ​គាត់​ឲ្យ​ទៅចាក់»។

សហរដ្ឋ​អាមេរិក​ប្រើប្រាស់​វ៉ាក់សាំង Pfizer, Moderna និង​Johnson & Johnson។ អង្គការ​សុខភាព​ពិភពលោក​បាន​អនុម័ត​ឲ្យ​ប្រើ​វ៉ាក់សាំង​សរុប​ទាំងអស់​ចំនួន​៩​ដែល​ក្នុងនោះ​មាន​វ៉ាក់សាំង​ចិន​Sinovac និង​ Sinopharm ផងដែរ​ដែល​កំពុង​ប្រើប្រាស់​យ៉ាងទូលំ​ទូលាយ​ក្នុង​ប្រទេស​កម្ពុជា។

រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​នៅ​ថ្ងៃចន្ទ​នេះ​ថា​ការ​ចាក់​វ៉ាក់សាំង​លើ​គោលដៅ​១០​លាន​នាក់​បាន​សម្រេច​១០០​ភាគរយ​ហើយ។ ក្នុង​ខណៈ​ពេល​ដែល​សហរដ្ឋ​អាមេរិក​ដែល​ជា​ប្រទេស​ផលិត​វ៉ាក់សាំង​បែរ​ជា​មាន​អត្រា​អ្នកចាក់​វ៉ាក់សាំង​ទាប​ជាង​បណ្តា​ប្រទេស​អាស៊ី​និង​អឺរ៉ុប​មួយ​ចំនួន។ រហូត​មកដល់​ពេល​នេះ​មាន​ពលរដ្ឋ​អាមេរិកាំង​តែ​៦៦,៧%​ប៉ុណ្ណោះ​ដែល​បាន​ចាក់​វ៉ាក់សាំង​យ៉ាង​ហោចណាស់​មួយ​ដូស។ នេះ​បើតាម​ស្ថិតិ​របស់​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ។

ពលរដ្ឋ​អាមេរិកាំង​ដែល​មិនព្រម​ចាក់​វ៉ាក់សាំង មាន​មូលហេតុ​ផ្សេងៗ​ដែល​មានរួមទាំង​ការ​មិនជឿ​ទុកចិត្ត​លើ​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​និង​ការ​ប្រកាន់ថា​ការ​ចាក់ឬ​មិនចាក់​ជាសិទ្ធិ​ផ្ទាល់ខ្លួន​ដែល​ពុំមាននរណា​អាច​បង្ខំ​បានឡើយ។

មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ​របស់​សហរដ្ឋ​អាមេរិក​ណែនាំ​ឲ្យ​អ្នកដែលមាន​សំណួរ​អំពី​វ៉ាក់សាំង​ការពារ​ជំងឺកូវីដ១៩​ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​របស់​គេ ដោយ​ប្រាប់ឲ្យ​គ្រូពេទ្យ​ដឹង​អំពី​បញ្ហា​សុខភាព​របស់​ខ្លួន៕​