ទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វញ៉ា — ការប្រែក្លាយរឿងរ៉ាវឈឺចាប់និងអន្ធកាលទៅជាពន្លឺ និងសកម្មភាពមនុស្សធម៌ គឺជាកិច្ចការដែលវេជ្ជបណ្ឌិតខ្មែរ-អាមេរិកាំងមួយក្រុម ដែលកំពុងធ្វើដើម្បីសងគុណមាតុភូមិរបស់ខ្លួន តាមរយៈការព្យាបាលពលរដ្ឋក្រីក្រដោយមិនគិតថ្លៃ។
នេះគឺជាពិធីរៃអង្គាសថវិកាលើកទី១០ ដែលសមាគមសុខាភិបាលខ្មែរនៅសហរដ្ឋអាមេរិកបានរៀបចំប្រចាំឆ្នាំនៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វញ៉ា កាលពីដើមខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បីឧបត្ថម្ភបេសកកម្មមនុស្សធម៌ទៅប្រទេសកម្ពុជា។
លោកវេជ្ជបណ្ឌិត សុង តាន់ ប្រធានសមាគម ប្រាប់ដល់អ្នកចូលរួមថា មានពលរដ្ឋខ្មែរជាច្រើនម៉ឺននាក់ហើយដែលបានទទួលការព្យាបាល។។
«នៅពេលដែលពួកគេបានដឹងពីបេសកកម្មរបស់ពួកយើង ជាពិសេសមកពីសហរដ្ឋអាមេរិក ពីព្រោះសហរដ្ឋអាមេរិកមានកេរ្តិ៍ឈ្មោះល្អ គឺពួកគេចង់ស្វែងរកណាស់នៅកម្ពុជា គឺពួកគេបានមករកយើងដោយអារម្មណ៍រីករាយ ហើយសង្ឃឹមថានឹងបានទទួលថ្នាំពេទ្យ ប៉ុន្តែក្នុងពេលជួបនោះ យើងក៏យកឱកាសនោះពិនិត្យនិងអប់រំពួកគេពីការថែរក្សាសុខភាពនិងព្យាបាល។ វត្តមានរបស់ពួកយើងបានផ្តល់ក្តីសង្ឃឹមដល់ពួកគេ គឺដូចពេលដែលពួកយើងនៅក្នុងជំរុំខៅអ៊ីដាង ដែលទទួលក្តីសង្ឃឹមពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តដូច្នោះដែរ»។
ក្រោយពីរបបខ្មែរក្រហមបានដួលរលំក្នុងខែមករា ឆ្នាំ១៩៧៩ មានពលរដ្ឋខ្មែរជាច្រើនម៉ឺននាក់បានភៀសខ្លួនពីមាតុភូមិជាបន្តបន្ទាប់ទៅស្នាក់នៅក្នុងជំរំតាមបណ្តោយព្រំដែនកម្ពុជា-ថៃ មុនពេលបានទៅរស់នៅប្រទេសទីបី ក្នុងនោះមានសហរដ្ឋអាមេរិក។ ទីក្រុងឡុងប៊ិចមានជនជាតិខ្មែររស់នៅច្រើនជាងគេរហូតដល់ជាង៥ម៉ឺននាក់នៅពេលបច្ចុប្បន្ននេះ។
ពិធីរៃអង្គាសថវិកាប្រចាំឆ្នាំដែលរៀបចំក្នុងអគារដឹសឹនថឺ (The Centre) នេះមានអ្នកចូលរួមឧបត្ថម្ភជាង ៥០០នាក់ ដែលមានដូចជាពាណិជ្ជករ សកម្មជនសហគមន៍ និងអ្នករដ្ឋការដោយមានតន្រ្តីកំដរផងដែរ។
លោកវេជ្ជបណ្ឌិត ដានីញ៉ែល ចាន់ អ្នកគ្រប់គ្រងកម្មវិធីបានបញ្ជាក់ថា៖ «អ្នកមកជួយគាំទ្រនៅទីនេះ គេមកម្តងហើយ គេចិត្តចង់មកម្តងទៀតដូច្នេះភាគច្រើនភ្ញៀវនេះ គឺភ្ញៀវដែលធ្លាប់មកច្រើនដងមុនៗហើយ»។
លោកវេជ្ជបណ្ឌិត ដានីញ៉ែល ចាន់ ដែលមានឯកទេសខាងព្យាបាលជំងឺទូទៅក៏បានចូលរួមបេសកកម្មទៅកម្ពុជាមិនដែលខកខានម្តងណាឡើយ៖ «ពេលទៅមួយសារហើយត្រឡប់មកវិញនៅតែចង់ជួយទៀត ហើយរង់ចាំមួយឆ្នាំទៀត ទោះបីជាហត់យ៉ាងម៉េចក៏ដោយ ហើយត្រូវរៀបចំយ៉ាងម៉េចក៏ដោយ ថ្លៃយ៉ាងម៉េចក៏ដោយ ដល់ពេលទៅជួយទៅ ហើយពេលត្រឡប់មកផ្ទះវិញរំលឹកឡើងវិញឃើញថា ល្អមែនទែនចិត្តក៏ចង់ទៅជួយទៀត»។
ក្រុមបេសកកម្មមនុស្សធម៌មានអ្នកឯកទេសខាងជំងឺទូទៅ ជំងឺកុមារ សេវាប្រឹក្សាសុខភាព ចិត្តសាស្រ្ត មាត់ធ្មេញ និងភ្នែក ហើយក៏មានចែកវែនតា និងផ្តល់ដៃសិប្បនិម្មិតផងដែរ។
ចាប់តាំងពីបេសកកម្មលើកទី១ ដែលបានរៀបចំឡើងនៅរាជធានីភ្នំពេញ នៅខែមករា ឆ្នាំ២០១១ មក ក្រុមបេសកកម្មបានបន្តការព្យាបាលទៅខេត្តជាច្រើនទៀត ដូចជាខេត្តបាត់ដំបង ពោធិ៍សាត់ តាកែវ កោះកុង និងព្រៃវែងជាដើម។ អ្នកជំងឺខ្លះមានជំងឺរ៉ាំរ៉ៃជាយូរហើយ ប៉ុន្តែមិនមានលទ្ធភាពព្យាបាល ហើយអ្នកខ្លះបានទទួលវែនតា ឬដៃសិប្បនិម្មិតជាលើកដំបូង។ ក្នុងមួយលើកៗ ការព្យាបាលមានរយៈពេលមួយសប្តាហ៍ ហើយក៏មានការចូលរួមពីវេជ្ជបណ្ឌិតអាមេរិកាំងផងដែរ។
លោកវេជ្ជបណ្ឌិត នៀល ស៊ុលលីវ៉ាន់ (Neil Sullivan) ឯកទេសសុខភាពគ្រួសារបានជាប់ចិត្តនឹងភាពរួសរាយរាក់ទាក់ ការតស៊ូ និងប្រវត្តិរងគ្រោះរបស់ពលរដ្ឋកម្ពុជា។
«ពលរដ្ឋកម្ពុជាបានក្លាយជាមនុស្សចាញ់ប្រៀបគេ ក្នុងអំឡុងទសវត្សរ៍ទី៧០។ ពួកគេអភ័ព្វ ហើយត្រូវគេធ្វើបាប ប៉ុន្តែនៅមានជីវិត។ ពេលដែលខ្ញុំធ្វើដំណើរទៅទីជនបទ ខ្ញុំភ្ញាក់ផ្អើលដែលឃើញភាពរួសរាយរាក់ទាក់ និងក្តីរីករាយ បើទោះបីជាពួកគេបានឆ្លងកាត់ពេលវេលាដ៏គួរឱ្យរន្ធត់ជាច្រើនឆ្នាំ។ ខ្ញុំឃើញថា ពួកគេរួសរាយ ស្រួលរាប់អាន និងធ្វើការជាមួយ»។
សារដ៏សំខាន់ពីសហគមន៍ខ្មែរ-អាមេរិកាំង
អ្នកស្រីវេជ្ជបណ្ឌិត ស្រីរ៉ាំ គុយ ជាអនុប្រធានមជ្ឈមណ្ឌលសុខភាពនៃក្រសួងអតីតយុទ្ធជន ជឿជាក់ថា សកម្មភាពស្ម័គ្រចិត្តនេះបញ្ជូនសារដ៏សំខាន់ពីសហគមន៍ខ្មែរ-អាមេរិកាំង៖
«សូមថ្លែងអំណរគុណដល់អ្វីដែលអស់លោកលោកស្រីបានធ្វើដើម្បីបង្ហាញពិភពលោកថា សហគមន៍របស់យើងអាចប្រែក្លាយការឈឺចាប់ និងអន្ធកាលទៅជាការព្យាបាលនិងពន្លឺ។ សូមអរគុណដែលបានបង្ហាញពិភពលោកថា យើងមិនមែនកំណត់ត្រឹមរឿងរ៉ាវសោកសៅទេ ប៉ុន្តែយើងបានកំណត់ឡើងវិញនូវប្រវត្តិសាស្រ្តនៃការឈឺចាប់ឱ្យក្លាយជាការតស៊ូ ក្តីក្លាហាន សេចក្តីសង្ឃឹម ការផ្សះផ្សារ មនុស្សធម៌ និងមេត្តាករុណា។ ដោយសារតែអស់លោកលោកស្រី គឺមានជីវិតពលរដ្ឋ៥ម៉ឺននាក់បានប្រសើរឡើង។ សូមអរគុណដែលបានបង្ហាញពិភពលោកថា តើវាមានន័យយ៉ាងណាក្នុងការប្រែក្លាយរឿងជោគជ័យទៅជារឿងដែលមានសារៈសំខាន់»។
ខ្សែជីវិតអ្នកស្រីវេជ្ជបណ្ឌិត ស្រីរ៉ាំ គុយ អតីតជនភៀសខ្លួនខ្មែរ បានផ្លាស់ប្តូរដោយសារគ្រូពេទ្យស្ម័គ្រចិត្តនៃអង្គការកាកបាទក្រហម កាលពី៤០ឆ្នាំមុន។
អ្នកស្រីបានរៀបរាប់ថា៖ «កាលពីពេលនាងខ្ញុំនៅជាជនភៀសខ្លួនក្នុងជំរុំក្នុងទឹកដីថៃ គឺបានគ្រូពេទ្យស្ម័គ្រចិត្ត ដែលទៅជំរុំនោះជាអ្នកសង្គ្រោះជីវិតរបស់ខ្ញុំ នៅពេលដែលខ្ញុំនិងម្តាយត្រូវរបួសដោយគ្រាប់ផ្លោង។ គាត់ប្រហែលជាមិននៅទីនោះយូរឆ្នាំទេប៉ុន្តែក្នុងពេលគាត់នៅទីនោះ គាត់សង្គ្រោះជីវិតរបស់ខ្ញុំ ហើយនេះគឺជាហេតុផលដែលខ្ញុំបានមកទីនេះជជែកនឹងលោកនៅថ្ងៃនេះ និងថែរក្សាសុខភាពអតីតយុទ្ធជននិងពលរដ្ឋងាយរងគ្រោះដទៃទៀត»។
សមាគមសុខាភិបាលខ្មែរនៅអាមេរិកស្ថិតនៅទីក្រុងឡុងប៊ិច ហើយត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០១ ដោយក្រុមវេជ្ជបណ្ឌិត ទន្តបណ្ឌិត និងអ្នកជំនាញសុខាភិបាល ខ្មែរ-អាមេរិកាំង។
លោកវេជ្ជបណ្ឌិត សុង តាន់ បានបញ្ជាក់ប្រាប់វីអូអេថា៖ «អ្នកដែលស្ម័គ្រចិត្តពីសហរដ្ឋអាមេរិក យើងទាំងអស់គ្នាដែលទៅហ្នុង គឺមានសណ្ឋានចិត្តមានតែជួយ គឺអត់ចង់បានអ្វីមកវិញទេ....ម្នាក់ៗគឺអត់ចង់បានកម្រៃ គឺថា ម្នាក់ៗទៅបានកម្រៃដោយសារការទទួលមគ្គផល បានទទួលនូវសេចក្តីចាប់អារម្មណ៍ថាត្រឡប់មកវិញ គឺជីវិតយើងបានផ្លាស់ប្តូរ ដោយយើងទាំងអស់គ្នាបានធ្វើអំពើល្អក្នុងមនុស្សធម៌»។
សកម្មភាពមនុស្សធម៌នេះ រួមមានការលះបង់ពេលវេលាប្រកបរបរទទួលទានផ្ទាល់ខ្លួនផងដែរ។
លោកវេជ្ជបណ្ឌិត គុំ កុសល ជាទន្តពេទ្យត្រូវបិទគ្លីនិកនៅតាមបណ្តោយផ្លូវអាណាហែម ដែលសម្គាល់ក្រុងខ្មែររយៈពេលពីរសប្តាហ៍ជារៀងរាល់ឆ្នាំ។ អតីតជនភៀសខ្លួនដែលមានដើមកំណើតនៅខេត្តតាកែវរូបនេះ បានចូលរួមបេសកកម្មមិនដែលខានម្តងណាទេក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ហើយថែមទាំងនាំសមាជិកក្រុមគ្រួសារជួយផងដែរ។
លោកវេជ្ជបណ្ឌិត គុំ កុសល បានរំលឹកពីការព្យាបាលដែលធ្វើឱ្យលោកចងចាំជានិច្ច៖ «មានកុមារីម្នាក់ដែលគ្នាមានធ្មេញខូចយ៉ាងច្រើន ហើយមើលទៅឃើញតុក្កតាហើយចង់បាន ហើយក្រុមពេទ្យខ្ញុំថា «អូខេអានាងឯងបើចង់បានតុក្កតាហ្នឹង ត្រូវឱ្យពួកពូដកធ្មេញ ព្យាបាលធ្មេញឱ្យហើយ ប៉ុន្តែបើប៉ិនទ្រាំនឹងបានតុក្កតាល្អហ្នឹង»។ កុមារីហ្នឹង៩ឆ្នាំ ឱ្យដកធ្មេញសឹងតែពេញមួយមាត់ ហើយធ្មេញហ្នឹងពុករលួយពេញមួយមាត់ទាំងអស់ដូចគ្នា ហើយគ្នាខំទ្រាំ ចាក់ថ្នាំពេញមួយមាត់ ហើយអត់ហ៊ានយំមួយអ៊ឹទេព្រោះចង់បានតុក្កតា»។
កិច្ចការដ៏ធំនេះមានការស្ម័គ្រចិត្តចូលរួមជួយពីសហគមន៍ផងដែរ។ ជារៀងរាល់ពេលមុនចេញដំណើរបេសកកម្មសមាជិកសហគមន៍ទាំងចាស់ និងក្មេង បានប្រមូលគ្នាជួយវេចខ្ចប់ថ្នាំពេទ្យ ច្រាសដុសធ្មេញ ដៃសិប្បនិម្មិត និងបរិក្ខាពេទ្យ។
លោក ហ្វីលីព ទ្រីថុង គឺជាអនុប្រធានធនាគារ First Choice។ លោកជាពាណិជ្ជករដ៏ជោគជ័យម្នាក់ ដែលបានបង្កើតក្រុមហ៊ុនគណនេយ្យត្រកូល Thong, Yu, Wong & Lee នៅរដ្ឋកាលីហ្វញ៉ា។ លោកបានស្ម័គ្រចិត្តជួយដល់ក្រុមគ្រូពេទ្យ ដោយទទួលបន្ទុករៃអង្គាសថវិកា។
លោកបានបញ្ជាក់ថា៖ «សមាគមសុខាភិបាលខ្មែរនៅអាមេរិក គឺមានឈ្មោះល្បីដោយសារតែអ្នកស្ម័គ្រចិត្តធ្វើការបម្រើគេចេញលុយផ្ទាល់ខ្លួន ចេញវិជ្ជាជីវៈរបស់ផ្ទាល់ខ្លួនជួយ ចំណាយពេលចេញលុយទិញសំបុត្រយន្តហោះខ្លួនឯង។ ដូច្នេះប្រជាជនឃើញថាជាសមាគមមួយគេគោរព គេជឿ ហើយជាពិសេសទៅមើលអ្នកជំងឺហើយគ្មានយកលុយ ដូច្នេះពេលដែលយើងទៅសុំលុយគេ គឺគេសប្បាយចិត្តនឹងជួយ»។
បន្ថែមពីនេះ ជារៀងរាល់ឆ្នាំលោក ហ្វីលីព ទ្រីថុង គឺជាអ្នកកាន់កម្មវិធីក្នុងពិធីរៃអង្គាសថវិកាប្រចាំឆ្នាំផងដែរ។
លោកបានរៀបរាប់ថា៖ «ខ្ញុំធ្លាប់វេទនារត់ចេញពីអាពត វេទនាក្នុងជំរុំ ជាអ្នកធ្លាប់ទទួលបុណ្យទានគេធ្វើឱ្យ ដូច្នេះមានឱកាសនឹងធ្វើទៅវិញ យើងមករស់នៅអាមេរិកសិក្សាបានរកស៊ីមានបាន ជាឱកាសល្អ ដែលខ្ញុំអាចជួយអ្នកក្រទៅវិញ ជាការប្រសើរមានតម្លៃបំផុតហើយ»។
សមាជិកសហគមន៍ខ្មែរក្នុងទីក្រុងឡុងប៊ិច និងតំបន់ជិតខាងខ្លះ បានជោគជ័យក្នុងការងារ ប៉ុន្តែក៏មានអ្នកខ្លះនៅតែមានបញ្ហាប្រឈមដែរ។ បើទោះបីជាយ៉ាងនេះក៏ដោយ ពួកគេនៅតែមានសមានចិត្តគិតដល់ជនរួមជាតិនៅប្រទេសកំណើតជានិច្ច។ ការណ៍នេះឆ្លុះបញ្ចាំងតាមរយៈការបរិច្ចាគនៅកម្មវិធីរៃអង្គាស ដែលធ្វើមួយឆ្នាំ២ដង។
លោក អាឡាំង ឡូវឹនសល អ្នកតំណាងរាស្រ្តសហរដ្ឋអាមេរិកប្រចាំមណ្ឌល៤៧ ដែលរួមមានទីក្រុងឡុងប៊ិច បានសរសើរដល់ការងាររបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត។ លោកបានបញ្ជាក់នៅក្នុងសារថា៖
«ក្នុងនាមជាតំណាងរាស្ត្រនិងសហប្រធាននៃក្រុមតំណាងកម្ពុជាក្នុងរដ្ឋសភា ខ្ញុំសូមសរសើរដោយអស់ពីចិត្តដល់សមាគមសុខាភិបាលខ្មែរនៅអាមេរិក គឺលោកវេជ្ជបណ្ឌិត តាន់ សមាជិកគណៈគ្រប់គ្រងនិងអ្នកស្ម័គ្រចិត្តទាំងអស់ចំពោះការប្តេជ្ញាចិត្តដ៏ធំ ក្នុងការធ្វើឱ្យមានការកែប្រែជីវភាពពលរដ្ឋតាមរយៈសេវាកម្ម និងកម្មវិធីដែលបានរៀបរាប់ខាងលើ»។
បេសកកម្មលើកទី១០បានធ្វើឡើងកាលពីដើមខែមករា ឆ្នាំ២០២០នេះ នៅខេត្តកំពង់ស្ពឺ ដោយមានក្រុមវេជ្ជបណ្ឌិតនិងអ្នកជំនួយការសរុប១៣១នាក់ ហើយមានការជួយពីក្រុមគ្រូពេទ្យនិងនិស្សិតកម្ពុជា៩០នាក់ ហើយក្នុងពេលនោះក៏បានប្រគល់សម្ភារៈវះកាត់ជូនមន្ទីរពេទ្យបង្អែកខេត្តផងដែរ។
លោកវេជ្ជបណ្ឌិត សុង តាន់ បានបញ្ជាក់ប្រាប់វីអូអេថា៖ «ខ្ញុំថា រាល់ឆ្នាំយើងមកដល់១០ឆ្នាំ ខ្ញុំឃើញការរីកចម្រើនល្អមែនទែន ក៏ប៉ុន្តែប្រជាពលរដ្ឋយើងទាំងអស់ដែលខ្ញុំទៅតាមខេត្តនានានៅមានការខ្វះខាតខាងសម្ភារៈសម័យ។ ដូចនៅសហរដ្ឋអាមេរិកដែលយើងធ្វើការគឺគេមានសម្ភារៈសម័យមែនទែន ហើយបងប្អូននៅខាងនេះគឺខ្វះខាតច្រើនមែនទែន។ ដូច្នេះយើងធ្វើបេសកកម្មទៅតាមលទ្ធភាពដែលយើងអាចធ្វើបាន។ ដូច្នេះយើងសង្ឃឹមថា វឌ្ឍនភាពទៅថ្ងៃមុខនឹងមាន»។
រហូតមកដល់ពេលនេះ មានពលរដ្ឋកម្ពុជាជិត៦ម៉ឺននាក់ហើយ ដែលបានទទួលសេវាព្យាបាលទាំង១០លើកនេះ។
សម្រាប់លោកវេជ្ជបណ្ឌិត សុង តាន់ សកម្មភាពមនុស្សធម៌នឹងបន្តដរាបណានៅតែមានតម្រូវការ៖ «ដរាបណាប្រទេសយើងនៅត្រូវការបេសកកម្មយើងនេះ ដរាបនោះយើងនឹងខិតខំ ក៏ប៉ុន្តែម្នាក់ៗរាងចាស់ដែរហើយ ដូច្នេះសង្ឃឹមថា មានជំនាន់ក្រោយក្មេងៗបន្តទៅទៀត»។
ការបន្តសកម្មភាពមនុស្សធម៌ទៅមនុស្សជំនាន់ក្រោយ
កិច្ចការបន្ទាប់គឺការបណ្តុះមនុស្សជំនាន់ថ្មីឱ្យបន្តការងារមនុស្សធម៌នេះ។
លោកវេជ្ជបណ្ឌិត វិសាល ង៉ា អនុប្រធានសមាគមសុខាភិបាលខ្មែរនៅអាមេរិក គឺជាម្ចាស់គ្លីនិកព្យាបាលជំងឺទូទៅនៅតាមបណ្តោយផ្លូវអាណាហែម។ លោកបានចំណាយពេលខ្លីរស់នៅក្នុងជំរំ ប៉ុន្តែមិនបានឆ្លងកាត់របបខ្មែរក្រហមទេ។ លោកបានមកដល់សហរដ្ឋអាមេរិកនៅអាយុ៨ឆ្នាំ ហើយក៏បានស្ម័គ្រចិត្តជួយតាំងពីដើមមក។
«យើងជាកូនខ្មែរយើងកើតនៅស្រុកខ្មែរ ប៉ុន្តែឱពុកម្តាយយើងក៏ខ្មែរដែរ។ គាត់បានឆ្លងកាត់របបប៉ុល ពត។ មានខ្មែរយើងច្រើនមានបញ្ហា ហើយអត់អ្នកណាគេជួយ។ យើងចង់ជួយ ពីព្រោះយើងជាខ្មែរ គឺយើងត្រូវតែជួយគ្នាទៅវិញទៅមក»។
លោកវេជ្ជបណ្ឌិត វិសាល ង៉ា ក៏អំពាវនាវឱ្យវេជ្ជបណ្ឌិតដទៃទៀតចូលរួមក្នុងសកម្មភាពមនុស្សធម៌នេះផងដែរ។
«ជាក្មេងដែលរៀនពេទ្យ រៀនពេទ្យធ្មេញ បើសិនជាយើងអាចជួយគ្នាបាន យើងត្រូវតែជួយ ព្រោះអីមានអ្នកជំងឺច្រើនដែលអត់មានអ្នកណាជួយ ហើយវាជាការទទួលខុសត្រូវទៅតាមសមត្ថភាព»។
សមាគមសុខាភិបាលខ្មែរនៅអាមេរិកក៏ផ្តល់អាហារូបករណ៍ដល់និស្សិតដែលចង់បន្តអាជីពខាងផ្នែកវេជ្ជសាស្រ្ត។ ឆ្នាំនេះមាននិស្សិតចំនួន៣នាក់ទទួលបានអាហារូបករណ៍។
លោក ខេវិន មុយ គឺជានិស្សិតពេទ្យម្នាក់ដែលទទួលបានអាហារូបករណ៍។
លោកថ្លែងថា៖ «រឿងមួយដែលខ្ញុំរំភើបបំផុត គឺការសិក្សាវិជ្ជាពេទ្យនិងវិធីព្យាបាលអ្នកជំងឺឱ្យបានល្អ ពីព្រោះឥឡូវនេះខ្ញុំហាក់ដូចជាអត់ទាន់មានចំណេះអ្វីក្នុងខ្លួនទេ។ ប៉ុន្តែក្នុងពេលអនាគត បេសកកម្មលើកទី២០ ខ្ញុំនឹងចូលរួមក្នុងនាមជាវេជ្ជបណ្ឌិតមួយរូប»។
ក្រុមគ្រូពេទ្យខ្មែរ-អាមេរិកាំងក៏កំពុងតែពិនិត្យមើលលទ្ធភាពដើម្បីបង្កើតមន្ទីរព្យាបាលអចិន្ត្រៃយ៍មួយនៅប្រទេសកម្ពុជា ប៉ុន្តែក្នុងពេលនេះ ការងារប្រចាំរបស់ពួកគេនៅបន្តជានិច្ច៕