ឪពុក​របស់​ Jordan Pisey Windle៖ អនាគត​របស់​​កីឡាករ​លោតទឹក​អាមេរិកាំង​ដើម​កំណើត​ខ្មែរ​វែង​ឆ្ងាយ​ហួស​ពី​​ការ​ប្រកួត​ក្នុង​កីឡា​អូឡាំពិក

រូបផ្តុំ៖ លោក Jerry Windle ឪពុកចិញ្ចឹម ថតរូបជាមួយលោក Jordan Pisey Windle ដែលជាកូនប្រុសចិញ្ចឹមរបស់លោក ពេលលោក Jordan នៅតូច និងរូបឪពុកកូនទាំងពីរនាក់ថតជាមួយគ្នាពេលលោក Jordan កីឡាករលោតទឹកលំដាប់ថ្នាក់អន្តរជាតិ ធំដឹងក្តី។

កាលពី​ម៉ោង​១១ យប់​ជិត​រំលង​អាធ្រាត​ថ្ងៃ​សុក្រកន្លងទៅ លោក Jerry Windle អាយុ ៥៥​ឆ្នាំ បាន​ទន្ទឹង​មើលកូន​ប្រុស​របស់​លោក​គឺ​លោក Jordan Pisey Windle នៅ​លើ​កញ្ចក់​ទូរទស្សន៍​នៅ​ក្នុង​គេហដ្ឋាន​របស់​លោក នៅ​រដ្ឋកាលីហ្វ័រញ៉ា។

«ខ្ញុំ​ពិត​ជា​រំភើប​ដែល​បាន​ឃើញ​ក្តី​ស្រមៃ​របស់​ Jordan ក្លាយ​ជា​ការ​ពិត ហើយ​ដែលគាត់​បាន​ប្រកួត​ក្នុង​កីឡា​អូឡាំពិក។ ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ខ្លាំង​មែន​ទែន​ដែល​បាន​មើល​កូនខ្ញុំ​ប្រកួត»។

លោក Jerry Windle បាន​ថ្លែង​ប្រាប់​ VOA ដូច្នេះ បន្ទាប់​ពី​កូន​របស់​លោក​គឺ Jordan បាន​ប្រកួត​កីឡា​អូឡាំពិក​នៅ​តូក្យូ ក្នុង​វិញ្ញាសា​លោតទឹក​ផ្នែក​បុរស​កម្ពស់​ ១០ ម៉ែត្រ​វគ្គដំបូង ដោយ​បាន​ពិន្ទុសរុប ៣៩០.០៥ ដោយ​ធ្វើ​ឲ្យ​លោក​ជាប់​លំដាប់​ថ្នាក់​លេខ ១៥ ក្នុង​ចំណោម​កីឡាករ​ ១៨​នាក់ ដែល​អាច​ប្រកួត​ក្នុង​វគ្គពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ។

លោក Jerry ដែល​ជា​ឪពុក​ចិញ្ចឹម​បាន​បន្ថែម​ទៀត​ថា ការ​បាន​ឃើញ​កូន​ប្រុស​របស់​លោក​បាន​ជាប់​ទៅ​បន្ត​ប្រកួត​វគ្គពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​ ហើយ​អាចនឹង​ចូល​ប្រកួត​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​យក​មេដាយ​ បើសិន​ជា​ទទួល​បាន​ពិន្ទុ​កាន់ល្អ​ប្រសើរ​ គឺជា​ការ​តស៊ូ​ប្តេជ្ញាចិត្ត​និង​ការ​ខិតខំ​ប្រឹងប្រែង​រយៈពេល​ជាង ១៥ឆ្នាំកន្លង​មក​របស់​លោក​ Jordan។

លោកថា​ ការ​ប្រឹងប្រែង​រហូត​បាន​ប្រកួត​ក្នុង​កីឡា​អូឡាំពិក ក្នុង​នាម​ជា​កីឡាករ​លំដាប់​ថ្នាក់​អន្តរជាតិ​មួយ​រូប​របស់​ Jordan គឺ​មិនត្រឹមតែដើម្បីក្តីស្រមៃរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងដើម្បី​កុមារ​ដទៃ​ទៀត។​

លោក Jerry Windla បានថ្លែងប្រាប់ VOA ថា៖ «ក្នុង​នាមជា​អត្តពលិក​អូឡាំពិក គោល​ដៅ​សំខាន់​របស់​ Jordan គឺ​តំណាង​ឲ្យ​សំឡេង​របស់​កុមារ មិន​ត្រឹម​តែ​កុមារ​នៅ​សហរដ្ឋអាមេរិក​ទេ ថែម​ទាំង​កុមារ​នៅ​ប្រទេស​កម្ពុជា។ ហើយ​គាត់​ចង់​ធ្វើកិច្ចការ​នានា​ដើម្បី​ជំរុញ​ឲ្យ​មាន​ភាព​ផ្លាស់​ប្តូរ​ក្នុង​ជីវិត​របស់​អ្នក​ដទៃ។ គាត់​ចង់​ធ្វើ​សកម្មភាព​ដែល​គាត់​អាច​ជួយ​ដល់​អ្នក​ដទៃបាន»។

​លោក Jordan Pisey Windle អាយុ​ ២២ ​ឆ្នាំ គឺជា​អត្តពលិក​អូឡាំពិក​លោតទឹកអាមេរិកាំងដើម​កំណើត​ខ្មែរ ដែល​បាន​តំណាង​ឲ្យក្រុម​កីឡាករ​អាមេរិកក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលបានធ្វើឡើង​ថ្ងៃ​សៅរ៍​ ទី ៧ ខែសីហា នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

ហើយ​សម្រាប់​លោក Jerry Windle ដែល​ជា​ឪពុក​ចិញ្ចឹម ការ​ឈ្នះ​បាន​មេដាយ ឬ​មិន​បាន​មេដាយ មិន​មែន​ជា​គោលដៅ​ចុង​ក្រោយ​របស់​កូន​ប្រុស​របស់​លោក​នោះ​ទេ។ លោកបានលើកឡើងថា អនាគត​របស់​លោក Jordan Pisey Windle គឺ​វែងឆ្ងាយ ហើយនឹង​អាចឈានដល់ការបង្កើតឱកាសថ្មីដើម្បី​ជះ​ «ឥទ្ធិពល​វិជ្ជមាន» ដល់​អ្នក​ដទៃ​ទៀត ជាពិសេស​កុមារ​និង​ពលរដ្ឋ​នៅ​ប្រទេស​កម្ពុជា។

លោក Jerry បាន​ប្រាប់ VOA ថា៖ «ដូច្នេះ គាត់​ចង់​ជួយ​អ្នក​ដទៃ​ហើយ​សម្រាប់​ខ្ញុំ នេះ​គឺជា​តម្លៃស្មារតីកីឡា​អូឡាំពិក។ វា​ជា​ឱកាស​ដែល​ពិភពលោក​រួបរួម​គ្នា​ ដើម្បី​ជួយ​គ្នា​ទៅ​វិញ​ទៅមក​ក្នុង​ស្មារតី​កីឡា។ ហើយ​ Jordan គាត់​ចង់​ប្រើ​ឱកាស​នេះ​ដើម្បី​ក្លាយ​ជា​អ្នក​ដែល​នាំ​មក​នូវ​ឥទ្ធិពលវិជ្ជមាន​ដល់​ជីវិត​របស់​អ្នក​ដទៃ។ ហើយ​ការ​គិត​បែប​នេះ​របស់​គាត់ ​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​មោទនភាព​ខ្លាំង​ជា​ទី​បំផុត»។

​បច្ចុប្បន្ន​នេះ ឪពុក​និង​កូន​ទាំង​ពីរ​នាក់នេះ​ ​កំពុង​ខិតខំ​ធ្វើ​កិច្ចការ​ថ្មី​មួយ ដើម្បី​ធ្វើ​ឲ្យ​ក្តី​ស្រមៃ​មួយ​ទៀត​របស់​លោក Jordan ក្លាយ​ជា​ការពិត។ ​ក្តី​ស្រមៃ​នោះ ​គឺ​ការ​បង្កើត​ជា​មូលនិធិ​មួយ ដែល​អាច​ឲ្យ​កីឡាករ​លំដាប់​ថ្នាក់​អន្តរជាតិ​និង​អត្តពលិក​អូឡាំពិក​អាមេរកាំង​ដើម​កំណើត​ខ្មែរ​រូប​នេះ ផ្តល់​ឱកាស​ល្អៗ​ដល់​កុមារ​និង​ក្មេងៗ​ ដែល​ខ្វះខាត​ទាំង​នៅ​សហរដ្ឋ​អាមេរិក និង​ជាពិសេស​នៅ​ប្រទេស​កម្ពុជា។

លោក Jerry Windle បាន​ថ្លែង​ថា៖ «ហើយ​គាត់​ចង់​បង្កើត​មូលនិធិ​មួយ ដើម្បី​ប្រើ​សំឡេង​របស់​គាត់​ក្នុង​នាម​ជា​អត្តិពលិក​លំដាប់​ថ្នាក់​ពិភពលោក​និង​ជាអត្តពលិក​អូឡាំពិក ដើម្បី​ជួយ​ក្មេងៗ​នៅ​ប្រទេស​កម្ពុជា និង​នៅ​សហរដ្ឋ​អាមេរិក ជា​ពិសេស​ក្មេងៗ​ដែល​មិន​មាន​លទ្ធភាព ឬ​មិន​មាន​ឱកាស​ឈោង​ចាប់​យក​ក្តី​ស្រមៃ​របស់​ខ្លួន»។

លោក Jordan Pisey Windle អាយុ​ ២២​ឆ្នាំ គឺជា​អត្តពលិក​អូឡាំពិក​លោតទឹកអាមេរិក​ដើម​កំណើត​ខ្មែរ ​តំណាង​ឲ្យ​សហរដ្ឋ​ក្រុម​កីឡាករ​អាមេរិកនៅក្នុងការប្រកួតកីឡាអូឡាំពិក តូក្យូ ២០២០។

កាលពី​ខែ​មិថុនា ឆ្នាំ ២០០០ ក្រោយ​ពី​បាន​ទទួល​ព័ត៌មាន​អំពី​ការ​ដាក់​ពាក្យ​សុំ​កុមារ​ពី​ប្រទេស​កម្ពុជា​មក​ចិញ្ចឹម តាមរយៈ​ទស្សនាវដ្តី​មួយ​នៅ​ការិយាល័យ​របស់​លោក លោក Jerry Windle បាន​សម្រេច​ចិត្ត​ទទួល​យក Jordan Pisey Windle មក​ចិញ្ចឹម​នៅ​ទីក្រុង Fort Lauderdale រដ្ឋ Florida សហរដ្ឋ​អាមេរិក។ នៅ​ពេល​នោះ លោក Jordan ដែលត្រូវបានដាក់ឈ្មោះថា ពិសី គឺជា​កុមារ​កំព្រា​ម្នាក់​នៅ​ខេត្ត​ព្រះសីហនុ ដែលត្រូវបានទទួលយកទៅថែទាំដោយមណ្ឌលក្មេងកំព្រាមួយកន្លែង នៅខណ្ឌចោមចៅ រាជធានីភ្នំពេញ។ កាលនោះ ​លោក Jordan ​មាន​អាយុ​ត្រឹម​តែ​ជិត ២ ឆ្នាំ​ប៉ុណ្ណោះ។

នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​ VOA កាលពី​ឆ្នាំ ២០១៦ លោក Jerry Windle បាន​ឲ្យ​ដឹង​ថា លោក Jordan មាន​ទេពកោសល្យ​លោត​ទឹក​តាំង​ពី​នៅ​តូច។ ក្រោយ​ពី​បាន​រកឃើញ​ទេពកោសល្យ​របស់​ខ្លួន​មក លោក Jordan បាន​ទទួល​ការ​បង្ហាត់បង្រៀន​ជា​បន្តបន្ទាប់​ពី​គ្រូបង្វឹក​លំដាប់​ថ្នាក់​ជាតិ និង​ដ៏​មាន​ជំនាញ​ជា​ច្រើន​នាក់​របស់​សហរដ្ឋ​អាមេរិក ដូចជា​គ្រូបង្វឹកលោក Tim O'Brien លោក Evan Linette លោក Sean McCarthy និងលោក Greg Louganis។

បច្ចុប្បន្ន​នេះ លោក Jordan Windle ជា​កីឡាករ​លោកទឹកថ្នាក់ជាតិរបស់សហរដ្ឋអាមេរិក និងជាកីឡាករម្នាក់​ក្នុង​ក្រុម​កីឡាករ​លោតទឹក Texas Longhorns ប្រចាំ​សាកលវិទ្យាល័យ​ Texas ក្នុង​ក្រុង Austin ជា​វិទ្យាស្ថាន​អប់រំ​ដែល​លោក​កំពុង​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ។

ចាប់​តាំង​ពី​បាន​ចូលរួម​ប្រកួត​កីឡា​លោតទឹក​ក្នុង​រយៈពេល​ជាង ១២​ ឆ្នាំ​មក​នេះ លោក Jordan Pisey Windle បាន​ឈ្នះ​ពាន​រង្វាន់​ថ្នាក់​ជាតិ​ ៧​លើក សម្រាប់​វិញ្ញាសា​កីឡា​លោត​ទឹក​វ័យ​ជំទង់​ និង​ ៦លើក​សម្រាប់​វិញ្ញាសា​កីឡា​លោត​ទឹក​វ័យ​ក្មេង​ នៅ​សហរដ្ឋ​អាមេរិក។ តែ​តាំង​ពី​ចាប់​យក​អាជីព​ជា​កីឡាករ​លោតទឹក​មក​ ក្តី​ស្រមៃ​ដ៏​ធំ​បំផុត​មួយរបស់​លោក Jordan គឺ​ក្លាយ​ជា​អត្តពលិក​អូឡាំពិក ហើយក្តីស្រមៃមួយនេះ បានក្លាយជាការពិតរួចហើយនៅដើមខែសីហា ឆ្នាំ ២០២១នេះ។

ក្នុងការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ លោក Jerry Windle ដែល​ជា​ឪពុក​ដ៏​គំរូ​មួយ​រូប បានទន្ទឹង​ចាំ​មើល​កូន​ប្រុស​អាមេរកាំង​ដើម​កំណើត​ខ្មែរ​របស់​លោក លោត​ទឹក​ប្រកួត​សម្រេច​ក្តី​ស្រមៃ​របស់​ខ្លួន​ជា​ថ្មី​ម្តង​ទៀត។ ហើយ​រាល់​ការ​ប្រកួត​ មិន​ថា​លោក Jordan ឈ្នះ​បាន​ពាន​រង្វាន់ ឬ​មិន​បាន​ពាន​រង្វាន់ លោក Jerry Windle តែងតែ​មាន​មោទនភាព និង​ស្រឡាញ់​កូន​ប្រុស​សម្បុរ​ស្រអែម មាឌមាំ​ពោរពេញ​ដោយ​ស្នាម​ញញឹម​ស្រស់​ម្នាក់​នេះ​ជានិច្ច៕