ស្ត្រី​ជនជាតិ​ដើម​ភាគ​តិច​ថា​ដី​សម្បទាន​សេដ្ឋកិច្ច​ជា​ការ​គំរាម​ខ្លាំង

ស្ត្រី​ជនជាតិ​ដើម​ភាគ​តិច​​ម្នាក់​អង្គុយ​នៅ​ក្បែរ​កូន​របស់​គាត់​នៅ​​ភូមិ​មួយ​ក្នុង​ខេត្ត​មណ្ឌលគីរី នៅ​ឆ្នាំ​២០០៧។

បញ្ហា​ប្រឈម​ខ្លាំង​បំផុត​សម្រាប់​ស្ត្រីជនជាតិ​ដើម​ភាគ​តិច​នៅ​ភាគ​ឦសាន​ប្រទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ​ គឺ​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច។ នេះ​បើ​តាម​តំណាង​ស្ត្រី​ជា​ជនជាតិ​ដើម​ភាគ​តិច​ជាង​២០​នាក់​មក​ពី​តាម​បណ្ដា​ខេត្ត​នានា​ដែលបាន​មក​ជួបជុំ​គ្នា​ក្នុង​ក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​ពុធ​នេះ ដើម្បី​លើក​ឡើង​ពី​ការ​ប្រឈម​របស់​ពួក​គេ។ សិក្ខាសាលា​ថ្នាក់​ជាតិ​ដែល​មាន​រយៈពេល​បី​ថ្ងៃនេះ​រៀបចំ​ឡើងដោយ​សមាគម​យុវជន​ជនជាតិ​ដើម​ភាគ​តិច​កម្ពុជា និង​អ្នក​ការពារ​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច។​

ស្ត្រី​អ្នក​តំណាង​ដែល​ជា​ជនជាតិ​ព្នង គួយ និង​ស្ទៀង​ជា​ដើម ដែលមក​ពី​ខេត្ត​ចំនួន៨​ បាន​លើក​ឡើង​ថា​ ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដោយ​មិន​មាន​ការ​ពិគ្រោះ​យោបល់​ជាមួយ​សហគមន៍​មូលដ្ឋាន​កំពុង​តែ​យារយី​ដល់​វប្បធម៌ ប្រភព​ស្បៀង និង​វប្បធម៌​ទំនៀម​ទម្លាប់​របស់​ពួក​គេ​ ជា​ពិសេស​ស្ត្រី​ជនជាតិ​ដើម​ភាគ​តិច។​

លោកស្រី​នួន ម៉ុន ជា​ជនជាតិ​គួយ​មក​ពី​ខេត្ត​ព្រះវិហារ។​

«ការ​ឈូស​ឆាយរបស់​ក្រុមហ៊ុន​ធ្វើ​ឱ្យ​ស្ត្រី​ជនជាតិ​ដើម​ភាគ​តិច​វេទនា​ក្នុង​ការ​ប្រកប​របរ​ចិញ្ចឹម​ជីវិត ​ដូចជា​ការ​ទៅ​រក​អនុផល​ព្រៃ​ឈើ រក​ឱសថ​បុរាណ ទៅ​រក​ត្រី​នៅ​ត្រពាំង​បឹង​បួរ​គឺ​អត់​មាន​ទេ គឺ​គេ​លុប។​ ដូច្នេះ​ហើយ​បាន​ជា​មាន​ការ​ប្រឈម​ធ្ងន់ធ្ងរ ​ដូចជា​ក្រីក្រ​ ខ្វះ​លុយ​កាក់​ឱ្យ​កូន​ទៅ​រៀន​ព្រោះ​វា​បាត់បង់​មុខ​របរ​អស់​ហើយ»។​

ស្ត្រី​ជនជាតិ​ដើម​ភាគ​តិច​ទាំង​នោះ​ក៏​បាន​លើក​ឡើង​ដែរ​ថា ​ជា​រឿយៗ​ពួក​គេ​បាន​រង​គ្រោះ​ពី​ការ​រើសអើង កេង​ប្រវ័ញ្ច និង​ការ​រំលោភ​សិទ្ធិ​មនុស្ស។​ ហើយ​ការ​ដក​ហូត​សិទ្ធិ​ទាំង​នេះ​ប្រព្រឹត្ត​ទៅ​ ព្រម​គ្នា​ជាមួយ​អំពើ​ហិង្សា​ដោយ​កង​កម្លាំង​ប្រដាប់​អាវុធ អ្នក​មក​តាំង​ទី​លំនៅ​ថ្មី អាជ្ញាធរ និង​ក្រុមហ៊ុន​ឯកជន។​

អ្នក​ចូលរួម​ក៏​បាន​លើក​ឡើង​ពី​បញ្ហា​ប្រឈម​ផ្សេងៗ​ទៀត​ដែរ ​ដូចជា​ការ​មិន​ទទួល​បាន​ការអប់រំ​ ​និង​សេវា​សុខភាព​នៅ​តាម​មូលដ្ឋាន​របស់​ខ្លួន​ជា​ដើម។​

លោក​ងាច សាមិន ជា​ជនជាតិ​ព្នង និង​ជា​អ្នក​សម្រប​សម្រួល​គម្រោង​នៃ​អ្នក​ការពារ​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច​ ថ្លែង​ថា ​បញ្ហា​របស់ស្ត្រី​ជនជាតិ​ដើម​ភាគ​តិច​មិន​សូវ​បាន​លើក​យក​មក​ពិភាក្សា​នោះ​ទេ។​

«មូលហេតុដោយ​សារ​បញ្ហា​មាន​ច្រើន​ ប៉ុន្តែ​ស្ត្រី​ជា​កត្តា​អាទិភាព​សម្រាប់​យើង​លើក​មក​ជជែក​ ដោយ​សារ​គាត់​រងគ្រោះ​ច្រើន​ក្នុង​ចំណោម​ជនជាតិ​ដើម​ភាគ​តិច។ ជនជាតិ​ដើម​ភាគ​តិច​យើង​មាន​បញ្ហា​ច្រើន​ ដូចជា​សិទ្ធិ​ប្រើប្រាស់​ដី​ធ្លី​របស់​ពួកគាត់​ត្រូវ​ប្រឈម​នឹង​ការ​រំលោភ​បំពាន ហើយ​ក្រុមហ៊ុន​ និង​អ្នក​មាន​អំណាច​មួយ​ចំនួន​ មិន​បាន​គោរព​តាម​គោល​ការណ៍​ច្បាប់​អ្វី​ទេ»។​

សព្វ​ថ្ងៃ​នេះ​កម្ពុជា​មាន​ជនជាតិ​ដើម​ភាគតិច​ ឬ​ជនជាតិ​ខ្មែរ​លើ​ចំនួន​ប្រហែល​២៤​ជនជាតិ ​ដូច​ជា​ព្នង ​ចារ៉ាយ ​គ្រឹង ​និង​ទំពួន​ជាដើម ​សរុប​ជាង​២​សែន​នាក់។​

ពលរដ្ឋ​ទាំងនេះ​ភាគ​ច្រើន​រស់នៅ​ភាគ​ឦសាន្ត​នៃ​ប្រទេស​កម្ពុជា​ ដូចជា​ខេត្ត​មណ្ឌលគីរី ​រតនគីរី ​ក្រចេះ ​និង​ស្ទឹងត្រែង ​ហើយ​ប្រកប​របរ​កសិកម្ម​បែប​ប្រពៃណី ​និង​អាស្រ័យ​អនុផល​ព្រៃឈើ។​

ដោយ​ឡែក​ជនជាតិ​ដើម​ភាគ​តិច​អម្បូរ​ខ្លះ​ទៀត​ ដូចជា ​មិល ​ខោញ​ ស្អូច​ជា​ដើម ​ត្រូវ​បាន​ចាត់​ថ្នាក់​ក្នុង​អម្បូរ​កំពុង​រង​ការ​គំរាម​កំហែង​ ឬ​ជិត​សាប​សូន្យ។ ​នេះ​បើ​តាម​ការ​សិក្សា​មួយ​របស់​អង្គការ​សហការ​កម្ពុជា​នៅ​ឆ្នាំ​២០១១។​

លោកស្រី ​ឃឹម ចំរើន រដ្ឋលេខាធិការ​ក្រសួង​កិច្ចការ​នារី​ អះអាង​ថា ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​លើ​ជនជាតិ​ដើម​ភាគ​តិច ​ដូច​ជនជាតិ​ខ្មែរ​ទូទៅ​ដែរ។

«គោល​នយោបាយ​របស់​ក្រសួង​កិច្ចការ​នារី​គឺ​មិន​ប្រកាន់​ទោះ​បី​ជា​ស្ត្រី​ហ្នឹង​គាត់​មក​ពី​ជនជាតិ​ណា​ក៏​ដោយ ​ឱ្យ​តែ​ជា​ជនជាតិ​ខ្មែរ។ ហើយ​យើង​តែងតែ​យក​ចិត្ត​ទុក​ដាក់​ ជួយ​ដល់​បង​ប្អូន​ជនជាតិ​ដើម​ភាគ​តិច​ ដែល​នៅ​ភូមិភាគឦសាន​អញ្ចឹង​ក៏​មាន​គម្រោង​ ទាំង​ការ​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ក៏​ដូចជា​ជួយ​ពង្រឹង​សមត្ថភាព​របស់​ស្ត្រី​ដែល​ជា​អ្នក​ដឹកនាំ​ ទាំង​បងប្អូន​ជនជាតិ ​និង​បងប្អូន​ដែល​រស់នៅ​តំបន់​នោះ​ដែរ»។​

បន្ទាប់​ពី​សិក្ខាសាលា​ថ្នាក់​ជាតិ​រយៈពេល​បី​ថ្ងៃ​នេះ ស្ត្រី​ជនជាតិ​ដើម​ភាគ​តិច​ទាំង​នោះ​នឹង​ចេញសេចក្តី​ថ្លែង​ការណ៍​រួម​មួយ​ អំពី​បញ្ហា​ប្រឈម​និង​សំណូមពរ​របស់​ស្ត្រី​ជនជាតិ​ដើម​ភាគ​តិច​ បញ្ជូន​ទៅ​ក្រសួង​ពាក់ព័ន្ធ​នានា​ ដូចជា​ក្រសួង​កិច្ចការ​នារី ក្រសួង​អភិវឌ្ឍ​ជនបទ និង​ក្រសួង​ធនធាន​រ៉ែ​ និង​ថាមពល​ជា​ដើម៕