កម្ពុជា​នឹង​ចូលរួម​កិច្ច​ប្រជុំ​កំពូល​ពិសេស​អាស៊ាន​អាមេរិក​នៅ​ទីក្រុង​វ៉ាស៊ីនតោន​នា​ពាក់​កណ្តាល​ខែ​ឧសភា

រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ពិសេស​រវាង​អាស៊ាន​និង​ចិន តាម​អនឡាញ​ពី​វិមាន​សន្ដិភាព​ក្នុង​រាជធានី​ភ្នំពេញ ថ្ងៃទី២២ ខែវិច្ឆិកា​ ឆ្នាំ២០២២។ (An Khoun SamAun/National Television of Cambodia via AP)

ក្រសួង​ការ​បរទេស​កម្ពុជា​ឲ្យ​ដឹង​ថា​ កម្ពុជា​នឹង​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​ពិសេស​អាស៊ាន-សហរដ្ឋ​អាមេរិក ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ទីក្រុង​វ៉ាស៊ីន​តោន នៅ​ថ្ងៃ​ទី១២ និង​១៣ ខែ​ឧសភា ឆ្នាំ​២០២២។

កិច្ច​ប្រជុំ​នេះ​ត្រូវ​បាន​លើក​ពេល​ម្តង​រួច​មក​ហើយ កាល​ពី​ចុង​ខែ​មីនា ដោយ​សារតែ​មេដឹកនាំ​អាស៊ាន​មួយ​ចំនួន​មិន​អាច​ចូល​រួម​តាម​ពេលវេលា​ស្នើ​ឡើង​របស់​សហរដ្ឋ​អាមេរិក​បាន។

កិច្ច​ប្រជុំ​កំពូល​រវាង​សមាគម​ប្រជាជាតិ​អាស៊ី​អាគេ្នយ៍ ឬ​ហៅកាត់​ថា​ អាស៊ាន និង​សហរដ្ឋ​អាមេរិក ធ្វើ​ឡើង​ដើម្បី​បង្ហាញ​ពី​ទំនាក់​ទំនង​ដៃគូ​សន្ទនា​អាស៊ាន-សហរដ្ឋអាមេរិក ដែល​មាន​អាយុ​កាល​៤៥​ឆ្នាំ​មក​ហើយ។ នេះ​បើយោង​តាម​សេចក្តី​ថ្លែង​ការណ៍​ចេញ​ដោយ​ក្រសួង​ការបរទេស​កម្ពុជា។

សេចក្តី​ថ្លែង​ការណ៍ដែល​ត្រូវ​បាន​បង្ហោះ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​ក្រសួង​ការបរទេសកាល​ពី​ថ្ងៃ​ទី​១៦ ខែ​មេសា ​ឲ្យ​ដឹង​ថា​ កិច្ចប្រជុំ​កំពូល​នេះ​គឺ​ជា កិច្ច​ប្រជុំ​កំពូល​ពិសេស​លើក​ទី២ គិត​ចាប់​ពី​ឆ្នាំ២០​១៦​មក និង​ជា​ការ​ជួប​ប្រជុំ​ដោយ​ផ្ទាល់​មុខ​លើក​ទី១ សម្រាប់​ថ្នាក់​ដឹកនាំ​កម្ពុជា គិត​ចាប់​តាំង​ពី​ឆ្នាំ២០​១៧​មក។

យោង​តាម​សេចក្តី​ថ្លែង​ការណ៍ ថ្នាក់​ដឹកនាំ​អាស៊ាន និងប្រធានាធិបតី​អាមេរិក​លោក ចូ បៃដិន (Joe Biden) នឹង​ពិភាក្សា​ពី​កិច្ចសហប្រតិបត្តិការ​ទៅ​តាម​វិស័យ​ចម្បងៗ​ពាក់ព័ន្ធ​បញ្ហា​ជំងឺ​កូវីដ​១៩ បម្រែ​បម្រួល​អាកាសធាតុ និង​ការ​អភិវឌ្ឍ​ផ្សេងៗ។ បន្ថែម​ពី​នេះ ថ្នាក់​ដឹកនាំ​អាស៊ាន និង​សហរដ្ឋ​អាមេរិក​នឹង​ពិភាក្សា​ផ្លាស់​ប្តូរ​យោបល់​គ្នា​អំពី​បញ្ហា​តំបន់​និង​អន្តរ​ជាតិ​ ដែល​ជា​ផលប្រយោជន៍​ និង​កង្វល់​រួម​ផង​ដែរ។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក ជុំ សុន្ទរី ​បាន​ថ្លែងប្រាប់​វីអូអេ​តាម​ប្រព័ន្ធ​ផ្ញើសារ​តេឡេក្រាម​ថា កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-សហរដ្ឋអាមេរិក​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​រួម​គ្នា ដើម្បី​រក្សា​មជ្ឈភាព​និង​ឯកភាព​អាស៊ាន​ តាមរយៈ​យន្តការ​នានា​ដែល​ដឹកនាំ​ដោយ​អាស៊ាន​ ក៏ដូចជា ដើម្បី​បង្កើន​ជំនឿ​ និង​ទំនុកចិត្ត​គ្នា​ទៅវិញ​ទៅ​មក​ក្នុង​ការ​ថែរក្សា​សន្តិភាព ស្ថិរភាព និង​វិបុលភាព​ក្នុង​តំបន់។

លោក​បាន​បញ្ជាក់​ថា៖ «កម្ពុជា​ ក្នុង​ឋានៈ​ជា​ប្រធាន​អាស៊ាន​ មាន​ការ​តាំងចិត្ត​ខ្ពស់ ក្នុង​ការ​ជំរុញ​ឲ្យ​មាន​លទ្ធផល​ផ្លែផ្កា​នៃ​កិច្ចប្រជុំ​កំពូល​ពិសេស​នេះ។ ជាមួយ​គ្នា​នេះដែរ នេះ​ក៏​ជា​ឱកាស​ដ៏​ល្អ​មួយ​សម្រាប់​ការ​លើកស្ទួយ​ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា-សហរដ្ឋអាមេរិក​ផង​ដែរ»។

អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា លោក ផៃ ស៊ីផាន បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ​មិន​ទាន់​មាន​ការ​រៀប​ចំ​ជា​របៀប​វារៈ​ជាក់​លាក់​ណា​មួយ​នៅ​ឡើយ​នោះ​ទេ​ពាក់ព័ន្ធ​នឹង​កិច្ចប្រជុំ​ពិសេស​ខាង​លើ​នេះ ប៉ុន្តែ​លោក​ថា​បញ្ហា​នយោបាយ​នៅ​ភូមា បញ្ហា​សន្តិសុខ​តំបន់​អាស៊ាន វិបត្តិ​សង្រ្គាម​អ៊ុយក្រែន​-រុស្ស៊ីនឹង​ទំនង​ជា​ត្រូវ​បាន​ដាក់​បញ្ចូល​នៅ​ក្នុង​កិច្ច​ពិភាក្សា។ ​

លោក​ថ្លែង​ថា៖ «ដូច្នេះ​នេះ​មិន​ទាន់ជា​របៀបវារៈ​ណា​មួយ​ដែល​យើង​អាច​ទទួល​បាន​ជា​ផ្លូវ​ការនៅ​ឡើយ​ទេ។ យើង​ពិបាក​និយាយ​ណាស់​កន្លែង​ហ្នឹង គ្រាន់​ជា​ការ​ទស្សន៍​ទាយ​ទេ​ណា។ តែ​នៅ​ក្នុង​ហ្នឹង ដូច​ដឹង​ច្បាស់​ចឹង ប្រាកដ​ជា​និយាយ​អំពី​ភូមា​មួយ​ហើយ​នៅ​ក្នុង​សាច់រឿង​ហ្នឹង ហើយ​បន្ទាប់​ពី​ភូមា​មក និយាយ​ពី​សណ្តាប់​ធ្នាប់​ពិភព​លោក​ ដែល​មាន​ពាក់​ព័ន្ធ​នឹង​បញ្ហា​អ៊ុយក្រែន-រុស្ស៊ី តែ​នេះ​យើង​គ្រាន់​តែ​ប្រហែល​នោះ​ទេ»។

លោក​បន្ត​ថា នា​ពេល​ខាង​មុខ ក៏​អាច​មានលទ្ធភាព​នៃ​កិច្ចប្រជុំ​ផ្លូវ​ការ​ទ្វេភាគី​រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា ​ប្រសិន​បើ​មាន​ការ​ឯកភាព​គ្នា​ណា​មួយ​លើ​របៀបវារៈនៃ​កិច្ចប្រជុំ​ពី​សំណាក់ភាគី​ទាំង​ពីរ។

អ្នក​វិភាគ​នយោបាយ​និង​សង្គម លោក ​មាស នី លើក​ឡើង​ថា បញ្ហា​នៅ​ភូមា បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង និង​ការ​ឆ្លើយតប​ទៅ​នឹង​វិបត្តិ​សង្រ្គាម​អ៊ុយក្រែន​និង​រុស្ស៊ី​ អាច​ជា​ប្រធាន​បទ​ចម្បង​សម្រាប់នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូលពិសេស​អាស៊ាន និង​សហ​រដ្ឋអាមេរិក ខណៈ​លោក​សង្កត់​ធ្ងន់​ពី​ការ​ជជែក​ពិភាក្សា​ស្តី​ពី​ការ​ពង្រឹង​សម្ព័ន្ធភាព​ពាណិជ្ជកម្ម​តំបន់​អាស៊ីប៉ាស៊ីហ្វិក។

លោក​ថ្លែង​ថា៖ «អ៊ីចឹង​រឿង​ទាំង​បី​នេះ​ជា​រឿង​សំខាន់​ដែល​ត្រូវ​ដាក់​លើ​តុ​ប្រជុំ​អាស៊ាន។ ខ្ញុំ​គិត​ថា រឿង​មួយ​ទៀត​ដែល​នឹង​ជជែក​គ្នា​ដែរ​នោះ​ ប្រហែល​ជា​ជែក​គ្នា​ទៅ​លើ​ការ​ពង្រឹង​សម្ព័ន្ធភាព​ផ្នែក​ពាណិជ្ជ​កម្ម​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ផង​ដែរ។ ព្រោះ​អាមេរិក​ក៏ហាក់​ដូចជា ប្រហែល​ជា​យក​សម្ព័ន្ធភាព​ពាណិជ្ជកម្ម​មួយ​នេះ​មក​ធ្វើ​ជា​ផ្លូវ ឬ​ជា​ច្រក​មួយ​ ដើម្បី​ទប់​ទល់​នឹង​ការ​ពង្រីក​ឥទ្ធិពល​របស់​ប្រទេស​ចិន​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នេះ​ផង​ដែរ»។

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន មិន​ដែល​ត្រូវ​បាន​អញ្ជើញ​ជា​ផ្លូវ​ការ​ដោយ​ប្រធានាធិបតី​អាមេរិក​សម្រាប់​ការ​ពិភាក្សា​នៅ​សេត​វិមាន ក្នុង​ទីក្រុង​វ៉ាស៊ីន​តោន​ឡើយ។ គេ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​ថា​តើ​នឹង​មាន​ជំនួប​ទ្វេ​ភាគី​រវាង​លោក ចូ បៃ​ដិន និង​ថ្នាក់​ដឹកនាំ​កម្ពុជា​ឬ​យ៉ាងណា។

អ្នក​វិភាគ លោក មាស នី យល់ឃើញ​ថា​ មិន​មាន​លទ្ធភាព​ខ្ពស់​សម្រាប់​កិច្ចប្រជុំ​ទ្វេភាគី​រវាង​ថ្នាក់​ដឹកនាំ​កម្ពុជា និង​សហ​រដ្ឋអាមេរិក​នោះ​ទេ ខណៈ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​នៅ​មិន​ទាន់​មាន​ភាព​ល្អ​ប្រសើរ​នៅ​ឡើយ​ ហើយត្រូវ​ការ​ពេលវេលា​បន្ថែម​ទៀត​ក្នុង​ការ«ស្តាភាព​ស្មោះ​ត្រង់​រវាង​គ្នា» ក៏ដូចជា​អាស្រ័យ​លើ​ការ​វិវឌ្ឍ​នយោបាយ​ និង​ជំហរ​របស់​កម្ពុជា​ផង​ដែរ។

នាយិកា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា អ្នកស្រី​ ចក់ សុភាព ស្នើ​ឲ្យ​កម្ពុជា​ដែលជា​ប្រធាន​អាស៊ាន​ យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​លម្ហ​សង្គម​ស៊ីវិល​ផង​ដែរ​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​ពិសេស​ ខណៈអ្នកស្រី​សង្កេត​ឃើញ​ថា ​លម្ហ​សង្គម​ស៊ីវិល និង​នយោ​បាយ​នៅ​កម្ពុជា​នៅ​ប្រឈម​នឹង​ការ​រឹតត្បិត​នៅ​ឡើយ។

អ្នកស្រី​ថ្លែង​ថា៖ «គំរូ​ភាព​របស់​ប្រទេស​កម្ពុជា​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​មាន​ការ​ធានា​ដល់​ការ​គោរព​នូវ​សិទ្ធិ​មនុស្ស និង​ធានា​ឲ្យ​មាន​នូវ​លម្ហ​សង្គម​ស៊ីវិល​ប្រសើរ​នៅ​ក្នុង​ប្រទេស​កម្ពុជា ជា​គំរូ​មួយ​ដែល​កម្ពុជា​អាច​មាន​ទម្ងន់​នៅ​ក្នុង​ការ​ដោះស្រាយ​សម្រាប់​ថ្នាក់​តំបន់ និង​ថ្នាក់​សាកល​ផង​ដែរ»។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មេសា សេតវិមាន​ឲ្យ​ដឹង​ថា​ កិច្ច​ប្រជុំ​ពិសេស​នេះ​នឹង​ធ្វើ​ឡើង​ដើម្បី​ពង្រឹង​បន្ថែម​នូវ​ការ​ចូលរួម​របស់​លោក បៃដិន នៅ​ក្នុង​កិច្ច​ប្រជុំ​រវាង​សហរដ្ឋ​អាមេរិក និង​អាស៊ាន​កាលពី​ខែ​តុលា ឆ្នាំ​មុន ដែល​នៅ​ពេល​នោះ​លោក​បាន​ប្រកាស​នូវ​ថវិកា​ចំនួន​១០២​លាន​ដុល្លារ​អាមេរិក ក្នុង​គម្រោង​ផ្ដួច​ផ្ដើម​ថ្មី ដើម្បី​ពង្រីក​ការ​ចូលរួម​របស់​សហរដ្ឋ​អាមេរិក​ជាមួយ​អាស៊ាន​លើ​«ការ​ស្ដារ​ឡើង​វិញ​នូវ​ផល​ប៉ះពាល់​ដោយសារ​វិបត្តិ​កូវីដ​១៩ និង​សន្តិសុខ​សុខាភិបាល ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​វិបត្តិ​អាកាស​ធាតុ ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជា​ទូទៅ ការ​លើក​កម្ពស់​សមភាព​យេនឌ័រ និង​ការ​ពង្រឹង​ឱ្យ​បាន​ជ្រាល​ជ្រៅ​នូវ​ទំនាក់ទំនង​រវាង​ប្រជាពលរដ្ឋ និង​ប្រជាពលរដ្ឋ»។

អ្នក​នាំពាក្យ​សេត​វិមាន​ អ្នកស្រី Jen Psaki បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​របស់​សេតវិមាន​នោះ​ថា៖ «វា​គឺជា​អាទិភាព​កំពូល​សម្រាប់​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី Biden និង​អ្នកស្រី​អនុ​ប្រធានាធិបតី Harris នៅ​ក្នុង​ការ​ធ្វើ​ជា​ដៃគូ​ដ៏​រឹងមាំ​និង​ជាទី​ទុកចិត្ត​នៅក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។ សេចក្ដី​ប្រាថ្នា​រួម​របស់​យើង​សម្រាប់​តំបន់​នេះ​នឹង​បន្ត​ទ្រទ្រង់​ការ​តាំងចិត្ត​រួម​របស់​យើង​នៅក្នុង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ដែល​មាន​ភាព​សេរី​និង​បើក​ចំហ មាន​សន្តិសុខ មាន​ទំនាក់ទំនង និង​មាន​ភាព​ធន់»៕