កិច្ចប្រជុំទ្វេភាគីរវាងគណៈកម្មការចម្រុះព្រំដែនកម្ពុជានិងវៀតណាមបានបន្តនៅថ្ងៃពុធនេះដែលជាថ្ងៃទីពីរនៃកិច្ចប្រជុំរយៈពេលបីថ្ងៃនារាជធានីភ្នំពេញ ក៏ប៉ុន្តែមិនទាន់មានការសម្រេចណាមួយនៅឡើយនោះទេ។ នេះបើយើងតាមការឲ្យដឹងរបស់មន្ត្រីជំនាញកម្ពុជា។
បន្ទាប់ពីកិច្ចប្រជុំបិទទ្វារនាទីស្តីការគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃពុធនេះ ភាគីវៀតណាមដែលដឹកនាំដោយលោក ស៊ូ ស៊ានសឿង (Xo Xuan Son) អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានចាកចេញពីបន្ទប់ប្រជុំដោយរហ័សក្នុងភាពស្ងប់ស្ងាត់និងទឹកមុខស្ងួត។
លោក វ៉ា គឹមហុង សហប្រធានគណៈកម្មការចម្រុះកិច្ចការព្រំដែនកម្ពុជាវៀតណាមបានប្រាប់អ្នកសារព័ត៌មានដែលចាំនៅមុខបន្ទប់ប្រជុំថាមិនទាន់មានព័ត៌មានថ្មីនៅឡើយនោះទេ ហើយកិច្ចប្រជុំទ្វេភាគីនៅតែបន្តដល់ថ្ងៃព្រហស្បតិ៍ដែលជាថ្ងៃកំណត់ចុងក្រោយ។ លោក វ៉ា គឹមហុង បានឲ្យដឹងថាកិច្ចប្រជុំក៏មានផ្ដោតលើការចរចារឿងកំណត់ទូតរបស់កម្ពុជាដែលតវ៉ាចំពោះការជីកស្រះជាដើម។
«អត់មានអីទេ បាទចាំឲ្យចប់បានគេឲ្យមានសេចក្ដីប្រកាសព័ត៌មាន។ ចាំគេមើលសិន ព្រោះយើងនៅកំពុងចរចា ឲ្យចម្លើយម៉េចទាន់ បើគេនៅមិនទាន់ធ្វើចប់ផងនៅចរចាទៀត»។
ក្នុងពេលថ្មីៗនេះបញ្ហាព្រំដែនកម្ពុជាវៀតណាមបានឡើងកម្ពៅជាថ្មីបន្ទាប់ពីវៀតណាមបានជីកស្រះតាមបណ្ដោយព្រំដែនកម្ពុជានាខេត្តរតនគិរីនិងសាងសង់ប៉ុស្តិ៍យោធានៅជាប់ព្រំដែនខេត្តកណ្ដាល ដែលជាចំណុចមិនទាន់មានការឯកភាពគ្នានោះ។
កិច្ចប្រជុំទ្វេភាគីរវាងគណៈកម្មការចម្រុះព្រំដែនកម្ពុជានិងវៀតណាម រយៈពេលបីថ្ងៃនេះគឺដើម្បីពិភាក្សារឿងព្រំដែនបន្តទៀតបន្ទាប់ពីមានបាតុភាពនៅតាមព្រំដែននៃប្រទេសទាំងពីរនិងបន្តយន្តការបោះបង្គោលព្រំដែនកម្ពុជាវៀតណាម។
ទស្សនាកិច្ចប្រជុំថ្ងៃទី១៖
Your browser doesn’t support HTML5
កាលពីចុងខែមិថុនាកន្លងទៅ យ៉ាងហោចណាស់មានមនុស្ស១០នាក់បានរងរបួសបន្ទាប់ពីមានការប៉ះទង្គិចគ្នារវាងក្រុមសកម្មជនព្រំដែនដែលដឹកនាំដោយអ្នកតំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិដែលបានព្យាយាមទៅពិនិត្យមើលចំណុចព្រំដែន ដែលសង្ស័យថាមានភាពមិនប្រក្រតីនោះ ប៉ុន្តែត្រូវបានរារាំងដោយឆ្មាំព្រំដែននិងពលរដ្ឋវៀតណាមប្រដាប់ដោយដំបងនិងអាវុធអាការ។ ក្នុងចំណោមអ្នករងរបួសក៏មានតំណាងរាស្ត្ររបស់គណបក្សជំទាស់ប្រចាំខេត្តស្វាយរៀងគឺលោក រៀល ខេមរិន្ទ្រផងដែរ។
នាថ្ងៃច័ន្ទកន្លងទៅលោក រៀល ខេមរិន្ទ្រ បានដាក់លិខិតផ្លូវការមួយ អញ្ជើញ លោកវ៉ា គឹមហុងចុះទៅពិនិត្យបង្គោលព្រំដែនលេខ២០២និង២០៣ដែលជាចំណុចមានការផ្ទុះអំពើហិង្សានោះ។
ឆ្លើយទៅនឹងសំណួររបស់អ្នកសារព័ត៌មាននាព្រឹកថ្ងៃពុធនេះលោក វ៉ា គឹមហុង បានបដិសេធមិនព្រមចូលរួមចុះទៅពិនិត្យបង្គោលព្រំដែននាថ្ងៃអាទិត្យទី១៩ ខែកក្កដាខាងមុខទេ ដោយឆ្លើយយ៉ាងដូច្នេះថា៖
«ខ្ញុំមានកាតព្វកិច្ចអ្វីទៅគោរពលោក ឯកឧត្ដមហ្នឹងទេ។ ខ្ញុំនៅខាងរដ្ឋាភិបាលទេ។ គាត់នៅនីតិប្បញ្ញត្តិ។ ខ្ញុំនៅនីតិប្រតិបត្តិ។ចុះទៅមើលខ្លួនឯងទៅ។ គេដាំរួចហើយ គ្មាននរណាគេហាមឃាត់»។
លោក រៀល ខេមរិន្ទ្រតំណាងរាស្ត្រគណបក្សជំទាស់បានថ្លែងថាការបដិសេធរបស់លោក វ៉ា គឹមហុង គឺបង្ហាញពី «ភាពកំសាករបស់លោក» ពីព្រោះលោកគឺជាអ្នកជំនាញនិងបានធ្វើលើកិច្ចការបោះបង្គោលព្រំដែននេះដោយផ្ទាល់។ ការចុះទៅពិនិត្យបង្គោលព្រំដែនទៀតសោតគឺដើម្បីបញ្ជាក់ពីការរំលោភបំពានរបស់វៀតណាមនិងការប្រើអំពើហិង្សាមកលើពលរដ្ឋកម្ពុជាក្នុងទឹកដីខ្លួនឯងនោះ។
«ប្រសិនបើគាត់គិតថារឿងហ្នឹងជារឿង ប្រយោជន៍ជាតិ រឿងហ្នឹងជាប្រយោជន៍យើងទាំងអស់គ្នា មិនគួរគាត់បដិសេធទេ ខ្ញុំមានការសោកស្តាយណាស់ ព្រោះកាលពីថ្ងៃមុន នៅក្នុងសន្និសីទកាសែតនាទីស្តីការគណៈរដ្ឋមន្ត្រី គាត់បាននិយាយដោយខ្លួនឯង ខ្ញុំបានសួរគាត់អំពីបញ្ហាដែលគេវាយខ្មែរនៅក្នុងទឹកដីរបស់ខ្មែរ ហើយគាត់ថាបើយើងគ្រាន់តែទៅមើលព្រំដែនរបស់យើង ជាពិសេសបង្គោល ព្រំដែនលេខ២០៣ បើយើងគ្រាន់តែទៅមើលបង្គោលព្រំដែនគេវាយយើងគេឃាត់យើងមានន័យថាគេខុស»។
កិច្ចប្រជុំទ្វេភាគីរវាង គណៈកម្មការចម្រុះព្រំដែនកម្ពុជានិងវៀតណាម រយៈពេលបីថ្ងៃនេះនឹងត្រូវបញ្ចប់នាថ្ងៃព្រហស្បតិ៍ខាងមុខនេះ។ គេសង្ឃឹមថាបញ្ហាមួយចំនួនជុំវិញការបោះបង្គោលព្រំដែន រួមទាំងការដោះដូរដីនឹងអាចស្រាយបំភ្លឺនាពេលនោះ៕