ទោះបីជាសេចក្ដីព្រាងច្បាប់សហជីព ត្រូវបានគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា បានកំណត់ដាក់ឲ្យសម័យប្រជុំសភាវិសាមញ្ញ ពិភាក្សានិងអនុម័តនៅថ្ងៃទី៤ខែមេសាក៏ដោយ ក៏តំណាងសហជីព និងតំណាងកម្មករនៅថ្ងៃអង្គារនេះ បានដាក់ញត្តិ និងធ្វើសន្និសីទនៅមុខទីស្តីការគណៈរដ្ឋមន្ត្រី ទាមទារឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយធ្វើយ៉ាងណាឲ្យមានការបន្ថែមអនុសាសន៍របស់សហជីពឲ្យបានច្រើនក្នុងសេចក្ដីព្រាងច្បាប់ដ៏ចម្រូងចម្រាសនេះ។
លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរហៅកាត់ថា C-CAWDU ដែលបានដឹកនាំតំណាងសហជីព និងកម្មករជាង៣០នាក់ធ្វើសន្និសីទ និងដាក់ញត្តិនេះ បានប្រាប់ VOA ថា សហជីពបានដំណឹងថា គណៈកម្មការបច្ចេកទេសសភាបញ្ជូនច្បាប់នេះមិនផ្លូវការ ឲ្យក្រុមជំនាញរដ្ឋាភិបាលពិនិត្យច្បាប់នេះឡើងវិញ ហេតុនេះហើយបានជាសហជីពមានសង្ឃឹមជាថ្មី មកដាក់ញត្តិជូនលោកនាយករដ្ឋមន្ត្រី។
«សមាជិករដ្ឋាភិបាលហ្នឹង ក៏ជាសមាជិកនៃសភាដែរ អញ្ចឹងយើងយល់ឃើញថា នៅពេលអនុម័តហ្នឹង គឺគាត់នឹងទទួលនូវសំណើរបស់យើងដើម្បីអនុម័តហ្នឹង។ ខ្ញុំគិតថា ច្បាប់ហ្នឹងអាចនឹងមានការកែប្រែខ្លះកន្លែងដែលយើងគិតថា ពិបាក»។
លោកនិយាយថា ការដាក់ញត្តិនិងការធ្វើសន្និសីទនៅទីស្ដីការគណៈរដ្ឋមន្ត្រីនៅថ្ងៃនេះ ធ្វើតាមការសម្រេចរបស់កិច្ចប្រជុំរបស់សហជីពកាលពីច័ន្ទ។ លោកនិយាយថា ទីស្ដីការគណៈរដ្ឋមន្ត្រីបានទទួលញត្តិនេះហើយ។
ទោះជាយ៉ាងណាក្ដី លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី បានថ្លែងថា ព័ត៌មាននិងការយល់ឃើញរបស់សហជីពនេះគឺខុសនីតិវិធី ហើយការធ្វើសន្និសីទរបស់សហជីព មានចេតនាមិនល្អចំពោះរដ្ឋាភិបាល។
«ទិសដៅរបស់គេ គេមិននិយាយអំពីទិសដៅច្បាប់ទេ។ ទិសដៅរបស់គេគឺធ្វើយ៉ាងម៉េចដើម្បីប្រមាថ ឬវាយប្រហារមកលើរាជរដ្ឋាភិបាល។ ជំហរគណៈរដ្ឋមន្ត្រីបានបញ្ចប់រួចស្រេច នៅពេលប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ជាជំហររួម មិនមែននាយករដ្ឋមន្ត្រីទេ។ អាហ្នឹងជាជំហររួម»។
លោក ផៃ ស៊ីផាន បានបន្តថា ការដាក់ញត្តិនៅទីស្ដីការគណៈរដ្ឋមន្ត្រីនេះមិនមានប្រយោជន៍អ្វីទេ ព្រោះច្បាប់នេះត្រូវបានគណៈអចិន្ត្រៃយ៍រដ្ឋសភាកំណត់ដាក់ឲ្យសភាវិសាមញ្ញពិភាក្សានៅថ្ងៃទី៤ខែមេសា ក្រោយពីសភាបានធ្វើសិក្ខាសាលាលើកទីពីរកាលពីថ្ងៃទី៩ខែមីនាដើម្បីស្ដាប់មតិសង្គមស៊ីវិល និងសហជីព។
មួយថ្ងៃក្រោយមក មតិរបស់សហជីពនៅក្នុងសិក្ខាសាលានោះ ត្រូវបានគណៈកម្មការជំនាញរបស់រដ្ឋសភា បញ្ចូលតិចតួចប៉ុណ្ណោះក្នុងសេចក្ដីព្រាងច្បាប់ដ៏ចម្រូងចម្រាសនេះ។
គណៈកម្មការចំពោះកិច្ចការរបស់រដ្ឋសភាជាតិ បានធ្វើសិក្ខាសាលាលើក ទី១លើសេចក្ដីព្រាងច្បាប់ស្ដីពីសហជីព កាលពីថ្ងៃទី១៩ខែមករា។ សេចក្ដីព្រាងច្បាប់នេះ បានទៅដល់គណៈកម្មការនីតិកម្មនៃរដ្ឋសភាជាតិកាលពីចុងខែវិច្ឆិកាឆ្នាំ២០១៥ បន្ទាប់ពីទីស្ដីការគណៈរដ្ឋមន្ត្រី បានអនុម័តសេចក្ដីព្រាងច្បាប់នេះដោយគ្មានការកែប្រែ។
សេចក្ដីព្រាងច្បាប់សហជីពនេះ ត្រូវបានរៀបចំកែប្រែជាថ្មី ដោយគណៈកម្មាធិការចំពោះកិច្ចនៃរដ្ឋសភាមកពីគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ កាលពីពាក់កណ្ដាលខែមករា។
ប៉ុន្តែការអនុម័តរបស់គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ដែលដាក់សេក្តីព្រាងច្បាប់នេះ ឲ្យសម័យប្រជុំសភាវិសាមញ្ញពិភាក្សានិងអនុម័តនៅថ្ងៃទី៤ខែមេសានោះ មិនមានការគាំទ្រពីសមាជិកមកពីគណបក្សសង្គ្រោះជាតិទេ។
ក្រុមសហជីព និងកម្មករ បានធ្វើការតវ៉ាសម្ដែងការមិនពេញចិត្តចំពោះសេចក្ដីព្រាងច្បាប់នេះជាបន្តបន្ទាប់ និងបានសុំឲ្យមានការកែប្រែចំណុចចំនួន២១ ជាពិសេសទាក់ទងនឹងការរឹតបន្តឹងសិទ្ធិធ្វើកូដកម្ម ការរំលាយអង្គភាព និងការត្រួតពិនិត្យការគ្រប់គ្រងហិរញ្ញវត្ថុរបស់សហជីពជាដើម។
សហជីពឯករាជ្យខ្លះដែលធ្វើការដើម្បីប្រយោជន៍កម្មករ បានរិះគន់ថា សេចក្ដីព្រាងច្បាប់ដ៏ចម្រូងចម្រាស នេះមានលក្ខណៈរឹតបន្តឹងការចងក្រងសហជីពនៅតាមបណ្ដារោងចក្រ និងសហគ្រាសនានា។ ប៉ុន្តែតំណាងនិយោជកក៏សម្ដែងការមិនពេញចិត្តចំពោះសេចក្ដីព្រាងច្បាប់នេះដែរ៕