មន្ទីរសន្តិសុខស២១ ឬគុកទួលស្លែងនឹងត្រូវដាក់ក្នុងរបៀបវារៈនៃការកាត់ទោសសំណុំរឿង០០២វគ្គទី២ដែលគេរំពឹងថា ឌុច ដែលជាអតីតប្រធានគុកដ៏ប្រល័យនេះអាចនឹងត្រូវកោះហៅឲ្យចូលផ្តល់សក្ខីកម្មជាថ្មីម្តងទៀត។
មានអ្នកទោសគុកទួលស្លែងយ៉ាងតិច១២.៣៨០នាក់ត្រូវបានធ្វើទារុណកម្មយ៉ាងព្រៃផ្សៃនិងបន្ទាប់មកត្រូវយកទៅសម្លាប់ចោលក្នុងនោះក៏មានជនជាតិបរទេសផងដែរ។
កាំង ហ្កិចអៀវ ហៅឌុច អតីតមេគុកទួលស្លែងធ្លាប់ត្រូវបានកោះហៅឲ្យមកផ្តល់សក្ខីកម្មក្នុងការកាត់ទោសសំណុំរឿង០០២វគ្គទី១ម្តងហើយ។ ក្នុងពេលនោះឌុច បានបង្ហាញថានួន ជា ជាអ្នកមានអំណាចត្រួតពិនិត្យនិងចាត់ចែងលើគុកទួលស្លែង។
នួន ជា អតីតប្រធានសភាខ្មែរក្រហមនិងខៀវ សំផន អតីតប្រមុខរដ្ឋគឺជាជនជាប់ចោទតែពីរនាក់គត់ដែលកំពុងស្ថិតក្រោមការកាត់ទោស។
លោកនេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមឲ្យដឹងថាមន្ទីរសន្តិសុខស ២១ ឬគុកទួលស្លែងនេះជាមន្ទីរសន្តិសុខមួយក្នុងចំណោមមន្ទីរសន្តិសុខចំនួនបួនដែលស្ថិតក្នុងវិសាលភាពនៃការកាត់ទោសសំណុំរឿងទី២វគ្គទី២នេះ។
លោកបន្ថែមថា៖
«ក្នុងករណីចាំបាច់នៅក្នុងសំណុំរឿង០០២វគ្គ២នេះឌុច អាចនឹងត្រូវគេកោះហៅមកផ្តល់សក្ខីកម្មបន្ថែមទៀត។ ក៏ប៉ុន្តែការសម្រេចយ៉ាងណានោះអាស្រ័យទៅលើអង្គជំនុំជម្រះសាលាដំបូងដែលលោកនឹងធ្វើការពិនិត្យ»។
យោងតាមអនុស្សារណៈដែលផ្សព្វផ្សាយជាសាធារណៈកាលពីថ្ងៃអង្គារដោយសាលាក្តីខ្មែរក្រហម ការិយាល័យសហព្រះរាជអាជ្ញាបានស្នើឲ្យមានការជំនុំជម្រះលើមន្ទីរសន្តិសុខចំនួនបួនគឺមន្ទីរសន្តិសុខស ២១ មន្ទីរសន្តិសុខក្រាំងតាំចាន់ មន្ទីរសន្តិសុខអូរកន្សែងនិងមន្ទីរសន្តិសុខភ្នំក្រោល។
មនុស្សជាច្រើនម៉ឺននាក់ត្រូវបានចាប់យកមកដាក់គុកនិងសម្លាប់ចោលក្នុងគុកទាំងបួននេះ។
លោកបណ្ឌិតឡៅ ម៉ុងហៃ អ្នកវិភាគនិងជាអ្នកតាមដានដំណើរការកាត់ទោសខ្មែរក្រហមយ៉ាងយកចិត្តទុកដាក់មួយរូបមានប្រសាសន៍ថា ការដាក់បរិបថគុកទួលស្លែងនិងគុកដទៃទៀតក្នុងការកាត់ទោសជំហានទី២នេះជាការបំពេញបន្ថែមក្នុងការបើកកកាយភស្តុតាងលើឧក្រិដ្ឋកម្មកន្លងមក។
«អ្នកសិក្សាស្រាវជ្រាវ គេថាអត់គ្រប់គ្រាន់ទេក្នុងការយកតែឧក្រិដ្ឋកម្មដែលកើតមានក្នុងគុកទួលស្លែងនេះព្រោះថានៅកន្លែងដទៃឧក្រិដ្ឋកម្មក៏ច្រើននិងឃោរឃៅណាស់ដែរ។ដូច្នេះជាការសមហេតុផលហើយដើម្បីឲ្យមានភស្តុតាងកាន់តែច្បាស់លាស់ថែមទៀតនូវឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិរបស់របបខ្មែរក្រហម»។
ការកាត់ទោសសំណុំរឿងទី២វគ្គទី២ត្រូវគេជឿថាអាចនឹងប្រព្រឹត្តទៅនៅចុងឆ្នាំ២០១៤នេះក្នុងដំណើរស្វែងរកយុត្តិធម៌សម្រាប់ជនរងគ្រោះកម្ពុជាដែលត្រូវបានសម្លាប់និងបានស្លាប់យ៉ាងតិច១,៧លាននាក់ចន្លោះពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩។
ហើយសវនាការបឋមដើម្បីរៀបចំការកាត់ទោសនេះនឹងប្រព្រឹត្តទៅនៅចុងខែកក្កដានេះហើយគឺជាសវនាការដែលនឹងផ្តោតការពិភាក្សាលើបញ្ហាសំណងសម្រាប់ដើមបណ្តឹងរដ្ឋប្បវេណី បញ្ហាអង្គច្បាប់នានា និងការកំណត់លំដាប់នៃដំណើរការនីតិវិធីជំនុំជម្រះក្តី៕