គណៈប្រតិភូកម្ពុជាដឹកនាំដោយរដ្ឋលេខាធិការប្រចាំការនៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិលោកអ៊ុចបូររិទ្ធបានលើកឡើងក្នុងសន្និសីទអន្តរជាតិមួយពីការសម្រេចជោគជ័យក្នុងការទទួលបានសន្តិភាពការបង្រួបបង្រួមជាតិនិងបានទប់ស្កាត់មិនឲ្យមាននូវអ្វីដែលគេហៅថា «បដិវត្តន៍ពណ៌»នៅក្នុងប្រទេស។
លោក អ៊ុច បូររិទ្ធ ដែលត្រូវជ្រើសតាំងជាតំណាងឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានថ្លែងក្នុងសន្និសីទលើកដំបូងនៃការប្រារព្ធខួបលើកទី៦០ឆ្នាំនៃការបង្កើត«ចលនាមិនចូលបក្សសម្ព័ន្ធ»ចាប់ពីថ្ងៃទី១១ដល់ទី១២ខែតុលាថាកម្ពុជាបានហែលឆ្លងគ្រប់រសជាតិក្នុងការតស៊ូ ដើម្បីឯករាជ្យការកសាងសន្តិភាពនិងការកសាងប្រទេស។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជាចេញផ្សាយជាសាធារណៈកាលពីថ្ងៃអង្គារ។
យោងតាមសេចក្តីប្រកាសដដែល លោក អ៊ុច បូររិទ្ធ បានប្រាប់សន្និសីទតាមសេចក្តីថ្លែងការណ៍ដែលធ្វើនៅទីក្រុងប៊ែលក្រាដប្រទេសស៊ែប៊ីថា៖ «កម្ពុជាបានធ្វើដំណើរលើផ្លូវមួយដ៏វែងឆ្ងាយហើយតាមបទពិសោធន៍របស់យើងខ្ញុំសន្តិភាព ស្ថិរភាពនិងសន្តិសុខគឺមានតម្លៃខ្ពង់ខ្ពស់ឧត្តុង្គឧត្តមបំផុតដែលយើងខ្ញុំខិតខំការពារនិងតស៊ូប្រយុទ្ធប្រឆាំងគ្រប់ការប៉ុនប៉ងតាមរយៈអ្វីដែលគេហៅថាបដិវត្តន៍ពណ៌ដកហូតសិទ្ធិកំណត់ជោគវាសនារបស់យើងខ្ញុំ»។
លោកបានបន្ថែមថា៖ «ប្រទេសកម្ពុជាទទួលបានជោគជ័យក្នុងការបញ្ចប់ការបង្ហូរឈាមនិងការសម្រេចបាននូវសន្តិភាពនិងការបង្រួបបង្រួមជាតិតាមរយៈគោលនយោបាយឈ្នះ-ឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃយើងក្នុងឆ្នាំ១៩៩៨»។
បើតាមលោក អ៊ុច បូររិទ្ធ ខណៈកម្ពុជាបានមើលឃើញសន្តិភាពនិងការបង្រួបបង្រួមជាតិនោះប្រទេសជាច្រើននៅមិនទាន់ទទួលបានសន្តិភាពនៅឡើយ ហើយរដ្ឋសមាជិកចលនាមិនចូលបក្សសម្ព័ន្ធខ្លះក៏បានរងគ្រោះពីការលូកដៃពីខាងក្រៅ និងការផ្លាស់ប្តូររបប សង្គ្រាមស៊ីវិលនិងសង្គ្រាមជនជាតិភាគតិច។
លោកកត់សម្គាល់ក្នុងន័យដើមថា៖ «ជាអកុសលសន្តិភាពនៅតែជាសុបិនដែលមិនអាចសម្រេចបានសម្រាប់ប្រទេសជាច្រើន»។ លោកបន្ថែមទៀតថា៖ «ជាការពិតសន្តិភាពអាចត្រូវបានចរចាដោយជោគជ័យប៉ុន្តែវាមិនអាចត្រូវបានកំណត់ដោយតួអង្គខាងក្រៅហើយការកសាងរដ្ឋក៏មិនអាចនាំចូលឬនាំចេញបាននោះទេ»។
នៅពេលកម្ពុជាបង្ហាញជោគជ័យនៃការទទួលបានសន្តិភាពនៅចំពោះមុខប្រទេសជាសមាជិកនៃចលនាមិនចូលបក្សសម្ព័ន្ធនោះប្រទេសក្នុងតំបន់អាស៊ីគេ្នយ៍មួយនេះត្រូវបានមើលឃើញថាកំពុងស្ថិតនៅចំចំណុចកណ្តាលនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរបស់មហាអំណាចធំពីរគឺសហរដ្ឋអាមេរិកនិងចិន។
ប្រទេសដែលធ្លាប់ស្ថិតក្រោមអាណានិគមនិយមបារាំងមួយនេះក៏បានឆ្លងកាត់ជម្លោះនយោបាយជាច្រើនដំណាក់កាលហើយមកដល់សព្វថ្ងៃនេះការតទល់គ្នារវាងគណបក្សប្រឆាំងដ៏ធំមួយនិងគណបក្សគ្រប់គ្រងប្រទេសបានក្លាយជាជម្លោះនយោបាយរ៉ាំរ៉ៃដែលមិនទាន់ត្រូវបានដោះស្រាយរួចនៅឡើយ។ នេះបើតាមការសង្កេតរបស់អ្នកវិភាគមួយចំនួន។
អ្នកវិភាគនយោបាយលោក សេង សារី ប្រាប់វីអូអេនៅថ្ងៃពុធនេះថាគ្មានសញ្ញានៃការដោះស្រាយជម្លោះនយោបាយដែលបានកើតឡើងក្រោយពីការរំលាយគណបក្សសង្គ្រោះជាតិកាលពីឆ្នាំ២០១៧ដោយលើកហេតុផលថាអ្នកនយោបាយខ្មែរជើងចាស់នឿយណាយជាមួយនឹងការជជែកគ្នា។ លោកសង្ឃឹមថា អ្នកនយោបាយជំនាន់ថ្មីអាចនាំមកឲ្យកម្ពុជានូវរបៀបរបបធ្វើនយោបាយថ្មីមួយដែលយកការចរចាជាធំជាជាងការផ្ចាញ់ផ្ចាលគ្នាដូចក្នុងស្ថានភាពបច្ចុប្បន្ននេះ។
លោកនិយាយថា៖ «ជម្លោះនយោបាយ នយោបាយរវាងមេដឹកនាំកំពូលនៃគណបក្សទាំងពីរគណបក្សកាន់អំណាចជាមួយនឹងគណបក្សប្រឆាំងហ្នឹងខ្ញុំមើលឃើញថាវាលែងមានពន្លឺនៅក្នុងការចរចាផ្សះផ្សាហើយ។ អ្វីដែលសំខាន់ហ្នឹងយើងមានតែចាំពេលវេលាដែលពួកគាត់ចេញពីឆាកនយោបាយហើយអាចអ្នកនយោបាយជំនាន់ថ្មីឬក៏អ្នកនយោបាយឈាមថ្មីហ្នឹងអាចមានរបៀបរបបធ្វើនយោបាយបែបថ្មីដែលអាចយកការចរចាជាឧបករណ៍នៅក្នុងប្រកួតប្រជែងនយោបាយឲ្យបានច្រើនជាងមុន»។
នៅក្នុងសំណុំរឿងប្រជែងឥទ្ធិពលរវាងសហរដ្ឋអាមេរិកនិងចិននៅកម្ពុជារហូតកម្ពុជាត្រូវបណ្តាញសារព័ត៌មានអន្តរជាតិមួយចំនួនរាយការណ៍ថា អាចនឹងក្លាយជាទីនៃការតាំងមូលដ្ឋានរបស់ចិនហើយទទួលរងការរិះគន់ពីសហគមន៍អន្តរជាតិមួយចំនួននោះលោក សេង សារី លើកឡើងថាកម្ពុជា ត្រូវបន្តបកស្រាយជូនមហាជននិងដៃគូប្រជែងរបស់ចិនឲ្យបានច្បាស់ពាក់ព័ន្ធនឹងរឿងនេះដើម្បីបញ្ជាក់ពីជំហរអព្យាក្រឹតកម្ពុជាក្នុងទំនាក់ទំនងកិច្ចការបរទេស។
លោកថ្លែងយ៉ាងដូច្នេះ៖ «ដូច្នេះសំខាន់សំណួរនៅត្រង់ថាតើបានទទួលយកការរិះគន់ហ្នឹងយកទៅពិចារណាដើម្បីធ្វើម៉េចរក្សាតុល្យភាពការគិតឬក៏ទស្សនៈរបស់មហាជនទៅលើរដ្ឋាភិបាលទាក់ទងទៅនឹងរឿងឥទ្ធិពលចិននៅកម្ពុជា»។
ក្នុងការថ្លែងទៅកាន់អ្នកគាំទ្រនៅទីក្រុង Montreal (ម៉ុងរ៉េអាល់) ប្រទេសកាណាដា កាលពីថ្ងៃទី២០ ខែកញ្ញា អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី បានអះអាងថាការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ នឹងជួយឲ្យមានការស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
មេដឹកនាំបក្សជំទាស់រូបនេះបានចោទរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ថា«ចូលដៃ»ជាមួយចិន ដែលតោងឲ្យប្រទេសផ្សេងៗមកផ្តោតលើកម្ពុជា ដើម្បីធានាថាកម្ពុជាមិនចូលដៃជាមួយប្រទេសចិន។
ប៉ុន្តែលោក ហ៊ុន សែន បានអះអាងថាការប្រកួតប្រជែងរវាងមហាអំណាចដែលលោកមិនបញ្ចេញឈ្មោះចំៗនោះគឺដើម្បីការពារផលប្រយោជន៍និងរក្សាឥទ្ធិពល ទាំងនយោបាយយោធា និងសេដ្ឋកិច្ចរបស់ខ្លួន «បាននិងកំពុងគំរាមកំហែងដល់សុខសន្តិភាពនិងស្ថិរភាពទាំងនៅក្នុងតំបន់និងអន្តរជាតិ»។
នៅក្នុងសារលិខិតអបអរទិវាសន្តិភាពអន្តរជាតិ២១ ខែកញ្ញា ឆ្នាំ២០២១ ដែលមានកម្រាស់៤ទំព័រលោក ហ៊ុន សែន បញ្ជាក់ថា៖ «ប្រទេសមហាអំណាចខ្លះ និងសម្ព័ន្ធមិត្តនៅបន្តប្រើប្រាស់គ្រប់ល្បិចកល គំរាមកំហែងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជាតាមរយៈការអនុវត្តស្តង់ដាពីរអំពីការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស»។
បើតាមសេចក្តីថ្លែងការណ៍របស់លោក អ៊ុច បូររិទ្ធ ចលនាមិនចូលបក្សសម្ព័ន្ធដែលត្រូវបានបង្កើតឡើងកាលពី៦០ឆ្នាំមុននោះគឺដើម្បីផ្តល់ជាជម្រើសមួយក្នុងការប្រឆាំងនឹងការបែកបាក់នៃការបែងចែកភូមិសាស្ត្រនយោបាយនិងមនោគមវិជ្ជាដែលកើតចេញពីសង្គ្រាមត្រជាក់ហើយនេះជាបាតុភូតមួយដែលរដ្ឋសមាជិកចលនាមិនចូលបក្សសម្ព័ន្ធបានចាត់ទុកថា មិនមានសារៈប្រយោជន៍សម្រាប់ការអភិវឌ្ឍក៏ដូចជាមិនគាំទ្រដល់ពហុភាគីនិយមដែលជាស្នូលនៃអង្គការសហប្រជាជាតិ៕