ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន ចោទ​មហា​អំណាច​ជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង ខណៈ​លោក សម រង្ស៊ី ចោទ​មេដឹកនាំ​កម្ពុជា«ចូលដៃ»​ជាមួយ​ចិន


លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង)​ និង​លោក សម​ រង្ស៊ី (ស្តាំ)។​ (Reuters/Leng Len/VOA Khmer)
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង)​ និង​លោក សម​ រង្ស៊ី (ស្តាំ)។​ (Reuters/Leng Len/VOA Khmer)

លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន និង​លោក សម រង្ស៊ី បង្ហាញ​ការ​យល់​ឃើញ​ខុស​គ្នា​អំពី​ការ​ប្រកួត​ប្រជែង​ភូមិ​សាស្រ្ត​នយោបាយ ដោយ​លោក ហ៊ុន សែន អះអាង​ថា​កម្ពុជា​រង​គ្រោះ​ដោយ​សារ​ការ​ជ្រៀត​ជ្រែក​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​ខ្លួន ខណៈ​លោក សម រង្ស៊ី មេដឹកនាំ​បក្ស​ប្រឆាំង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​បាន​ចោទ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ថា​«ចូលដៃ»​ជាមួយ​ចិន។

លោក ហ៊ុន សែន បាន​លើក​ឡើង​បែប​នេះ​នៅ​ក្នុង​សារ​លិខិត​អបអរ​ទិវា​សន្តិភាព​អន្តរ​ជាតិ​២១ ខែ​កញ្ញា ឆ្នាំ​២០២១ ដែល​សារ​៤​ទំព័រ​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ។

លោក ហ៊ុន សែន បាន​អះអាង​ថា​ការ​ប្រកួត​ប្រជែង​រវាង​មហា​អំណាច​ដើម្បី​ការពារ​ផល​ប្រយោជន៍​និង​រក្សា​ឥទ្ធិ​ពល ទាំង​នយោបាយ យោធា និង​សេដ្ឋ​កិច្ច​របស់​ខ្លួន «បាន​និង​កំពុង​គំរាម​កំហែង​ដល់​សុខ​សន្តិភាព និង​ស្ថិរភាព​ទាំង​នៅ​ក្នុង​តំបន់ និង​អន្តរជាតិ»។

លោក​បន្ថែម​ថា​ប្រទេស​កម្ពុជា​មិន​អាច​គេច​ផុត​ពី​ការ​ទទួល​រង​ឥទ្ធិពល​នៃ​ជម្លោះ​ភូមិ​សាស្រ្ត​នយោ​បាយ​រវាង​មហា​អំណាច​ទាំង​នោះ​ទេ។ ទោះ​ជា​យ៉ាងណា លោក ហ៊ុន សែន មិន​បាន​បញ្ចេញ​ឈ្មោះ​ប្រទេស​មហា​អំណាច​ដែល​លោក​លើក​ឡើង​ឡើយ។

លោក ហ៊ុន សែន បញ្ជាក់​ថា៖ «ប្រទេស​មហា​អំណាច​ខ្លះ និង​សម្ព័ន្ធ​មិត្ត​នៅ​បន្ត​ប្រើ​ប្រាស់​គ្រប់ល្បិចកល គំរាម​កំហែង ជ្រៀត​ជ្រែក​ចូល​កិច្ច​ការ​ផ្ទៃ​ក្នុង​កម្ពុជា តាម​រយៈ​ការ​អនុវត្ត​ស្តង់ដា​ពីរ​អំពី​ការ​អនុវត្ត​លទ្ធិ​ប្រជាធិប​តេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស»។

បើ​តាម​លោក ហ៊ុន សែន ប្រទេស​កម្ពុជា​បាន​ឆ្លង​កាត់​បទ​ពិសោធន៍ ដែល​មហា​អំណាច​ខ្លះ និង​សម្ព័ន្ធ​មិត្ត​ទាំង​អស់​នោះ បានបង្ខំ​មក​លើ​កម្ពុជា។

លោក ហ៊ុន សែន បញ្ជាក់​ថា៖ «យើង​ក៏​មិន​បាន​ឲ្យ​ប្រទេស​ទាំង​អស់​នោះ​សង​បំណុល​សីលធម៌​ដែល​ពួក​គេ​ជំពាក់​ចំពោះ​ប្រជាជន​កម្ពុជា​ទេ តែ​យើង​គ្រាន់​តែ​ប្រើប្រាស់​សិទ្ធិ​អធិប​តេយ្យ​របស់​ខ្លួន ជា​ម្ចាស់​ទឹក ម្ចាស់​ដី ការពារ​ការ​រស់​រាន​មាន​ជីវិត​ឡើង​វិញ​របស់​ប្រជា​ជន​កម្ពុជា ការពារ​សន្តិភាព ស្ថិរភាព និង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​តែ​ប៉ុណ្ណោះ»។

លោក​នាយករដ្ឋមន្រ្តី​បន្ថែម​ថា​កម្ពុជា​បាន​«ប្រកាន់​យក​យ៉ាង​ខ្ជាប់​ខ្ជួន​នូវ​គោ​ល​នយោបាយ​អព្យាក្រឹត​មិន​ចូល​បក្ស​សម្ព័ន្ធ សន្តិ​សហវិជ្ជមាន មិន​ជ្រៀត​ជ្រែក​ចូល​កិច្ច​ការ​ផ្ទៃ​ក្នុង​ផង​គ្នា និង​ការ​គោព​គ្នា និង​មាន​ផល​ប្រយោជន៍​ទៅ​វិញ​ទៅ​មក​ជាមួយ​បណ្តា​ប្រទេស​ទាំង​អស់​នៅ​ក្នុង​ពិភពលោក»។

លោក សុខ ឥសាន អ្នក​នាំពាក្យ​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា​មិន​អាច​បញ្ជាក់​បន្ថែម​លើ​សារ​របស់​នាយក​រដ្ឋមន្រ្តី ដែល​មិន​បាន​បង្ហាញ​ឈ្មោះ​ប្រទេស​មហា​អំណាច ដែល​លោក​ចោទ​ថា​បាន​លូក​ដៃ​ក្នុង​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា។

លោក​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​ថា៖ «សម្តេច​លោក​សរសេរ លោក​អត់​មាន​បញ្ចេញ​ឈ្មោះ យើង​ទៅ​ថា​ជំនួស​គាត់​ម៉េច​កើត។ អាហ្នឹង​វា​គ្រាន់​តែ​ដឹង​ថា​កម្ពុជា​វា​ជា​ភូមិ​សាស្រ្ត​នយោបាយ​ដែល​មាន​ការ​ប្រកួត​ប្រជែង​រវាង​មហា​អំណាច​នៅ​លើ​ពិភព​លោក​ដែល​ប្រជែង​គ្នា»។

ការ​លើក​ឡើង​របស់​រដ្ឋាភិបាល​កម្ពុជា​អំពី​ការ​ជ្រៀត​ជ្រែក​ចូល​កិច្ច​ការ​ផ្ទៃ​ក្នុង ជា​ទូទៅ​ត្រូវ​បាន​មើល​ឃើញ​ថា​សំដៅ​ទៅ​សហរដ្ឋអាមេរិក។

អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា លោក ​Chad Roedemeier ប្រាប់​វីអូអេ​តាម​សារ​អ៊ីមែល​នៅ​ថ្ងៃ​អង្គារ​ថា​ទិវា​សន្តិភាព​អន្តរ​ជាតិ គឺ​ជា​ឱកាស​ដែល​មាន​អត្ថន័យ​មួយ ដើម្បី​ឆ្លុះ​បញ្ចាំង​ទៅ​លើ​កេរ​ដំណែល​យូរ​អង្វែង​នៃ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ ដែល​ចុះ​ហត្ថលេខា​កាល​ពី​៣០​ឆ្នាំ​មុន ក្នុង​ការ​បញ្ចប់​សង្រ្គាម​ស៊ីវិល​នៅ​កម្ពុជា។ លោក​បន្ថែម​ថា​សហរដ្ឋអាមេរិក​នៅ​តែ​ប្តេជ្ញា​សម្រាប់​ប្រជាជន​កម្ពុជា និង​ការ​ចង់​បាន​របស់​ពួកគេ​សម្រាប់​សន្តិភាព វិបុលសុខ និង​ប្រជាធិបតេយ្យ។

រូប​ឯកសារ៖ ព្រះ​អម្ចាស់​ នរោត្តម សីហនុ (ព្រះបរមរតនកោដ្ឋ) ជាមួយ​ភាគី​ជម្លោះ​នៅ​កម្ពុជា នៅ​ក្នុងសន្និសីទ​អន្តរជាតិ​ស្តី​ពី​សន្តិភាពនៅ​កម្ពុជា​ ដែល​ប្រព្រឹត្ត​ធ្វើ​នៅ​ទី​ក្រុង​ប៉ារីស ប្រទេស​បារាំង​ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១។
រូប​ឯកសារ៖ ព្រះ​អម្ចាស់​ នរោត្តម សីហនុ (ព្រះបរមរតនកោដ្ឋ) ជាមួយ​ភាគី​ជម្លោះ​នៅ​កម្ពុជា នៅ​ក្នុងសន្និសីទ​អន្តរជាតិ​ស្តី​ពី​សន្តិភាពនៅ​កម្ពុជា​ ដែល​ប្រព្រឹត្ត​ធ្វើ​នៅ​ទី​ក្រុង​ប៉ារីស ប្រទេស​បារាំង​ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១។

ក្នុង​ការ​ថ្លែងទៅ​កាន់​អ្នក​គាំទ្រនៅ​ទីក្រុង​ Montreal (ម៉ុងរ៉េអាល់) ប្រទេស​កាណាដា កាល​ពី​ថ្ងៃ​ទី​២០ ខែ​កញ្ញា លោក សម រង្ស៊ី បាន​អះអាង​ថា​ការ​ប្រកួត​ប្រជែង​ភូមិ​សាស្រ្ត​នយោបាយ នឹង​ជួយ​ឲ្យ​មាន​ការ​ស្តារ​លទ្ធិ​ប្រជាធិប​តេយ្យ​នៅ​កម្ពុជា ដែល​លោក​បាន​ចោទ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ថា​«ចូល​ដៃ»ជាមួយ​ចិន ហើយ​ដូច្នេះ​ប្រទេស​ផ្សេងៗ​ត្រូវ​ផ្តោត​លើ​កម្ពុជា ដើម្បី​ធានា​ថា​កម្ពុជា​មិន​ចូល​ដៃ​ជាមួយ​ប្រទេស​ចិន។ លោក​បន្ថែម​ថាលោក ហ៊ុន សែន ត្រូវ​ការ​បរទេស​មក​ជួយ​ការពារ​អំណាច​របស់​លោក ដោយ​លោក​ប្រៀប​ធៀប​ដូច​នឹង​របប​ប៉ុល ពត ត្រូវ​ការ​ប្រទេស​ចិន ហើយ​ប្រទេស​នោះ​មិន​ខ្វល់​ខ្វាយ​ពី​ការ​កាប់​សម្លាប់​ក្នុង​ប្រទេស​កម្ពុជា​កាល​សម័យ​នោះ​ទេ។

លោក​ថ្លែង​ថា៖ «ប្រទេស​កម្ពុជា​ដឹកនាំ​ដោយ​ហ៊ុន សែន ទៅ​ចូល​ដៃ​ជាមួយ​ចិន ពីព្រោះ​ហ៊ុន សែន អត់​មាន​ជម្រើស​ក្រៅ​ពី​ឲ្យ​ចិនហៅ​ទៅ​មក​ការពារ​អំណាច​របស់​គាត់ ដោយសារ​គាត់​ជា​ជន​ផ្តាច់​ការ»។

លោក​បន្ថែម​ថា​លទ្ធិ​ប្រជាធិប​តេយ្យ​នៅ​កម្ពុជា មាន​ទាក់​ទង​នឹង​សន្តិសុខ​ក្នុង​តំបន់ ដែល​ប្រទេស​មហា​អំណាច​កំពុង​យក​ចិត្ត​ទុក​ដាក់ ក្នុង​បរិបទ​នៃ​ការ​ផ្តោត​របស់​អាមេរិក​មក​ក្នុង​តំបន់​ក្បែរ​ប្រទេស​កម្ពុជា។

លោក សម រង្ស៊ី បញ្ជាក់​ថា៖ «ហើយ​សហរដ្ឋអាមេរិក​នៅ​ពី​ក្រោយ អ្នក​ដែល​ភ័យ​ខ្លាច​ចំពោះ​ចិន ហើយ​អ្នក​ដែល​មាន​បំណង​រៀបចំ​កម្លាំង​ទប់​ទល់​នឹង​ការ​ឈ្លាន​ពាន​របស់​ចិន អញ្ចឹង​ប្រទេស​ទាំងអស់​គេ​មាន​ផល​ប្រយោជន៍ ដក​ហ៊ុន សែន ចេញ ពី​ព្រោះ ហ៊ុន សែន ចូល​ដៃ​ជាមួយ​ចិន។ ចូល​ដៃ​ជាមួ​យ​ចិន គ្រោះ​ថ្នាក់​សម្រាប់​គេ»។

លោក​បន្ថែម​ថា​ចិន​ក៏​ត្រូវ​ការ​កម្ពុជា ដើម្បី​យក​កម្ពុជា«​ធ្វើ​ជា​ឈ្នាន់​នៃ​នយោបាយ​វាតទីនិយម​របស់​ចិន»។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​ស្ថាន​ទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​បាន​នៅ​ឡើយ​ទេ។

លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែង​ថា​ចិន​មិន​ចាំបាច់​ពឹង​កម្ពុជា​ទេ ព្រោះ​ចិន​ជា​ប្រទេស​មហាអំណាច ដែល​មាន​ប្រជាជន​ច្រើន។ លោក​បញ្ជាក់​ថា​ការ​ថ្លែង​របស់​មេដឹកនាំ​បក្ស​ប្រឆាំង ផ្ទុយ​ពី​ការ​ពិត​ជាក់​ស្តែង​។

លោក សុខ ឥសាន ក៏​ច្រាន​ចោល​ថា​កម្ពុជា​មិន​បាន​ចូល​ដៃ​ជាមួយ​ប្រទេស​ណា​នោះ​ទេ។

លោក​ប្រាប់​វីអូអេ​ថា៖ «កម្ពុជា​មិន​ដែល​ចូលដៃ​ជាមួយ​អ្នកណា​ទេ តែ​វា​មាន​សហការ​គ្នា​ល្អ ដែល​គោរព​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ផល​ប្រយោជន៍ទៅ​វិញ​ទៅ​មក។ អាហ្នឹង​មាន អាហ្នឹង​ជា​ការ​អនុវត្ត​នយោបាយ​ការបរទេស​របស់​ព្រះរាជាណាចក្រ​កម្ពុជា ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ»។

កាល​ពី​ថ្ងៃ​ចន្ទ មេដឹក​នាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ក៏​បាន​ថ្លែង​ថា​កម្ពុជា​មិន​មាន​សន្តិភាព​នោះ​ទេ ដោយ​សារ​ប្រជា​ពលរដ្ឋ​មិន​មាន​សេរី​ភាព និង​យុត្តិធម៌ ហើយ​មាន​ការ​ចាប់​ប្រជា​ពលរដ្ឋ​ដាក់​ពន្ធនាគារ ពលរដ្ឋ​មិន​មាន​ការ​ងារ​ធ្វើ និង​បង្ខំ​ចិត្ត​ចំណាក​ស្រុក​ជាដើម។ មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ ចាត់​ទុក​សន្តិភាព​នៅ​កម្ពុជា​ជា​«សន្តិភាព​ក្នុង​ក្តី​អស់​សង្ឃឹម និង​ភាព​វេទនា»៕

XS
SM
MD
LG