ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា​បង្ហាញ​សៀវ​ភៅ​«នរោត្តម​សីហនុ និង​ជូ អេន​ឡាយ» សរសេរ​ដោយ​អតីត​ទី​ប្រឹក្សា​របស់​សម្តេច​សីហនុ


សៀ​វភៅ​ដែល​មាន​ចំណង​ជើង​ថា​«នរោត្តម សីហនុ និង ជូ អេន​ឡាយ[អតីត​នាយក​រដ្ឋមន្រ្តី​ចិន]៖ មិត្តភាព​ដ៏​កម្រ​នៅ​ក្នុង​អំឡុង​នៃ​ការ​រីក​សាយ​ភាយ​របស់​សង្គ្រាម​ត្រជាក់» ត្រូវ​បាន​បោះ​ពុម្ព​ផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ។
សៀ​វភៅ​ដែល​មាន​ចំណង​ជើង​ថា​«នរោត្តម សីហនុ និង ជូ អេន​ឡាយ[អតីត​នាយក​រដ្ឋមន្រ្តី​ចិន]៖ មិត្តភាព​ដ៏​កម្រ​នៅ​ក្នុង​អំឡុង​នៃ​ការ​រីក​សាយ​ភាយ​របស់​សង្គ្រាម​ត្រជាក់» ត្រូវ​បាន​បោះ​ពុម្ព​ផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ។

មជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា​(DC-Cam) ​បានបង្ហាញ​សៀវ​ភៅថ្មី​មួយ​ដែល​និយាយ​អំពី​ទំនាក់​ទំនង​រវាង​អតីត​ព្រះមហាក្សត្រ​ សម្តេចឪ​ ឬព្រះ​បរម​រតន​កោដ្ឋ និង​អតីត​នាយក​រដ្ឋមន្រ្តី​ចិន ​លោក ជូ អេនឡាយ(Zhou Enlai) មុន​របប​ខ្មែរ​ក្រហម។ សៀវ​ភៅ​នេះ​មាន​ចំណង​ជើង​ថា​៖ «នរោត្តម​សីហនុ និង​ជូ អេន​ឡាយ៖ មិត្តភាព​ដ៏​កម្រ​នៅ​ក្នុង​អំឡុង​នៃ​ការ​រីក​សាយ​ភាយ​របស់​សង្គ្រាម​ត្រជាក់» ដែល​ត្រូវ​បាន​និពន្ធ​ដោយលោក ហូលីយ៉ូ អេ. ហែលឌ្រេស​(Julio A. Jeldres) អតីត​លេខា​ផ្ទាល់ និង​ជា​អ្នក​សរសេរ​ជីវ​ប្រវត្តិ​របស់​សម្តេច​ព្រះនរោត្តម សីហនុ។

បើ​តាម​សេចក្តី​ប្រកាសព័ត៌មានរបស់​ DC-Cam សៀវភៅ​នេះ​ពិពណ៌នា​អំពី​ទំនាក់​ទំនងរវាង​ប្រមុខ​រដ្ឋ​ពីរ​រូប«ដែល​មាន​សាវតា​ផ្ទុយ​គ្នា​ស្រឡះ» ដែល​មួយ​រូប​គឺ​ជា​ព្រះ​មហាក្សត្រ​ខ្មែរ និង​មួយ​រូប​ទៀត​គឺ​ជា​អ្នក​ដឹកនាំ​បក្ស​កុម្មុយនីស្ត​របស់​ចិន។

សេចក្តី​ប្រកាស​បញ្ជាក់​ថា៖ «បុគ្គល​ទាំង​ពីរ​បាន​ព្យាយាម​រក្សា​ទំនាក់​ទំនង​ដ៏​យូរ​អង្វែង​មួយ​ ដែល​បន្ត​ផ្តល់​ជា​សារៈប្រយោជន៍​ដល់​ប្រទេស​ទាំង​ពីរ​រហូត​មក​ទល់​ពេល​បច្ចុប្បន្ន»។

អ្នក​និពន្ធ លោក ហែល​ឌ្រេស​ បាន​ចាប់​អារម្មណ៍​ទៅ​លើ​មិត្តភាព​ដ៏​កម្រ​រវាង​សែ​ស្រឡាយ​រាជវង្ស​កម្ពុជា និង​នាយក​រដ្ឋមន្ត្រី​នៃ​រដ្ឋ​ប្រកាន់​យក​របប​កុម្មុយនីស្ត​ក្នុង​ទ្វីប​អាស៊ី​ក្នុង​ឆ្នាំ​១៩៧០។

លោក ហែលឌ្រេស រំឭក​តាម​រយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា​កាល​ពី​ខែ​មីនា ឆ្នាំ​១៩៧០ បន្ទាប់​ពី​សម្តេច​សីហនុ ត្រូវ​បាន​ទម្លាក់​ចេញ​ពី​តំណែង​ដោយ​រដ្ឋប្រហារ​របស់​សេនា​ប្រមុខ​ លន់ នល់ ​លោក​ ហែលឌ្រេស «មាន​ការ​ឈឺ​ចាប់​ប្រកប​ដោយ​ក្តី​អាណិត​អាសូរ​ចំពោះ​ព្រះ​រាជកិច្ច​ខិត​ខំប្រឹង​ប្រែង​របស់​សម្តេច​សីហនុ ក្នុង​ការ​ការពារ​បូរណភាព​ទឹកដី​និង​ឯករាជ្យ​ភាព​របស់​ប្រទេស​កម្ពុជា»។

លោក​បញ្ជាក់​ថា​៖ «នេះ​បាន​ញ៉ាំង​ឲ្យ​រូប​ខ្ញុំ​ចាប់​អារម្មណ៍​ជា​ពន់​ពេក​ចំពោះ​ព្រះរាជ​ដំណើរ​ជីវិត​នយោបាយ​របស់​សម្តេច​សីហនុ៖ សម្ព័ន្ធ​ភាព​របស់​ទ្រង់​ជាមួយ​នឹង​នាយក​រដ្ឋមន្ត្រី​ចិន ជូ អេន​ឡាយ​។ ទំនាក់​ទំនង​នេះ ហាក់​ដូច​ជា​ទំនាក់​ទំនង​មួយ​ដ៏​វិសេស​វិសាល​ រវាង​ព្រះ​ប្រមុខ​រដ្ឋ​នៃ​ព្រះរាជា​ណាចក្រ​មួយ​ដែល​ប្រណិប័តន៍​ព្រះ​ពុទ្ធ​សាសនា និង​នាយក​រដ្ឋមន្ត្រី​នៃ​រដ្ឋ​កុម្មុយនីស្ត​មួយ»។

​សៀ​វភៅ​ដែល​មាន​ចំណង​ជើង​ថា​«នរោត្តម សីហនុ និង ជូ អេន​ឡាយ[អតីត​នាយក​រដ្ឋមន្រ្តី​ចិន]៖ មិត្តភាព​ដ៏​កម្រ​នៅ​ក្នុង​អំឡុង​នៃ​ការ​រីក​សាយ​ភាយ​របស់​សង្គ្រាម​ត្រជាក់» ត្រូវ​បាន​បោះ​ពុម្ព​ផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ។
​សៀ​វភៅ​ដែល​មាន​ចំណង​ជើង​ថា​«នរោត្តម សីហនុ និង ជូ អេន​ឡាយ[អតីត​នាយក​រដ្ឋមន្រ្តី​ចិន]៖ មិត្តភាព​ដ៏​កម្រ​នៅ​ក្នុង​អំឡុង​នៃ​ការ​រីក​សាយ​ភាយ​របស់​សង្គ្រាម​ត្រជាក់» ត្រូវ​បាន​បោះ​ពុម្ព​ផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ។

លោក​បន្ថែមថា៖ «មើល​ទៅ​ដូចជា​មិន​ទំនង​សោះ ដែល​របប​កុម្មុយនីស្ត​មួយ​ផ្តល់​នូវ​ការ​គោរព​រាក់​ទាក់​ចំពោះ​អតីត​សមាជិក​រាជ​វង្ស​យ៉ាង​ដូច្នេះ​ ជា​ពិសេស​ក្នុង​អំឡុង​បដិវត្តន៍​វប្បធម៌​ចិន​ទៀត​នោះ។ តាម​ពិត​ទៅ អ្វីៗ​កើត​ឡើង​បែប​នេះ​មែន​។ មិត្ត​ភាព​បាន​យក​ឈ្នះ​លើ​មនោគមន៍​វិជ្ជា»។

បើ​តាម​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ការ​ស្រាវជ្រាវ​ដើម្បី​សរសេរ​ជា​សៀវភៅ​ដែល​មាន​កម្រាស់​២២០​ទំព័រ បាន​ចាប់​ផ្តើម​តាំង​ពី​ឆ្នាំ​១៩៧០ និង​បាន​បញ្ចប់​ទៅ​នៅ​អំឡុងឆ្នាំ​២០១៥។ សៀវភៅ​នេះ​ត្រូវ​បោះ​ពុម្ព​ឡើង​ដោយ​គម្រោង​ស្រាវជ្រាវ​ភាសា​ចិន​របស់​មជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា ដែល​ទទួល​បាន​ហិរញ្ញប្បទាន​ពី​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ។

បើ​តាម​សៀវភៅ​នេះ ព្រះ​បាទ​នរោត្តម​សីហនុ​បាន​ទៅ​បំពេញ​ទស្សនកិច្ច​លើក​ដំបូង​ក្នុង​ប្រទេស​ចិន កាល​ពី​ខែ​កុម្ភៈ​ឆ្នាំ​១៩៥៦ ដែល​នៅ​ពេល​នោះ បិតា​នៃ​បក្ស​កុម្មុយនីស្ត​ចិន លោក ម៉ៅ សេ​ទុង បាន​ណែនាំព្រះ​បាទ​នរោត្តម​សីហនុ​ថា​«លទ្ធិ​កុម្មុយនីស្ត​ប្រហែល​ជា​អ្វី​មួយ​ល្អ​សម្រាប់​កម្ពុជា» ប៉ុន្តែ​សម្តេច​សីហនុ​បាន​ឆ្លើយ​តប​ភ្លាមៗ​ថា​មិន​សាក​សម​សម្រាប់​កម្ពុជា​ដែល​ជា​ប្រទេស​ជាតិ​និយម និង​គោរព​ព្រះពុទ្ធ​សាសនា។

ចំណែក​លោក ជូ អេនឡាយ អតីត​នាយក​រដ្ឋមន្រ្តី​ចិន​វិញ បាន​មក​បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា កាល​ពី​ខែ​ឧសភា ឆ្នាំ​១៩៦០។ ​សៀវភៅ​នោះ​ក៏​បាន​លើក​ឡើង​អំពី​ដំណើរ​ទស្សន​កិច្ច​របស់​លោក ខៀវ សំផន ដែល​ជា​អតីត​ប្រមុខ​រដ្ឋ​ក្នុង​របប​ខ្មែរ​ក្រហម និង​កំពុង​រង់ចាំ​សាល​ដី​កាកាត់​ទោស​ចុង​ក្រោយ​របស់​តុលាការ​ខ្មែរ​ក្រហម ក៏​បាន​ទៅ​បំពេញ​ទស្សន​កិច្ច​នៅ​ប្រទេស​ចិន កាល​ពី​ខែ​មេសា ឆ្នាំ​១៩៧៤ ដែលពេល​នោះ មាន​ការ​សម្រប​សម្រួល​ការ​ចរចា​មួយ ដែល​ជា​កិច្ច​ប្រឹង​ប្រែង​របស់​លោក ជូ អេនឡាយ ដើម្បី​ដោះស្រាយ​ជម្លោះ​កម្ពុជា ដោយ​អនុញ្ញាត​ឲ្យ​សម្តេចសីហនុ​ដើរ​តួនាទី​សំខាន់​មួយ​នៅ​ក្នុងរដ្ឋាភិបាល​ចម្រុះ ដែល​មាន​ក្រុម​ខ្មែរ​ក្រហម​ផង​ដែរ។

សាស្រ្តាចារ្យ​ផ្នែក​ប្រវត្តិសាស្រ្ត និង​ទំនាក់​ទំនង​អន្តរ​ជាតិ លោក ឌៀប សុផល បាន​ថ្លែង​ថា​ទំនាក់​ទំនង​រវាង​សម្តេច​សីហនុ និង​លោក ជូ អេនឡាយ មាន​«លក្ខណៈ​ផ្អែម​ស្អិត​រមួត» ចាប់​តាំង​ពី​សន្និសីទ​ទីក្រុង​ហ្សឺណែវ ក្នុងឆ្នាំ​១៩៥៤ ដែល​ពេលនោះ​ជា​លើក​ទីមួយ​ដែល​ចិន​ទទួល​ស្គាល់​គណៈ​ប្រតិភូ​របស់​ព្រះ​បាទ​នរោត្តម​សីហនុ​ជា​ផ្លូវ​ការ ហើយ​បាន​បដិសេធប្រតិភូ​របស់​រណសិរ្ស​ខ្មែរ​ឥស្សរៈ។ កាល​នោះ វា​ជា​សន្និសីទ ដើម្បី​បង្កើត​កិច្ច​ព្រមព្រៀង​ស្តី​ពី​ការ​ដក​កង​ទ័ព​បារាំង​ចេញ​ពី​ទឹក​ដី​ប្រទេស​ឥណ្ឌូចិន និង​គោរព​ដល់​ឯករាជ្យ អធិបតេយ្យ​ភាព​នៃ​ប្រទេស​នៅ​ក្នុង​ឥណ្ឌូ​ចិន។

លោក​ថ្លែង​ថា៖ «ភាគី​ណាមួយ​ទទួល​ស្គាល់​រណសិរ្ស​ខ្មែរ​ឥស្សរៈនៅ​ក្នុង​សន្និសីទ​ហ្សឺណែវ បាន​ន័យ​ថា​ប្រឆាំង​សហរដ្ឋអាមេរិក​រួច​ស្រេច​ហើយ។ អញ្ចឹង​ចិន និង​សហ​ភាព​សូវៀត​បដិសេ​ធ​ទទួល​ស្គាល់តំណាង​របស់​រណសិរ្ស​ខ្មែរ​ឥស្សរៈ ទទួល​ស្គាល់​តែ​មួយ​គត់​តំណាង​របស់​សម្តេច​ព្រះនរោត្តម​សីហនុ ប៉ុន្តែ​ជា​ថ្នូរ​មក​វិញ ទាមទារ​ឲ្យ​ប្រទេស​កម្ពុជា​នៅ​ជា​អព្យាក្រឹត»។

លោក​ ឌៀប សុផល បញ្ជាក់​ថា​ទំនាក់​ទំនង​រវាង​កម្ពុជា​និង​ចិន​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ដឹកនាំ​ដោយ​ក្រុម​ខ្មែរ​ក្រហម គឺ​ជា​ទំនាក់​ទំនង​រវាង​រដ្ឋ​អធិប​តេយ្យ​ភាព​ពីរ ដែល​«ជា​កិច្ច​សហប្រតិបត្តិការ​អន្តរ​ជាតិ»។

លោក ឌៀប សុផល ដែល​បាន​និពន្ធ​សៀវភៅ​ប្រវត្តិសាស្រ្ត​មួយ​ចំនួន ក្នុង​នោះ​មាន​សៀវ​ភៅ «ប្រភព​សង្រ្គាម​កម្ពុជា» ​ដែល​ត្រូវ​បាន​បោះ​ពុម្ព​ផ្សាយ​នៅ​ក្នុង​ឆ្នាំ​២០១៨ បាន​បន្ថែម​ថា៖ «ចិន​គាំទ្រ​ជាមួយ​នឹង​កម្ពុជា​ប្រជាធិបតេយ្យ​ ទិញ​ស្រូវ​ទិញ​អង្ករ ទិញកាំភ្លើង ជំនួយ​ខាង​ផ្នែក​សព្វា​វុធ ផ្នែក​ខាង​មូលដ្ឋាន​ទ័ព កសាង​មូលដ្ឋានទ័ព​អាកាស​នៅ​ឯ​កំពង់​ឆ្នាំង​នៅ​លើ​ផ្ទៃ​ដី​ជាង​៣ពាន់​ហិកតា។ ធ្វើ​ផ្លូវ​រទេះ​ភ្លើង​មួយ​ ដើម្បី​ពង្រឹង​ការ​ដឹក​អាវុធ​យុទ្ធភណ្ឌ​តាម​ផ្លូវ​សមុទ្រ​មក​ដីគោក។ អញ្ចឹង​អាហ្នឹង​វា​ជា​ទំនាក់ទំនង​ដែល​ចិន​បាន​ធ្វើ​ជាមួយ​កម្ពុជា»។

លោក ឌៀប សុផល បាន​បន្ថែម​ថា​ការ​កាប់​សម្លាប់​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​របប​ខ្មែរ​ក្រហម កើត​ឡើង​ដោយ​សារ​ជម្លោះ​ផ្ទៃ​ក្នុង​ប្រទេស ដែល​មាន​តាំង​ពី​យូរ​មក​ហើយ ដូច​ជាគម្លាត​រវាង​អ្នក​មាន​អ្នក​ក្រ ដែល​នាំ​ឲ្យ​មាន​ភាព​រើស​អើង ខណៈ​មេដឹក​នាំ​ប៉ុល ពត​ បានយក​ទ្រឹស្តី​កុម្មុយ​នីស្ត​មក​អនុវត្ត ដោយ​ប្រើ«នយោ​បាយ​ព្រៃ​ផ្សៃ» និង​ស្រប​ពេល​ប្រទេស​កំពុង​មាន​សង្រ្គាម​ផង​ដែរ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG