ប្រទេសកម្ពុជានឹងចុះហត្ថលេខាខ្ចីប្រាក់ពីប្រទេសកូរ៉េខាងត្បូងចំនួនជាង៤០០លានដុល្លារ ដើម្បីផ្គត់ផ្គង់ដល់ផ្នែកហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធធារាសាស្ត្រ សុខភាពជនបទ ប្រព័ន្ធលូបង្ហូរទឹកនិងជួសជុលផ្លូវជាតិលេខ៤៨។
នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ឱ្យដឹងថាពិធីចុះហត្ថលេខានឹងធ្វើឡើងនៅថ្ងៃអង្គាររវាងលោកប្រាក់សុខុនរដ្ឋមន្ត្រីការបរទេសជាមួយនឹងលោកគីម វ៉នជីន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំប្រទេសកម្ពុជា។
ទឹកប្រាក់ចំនួន៣៥០លានដុល្លារនឹងត្រូវប្រើប្រាស់សម្រាប់ផ្គត់ផ្គង់ហិរញ្ញវត្ថុដល់ផ្នែកហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធធារាសាស្រ្ត សុខភាព ផ្លូវជនបទ និងប្រព័ន្ធលូបង្ហូរទឹកសម្រាប់ឆ្នាំ២០១៦ដល់២០១៨។
រីឯប្រាក់កម្ចីចំនួន៦៧.៤៣៤.០០០ដុល្លារនឹងប្រើប្រាស់សម្រាប់គម្រោងជួសជុលផ្លូវជាតិលេខ៤៨ដែលភ្ជាប់ពីចំណុចផ្លូវបំបែក ផ្លូវជាតិលេខ៤ ក្នុងស្រុកស្រែអំបិល ឆ្ពោះទៅដល់ក្រុងខេមរភូមិន្ទ ទីរួមខេត្តកោះកុង៕