ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​កម្ពុជា​ជាង​៨០​ភាគរយ​យល់​ថា​ប្រទេស​ជាតិ​ដើរ​តាម​ទិស​ត្រឹមត្រូវ


នៅ​ក្នុង​ខណៈពេល​ដែល​កម្ពុជា​ជិត​ឈាន​ចូល​ទៅ​ដល់​ការ​បោះឆ្នោត​វិទ្យាស្ថាន​សាធារណរដ្ឋ​របស់​សហរដ្ឋ​អាមេរិក​ដែល​ហៅកាត់​ថា​ IRI ​បាន​ចេញ​នូវ​លទ្ធផល​ការស៊ើប​អង្កេត​របស់​ខ្លួន​ទាក់​ទង​នឹង​ការយល់​ឃើញ​របស់​ប្រជា​ពលរដ្ឋ​ទៅ​លើ​អនាគត​នៃ​ប្រទេស​កម្ពុជា។

ការស្ទាប​ស្ទង់​មតិ​នេះ​បាន​ធ្វើ​ទៅ​លើ​ប្រជា​ពលរដ្ឋ​ប្រមាណ​ជាង​២.០០០​នាក់​នៅ​ក្នុង​២៤​ខេត្ត​ក្រុង​ក្នុង​ប្រទេស​កម្ពុជា​ដែល​មាន​អាយុ​ចាប់​ពី​១៨​ឆ្នាំ​ឡើង​ទៅ​ដោយ​បាន​ធ្វើ​បទ​សម្ភាស​ទល់​មុខ​គ្នា​ដោយ​ផ្ទាល់​មាត់​ចាប់​ពី​ថ្ងៃ​ទី​៣០ ​ខែ​វិច្ឆិកា ​រហូត​ដល់​ថ្ងៃ​ទី​២៥ ​ខែ​ធ្នូ ​ឆ្នាំ​២០១១។

លទ្ធផល​នៃ​ការស្ទាប​ស្ទង់​មតិ​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​មាន​ប្រជា​ពលរដ្ឋ​ប្រមាណ​ជាង​៨០%​ បាន​យល់​ឃើញ​ថា​ជា​ទូទៅ​កម្ពុជា​កំពុង​តែ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ក្នុង​ទិសដៅ​ត្រូវ​ហើយ​មាន​តែ​ ១៩%​ តែ​ប៉ុណ្ណោះ​ដែល​បាន​អះអាង​ថា​កម្ពុជា​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ខុស។

ការស្ទាបស្ទង់​មតិ​នេះ​ដោយ​ផ្អែក​ទៅ​លើ​សំណួរ​ដូច​ៗ​គ្នា ​អំពី​ការ​កសាង​ផ្លូវថ្នល់ ​សាលារៀន​ មណ្ឌល​សុខភាព ​កសាង​ស្ពាន ​វត្តអារាម ​ប្រព័ន្ធ​ធារាសាស្ត្រ ​មាន​ផលិតផល ​និង​បច្ចេកទេស​ទំនើបៗ​ ភាព​ក្រីក្រ​មាន​កម្រិត​ទាប ​និង​ប្រទេស​មាន​សន្តិភាព។

លោក​ម៉ាត់ កាលីន​ (Math Lakin) ​ប្រធាន​ស្តីទី​នៃ​វិទ្យាស្ថាន​សាធារណ​រដ្ឋ​IRI ​បាន​ថ្លែង​ប្រាប់​នៅ​ក្នុង​អង្គសន្និសីទ​កាសែត​ថា​ IRI ​បាន​ទទួល​តួលេខ​នេះ​ពី​ប្រជា​ពលរដ្ឋ​ជា​អ្នក​ឆ្លើយ​តប។

«ហេតុផល​ដែល​ថា​ប្រទេស​កម្ពុជា​កំពុង​តែ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​មុខ​ក្នុង​ទិសដៅ​ត្រូវ​ហ្នឹង​មាន​ដូច​ក្នុង​នេះ ​គឺ​ថា​ការ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្សេងៗ»។

លោក ​ជាម​ យៀប ​អ្នក​តំណាង​រាស្ត្រ​និង​ជា​សមាជិក​នៃ​គណៈអចិន្ត្រៃយ៍​នៃ​គណបក្ស​គ្រប់គ្រង​អំណាច​បាន​និយាយ​ថា​លទ្ធផល​នៃ​ការ​ស្ទាបស្ទង់​នេះ​ លោក​អាច​ទទួល​យក​បាន។​ លោក​បាន​បញ្ជាក់​ថា​រដ្ឋាភិបាល​កម្ពុជា​កំពុង​តែ​ធ្វើ​កំណែ​ទម្រង់​របស់​ខ្លួន​ដើម្បី​ឲ្យ​កម្ពុជា​ដើរ​ឆ្ពោះ​ទៅ​មុខ។

«ការ​ខ្វះខាត​របស់​រដ្ឋាភិបាល​ដែល​លោក​ធ្វើ​ទៅ​មិន​អាច​មាន​ភាព​សុក្រិត​មួយ​រយ​ភាគ​រយ​បាន​ទេ​ វា​តែងតែ​ខុស​ខ្លះ​ហ្នឹង។ ​ អញ្ចឹង​ហើយ​ ១៩​ភាគរយ​នេះ ​គឺ​ជា​ការ​ខ្វះ​ចន្លោះ​និង​ភាព​អសកម្ម​ខ្លះ​ ដែល​យើង​កំពុង​តែ​កែ​លម្អ ​យើង​កំពុង​តែ​រឹតបណ្តឹង​តាម​ច្បាប់»។

លោក ​យឹម ​សុវណ្ណ ​អ្នក​តំណាង​រាស្ត្រ​និង​ជា​អ្នក​នាំពាក្យ​គណបក្ស​ប្រឆាំង​បាន​មាន​ប្រសាសន៍​ថា​ លទ្ធផល​នៃ​ការ​ស្ទាបស្ទង់​មតិ​នេះ​លោក​មិន​អាច​ទទួល​យក​បាន​ទេ។​ លោក​បាន​មាន​ប្រសាសន៍​ថា​ប្រជា​ពលរដ្ឋ​នៅ​មាន​ភាព​ភ័យខ្លាច ​មិន​ហ៊ាន​និយាយ​ការណ៍​ពិត​ដូច​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​និង​ប្រទេស​កូរ៉េ​ខាងជើង​ ក្នុង​ពេល​ដែល​មេដឹកនាំ​កំពុង​តែ​កាន់​អំណាច​មាន​ប្រជា​ពលរដ្ឋ​គាំទ្រ​រហូត​ដល់​ជិត​១០០%។ ​ក៏​ប៉ុន្តែ​ធាតុ​ពិត​មិន​ដូច្នេះ​ទេ ​ដោយសារ​តែ​ពួក​គេ​ភ័យខ្លាច​អំពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន។

«វា​ស្ថិត​នៅ​ក្នុង​បរិយាកាស​នៃ​ការ​គាបសង្កត់ ​ការ​ភ័យខ្លាច​បែប​នេះ ​គួបផ្សំ​មិន​ទទួល​បាន​នូវ​ព័ត៌មាន​ឲ្យ​បាន​គ្រប់ជ្រុង​ជ្រោយ​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ ​ជាពិសេស​គឺ​ទូរទស្សន៍​របស់​ជាតិ​នេះ​ គឺ​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ផ្តល់​ចម្លើយ​មិន​បាន​ត្រឹមត្រូវ​តាម​ឆន្ទៈ​ពិតប្រាកដ​របស់​ពួក​គាត់​ទេ»។

លោក ​អ៊ូ ​វីរៈ ​ប្រធាន​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​និយាយ​ថា​ការ​ស្ទាបស្ទង់​មតិ​នេះ​មិន​មាន​ន័យ​ថា​ប្រជា​ពលរដ្ឋ​បច្ចុប្បន្ន​សប្បាយ​ចិត្ត​នឹង​គណបក្ស​កាន់​អំណាច​ទេ​ នេះ​គឺ​ដោយសារ​តែ​ការ​បក​ស្រាយ​មិន​ត្រឹមត្រូវ។

«បើ​សិន​យើង​និយាយ​ថា​រដ្ឋាភិបាល​ដឹកនាំ ​វា​មាន​លក្ខណៈ​រញ៉េរញ៉ៃ ​ហាក់​បីដូចជា​មាន​ភាព​អនា​ធិបតេយ្យ​ច្រើន។ ​ហើយ​យើង​មើល​ទៅ ​វា​ឥត​មាន​ការ​ទទួល​ខុសត្រូវ​ ហើយ​ក៏​ឥត​មាន​នីតិរដ្ឋ​ដែរ។ ​ប៉ុន្តែ​ប្រជា​ពលរដ្ឋ​ខ្មែរ​យើង​នៅ​ពេល​បច្ចុប្បន្ន ​ពួក​គាត់​ពូកែ ​ព្រោះ​អ្នក​រកស៊ី​ក៏​ពូកែ​ជាង​មុន។​ អ្នក​មាន​ជំនាញ​ផ្សេង​ៗ ​ដូច​ជា​ជំនាញ​កុំព្យូទ័រ​ ជំនាញ​ក្មេង​ៗ​ ដែល​គាត់​ទៅ​រៀន​សូត្រ​ហ្នឹង​ គឺ​ពូកែៗ​មែន​ទែន»។

កាល​ពី​ឆ្នាំ​២០១០ ​តាម​លទ្ធផល​ស្ទាបស្ទង់​មតិ​របស់​ IRI ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ប្រជា​ពលរដ្ឋ​ប្រមាណ​ ៧៦% ​ដែល​បាន​អះអាង​ថា​កម្ពុជា​កំពុង​តែ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​មុន​ក្នុង​ទិស​ដៅ​ដ៏​ត្រឹមត្រូវ។​ ហើយ​មាន​តែ​ ២៣​% ​ដែល​បាន​អះអាង​ថា​កម្ពុជា​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ខុស។

លទ្ធផល​នៃ​ការ​ស្ទាបស្ទង់​មតិ​នេះ​អាច​មាន​កម្រិត​លម្អៀង​ប្រហែល​ ២,២% ​នៅ​ក្នុង​ចំណោម​អត្រា​អ្នក​ចូលរួម​ឆ្លើយ​ប្រមាណ​ ៩៥%៕

XS
SM
MD
LG