កម្ពុជា​ទទួល​បាន​ជំនួយ​បរិក្ខារ​ផ្នែក​សន្តិសុខ​ជាតិ​ពី​ចិន

លោកនាយ​ឧត្ដមសេនីយ៍ នេត សាវឿន (ឆ្វេង) អគ្គស្នងការ​នគរបាល​ជាតិ និង​លោក​ ទូ ហាងហៃ្វ អនុ​រដ្ឋមន្ត្រី​នៃ​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន ក្នុង​ពិធី​ចុះ​ហត្ថលេខា​មួយ នៅ​​ទី​ក្រុង​ប៉េកាំង​កាល​ពី​ដើម ខែកញ្ញា ឆ្នាំ២០១៩។ (រូបភាព​ពី​​គេហទំព័រ​​នគរបាល​ជាតិ)

ប្រទេស​កម្ពុជា​កំពុង​ត្រៀម​រៀប​ចំ​​ព្រឹត្តិការណ៍​អន្តរជាតិ​ធំៗ​ចំនួន​ពីរ​នៅ​ឆ្នាំក្រោយ​ និង​នៅ​ឆ្នាំ​២០២៣។ ​ខណៈ​ត្រៀម​ខ្លួន​រៀបចំ​ព្រឹត្តិការណ៍​ទាំង​នោះ កម្ពុជា​បាន​សុំ​​ជំនួយ​ពី​ប្រទេស​ចិន​ដើម្បី​ធានា​រ៉ាប់​រង​ដល់​ប្រព័ន្ធ​សុវត្ថិភាព។

អគ្គស្នងការ​នគរបាល​ជាតិ​កម្ពុជា​ បាន​ស្នើ​ប្រទេសចិន​ឲ្យ​ជួយ​បំពាក់​មធ្យោបាយ​ និង​សម្ភារៈ​សម្រាប់​ធានា​ដល់​ការ​ការពារ​សុវត្ថិភាពក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប​នៅ​ឆ្នាំ​២០២០ និង​ក្នុង​ព្រឹត្តិ​ការណ៍កីឡា​ស៊ីហ្គេម​២០២៣​ ដែល​កម្ពុជា​នឹងទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ។ នេះ​បើ​តាម​ការ​ផ្សាយ​របស់​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ

​សំណើ​នេះ​ធ្វើ​ឡើង​ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​បី​ថ្ងៃ​របស់​អគ្គ​ស្នងការ​នគរបាល​ជាតិ លោក នេត សាវឿន ​ក្នុង​ទី​ក្រុង​ប៉េកាំង​កាល​ពី​សប្ដាហ៍​មុន។

ក្នុង​ជំនួប​ទ្វេភាគី​ជាមួយ លោក​ ទូ ហាងហៃ្វ អនុ​រដ្ឋមន្ត្រី​នៃ​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន លោក នេត សាវឿន ​ បាន​ស្នើភាគី​ចិន​ឲ្យ​បន្ត​គាំទ្រ​ទាំង​បទពិសោធន៍ និង​ការ​បំពាក់​មធ្យោបាយ​សម្ភារៈ​សម្រាប់​ការរៀបចំ​ផែនការ​ការពារ​កិច្ច​ប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប ឆ្នាំ​២០២០ និង​ព្រឹត្តិការណ៍​ប្រកួត​កីឡាប្រជាជាតិ​អាស៊ីអាគ្នេយ៍ ហៅថា​ស៊ីហ្គេម​២០២៣។

យោង​តាម​គេហទំព័រ​របស់​អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ​ ​ឲ្យ​ដឹង​ថា​ភាគី​ចិន «​ទទួល​យក និង​សន្យា​ជួយ​គាំទ្រ​អស់​ពី​ចិត្ត​ពី​ថ្លើម»​ ដល់​ប្រទេស​កម្ពុជា។

យ៉ាង​ណា​ក្តី​លើ​គេហទំព័រ​អគ្គស្នងការ​ដដែល​នោះ​មិន​បាន​បញ្ជាក់​ថា តើ​មធ្យោបាយ និង​សម្ភារៈ​ដែល​កម្ពុជា​បាន​ស្នើ​ឲ្យ​ភាគី​ចិន​ជួយសម្រាប់​ការពារ​កម្មវិធី​ធំៗ​ទាំង​ពីរ​នោះ មាន​អ្វី​ខ្លះ​នោះ​ទេ។

​VOA មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​អ្នកនាំ​ពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹម ខឿន បាន​ទេ ​រហូត​ដល់​ល្ងាច​ថ្ងៃ​អង្គារ​នេះ ដោយលោកទាំងពីរប្រាប់​ថា​លោក​ទាំង​ពីរ​កំពុង​ជាប់​ប្រជុំ។

កិច្ច​ប្រជុំ​កំពូលអាស៊ី​-​អឺរ៉ុប​ (ASEM) គឺជា​វេទិកា​សម្រាប់​កិច្ច​សហប្រតិបត្តិការ​រវាង​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ី និង​បណ្ដា​ប្រទេស​មក​ពី​តំបន់​អឺរ៉ុប។ ប្រមុខ​ដឹក​នាំ​នៃ​បណ្ដា​ប្រទេស​ទាំង​នោះ​ នឹង​ចូល​រួម ​ពិភាក្សា​ដោយ​ឈរ​លើ​សសរស្ដម្ភ​ចំនួន​៣ គឺ នយោបាយ សេដ្ឋកិច្ច និង​វប្បធម៌។ កិច្ចប្រជុំ​កំពូល​នេះ​ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​រៀងរាល់​២​ឆ្នាំ​ម្តង ដោយ​មានប្រទេស​ដែល​ទទួល​បន្ទុក​រៀប​ចំ​វេទិកា​នេះ​ត្រូវ​ប្ដូរ​វេន​គ្នា​រៀប​ចំ។

​ដោយ​ឡែក​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​គឺជា​ការ​ប្រកួត​កីឡា​កម្រិត​អន្តរជាតិ​រវាង​បណ្ដា​ប្រទេស​សមាជិក​សមាគម​អាស៊ាន​ដែល​មាន​ប្រទេស​ចំនួន​១១​ចូល​រួម​ដោយ​បូក​បញ្ចូលប្រទេស​ទីម័រ​ ដែល​កំពុង​តែ​ត្រៀម​ចូល​ជា​សមាជិក​ថ្មី​របស់​សមាគម​អាស៊ាន​ផង​ដែរ។

​លោក ឯម សុវណ្ណារ៉ា ​អ្នក​វិភាគ​នយោបាយ​មួយ​រូប​លើក​ឡើង​ថា ការ​ស្នើ​សម្ព័ន្ធ​មិត្ត​ឲ្យ​ផ្ដល់​ជំនួយ​ដើម្បី​ការពារ​សន្តិសុខ​ក្នុង​កិច្ច​ប្រជុំ​ធំៗ​ គឺជា​ចំណុច​ល្អ ប្រសិន​បើ​កម្ពុជា​មិន​មាន​ធនធាន​គ្រប់គ្រាន់។ យ៉ាង​ណា​ក្ដី​លោក​ថា កម្ពុជា​គួរ​ស្នើ​ការ​ការពារ​សន្តិសុខ​នេះ​ពី​គ្រប់​ភាគី ដើម្បី​បង្ហាញ​អំពី​ការ​សហការ​អន្តរជាតិ​ដោយ​គ្មាន​លម្អៀង។

«កម្ពុជា​គួរ​តែ​បើក​ចិត្ត​ទូលាយ​សុំ​ទៅ​គ្រប់​ភាគី​ទៅ ហើយ​កន្លែង​ហ្នឹង​ក៏​កម្ពុជា​អាច​មើល​ឃើញ​អំពី​គេ​ហៅថា​ជំហរ​កិច្ច​សហប្រតិបត្តិការ​របស់មហាមិត្ត​ទាំង​អស់​លើ​សកល​លោក កុំ​ឲ្យ​តែ​កម្ពុជា​សុំ​តែ​ទៅ​ចិន អា​ហ្នឹង​ជា​ហេតុ​ផល​មួយ​ដែល​លោក​ខាង​លិច​ហ្នឹង​គេ​គិត​ថា​ កម្ពុជា​លម្អៀង​ទៅ​លោក​ខាង​កើត»។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ខែ​តុលា ឆ្នាំ​២០១៨​បាន​ប្រកាស​ប្ដេជ្ញា​ចិត្ត​ថា​ កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ អាស៊ី-អឺរ៉ុប ឆ្នាំ​២០២០​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់ ដើម្បី​ធានា​ឲ្យ​កិច្ចប្រជុំ​កំពូល​អាស៊ី​-អឺរ៉ុប​លើក​ទី​១៣ ប្រព្រឹត្ត​ទៅ​ដោយ​រលូន និង​ទទួល​បាន​ជោគជ័យ។ ភ្លាមៗ​ក្រោយ​ការ​ប្រកាស​នោះ នាយក​រដ្ឋ​មន្ត្រី​ចិន ​លោក​ ​លី ខឺឈាង ​(Li Keqiang)​ ក៏បាន​ប្រកាស​គាំទ្រ​កម្ពុជា​ ក្នុង​ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ី​-អឺរ៉ុប​នេះ​ផង​ដែរ៕