ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍ VOA ជាមួយ​លោក Brian Eyler អំពី​ការ​អភិវឌ្ឍនិង​អភិបាលកិច្ច​របស់​រដ្ឋាភិបាល​នៅកម្ពុជា


រូបឯកសារ៖ ទង់ជាតិកម្ពុជាដាក់តាំងនៅរាជធានីភ្នំពេញ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦។
រូបឯកសារ៖ ទង់ជាតិកម្ពុជាដាក់តាំងនៅរាជធានីភ្នំពេញ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦។

«ខ្ញុំ​គិត​ថា មាន​ហេតុផល​ជាច្រើន​ដែល​គួរ​ឲ្យ​ព្រួយបារម្ភ​ពី​អនាគត​នៃ​អភិបាល​កិច្ចល្អ​នៅ​កម្ពុជា»។

កំណត់​និពន្ធ៖ លោក Brian Eyler គឺ​នាយក​កម្មវិធី​អាស៊ី​អាគ្នេយ៍​នៃ​មជ្ឈមណ្ឌល Stimson Center នៅ​រដ្ឋធានី វ៉ាស៊ីនតោន។ លោក​ក៏ជា​អ្នក​ជំនាញ​ខាង​អន្តរ​ព្រំដែន​នៃ​តំបន់​ទន្លេ​មេគង្គ និង​ទំនាក់​ទំនង​សេដ្ឋកិច្ច​របស់​ចិន​ជាមួយ​នឹង​បណ្តា​ប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍។ ថ្មីៗ​នេះ លោក​បាន​ផ្តល់​បទ​សម្ភាសន៍​ដល់​កញ្ញា យូ​ សុធារី នៃ VOA អំពីការ​អភិវឌ្ឍ និង​អភិបាលកិច្ច​របស់​រដ្ឋាភិបាល​កម្ពុជា។ សូម​លោកអ្នក​នាង​ស្តាប់ និង​អាន​ខ្លឹមសារ​ទាំងស្រុង​នៃ​បទ​សម្ភាសន៍​នេះ ដែល​ត្រូវបាន​ប្រែសម្រួល​ជា​ខេមរភាសា។ ​

ទាញ​យក​ពី​តំណភ្ជាប់​ដើម

VOA៖⁠ តើ​លោក​យល់​ឃើញ​យ៉ាង​ដូចមេ្តច​ចំពោះ​ការ​ធ្វើ​មជ្ឈការ​អំណាច​⁠ ឬ​ការ​ប្រមូលផ្តុំ​អំណាច​នៅ​កម្ពុជា​ បន្ទាប់​ពី​ការ​បោះឆ្នោត​ជាតិ?»

Brian Eyler៖ ប្រទេស​កម្ពុជា​ជា​របប​រាជា​ធិបតេយ្យ​អាស្រ័យ​រដ្ឋធម្មនុញ្ញ​ ដែល​គួរ​តែ​មាន​គណបក្ស​នយោបាយ​ធំៗ ចូលរួម​នៅ​ក្នុង​ការ​ជជែក​តស៊ូ​មតិ​ផ្នែក​នយោបាយ ដោយផ្អែក​ទៅ​លើ​គុណតម្លៃ​លិទ្ធិ​ប្រជាធិបតេយ្យ។ ប៉ុន្តែ​ខ្ញុំ​គិត​ថា ការ​ជំរុញ​មជ្ឈការ​អំណាច​ ដូច​យើង​បាន​ឃើញ​នៅ​មុន​ពេល​បោះឆ្នោត​⁠ និង​បន្ទាប់​ពី​ការ​បោះឆ្នោត​នេះ គឺ​ គ្រាន់​តែ​ជា​ផ្នែក​មួយ​នៃ​និន្នាការ ឆ្ពោះ​ទៅ​កាន់​ការ​ក្តោបក្តាប់​អំណាច​ទាំងស្រុង ដែល​បាន​អូស​បន្លាយ​អស់រយៈពេល​មួយ​ទសវត្សរ៍​មក​នេះ។ ហើយ​ខ្ញុំ​ជឿថា មាន​កត្តា​ពីរ​ដែល​ធ្វើ​ឲ្យ​មាន​ភាព​ខុសប្លែក​គ្នា​នេះ។

ទីមួយ​គឺ​ថា លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន⁠ សែន​ កាន់​តែ​មាន​វ័យ​ចំណាស់​ទៅ​ហើយ។⁠ គាត់​បាន​កាន់អំណាច​អស់​រយៈពេល​យូរ​មក​ហើយ​ដែរ⁠ ហើយ​គាត់​កំពុង​តែ​ព្រួយបារម្ភ​ពី​កេរ្តិ៍តំណែល​របស់​គាត់។ ទី​ពីរ ឥទ្ធិពល​របស់​ចិន​នៅ​កម្ពុជា​ គឺ⁠កំពុង​តែ​ផ្តល់​ជា​ទម្រ​មួយ​សម្រាប់​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន⁠ សែន ដោយ​បង្ហាញ​ថា ​គាត់​អាច​ពឹងផ្អែក​លើ​ការ​គាំទ្រ​ពី​ចិន និង​មិន​ចាំបាច់ព្រួយបារម្ភ​ពី​សម្ពាធ​ពី​គណបក្ស​ប្រឆាំង⁠ ឬ​ពី​ដៃ​គូ​អភិវឌ្ឍន៍​នានា ដូច​ជា​ សហរដ្ឋអាមេរិក ​អូស្រា្តលី ជប៉ុន និង​សហភាព​អឺរ៉ុប​នោះ​ទេ។

VOA: តើ​ការណ៍​នេះ​ផ្តល់​ផលវិបាក​អ្វីខ្លះ​ទៅ​លើ​អភិបាលកិច្ចល្អ និង​មជ្ឈការ​អំណាច​នៅ​កម្ពុជា?

លោក Brian Eyler គឺ​នាយក​កម្មវិធី​អាស៊ី​អាគ្នេយ៍​នៃ​មជ្ឈមណ្ឌល Stimson Center នៅ​រដ្ឋធានី វ៉ាស៊ីនតោន។ (រូបថត៖ Stimson Center)
លោក Brian Eyler គឺ​នាយក​កម្មវិធី​អាស៊ី​អាគ្នេយ៍​នៃ​មជ្ឈមណ្ឌល Stimson Center នៅ​រដ្ឋធានី វ៉ាស៊ីនតោន។ (រូបថត៖ Stimson Center)

Brian Eyler៖ ខ្ញុំ​គិត​ថា មាន​ហេតុផល​ជាច្រើន​ដែល​គួរ​ឲ្យ​ព្រួយបារម្ភ​ពី​អនាគត​នៃ​អភិបាល​កិច្ចល្អ​នៅ​កម្ពុជា។ ហេតុផល​មួយ​នៅ​ក្នុង​ចំណោម​នោះ គឺ​គណបក្ស​ប្រឆាំង​ដែល​រឹងមាំ​មួយ។ ពិតណាស់ គណបក្ស​សង្រ្គោះជាតិ​គឺ​ជា​កម្លាំង​មួយ​ដែល​អាច​លើក​ឡើង​ពីបញ្ហា​សំខាន់ៗ ពាក់ព័ន្ធ​នឹង​ការ​រឹបអូស​ដី​ធ្លី​ ទំនប់​វារីអគ្គិសនី តំបន់​ជួរ​ភ្នំ​ក្រវ៉ាញ និង​តំបន់​ទន្លេមេគង្គ។ គណបក្ស​ប្រឆាំង​រឹង​មាំ​មួយ​អាច​កំណត់​វិថី​ឆ្ពោះ​ទៅ​មុខ​បាន។ ដូច្នេះ​មិន​ថា⁠ ពាក់ព័ន្ធ​នឹង​នយោបាយ​ឬ​អត់​នោះ​ទេ មន្រ្តី​នានា​នៅ​តាម​ក្រសួង​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​កម្ពុជា​នឹង​យក​ចិត្ត​ទុកដាក់​លើ​ដំណោះស្រាយ​ទាំង​នោះ។ ហើយ​ជា​ថ្មី​ម្តង​ទៀត បើ​មិន​មាន​គណបក្ស​ប្រឆាំង​រឹងមាំ​មួយ «តើ​នរណា​នឹង​ជំរុញ​កិច្ចសន្ទនា​សំខាន់ៗ​ឲ្យ​ទៅ​មុខ?»

VOA៖ តើ​ផលវិបាក​នៃ​រដ្ឋ​ឯកបក្ស​មាន​អ្វីខ្លះ?

Brian Eyler៖ ខ្ញុំ​គិតថា អ្វី​ដែល​សំខាន់​នោះ​គឺ​ត្រូវ​គិត​ពីភាពខុសគ្នា​នៃ​អ្វី​ដែល​មាន​នៅ​ពេល​នេះ​ជាមួយ​នឹង​រដ្ឋាភិបាល​អាណត្តិមុន។ គណបក្ស​ប្រជាជន​កម្ពុជា មិនថា តាមរយៈ​ការ​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ ឬ​តាមរយៈ​ការ​ឈ្នះ​ដាច់​ពី​ការ​បោះឆ្នោត​នោះ​ទេ គឺ​តែងតែ​រក​បាន​អាសនៈ​ភាគច្រើន​នៅ​ក្នុង​សភា។ ដូច្នេះ​ គណបក្ស​នេះ​អាច​ជំរុញ​គោលនយោបាយ​របស់​ខ្លួន​ឲ្យ​ទៅ​មុខ​សម្រាប់​ផលប្រយោជន៍​របស់​ខ្លួន។ ពិតណាស់ នឹង​មិនមាន​ការ​ផ្លាស់ប្តូរ​ច្រើន​ទេ។ ខ្ញុំ​គិត​ថា អ្វី​ដែល​កំពុង​តែ​បង្ហាញ​កាន់​តែ​ច្បាស់​ និង​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​គឺ ការ​ពិភាក្សា​នៅ​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា​ផ្ទាល់។ យើង​មិន​អាច​ស្រមៃ​ថា គណបក្ស​ប្រជាជន​កម្ពុជា ឬ​សមាជិក​គណបក្ស​នេះ​គិត​ដូចគ្នា​នោះ​ទេ។ ដូចនេះ តើ​នឹង​មាន​ការ​ប្រេះស្រាំ​នៅ​ក្នុង​ជួរ​បក្ស​ឬ​ទេ? អ្វីៗ​ទាំង​អស់​នេះ​នឹង​ត្រូវបង្ហាញ​តាមរយៈ​ការ​ទទួល​បាន​អាសនៈ​ទាំងអស់​នៅ​ក្នុង​សភា​នៃ​គណបក្ស​នេះ។

VOA៖ ​ឥឡូវ​នេះ​ចិន​បាន​ក្លាយ​ជា​ម្ចាស់​ជំនួយ​ដ៏​ធំជាង​គេ​បង្អស់​មួយ​សម្រាប់​កម្ពុជា។ ដូច្នេះ តើ​លោក​គិត​ថា រដ្ឋាភិបាល​កម្ពុជា​មាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​គ្រប់គ្រង ឬ​លើក​កម្ពស់​អភិបាលកិច្ច​របស់​ខ្លួនឬ​ទេ?

Brian Eyler៖ ទេ⁠ ខ្ញុំ​មិន​គិត​ដូចនេះ​ទេ។⁠ ខ្ញុំ​គិត​ថា លំហូរ​វិនិយោគ និង​ជំនួយ​ពី​ប្រទេស​ចិន​ គឺជា​អ្វី​មួយ​ដែល​ខុស​ពី​លំហូរ​ជំនួយ​អភិវឌ្ឍន៍​ពី​បណ្តា​ប្រទេស​ដទៃ​ទៀត⁠ ដែល​មាន​លក្ខខណ្ឌ​ភ្ជាប់​មក​ជាមួយ។ ជំនួយ​ដែល​មាន​ភ្ជាប់​លក្ខខណ្ឌ​នោះ គឺ​ផ្តោត​ទៅ​លើ​ការ​លើកកម្ពស់​ស្ថានភាព​សិទ្ធិមនុស្ស​ និង​លិទ្ធិ​ប្រជាធិបតេយ្យ នៅ​កម្ពុជា។ អ្វី​ដែល​បាន​មក​ពី​ប្រទេស​ចិន​មិន​ត្រូវ​ការ​លក្ខខណ្ឌ​ទាំង​នេះ​ទេ។ យើង​អាច​ស្រមៃ​ឃើញ​ថា មួយ​ផ្នែក​ធំ​នៃ​ជំនួយ​ពី​ចិន​បាន​ហូរ​ចូល​ទៅ​ក្នុង​កណ្តាប់ដៃ​ក្រុម​វរជន​នៅ​កម្ពុជា។

នៅ​ពេល​ដែល​ការ​វិនិយោគ​ និង​ធនធាន​ពី​ប្រទេស​ចិន​ហូរ​ចូល​មក ការ​វិនិយោគ និង​ជំនួយ​ទាំង​នេះ​ស្ថិត​នៅ​ក្នុង​បែបផែន​នៃ​ការ​អភិវឌ្ឍ​របស់​ចិន។ ដូច្នេះ​ អ្វី​ដែល​យើង​ឃើញ​កំពុង​កើត​មាន​ឡើង​ គឺ​ការ​អភិវឌ្ឍ​តាម​របៀប​ចិន​នៅ​កម្ពុជា⁠ ហើយ​ការណ៍​នេះ​អាច​បង្ក​ការ​ប៉ះពាល់​ទៅ​ដល់​សេដ្ឋកិច្ច បរិស្ថាន និង​ប្រជាជន។

VOA៖ មាន​មតិ​ភាគច្រើន​លើកឡើង​ថា ការ​វិនិយោគ​ពី​ប្រទេស​ចិន​បង្ក​ការ​ប៉ះពាល់​ដល់​សង្គម និង​សេដ្ឋកិច្ច​កម្ពុជា។⁠ តើ​លោក​មាន​យោបល់​អ្វីខ្លះ​សម្រាប់​ឲ្យ​រដ្ឋាភិបាល​កម្ពុជាដោះស្រាយ​បញ្ហា​នេះ​ដែរ?

Brian Eyler៖ សេចក្តី​សម្រេច​ផ្នែក​វិនិយោគ​គួរ​ធ្វើ​ឡើង​ផ្អែក​លើ​កត្តា​អំណោយ​ផល​ផ្នែក​សដ្ឋកិច្ច​របស់​កម្ពុជា ដូចជា វិស័យ​ផលិតកម្ម​ដ៏​ខ្លាំងក្លា​វិញ⁠វិស័យ​កសិកម្មក្រោម​បច្ចេកវិទ្យា​ឆ្លាត​វៃ និង​វិស័យ​ថាមពល​កកើត​ឡើង​វិញ ដែល​សម​នឹង​ទទួល​បាន​ការ​វិនិយោគ។ ប៉ុន្តែ​ប្រសិន​បើ ការ​វិនិយោគ​ហូរ​ចេញ​ពី​ចិន​នៅ​ក្នុង​ទម្រង់​ជា «លុយ​កខ្វក់» និង​ត្រូវ​បាន​យក​មក​លាង​នៅ​កម្ពុជា​នោះ​វា​ជា​អ្វី​មួយ​ដែល​នឹង​ប៉ះពាល់​ទៅ​ដល់​ការ​អភិវឌ្ឍ​ប្រទេសទៅ​វិញ។

ទិដ្ឋភាពសំណង់អគារធំៗនៅទីក្រុងភ្នំពេញ។ ពាក់កណ្តាលនៃការ​បណ្តាក់ទុនរបស់ចិននៅកម្ពុជា គឺផ្តោតលើវិស័យអចលនទ្រព្យ។
ទិដ្ឋភាពសំណង់អគារធំៗនៅទីក្រុងភ្នំពេញ។ ពាក់កណ្តាលនៃការ​បណ្តាក់ទុនរបស់ចិននៅកម្ពុជា គឺផ្តោតលើវិស័យអចលនទ្រព្យ។

VOA៖⁠ ​ប៉ុន្តែ​វា​ពិត​ជា​លំបាក​សម្រាប់​រដ្ឋាភិបាល​កម្ពុជា។⁠ ឧទាហរណ៍⁠ ប្រសិន​បើ​រដ្ឋាភិបាល​ចង់​យក​លុយ​ពី​បស្ចិមប្រទេស⁠ នៅ​ពេល​ដែល​លុយ​នោះ​មាន​លក្ខខណ្ឌ​ភ្ជាប់​មក​ជាមួយ។ តើ​លោក​គិត​ថា មាន​ការ​ពិបាក​នឹង​អភិវឌ្ឍ​ប្រទេស​ជាមួយ​នឹង​លុយ​ពី​បស្ចិមប្រទេសជាង​លុយ​ពី​ប្រទេស​ចិន​ឬ​ទេ?

Brian Eyler៖ ខ្ញុំ​មិន​គិត​ថា នៅ​ពេល​ដែល​ចិន​វិនិយោគ​នៅ​កម្ពុជា​⁠ ភាគី​ពាក់ព័ន្ធ​នៅ​កម្ពុជា​ជា​អ្នក​កំណត់​ពី​របៀប​វិនិយោគ​នោះ​ទេ។⁠ ខ្ញុំ​ជឿ​ថា នរណា​ក៏​ដោយដែល​វិនិយោគ និង​ផ្តល់ជា​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ⁠ (ODA) ឬ​ការ​វិនិយោគ​ពី​បរទេស​ផ្ទាល់​មក​កាន់​កម្ពុជា គឺ​តែងតែ​មាន​ឥទ្ធិពល​ពី​ខាង​ក្រៅ​ ដែល​កំណត់​លក្ខខណ្ឌ​ទៅ​លើ​របៀប​នៃ​ការ​វិនិយោគ⁠ មិន​ថា​ពី​ប្រភព​ណា​នោះ​ទេ។

VOA៖⁠ ​លោក​បាន​ឭ​ជា​ច្រើន​ដង​ហើយ​ថា កម្ពុជា​បាន​និយាយ​ថា ចិន​ជា​មិត្តភក្តិ​ដ៏​ល្អ ហើយ​ពួកគេ​ទទួល​បាន​លុយ​ពី​ប្រទេស​ចិន​ ហើយ​ប្រទេស​ចិន​មិន​បាន​សុំ​អ្វី​ត្រឡប់​ទៅ​វិញ​ទេ។ តើ​លោក​គិត​យ៉ាង​ដូចម្តេច​ដែរ​ចំពោះ​រឿង​នេះ?

Brian Eyler៖ ខ្ញុំ​មិន​យល់ស្រប​ថា មិន​លក្ខខណ្ឌ​ផ្សារភ្ជាប់​ទៅ​នឹង​ការ​វិនិយោគ​របស់​ចិន​នោះ​ទេ។ ខ្ញុំ​គិត​ថា មាន​ការ​ដោះដូរ​សម្ងាត់​ផ្ទៃ​ក្នុង​ដើម្បីប្រយោជន៍​នយោបាយ⁠ សម្រាប់​ទាំង​ប្រទេស​ចិន និង​កម្ពុជា។ ការណ៍​ដែល​ប្រទេស​ចិន​ជា​មិត្ត​ដ៏​ល្អ​សម្រាប់​កម្ពុជា អាច​ជួយ​ឲ្យ​ចិន​ធ្វើ​ព្យុះ​ភ្លៀង​នយោបាយ​នៅ​អាស៊ាន​បាន។ យើង​បាន​ឃើញ​ម្តង​ហើយ​ម្តង​ទៀត​ ជា​ពិសេស​នៅ​ក្នុង​ឆ្នាំ​ ២០១១ នៅ​ពេល​ដែល​អាស៊ាន​ខកខាន​នៅ​ក្នុង​ការ​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​ពាក់ព័ន្ធ​នឹង​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង⁠ ហើយ​កម្ពុជា​គឺ​ជា​អ្នក​បង្ក​បញ្ហា​នេះ​ឡើង​ក្នុង​នាម​ជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ពេល​នោះ។ យើង​សង្កេត​ឃើញ​មាន​ផលប៉ះពាល់​ដែល​បណ្តាល​មក​ពី​តម្រូវការ​ក្នុង​ការ​ទទួល​បាន​អគ្គិសនី​ប្រើប្រាស់​ទូទាំង​ប្រទេស និង​តម្លៃ​អគ្គិសនី​ថោក ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ស្នើ​ឲ្យ​ចិន​សាងសង់ទំនប់វារី​អគ្គិសនី​សេសាន​ក្រោម​ ២។

ការ​ផ្តល់​ឱកាស​ឲ្យ​ចិន​វិនិយោគ​លើ​វិស័យ​ដទៃ​ទៀត ដូច្នេះ​គម្រោង​ទំនប់​វារី​អគ្គីសនី​សេសាន​ក្រោម​២​នេះ អាច​បំពេញ​តម្រូវ​ការ​នយោបាយ​របស់​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​ បាន។ ជា​ថ្នូរ​នឹង​ការ​ដោះដូរ រដ្ឋាភិបាល​កម្ពុជា​បាន​បើក​ឱកាស​ឲ្យ​មាន​ការ​វិនិយោគ​លើ​វិស័យ​អចលន​ទ្រព្យ ហើយ​លំហូរ​វិនិយោគ​ជាច្រើន​បាន​ហូរ​ចូល​ក្នុង​ប្រទេស​កម្ពុជា។ ដូច្នេះ​ យើង​កំពុង​តែ​ពិនិត្យ​មើល​ការ​ដោះដូរ​ធនធាន​សម្រាប់​ផល​ប្រយោជន៍​ផ្សេងៗ។⁠ ហើយ​ការ​ដោះដូរ​ទាំង​នោះធ្វើ​ឡើង​ជា​សម្ងាត់។

VOA៖⁠ តើ​លោក​យល់​ថា នៅ​ក្នុង​រយៈពេល​វែង នេះ​ជា​អ្វី​ដែលល្អ​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា​ដែរ​ឬ​ទេ?

Brian Eyler៖ តាម​ពិត​ទៅ វា​អាស្រ័យ​លើ​ថា​ តើ​គម្រោង​ទំនប់​វារី​អគ្គីសនី​នេះ​បាន​ធ្វើ​ឡើង​នៅ​កន្លែង​ណា និង​ថា​តើ​គម្រោង​ទាំង​នោះ​នឹង​មាន​សារៈប្រយោជន៍​អ្វី​ដល់​សេដ្ឋកិច្ច​កម្ពុជា។ ទីតាំង​នៃ​គម្រោង​ទំនប់​វារី​អគ្គិសនី​នៅ​កម្ពុជា គួរ​តែ​ត្រូវ​បាន​គិត​គូរ​ឲ្យ​បាន​ម៉ត់ចត់ ​ដោយសារ​តែ​ទីតាំង​របស់​គម្រោង​ទាំង​នោះ​ស្ថិត​នៅ​ជិត​ទន្លេសាប⁠ និង​តំបន់​លិច​ទឹក​របស់​ទន្លេ​មេគង្គ។ ការ​ដាក់​ទីតាំង​ទំនប់​វារី​អគ្គិសនី​ខុស​អាច​បំផ្លាញ​តម្រូវការ​ស្បៀង​អាហារ​មូលដ្ឋាន​របស់​ប្រជាជន​កម្ពុជា⁠ ពីព្រោះ​ត្រី​ជាង​បីសែន​តោន​ត្រូវ​បាន​នេសាទ​ចេញ​ពី​ទន្លេសាប​ជា​រៀងរាល់​ឆ្នាំ។ ត្រី​ទាំងអស់​នោះ​គឺ​ត្រូវ​យក​ទៅ​បរិភោគ​ទាំងស្រុង ហើយ​រួម​ចំណែក​ប្រហែល ៦០ ទៅ​៧០​ភាគរយ​នៃ​ប្រូតេអ៊ីន​ ដែល​ប្រជាជន​ខ្មែរ​ទទួលទាន។ ហើយ​សារជាថ្មី ប្រសិន​បើ​គម្រោង​ថាមពល មិន​ថា​ជា​រោងចក្រ​ធ្យូង​ ឬ​ទំនប់វារី​អគ្គិសនី ឬ​រោងចក្រ​ផលិត​ថាមពល​អគ្គិសនី​ពី​ពន្លឺ​ព្រះអាទិត្យ⁠ ឬ​រោងចក្រ​ផលិតថាមពល​អគ្គិសនី​ពី​ខ្យល់ មាន​ការ​សិក្សា​ត្រឹមត្រូវ⁠ និង​មាន​ការ​ពិចារណា​ច្បាស់លាស់​អំពី​ផលប៉ះពាល់​បរិស្ថាន​ប្រាកដ​ណាស់​នេះ​នឹង​ជួយ​ដល់​ការ​អភិវឌ្ឍ​របស់​កម្ពុជា។

ទិដ្ឋភាព​ទំនប់​វារី​អគ្គិសនី​កំចាយ​នៅ​ក្នុង​ខេត្ត​កំពត ចម្ងាយ​ប្រមាណ​១៤៦​គីឡូម៉ែត្រ​ភាគ​ខាង​លិច​រាជធានី​ភ្នំពេគ កាល​ពី​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០០៨។
ទិដ្ឋភាព​ទំនប់​វារី​អគ្គិសនី​កំចាយ​នៅ​ក្នុង​ខេត្ត​កំពត ចម្ងាយ​ប្រមាណ​១៤៦​គីឡូម៉ែត្រ​ភាគ​ខាង​លិច​រាជធានី​ភ្នំពេគ កាល​ពី​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០០៨។

VOA៖ ​ប៉ុន្តែ​បញ្ហា​គឺ​ថា ​តម្លៃ​អគ្គិសនី​មាន​ខ្ពស់​នៅ​កម្ពុជា បើប្រៀប​ជាមួយ​នឹង​ប្រទេស​ជិត​ខាង។ ដូច្នេះ​ប្រសិន​បើ​យើង​មិនមាន​គម្រោង​ទំនប់វារីអគ្គិសនី​នោះ​ទេ តើ​កម្ពុជា​នឹង​បង្កើន​ផលិតភាព​របស់​ខ្លួន​យ៉ាង​ដូចម្តេច?

Brian Eyler៖ ​ជាដំបូង កម្ពុជា​ខ្វះ​ខាត​ប្រព័ន្ធ​ចែកចាយ​អគ្គិសនី​ ដែល​ត្រូវ​មាន​ទូទាំង​ប្រទេស។ នេះ​ជា​ហេតុផល​មួយ​ដែល​ធ្វើ​ឲ្យ​ថ្លៃ​អគ្គិសនី​ខ្ពស់។ ហើយ​បើ​យើង​មើល​ទៅ​លើ​ទំនប់​វារី​អគ្គិសនី​សេសានក្រោម​ ២ ទំនប់វារី​អគ្គិសនី​នោះ​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ ២៥០ ទៅ៣០០​⁠ គីឡូម៉ែត្រ​ពី​ក្រុង​ភ្នំពេញ។ នេះ​ជា​ចម្ងាយ​ឆ្ងាយ​គួរ​សម។ ថាមពល​ពី​ទំនប់វារី​អគ្គិសនី​នេះ​ត្រូវ​ផ្គង់ផ្គង់​មក​ក្រុង​ភ្នំពេញ។ ប៉ុន្តែ​នៅ​ពេល​ដែល​មាន​ការ​ភ្ជាប់​អគ្គិសនី​មក មិនមាន​ផល​ប៉ះពាល់​ណា​មួយ​ទៅ​លើ​ថ្លៃ​អគ្គិសនី​នៅ​ក្រុង​ភ្នំពេញ​ទេ។ ដូច្នេះ​ ពិត​ណាស់⁠ គឺ​ត្រូវ​ការ​ផលិត​ថាមពល​អគ្គិសនី​បន្ថែម។⁠ ហើយ​ថាមពល​អគ្គិសនី​ផលិត​ចេញ​នោះ​មិនមែន​ត្រឹម​តែ​តាមរយៈ​វារីអគ្គិសនី​ប៉ុណ្ណោះ​ទេ⁠ ប៉ុន្តែ​ថែមទាំង​តាមរយៈ​ទម្រង់​ផលិតកម្ម​ដទៃ​ទៀត​ផង​ដែរ⁠ គឺ​យើង​ត្រូវ​ពិចារណា​លើ​ការ​លាយ​បញ្ចូល​គ្នា​រវាង​ប្រភព​ផលិត​ថាមពល​អគ្គិសនី​ផ្សេងៗ។ វា​មាន​សារៈសំខាន់​នៅ​ក្នុង​ការ​ពិចារណា​ទៅ​លើ​ទម្រង់​បច្ចេកវិទ្យា​ថាមពល​ផលិត​ឡើង​វិញ​ដូចជា ថាមពល​ពន្លឺ​ព្រះអាទិត្យ​ ថាមពល​ខ្យល់​ ថាមពល​ជីវប្រេង​ឥន្ធនៈ និង​ថាមពល​ជីវ​ឧស្ម័ន ​ដែល​អាច​ជួយ​បន្ទាប​តម្លៃ​អគ្គិសនី​បាន។

VOA៖ ​ប៉ុន្តែ​បញ្ហា​គឺ​ថា ថាមពល​កើតឡើង​វិញ​គឺ​នៅ​មាន​តម្លៃ​ថ្លៃ។ ភាគច្រើន​ រដ្ឋាភិបាល​កម្ពុជា​និយាយ​ថា ពួកគេ​មិនមាន​ថវិកា ដើម្បី​អនុវត្ត​កម្មវិធី​អភិវឌ្ឍន៍​ទេ។ ដូច្នេះ​ តើ​ថវិកា​នោះ​នឹង​មក​ពី​ណា?

Brian Eyler៖ ថវិកា​នោះ​គួរ​មក​ពី​ការ​វិនិយោគ​លក្ខណៈ​ឯកជន​ និង​ត្រូវ​អនុវត្ត​ជា​កាលានុវត្តភាព​ពាណិជ្ជកម្ម ដោយ​អ្នក​វិនិយោគ​ឯកជន។ រដ្ឋាភិបាល​កម្ពុជា​អាច​វិនិយោគ​លើផ្នែក​ស្ថាបត្យកម្ម​ហេដ្ឋារចនាសម្ព័ន្ធ​ ដែល​នឹងមាន​ការ​ជំរុញ​ការ​វិនិយោគ​ឲ្យ​ទៅ​មុខ។ ពិត​ណាស់ រដ្ឋាភិបាល​កំពុង​បោះជំហាន​តាម​ទិសដៅ​នេះ​ហើយ។ ដូច​ដែល​យើង​បាន​ឃើញ​នៅ​ក្នុង​ខែ​មេសា ប្រកាស​ថ្មី​របស់​រដ្ឋាភិបាល​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​វិនិយោគ​លើ​ថាមពល​ពន្លឺ​ព្រះអាទិត្យ ហើយ​គម្រោង​ផលិត​ថាមពល​ពី​ពន្លឺ​ព្រះអាទិត្យ​បន្ថែម​ទៀត កំពុង​តែ​បង្កើត​ឡើង និង​ត្រូវ​បាន​ចាត់ទុក​ជា​ការ​អភិវឌ្ឍ​នា​ពេល​អនាគត​នៅ​កម្ពុជា។ ​យើង​កំពុង​និយាយ​អំពី​តម្លៃ​គម្រោង​ទំនប់​វារីអគ្គិសនី​ តម្លៃ​ធ្យូង និង​តម្លៃ​ថាមពលពន្លឺ​ព្រះអាទិត្យ​នៅ​ឆ្នាំ​ ២០១៨។ យ៉ាងណាក្តី យើង​ត្រូវ​គិត​បន្ត​ទៅ​មុខ​ទៀត​នៅ​ចន្លោះ​ប្រាំ​ឆ្នាំ⁠ទៅ​ ១០​ឆ្នាំ​ខាង​មុខ⁠ដោយ​គិត​ថា តើ​តម្លៃ​ថាមពល​ទាំងអស់​នេះ​នឹង​ទៅ​ជា​យ៉ាង​ដូចម្តេច និង​គិត​អំពី​ការ​បង្កើត​ថាមពល​ចម្រុះ​មួយ ដោយ​ផ្អែក​លើ​តម្លៃ​ទាំង​នោះ។

ហើយ​ខ្ញុំ​អាច​ភ្នាល់​ជាមួយ​អ្នក​ថា នៅ​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​ពី​នេះ តម្លៃ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​នឹង​មាន​លក្ខណៈ​ប្រកួតប្រជែង​ខ្លាំង​ប្រៀប​នឹង​តម្លៃ​អគ្គិសនី​ដែល​បាន​ពីគម្រោង​ទំនប់​វារីអគ្គិសនី និងស្រប​ពេល​ដែល​បញ្ហា​ហានិភ័យ​ពាក់ព័ន្ធ​នឹង​ទំនប់​វារីអគ្គិសនី​បាន​ក្លាយ​ជា​អ្វីមួយ​ដែល​គេ​ដឹង​គ្រប់​គ្នា​នៅ​តំបន់​ទន្លេ​មេគង្គ។ កាល​ពី​ពេល​មុន​នេះ នៅ​ក្នុង​ខែ​កក្កដា យើង​បាន​ឃើញ​ការ​បាក់​ទំនប់​នៅ​ឡាវ ដែល​បាន​បង្ក​ឲ្យ​មាន​ទឹក​ជំនន់​នៅកម្ពុជា។⁠ នេះបង្ហាញ​ជា​សញ្ញា​ច្បាស់​មួយ​ទៅ​កាន់​រដ្ឋាភិបាល​កម្ពុជា​ថា ទំនប់​វារី​អគ្គិសនី អាច​បង្ក​ជា​គ្រោះថ្នាក់​បាន គឺ​មិន​ត្រឹម​តែ​ទំនប់​វារីអគ្គិសនី​សាងសង់​នៅ​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ទំនប់វារីអគ្គិសនី​ដែល​សាងសង់​នៅ​ឡាវ​ផង​ដែរ។ ហើយ​មិន​យូរ​មិន​ឆាប់ ហានិភ័យ​ដែល​ផ្សារភ្ជាប់​ជាមួយ​នឹង​ទំនប់វារីអគ្គិសនី​ទាំងនោះ​នឹង​ត្រូវ​ដាក់​បញ្ចូល​ទៅ​ក្នុង​តម្លៃ​អគ្គិសនី។​

VOA៖ តើ​លោក​មាន​យោបល់​អ្វី​ខ្លះ​សម្រាប់​រដ្ឋាភិបាល​ថ្មី​ពាក់ព័ន្ធ​នឹង​ការ​អភិវឌ្ឍ​លក្ខណៈ​រួម​បញ្ចូល?

Brian Eyler៖ រដ្ឋាភិបាល​ថ្មី​ត្រូវ​រក្សា​ទំនាក់ទំនង​ជាមួយ​នឹង​អង្គការ​សង្គម​ស៊ីវិល ស្ថាប័ន​សិក្សា​អប់រំ​នានា និង​អ្នកជំនាញ​អន្តរជាតិ​ពី​ប្រទេស​ចិន និង​ពី​បណ្តា​ប្រទេស​ដទៃ​ទៀត​នៅ​លើ​ពិភពលោក​ពាក់ព័ន្ធ​នឹង​តម្រូវ​ការ​អភិវឌ្ឍ​របស់​កម្ពុជា។ សហគមន៍​នៅ​តាម​ដង​ទន្លេសាបដឹងច្បាស់​ជាង​គេ​ពី​ផលប៉ះពាល់​លើ​ជីវភាព​រស់នៅ​របស់​ពួកគេ ដែល​បណ្តាល​មក​ពី​គម្រោង​ទំនប់​វារីអគ្គិសនី​នៅ​តាម​ដង​ទន្លេ​ខាង​លើ បញ្ហា​បម្រែបម្រួល​អាកាសធាតុ និង​ការ​នេសាទ​ហួស​ចំណុះ។ ដោយសារ​តែ​តំបន់​នេះ​ជា​មូលដ្ឋាន​ធនធាន​សំខាន់​នៅ​ក្នុង​ប្រទេស រដ្ឋាភិបាល​ថ្មី​ត្រូវ​យក​ចិត្ត​ទុកដាក់ និង​ធ្វើការ​ជិត​ដិត​ជាមួយ​នឹង​សហគមន៍​ទាំង​នោះ។

​អ្នក​អាច​សម្រេច​ការងារ​នេះ​បាន​តាមរយៈ​ការ​ធ្វើការ​យ៉ាង​សកម្ម​ជាមួយ​នឹង​អង្គការ​សង្គម​ស៊ីវិល និង​ដៃគូ​អភិវឌ្ឍន៍។ ដូច្នេះ ដោយសារ​តែ​បណ្តាញ​ទំនាក់​ទំនង​ត្រូវ​បាន​កាត់​ផ្តាច់ ឬ​បន្ថយ​នៅ​មុន​ការ​បោះឆ្នោត​ខែ​កក្កដា​កន្លង​ទៅ​នេះ ទំនាក់ទំនង​ទាំង​នេះ​ត្រូវ​តែ​បង្កើត​ឡើង​វិញ និង​ពង្រីក​បន្ថែម​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​ទៅ​មុខ​ប្រកប​ដោយ​ចីរភាព៕

XS
SM
MD
LG