កម្ពុជាត្រៀមរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី ៤ នៅថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៤ ខាងមុខ ដែលជាការបោះឆ្នោតអសកលមួយ។ គណបក្សជំទាស់ដ៏ចម្បងមួយរំពឹងថានឹងទទួលបានអាសនៈមួយចំនួន ខណៈគណបក្សកាន់អំណាច គឺគណបក្សប្រជាជនកម្ពុជារំពឹងថាអាចនឹងឈ្នះអាសនៈច្រើនលើសលប់។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ធ្វើឡើងរៀងរាល់៥ឆ្នាំម្តង ដែលអង្គបោះឆ្នោត គឺជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលជាប់ឆ្នោតសរុបប្រមាណ ១២.០០០ នាក់។ អាសនៈសម្រាប់សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌមានចំនួន ៤.២០០ នៅទូទាំង ២៥ ខេត្ត រាជធានី។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ចេញផ្សាយកាលពីកន្លងទៅ។
អគ្គលេខាធិការគណបក្សភ្លើងទៀន លោក លី សុធារ៉ាយុត្តិ ប្រាប់វីអូអេតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាមថា គណបក្សភ្លើងទៀនបានជ្រើសរើសយកគណបក្សឆន្ទៈខ្មែរដែលជាគណបក្សសម្ព័ន្ធភាពរបស់ខ្លួនចូលរួមក្នុងការបោះឆ្នោតនេះ ដោយបានដាក់បញ្ជីបេក្ខជន និងភ្នាក់ងារសង្កេតការណ៍រួចរាល់ហើយ។ លោកបន្ថែមថា គណបក្សឆន្ទៈខ្មែរដែលជាគណបក្សឈរឈ្មោះជំនួសគណបក្សភ្លើងទៀន រំពឹងឈ្នះអាសនៈក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សរុបក្នុងចន្លោះពី ៥០០ និង ៦០០ អាសនៈ គឺប្រមាណ ១៣% នៃអាសនៈសរុបជាង ៤.០០០។
គណបក្សភ្លើងទៀនដែលមិនអាចចុះឈ្មោះប្រកួតប្រជែងការបោះឆ្នោតបាន ដោយសារបាត់ឯកសារដើមរបស់ខ្លួន កំពុងរង់ចាំការឆ្លើយតបជាវិជ្ជមានពីក្រសួងមហាផ្ទៃ ជុំវិញការស្នើសុំដូរសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ដែលជាអង្គបោះឆ្នោត។ គណបក្សភ្លើងទៀនបានបង្ហាញការខកចិត្តចំពោះការរាំងស្ទះនេះ ដោយសារវាប៉ះពាល់សិទ្ធិគណបក្សក្នុងការគ្រប់គ្រងអង្គបោះឆ្នោត សិទ្ធិអង្គបោះឆ្នោត និងលទ្ធផលដែលរំពឹងទុក។ គិតចាប់តាំងពីឆ្នាំ ២០២៣ មក សកម្មជនគណបក្សភ្លើងទៀនប្រមាណជា ២០ នាក់ ដែលជាអង្គបោះឆ្នោត ត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារ ដោយរងការចោទប្រកាន់ពីបទផ្សេងៗ។ នេះបើតាមអគ្គលេខាធិការគណបក្សភ្លើងទៀន លោក លី សុធារ៉ាយុត្តិ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ដែលជាសមាជិកព្រឹទ្ធសភាមួយរូប ប្រាប់វីអូអេថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌនេះ គឺផ្អែកទៅលើអង្គបោះឆ្នោតថា តើពួកគេពេញចិត្តគណបក្សនយោបាយមួយណា។ លោកបន្ថែមថា គណបក្សប្រជាជនកម្ពុជាសង្ឃឹមនឹងអាចឈ្នះឆ្នោតលើសលប់ ដែលធ្វើឱ្យគណបក្សកាន់អំណាចមួយនេះកាន់តែមានសក្តានុពលនៅក្នុងការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ។
លោកថ្លែងថា៖ «ផ្អែកទៅលើអង្គបោះឆ្នោតនេះ យើងសង្ឃឹមថា យើងមានការឈ្នះឆ្នោតលើសលប់ដែលអាចឱ្យគណបក្សប្រជាជនកម្ពុជាកាន់តែមានសក្តានុពលនៅក្នុងការដឹកនាំរដ្ឋបាលថ្នាក់ក្រោមជាតិ នៅតាមខេត្តក្រុង រាជធានី ស្រុក ខណ្ឌ ហ្នឹងឯង»។
នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណតិ្តទី៤ នេះ គណបក្សនយោបាយចំនួន ៥ នឹងចូលរួមប្រកួតប្រជែង រួមមានគណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សកម្លាំងជាតិ គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិ។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប. ប្រាប់វីអូអេថា ដំណើរការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ប្រព្រឹត្តទៅជាប្រក្រតី ដោយផ្អែកទៅលើដំណាក់កាលទាំង ៤ ដែល គ.ជ.ប. បានរៀបចំគឺ ការចុះបញ្ជី និងធ្វើបច្ចុប្បន្នភាពអង្គបោះឆ្នោត ការចុះបញ្ជីគណបក្សនយោបាយ និងដាក់បេក្ខជនឈរឈ្មោះ ដំណាក់កាលឃោសនា និងដំណាក់កាលបោះឆ្នោត រាប់សន្លឹកឆ្នោត និងប្រកាសលទ្ធផល។
លោកថ្លែងថា៖ «អ៊ីចឹងដំណាក់កាលទាំង ៤ នេះ គឺជាដំណាក់កាលនៃរាល់ការបោះឆ្នោតដែលត្រូវ គ.ជ.ប. ប្រកាន់ខ្ជាប់។ បច្ចុប្បន្ននេះឆ្ពោះទៅរកបោះឆ្នោតនាថ្ងៃទី ២៦ ខែឧសភា ដំណាក់កាលនៃការឃោសនាបោះឆ្នោត គណបក្សនយោបាយនឹងត្រៀមលក្ខណៈក្នុងការប្រព្រឹត្ត និងដំណើរការនេះហើយ»។
ការឃោសនាបោះឆ្នោតមួយនេះនឹងចាប់ផ្តើមពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២៤ ខែឧសភា។ នេះបើតាម គ.ជ.ប.។
បើតាមមាត្រា ១៨ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ចំនួនក្រុមប្រឹក្សានីមួយៗត្រូវកំណត់ដោយផ្អែកតាមកត្តាប្រជាសាស្ត្រ និងកត្តាភូមិសាស្រ្ត ដោយក្រុមប្រឹក្សារាជធានីមានចំនួនសមាជិកមិនលើសពី ២១ រូប ក្រុមប្រឹក្សាខេត្តមានចំនួនពី ៩ ទៅ ២១ រូប ក្រុមប្រឹក្សាក្រុងមានចំនួនពី ៧ ទៅ ១៥ រូប និងក្រុមប្រឹក្សាស្រុក ខណ្ឌមានចំនួនពី ៧ ទៅ ១៩ រូប។ មាត្រា ១៨ ដដែលបញ្ជាក់ថា ចំនួនក្រុមប្រឹក្សាពិតប្រាកដនៃសមាជិកក្រុមប្រឹក្សានីមួយៗត្រូវកំណត់តាមអនុក្រឹត្យតាមសំណើរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ រយៈពេល ១២០ ថ្ងៃ ក្នុងករណីគ្មានអនុក្រឹត្យចំនួនសមាជិកក្រុមប្រឹក្សាបន្ទាប់នីមួយៗនឹងយកតាមចំនួនក្រុមប្រឹក្សាអាណតិ្តចាស់។
ក្រុមប្រឹក្សានីមួយៗត្រូវធ្វើជាតំណាង និងធ្វើសកម្មភាពក្នុងនាមជាប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយត្រូវបង្កើត ជំរុញ និងធ្វើឱ្យមានចីរភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ក្រុមប្រឹក្សានីមួយៗក៏មានតួនាទីចាត់ចែងកិច្ចការចាំបាច់នានា ដើម្បីសម្រេចនូវគោលបំណងក្នុងការបង្កើតការជំរុញ និងការធ្វើឱ្យមានចីរភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ។
ក្រុមប្រឹក្សាមានសិទ្ធិអំណាចធ្វើសេចក្តីសម្រេចខាងបញ្ញត្តិ និងសេចក្តីសម្រេចខាងប្រតិបត្តិ ហើយសិទ្ធិពិសេសមួយទៀតរបស់ក្រុមប្រឹក្សាគឺធ្វើសំណើទៅរដ្ឋាភិបាលក្នុងការដកហូតតំណែងគណៈអភិបាល ឧទាហរណ៍ដូចជាក្រុមប្រឹក្សាខេត្តមានសិទ្ធិស្នើដកអភិបាលខេត្ត ឬអភិបាលរងខេត្តជាដើម។ នេះបើតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។
ក្រុមប្រឹក្សាត្រូវបំពេញមុខងារ និងភារកិច្ចដោយធ្វើសេចក្តីសម្រេចនៅក្នុងអង្គប្រជុំក្រុមប្រឹក្សារបស់ខ្លួន និងត្រូវធានាថា សេចក្តីសម្រេចនោះត្រូវបានអនុវត្ត។ ក្រុមប្រឹក្សាអាចប្រើប្រាស់សិទ្ធិអំណាចប្រតិបត្តិរបស់ខ្លួន ដោយធ្វើសេចក្តីសម្រេចនៅក្នុងអង្គប្រជុំរបស់ក្រុមប្រឹក្សា។ ក្រុមប្រឹក្សាត្រូវមានគណនេយ្យភាពដោយផ្ទាល់ចំពោះប្រជាពលរដ្ឋទាំងអស់អំពីជម្រើសជាអាទិភាព ដើម្បីធ្វើសេចក្តីសម្រេចធានាបានការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន៕