កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ សមាជិកព្រឹទ្ធសភាចំនួន៦២រូបបានបោះឆ្នោតជាឯកច្ឆន្ទតែងតាំងអតីតនាយករដ្ឋមន្ត្រី លោកហ៊ុន សែន ឱ្យធ្វើជាប្រធានស្ថាប័នធ្វើច្បាប់កំពូលមួយនេះ។ នេះមានន័យថា គ្មានសំឡេងជំទាស់ពីសមាជិកព្រឹទ្ធសភា៣រូបមកពីគណបក្សក្រៅរដ្ឋាភិបាល គឺគណបក្សឆន្ទៈខ្មែរនោះទេ។
គណបក្សឆន្ទៈខ្មែរ ត្រូវគេដឹងថា ជាតំណាងឱ្យគណបក្សភ្លើងទៀនដែលជាគណបក្សជំទាស់ដ៏សំខាន់មួយ និងកំពុងជាប់គាំងមិនអាចឈរឈ្មោះបោះឆ្នោតបាន ដោយសារកង្វះឯកសារច្បាប់មួយចំនួន។
ប៉ុន្តែពេលដែលសមាជិកព្រឹទ្ធសភាមកពីគណបក្សឆន្ទៈខ្មែរមិនបង្ហាញជំហរជំទាស់នឹងបេក្ខភាពរបស់ប្រធានគណបក្សប្រជាជនកម្ពុជាធ្វើឱ្យជាប្រធានព្រឹទ្ធសភានោះ មានការងឿងឆ្ងល់ថា តើគណបក្សនេះជាគណបក្សជំទាស់ ឬដើរស្របតាមបន្ទាត់នយោបាយរបស់គណបក្សកាន់អំណាច?
សមាជិកក្រុមប្រឹក្សាមកពីគណបក្សភើ្លងទៀនមួយចំនួន បានបង្ហាញការខកចិត្តនៅពេលដែលតំណាងរបស់ខ្លួននៅព្រឹទ្ធសភាបោះឆ្នោតគាំទ្រសមាសភាពដឹកនាំព្រឹទ្ធសភា ដែលរួមមានលោក ហ៊ុន សែន ជាប្រធាន លោក ប្រាក់ សុខុន ជាអនុប្រធានទី១ និងលោកអ៊ុច បូរិទ្ធជាអនុប្រធានទី២។
អ្នកវិភាគ និងអ្នកជំនាញច្បាប់មើលឃើញពីលទ្ធភាពតិចតួចបំផុត ដែលសមាជិកព្រឹទ្ធសភាមកពីគណបក្សក្រៅរដ្ឋាភិបាលអាចធ្វើបានក្នុងការជំរុញដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។ មូលហេតុ គឺសំឡេងរបស់ពួកគេមានចំនួនតិចពេក។
អ្នកវិភាគនយោបាយលោកមាស នីប្រាប់វីអូអេថា អ្វីដែលបានកើតឡើងនៅព្រឹទ្ធសភានាពេលថ្មីៗនេះ គឺចង់មិនចង់ វាត្រូវតែកើតឡើង ព្រោះសំឡេងគណបក្សក្រៅរដ្ឋាភិបាលមានតិច ហើយឥទ្ធិពលនយោបាយរបស់គណបក្សនោះក៏ខ្សោយជាងគណបក្សកាន់អំណាចទៅទៀត។
លោកបញ្ជាក់ថា៖«ខ្ញុំគិតថាវាជារឿងធម្មតាទេ។ ប្រតិកម្មពីសមាជិកអ្នកគាំទ្រនោះ ក៏ប៉ុន្តែបើសិនជាអ្នកទាំង៣នាក់នោះទៅប្រឆាំងក៏វាអត់មានបានប្រយោជន៍អីដែរ»។
បើតាមអ្នកវិភាគរូបនេះ លោកមិនរំពឹងថាពួកគេទាំង៣នាក់អាចធ្វើឱ្យមានការផ្លាស់ប្តូរអ្វីជាដុំកំភួនក្នុងដំណើរការធ្វើច្បាប់ ខណៈគ្រប់យ៉ាងត្រូវបានគ្រោងទុក។ លោកមិនបានថ្លែងចំៗថា អ្នកនយោបាយរូបណាដែលនៅពីក្រោយការរៀបចំទុកមុននេះទេ តែលោក ហ៊ុន សែន ធ្លាប់ថ្លែងថា លោកនឹងក្លាយជាប្រធានព្រឹទ្ធសភា ពេលលោកចាកចេញពីតំណែងជានាយករដ្ឋមន្ត្រី។
សមាជិកព្រឹទ្ធសភាជាប់ឆ្នោតមកពីគណបក្សឆន្ទៈខ្មែរ រួមមានលោកសុក ហាច លោក គង់ ម៉ូនីកា និងលោក សេង មារឌី។ លោក សុក ហាច គឺជាប្រធានគណបក្សឆន្ទៈខ្មែរ ហើយ លោក សេង មារឌី ជាអនុប្រធានគណបក្ស។ ចំណែកលោកគង់ ម៉ូនីកា ជាអគ្គលេខាធិការបក្ស។
លោក គង់ ម៉ូនីកា កូនប្រុសរបស់លោក គង់ គាំ ដែលធ្លាប់ជាមនុស្សជំនិតរបស់លោក សម រង្ស៊ី ប្រាប់វីអូអេថា មូលហេតុដែលសមាជិកព្រឹទ្ធសភាមកពីគណបក្សឆន្ទៈខ្មែរសម្រេចបោះឆ្នោតជូនចំពោះលោក ហ៊ុន សែន គឺដើម្បីសម្រួលស្ថានការណ៍នយោបាយដែលកំពុងតែតានតឹង ស្របពេលគណបក្សរបស់លោកមិនមានបេក្ខជន ហើយសំឡេងក៏មិនមានច្រើន។
លោកបញ្ជាក់ថា៖ «ដូចយើងដឹងស្រាប់ហើយ យើងស្ថិតនៅក្នុងស្ថានភាពមួយដែលតឹងតែង ហើយសិទ្ធិសេរីភាពនយោបាយយើងមានការរឹតត្បិតខ្លាំង តាំងពីការរំលាយគណបក្សសង្គ្រោះជាតិមកមិនដែលមានគណបក្សប្រជាធិបតេយ្យណាអាចចូលរួមនៅក្នុង [ស្ថាប័ន] នីតិប្បញ្ញត្តិកំពូលដូចលើកនេះទេ។ ដូចនេះហើយនេះជាការចាប់ផ្តើមមួយថ្មី ខ្ញុំគិតថាយើងត្រូវថ្នមនូវស្ថានការណ៍របស់យើង ហើយយើងនឹងធ្វើការយកចិត្តទុកដាក់អនុវត្តនូវតួនាទីរបស់យើងឱ្យបានច្បាស់លាស់។ យើងអាចបង្ហាញនូវជំហទន់ភ្លន់តែមិនទាន់ជ្រាយ»។
ករណីនៅព្រឹទ្ធសភា គឺប្រហាក់ប្រហែលនឹងអ្វីដែលកំពុងកើតឡើងនៅរដ្ឋសភា ដែលគេក៏មើលឃើញថា សមាជិកសភាមកពីគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិចចំនួន៥រូប ក៏មិនទាន់បានធ្វើអ្វីគួរឱ្យកត់សម្គាល់ តួយ៉ាងការកោះហៅមន្ត្រីរដ្ឋាភិបាលមកចោទសួរអំពីភាពមិនប្រក្រតីណាមួយដែលបានកើតឡើង។ នេះបណ្តាលមកពីសំឡេងរបស់តំណាងរាស្ត្រមកពីគណបក្សក្រៅរដ្ឋាភិបាលមិនមានច្រើនដូចជំនាន់ដែលមានវត្តមានរបស់តំណាងរាស្ត្រមកពីអតីតគណបក្សសង្គ្រោះជាតិ។
ក្រោយការបោះឆ្នោតជាតិឆ្នាំ២០១៣ ក្រុមតំណាងរាស្ត្ររបស់អតីតគណបក្សសង្គ្រោះជាតិ ជាញឹកញាប់បានកោះហៅរដ្ឋមន្ត្រីមួយចំនួនមកសួរនាំ អំពីបញ្ហាដែលកើតឡើងទាក់ទិនការអនុវត្តតួនាទី និងការទទួលខុសត្រូវ ឬក៏ការខកខានមិនបានដោះស្រាយបញ្ហាខ្លះដែលពលរដ្ឋបានពើបប្រទះ។
ការកោះហៅនោះ ក៏នាំឱ្យមានប្រតិកម្មពីអតីតនាយករដ្ឋមន្ត្រីលោកហ៊ុន សែន ដែលបានទាមទារឱ្យមានការកំណត់លក្ខខណ្ឌនៃការចោទសួររដ្ឋមន្ត្រី ពោលគឺសំណួរត្រូវផ្ញើទៅប្រធានរដ្ឋសភាជាមុនសិន។ បើមិនដូច្នេះទេ រដ្ឋមន្ត្រីអាចបដិសេធមិនឆ្លើយសំណួរដែលលើកឡើងដោយក្រុមតំណាងរាស្ត្រគណបក្សប្រឆាំង។
អ្នកជំនាញផ្នែកច្បាប់លោក វ៉ន ចាន់ឡូត យល់ថា សមាជិកព្រឹទ្ធសភាមកពីគណបក្សក្រៅរដ្ឋាភិបាលគ្មានសំឡេងគ្រប់គ្រាន់ ដែលអាចគាំទ្រជំហរជំទាស់របស់ពួកគេក្នុងការតស៊ូមតិពាក់ព័ន្ធការបង្កើតច្បាប់ ឬក៏ជួយដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋបានទេ ហើយបើពួកគេហ៊ានបញ្ចេញមតិជំទាស់ ជោគវាសនានយោបាយរបស់ពួកគេអាចត្រូវអារកាត់ដោយប្រព័ន្ធតុលាការ។
លោកថ្លែងថា៖ «ជាបទពិសោធន៍កន្លងមក យើងឃើញថា សមាជិករបស់បក្សប្រឆាំង ទោះបីជាមាននូវអភ័យឯកសិទ្ធិក៏ដោយ ប៉ុន្តែអ្នកទាំងនោះត្រូវបានចោទប្រកាន់ ត្រូវបានចាប់ខ្លួន ជាពិសេសការសម្តែងមតិនោះ ក៏មិនអាចសម្តែងបានទៅទៀត។ ត្រឡប់មកវិញ ក្នុងករណីនេះ ទំនងជាដូចគ្នា មិនខុសគ្នាទេ ប្រសិនបើអ្នកទាំង៣ហ្នុងគាត់សកម្ម គាត់ហ៊ានសម្តែងមតិ ឬក៏លើកឡើងបញ្ហារបស់ប្រជាពលរដ្ឋទៅក្នុងអង្គប្រជុំ ដូច្នេះអាចនឹងប្រឈមទៅនឹងបញ្ហាដូចដែលគណបក្សប្រឆាំងធ្លាប់ជួបនាពេលកន្លងមក»។
បន្ទាប់ពីការរំលាយ គណបក្សសង្គ្រោះជាតិ ក្នុងសំណុំរឿងក្បត់ជាតិដ៏ចម្រូងចម្រាសនោះ ស្ថាប័នរដ្ឋសភានៅកម្ពុជាកន្លងមករងការរិះគន់ថា ជាសភាឯកបក្ស ព្រោះមានតែតំណាងរាស្ត្រមកពីគណបក្សកាន់អំណាច។ ប៉ុន្តែក្នុងអាណត្តិទី៧នេះ សភាមានតំណាងរាស្ត្រមកពីគណបក្សចំនួន២គឺបក្សប្រជាជនកម្ពុជា និងគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច ដែលទទួលបាន៥អាសនៈក្រោយការបោះឆ្នោតជាតិឆ្នាំ២០២៣។ ការវិឌ្ឍថ្មីនេះ ធ្វើឱ្យលែងមានការចោទប្រកាន់ថា សភាជាសភាឯកបក្សដូចមុន។
ទោះយ៉ាងណា សំឡេងដ៏តិចតួចរបស់គណបក្សហ៊្វុនស៊ិនប៉ិចនៅសភាយ៉ាងដូច្នេះ នាំឱ្យអ្នកច្បាប់ជឿថា ការកោះហៅរដ្ឋមន្ត្រីមកសួរនាំមិនមែនជារឿងងាយស្រួលនោះទេ។
លោក វ៉ន ចាន់ឡូត បន្ថែមថា នៅក្នុងរដ្ឋសភា អ្នកតំណាងរាស្ត្រមកពីគណបក្សក្រៅរដ្ឋាភិបាលគឺគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច មិនអាចដើរបញ្ច្រាសសេចក្តីសម្រេចចិត្តរបស់តំណាងរាស្ត្រមកពីគណបក្សកាន់អំណាចបានទេ ក្រោមហេតុផលថាសំឡេងរបស់ពួកគេមានតិច។
លោកបន្ថែមថា៖ «មួយទៀត គណបក្សជំទាស់ គណបក្សក្រៅរដ្ឋាភិបាល គឺមិនមាននូវសំឡេងគ្រប់គ្រាន់ដែលអាចកោះហៅ សមាជិករដ្ឋាភិបាលណាមួយមកចូលបំភ្លឺបាន ហើយបើសិនជា ត្រូវការ ការសហការពីសមាជិក ឬក៏តំណាងរាស្ត្រពីគណបក្សប្រជាជនកម្ពុជា គឺកាន់តែពិបាក ឬក៏មិនអាចទៅរួចតែម្តង»។
ការកោះហៅរដ្ឋមន្ត្រីមកសួរនាំ អាចធ្វើទៅបាន ទាល់តែមានការស្នើពីសមាជិកសភាយ៉ាងតិចណាស់៤២រូប។ នេះបើតាមលោក អ៊ូ ច័ន្ទរ័ត្ន សហស្ថាបនិកគណបក្សកែទម្រង់កម្ពុជា និងជាអតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ។
បើតាមអ្នកនយោបាយរូបនេះ សមាជិកព្រឹទ្ធសភាមកពីគណបក្សឆន្ទៈខ្មែរដែលមានតិចតួចក៏មិនអាចធ្វើឱ្យមានការប្រែប្រួលលើដំណើរការតាក់តែងច្បាប់់ផងដែរ។
លោកបន្ថែមថា៖ «ម្យ៉ាងគ្នាតិចពេក ធ្វើកិច្ចការអីក៏មិនសូវមានប្រសិទ្ធភាពដែរ។ ថ្មីៗនេះ យើងឃើញមានបញ្ហាជម្លោះដីធ្លី ដូចករណីព្រះវិហារអី អត់មានឃើញតំណាងរាស្ត្រណាចេញមុខ ចេញមាត់ដើម្បីមកការពារ ប្រជាពលរដ្ឋខ្លួនឯងទេ»។
លោក អ៊ូ ចន្ទរ័ត្ន ជឿថា ស្ថាប័នសភា ក៏ដូចជាព្រឹទ្ធសភា នឹងមិនអាចអនុវត្តការងាររបស់ខ្លួនឱ្យមានប្រសិទ្ធភាពបានឡើយ នៅពេលដែលគណបក្សមួយមានសំឡេងលប់លើគណបក្សមួយទៀតនៅក្នុងស្ថាប័នទាំងពីរនេះ ដែលនាំឱ្យប៉ះពាល់ផលប្រយោជន៍ប្រជាពលរដ្ឋ។
អ្នកតំណាងរាស្ត្រមកពីគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច លោកញឿន រ៉ាដែន ទទួលស្គាល់ថា តំណាងរាស្ត្រមកពីគណបក្សលោកមានកម្លាំងមិនគ្រប់គ្រាន់សម្រាប់ការកោះហៅរដ្ឋមន្ត្រីទេ តែនៅអាចជួយប្រជាពលរដ្ឋបានតាមគណៈកម្មការនីមួយៗនៅក្នុងសភា។
លោកថ្លែងថា៖ «ដូចបង បានជ្រាបហើយ អំពីលក្ខន្តិកៈច្បាប់ ដែលតម្រូវហ្នឹង គឺចាប់ពីប៉ុន្មានទៅ ដែលអាចហៅរដ្ឋមន្ត្រី ហើយនិងអ្វីដែលយើងមានចម្ងល់អាចសួរបាន ហើយចំពោះគណបក្សហ៊្វុនស៊ិនប៉ិចយើង យើងដឹងហើយថា មាន៥រូប តើកម្រិតការងារបានធ្វើតាមរបៀបណា? ហើយជាពិសេស យើងក៏មិនអស់លទ្ធភាពដែរ គឺយើងមាននៅក្នុងច្រកមួយទៀត គឺតាមរយៈគណៈកម្មការយើងមានលទ្ធភាពដាក់សំណួរ ហើយនិងការស្រាយបំភ្លឺតាមរយៈរបាយការណ៍របស់ក្រសួងមន្ទីរមួយចំនួនដែរដែលឯកឧត្តមនៅក្នុងគណៈកម្មការ»។
បន្ថែមលើនេះ លោកថា កិច្ចការជួយប្រជាពលរដ្ឋដែលក្រុមតំណាងរាស្ត្របក្សរាជានិយមជួយបាននោះ គឺចុះទៅតាមមូលដ្ឋានដើម្បីជួបប្រជាពលរដ្ឋ ហើយកត់ត្រាទុកបញ្ហាលំបាករបស់ពួកគេ រួចរាយការណ៍មករដ្ឋសភា។
ប្រទេសកម្ពុជាមានប្រព័ន្ធរដ្ឋាភិបាល ដែលស្ថាប័នអំណាច៣ចែកដាច់ពីគ្នា។ ប៉ុន្តែសព្វថ្ងៃនេះ អំណាចនីតិប្រតិបត្តិកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់ប្រធានគណបក្សប្រជាជនកម្ពុជាលោក ហ៊ុន សែន ហើយសភាកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា គឺអ្នកស្រីឃួន សុដារី។
ព្រឹទ្ធសភានាពេលថ្មីៗនេះបានធ្លាក់មកក្រោមការគ្រប់គ្រងរបស់លោក ហ៊ុន សែន ដែលបានចាកចេញពីតំណែងនាយករដ្ឋមន្ត្រីកាលពីឆ្នាំមុន។ រីឯក្រសួងយុត្តិធម៌ដែលគ្រប់គ្រងផ្នែកខ្លះរបស់ប្រព័ន្ធតុលាការ ជាពិសេសក្នុងកិច្ចការរដ្ឋបាល ក៏មានរដ្ឋមន្ត្រីមកពីគណបក្សប្រជាជនកម្ពុជាគឺលោកកើត រិទ្ធ។
ជារួមស្ថាប័នទាំង៣ត្រូវអ្នកសង្កេតការណ៍នយោបាយកម្ពុជា មើលឃើញថាកំពុងស្ថិតក្រោមការគ្រប់គ្រងផ្តាច់មុខរបស់គណបក្សប្រជាជនកម្ពុជា ដែលពិបាកនឹងធ្វើឱ្យមានការពិនិត្យ និងផ្ទៀងផ្ទាត់លើការប្រើប្រាស់ ឬការរំលោភអំណាច។
លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ យល់ថា ការណ៍ដែលគណបក្សនយោបាយ១មានអំណាចច្រើនលើសលប់ នោះនឹងទុកឱ្យប្រព័ន្ធពិនិត្យតុល្យភាពនៃស្ថាប័នទាំង៣របស់រដ្ឋាភិបាលបន្តស្ថិតក្នុងសភាពទន់ខ្សោយ។
លោកថ្លែងថា៖ «យើងឃើញប្រព័ន្ធ check and balance [ពិនិត្យ និងផ្ទៀងផ្ទាត់] នៅប្រទេសយើងបច្ចុប្បន្ន វាមានភាពខ្សោយមិនអាចអនុវត្តតាមគោលការណ៍ ប្រជាធិបតេយ្យបាន។ មូលដ្ឋានត្រង់ថា គណបក្សមួយក្តោបក្តាប់អំណាចច្រើនលើសលុបពេក។ ម្ល៉ោះហើយគណបក្សដែលមានអាសនៈតិចតួច នៅក្នុងរដ្ឋសភាក្តី នៅក្នុងព្រឹទ្ធសភាក្តី ទាំងស្មារតី ទាំងភាពជាក់ស្តែង យើងឃើញថា មិនអាចអនុវត្តមានប្រសិទ្ធភាពទេ»។
អំឡុងពេលមានវត្តមានតំណាងរាស្ត្រមកពីអតីតគណបក្សសង្គ្រោះជាតិនៅសភា រដ្ឋមន្ត្រីមួយចំនួនត្រូវបានសភាកោះហៅមកសួរនាំអំពីបញ្ហាមិនប្រក្រតីនានា ដោយរាប់ចាប់តាំងពីអំពើពុករលួយ ជម្លោះដីធ្លី បញ្ហាឱសថ សេវាសុខាភិបាលនៅមន្ទីរពេទ្យ និងការនាំចេញខ្សាច់ទៅប្រទេសសិង្ហបុរីជាដើម។នេះបើតាមលោក អ៊ូ ច័ន្ទរ័ត្ន។
លោករំឭកទៀតថា នាពេលនោះ សភាក៏បានកោះហៅមន្ត្រីនៅអង្គភាពប្រឆាំងអំពើពុករលួយមកសួរនាំ ហើយតំណាងរាស្ត្ររបស់អតីតគណបក្សសង្គ្រោះជាតិក៏បានចេញលិខិតស្នើឱ្យអាជ្ញាធរខេត្ត ឬមន្ត្រីគយបម្រើការក្នុងខេត្តជាប់ប្រទេសជិតខាងឆ្លើយបំភ្លឺបញ្ហាមិនប្រក្រតីមួយចំនួនផងដែរ។ ការកោះហៅរដ្ឋមន្ត្រី ឬមន្ត្រីរដ្ឋាភិបាលខ្លះនៅពេលនោះ ក៏ត្រូវបានជំទាស់ពីអតីតនាយករដ្ឋមន្ត្រីកម្ពុជា។
ក្រោយពេលមានប្រតិកម្មពីអតីតនាយករដ្ឋមន្ត្រីរឿងកោះហៅមន្ត្រីរដ្ឋាភិបាលឱ្យទៅបំភ្លឺនៅសភា និងបន្ទាប់ពីមេដឹកនាំអតីតគណបក្សសង្គ្រោះជាតិគឺលោកកឹម សុខា ត្រូវអាជ្ញាធរសង្ស័យថាបានប្រព្រឹត្តអំពើក្បត់ជាតិ គណបក្សប្រឆាំងដ៏ធំមួយនេះ ត្រូវបានរំលាយដោយសាលដីកាតុលាការកំពូលកាលពីឆ្នាំ២០១៧ ពោលគឺនៅក្រោយពេលសំឡេងរបស់គណបក្សនេះកើនខ្លាំងក្នុងពេលបោះឆ្នោតឃុំសង្កាត់។
ចាប់តាំងពីពេលនោះមក ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា បន្តសិ្ថតនៅជាក្តីបារម្ភរបស់ប្រទេសប្រជាធិបតេយ្យធំៗ ដែលផ្តល់ការគាំទ្រជាច្រើនដល់កម្ពុជា ទាំងផ្នែកពាណិជ្ជកម្ម និងការចូលរួមកសាងស្តារវិស័យសំខាន់ៗផ្សេងទៀតរបស់កម្ពុជា ដូចជាវិស័យសុខាភិបាល ការអប់រំ និងការកែទម្រង់ប្រព័ន្ធបែងចែកអំណាចពីថ្នាក់ជាតិ ទៅក្រោមជាតិ។
នាយកទទួលបន្ទុកកិច្ចការទូទៅអង្គការការពារសិទ្ធិមនុស្សលីកាដូលោកអំ សំអាត ប្រាប់វីអូអេថា ដំណើរការផ្ទៀងផ្ទាត់អំណាច អាចធ្វើទៅបាន បើសិនជាសំឡេងគណបក្សជំទាស់មានច្រើននៅក្នុងស្ថាប័នធ្វើច្បាប់ ហើយបើសិនដូចស្ថានភាពបច្ចុប្បន្ននេះ ទំនងជាមិនអាចធ្វើទៅបានទេ។
លោកថ្លែងថា៖ «ជាធម្មតាទេ បើសិនជា ដូចមុនទៅវាមានសំឡេងបក្សប្រឆាំង វាមិនឈ្នះ ប៉ុន្តែគ្រាន់តែថា វាច្រើននៅក្នុងរដ្ឋសភា និងព្រឹទ្ធសភាអីទៅ អាហ្នឹង វា check and balance ដែរ ហើយអាហ្នឹងក៏វាធ្វើឱ្យពលរដ្ឋអីហ្នឹង ក៏មានអំណាចគ្រាន់បើដែរ ដោយសារតែដំណើ្តមគ្នា បើសិនជាខាងប្រឆាំង គាត់ចុះជួបពលរដ្ឋច្រើន ហើយបើខាងកាន់អំណាចមិនចុះ អាហ្នឹងវាទាក់ទងនឹងប្រជាប្រិយភាព។ អ៊ីចឹងដណើ្តមគ្នា។ ប៉ុន្តែដល់ពេលមានតែមួយ អាហ្នឹងវាពិបាកហើយ»។
យ៉ាងណាក៏ដោយ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន មើលឃើញពន្លឺត្រចះត្រចង់នៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ពេលដែលគណបក្សកាន់អំណាចបន្តឈ្នះឆ្នោតជាបន្តបន្ទាប់ ហើយការឈ្នះនោះគឺឈ្នះដោយត្រឹមត្រូវ និងយុត្តិធម៌ទៀតផង។
លោកថ្លែងថា៖ «កាលណាគណបក្សប្រជាជនជាប់ឆ្នោតដ៏ច្រើនលើសលប់នេះ អាហ្នឹងហើយ វាសម្តែងនូវលទ្ធផលនៃការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាហ្នឹងហើយ។ នែ៎ គ្មានអីក្រៅពីហ្នឹងទេ។ អ៊ីចឹង អ្នកថា ពីក្រៅមកមិនមានតម្លៃអី ដើម្បីវាយតម្លៃទៅលើលទ្ធផលនៃការបោះឆ្នោតទេ ពីព្រោះការបោះឆ្នោត រៀបចំឡើងដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌មាន អង្គការចាត់តាំងដែលជាអាជ្ញាកណ្តាល គឺគ.ជ.បនេះហើយដែលជាជន ជាសាក្សី ហើយប្រជាជនគាំទ្រ រហូតដល់ ៨៥ភាគរយហើយ អាហ្នឹងវាឆ្លុះបញ្ចាំងពីលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជាហើយ»។
ជារឿងត្រឹមត្រូវសម្រាប់អ្នកនាំពាក្យគណបក្សកាន់អំណាចដែលថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាកំពុងដំណើរការទៅដោយរលូន។ ប៉ុន្តែ សម្រាប់អ្នកឃ្លាំមើលស្ថានភាពនយោបាយនៅកម្ពុជា ការបន្តប្រមូលផ្តុំអំណាចរបស់គណបក្សប្រជាជនកម្ពុជា បង្កការបារម្ភថា លម្ហសេរីភាពនយោបាយសម្រាប់ក្រុមជំទាស់នឹងមិនមានច្រើនទេ ដូចយ៉ាងចុងក្រោយនេះ ការចាប់ខ្លួនអ្នកនយោបាយជំទាស់ក៏កំពុងកើតឡើង ហើយទំនោរនេះក៏នឹងមិនបង្អង់ដែរ បើឥទ្ធិពលនយោបាយរបស់គណបក្សប្រឆាំងកាន់តែចុះខ្សោយទៅៗនោះ។
អ្នកវិភាគនយោបាយមួយចំនួនបានឱ្យដឹងកន្លងមកថា វត្តមានរបស់លោក ហ៊ុន សែន ក្នុងព្រឹទ្ធសភាក្នុងនាមជាមេដឹកនាំស្ថាប័នមួយនេះ ជាសញ្ញាបង្ហាញថា លោកកំពុងប្រមូលផ្តុំអំណាចឱ្យមកស្ថិតក្នុងរង្វង់ក្រុមគ្រួសាររបស់លោក ដែលនឹងមិនអំណោយផល ដល់ការចម្រើនទៅមុខបន្ថែមទៀតនៃដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។ ហើយវត្តមានមេដឹកនាំគណបក្សឆន្ទៈខ្មែរតែ៣នាក់នៅព្រឹទ្ធសភា ក៏ទំនងគ្រាន់តែជាការលម្អសួនប្រជាធិបតេយ្យនៅកម្ពុជាតែប៉ុណ្ណោះ។ ទោះយ៉ាងណា សំឡេងអ្នកទាំង៣ក៏នៅមានសារៈសំខាន់សម្រាប់ការលើកកម្ពស់ដំណើរការប្រជាធិបតេយ្យ ប្រសិនពួកគេបើមានឆន្ទៈនយោបាយពិតប្រាកដក្នុងការសម្រេចបានកិច្ចការដ៏លំបាកនេះ៕