តំណាងអយ្យការតុលាការក្រុងភ្នំពេញ បានចេញដីកាកោះ មេដឹកនាំគណបក្សជំទាស់ លោកទាវ វណ្ណុល ឱ្យចូលខ្លួន តាមពាក្យបណ្តឹងមេធាវីរបស់រដ្ឋាភិបាលពាក់ព័ន្ធការអត្ថាធិប្បាយរបស់លោកជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសជប៉ុនកាលពីខែកុម្ភៈ អំពីបញ្ហាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
គណបក្សភ្លើងទៀនបានឱ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី៥ខែមេសានេះថា លោកទាវ វណ្ណុល ត្រូវបានមេធាវីតំណាងរដ្ឋាភិបាលកម្ពុជា ប្តឹងពីបទធ្វើឱ្យប៉ះពាល់ដល់កិត្តិយសប្រមុខរដ្ឋាភិបាល ពាក់ព័ន្ធការផ្តល់បទសម្ភាសន៍ដល់សារព័ត៌មានNikkei Asiaរបស់ជប៉ុន និងអង្គភាពព័ត៌មានមួយទៀត គឺវិទ្យុបារាំង (RFI)ក្នុងអំឡុងពេលលោកមានវត្តមាននៅប្រទេសជប៉ុន។ ប្រធានគណបក្សភ្លើងទៀនរូបនេះ នឹងត្រូវចូលទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី១០ខែមេសា ខាងមុខនេះ។
អគ្គលេខាធិការគណបក្សភ្លើងទៀន លោក លី សុធារ៉ាយុត្តិ ប្រាប់វីអូអេថា ការកោះហៅលោក ទាវ វណ្ណុល ដែលជាអ្នកនយោបាយជាន់ខ្ពស់មួយរូបមិនអាចជួយពង្រឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជានាពេលបច្ចុប្បន្ននេះទេ ហើយអ្វីដែលលោកបានអត្ថាធិប្បាយជាមួយបណ្តាញព័ត៌មានគឺជាការសម្តែងមតិ។
លោកប្រាប់វីអូអេជាអក្សរតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាមថា៖ «ការប្តឹងលោកប្រធាន ទាវ វណ្ណុល និងការកោះហៅគាត់ឆ្លើយបំភ្លឺនៅតុលាការ ដោយអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ គឺវាមិនសូវល្អសម្រាប់ដំណើរការពង្រឹងលទ្ធិប្រជាធិបតេយ្យនាពេលបច្ចុប្បន្ននេះ ដោយសារតែការសម្តែងមតិយល់ឃើញរបស់គាត់ជាអ្នកនយោបាយជាន់ខ្ពស់ម្នាក់»។
លោកបន្ថែមថា នៅក្នុងករណីលោក ទាវ វណ្ណុល នេះ គួរតែមានការស្នើសុំកែតម្រូវនូវសម្តីដែលបានបញ្ចេញ ឬនិយាយនោះ បើសិនរកឃើញថាវាខុសពីការពិត ជាជាងប្រើតុលាការប្តឹងលើអ្នកនយោបាយដែលនាំឱ្យមានការភ័យខ្លាច។
លោក ទាវ វណ្ណុល បានទៅបំពេញបេសកកម្មការងារនៅទីក្រុងតូក្យូកាលពីខែកុម្ភៈ ឆ្នាំ២០២៤។ វិទ្យុបារាំងដែលផ្សាយជាភាសាខ្មែរក៏បានធ្វើសេចក្តីរាយការណ៍អំពីជំនួបមួយរបស់លោក ទាវ វណ្ណុល ជាមួយអគ្គលេខាធិការបក្សកុម្មុយនីស្តជប៉ុន និងជាសមាជិកសភាAkira Koike ហើយនៅក្នុងជំនួបនោះលោក ទាវ វណ្ណុលបានប្រាប់លោក Akira Koike អគ្គលេខាធិការបក្សកុម្មុយនីស្តជប៉ុននិងជាសមាជិកសភាថា រដ្ឋាភិបាលកម្ពុជាបានដំឡើងកាំមេរ៉ា ឃ្លាំមើលនៅខាងមុខផ្ទះរបស់លោកក្នុងក្រុងភ្នំពេញ។
បន្ទាប់ពីមានការផ្សព្វផ្សាយពាក្យសម្តីរបស់ លោក ទាវ វណ្ណុល ដោយអង្គភាពព័ត៌មាន Nikkei Asia និងវិទ្យុបារាំង (RFI) រដ្ឋាភិបាលកម្ពុជាបានប្រតិកម្មថា លោក ទាវ វណ្ណុល មានចេតនាអាក្រក់ ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះរបស់រាជរដ្ឋាភិបាល នៅមុនពេលបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។
នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយកាលពីខែកុម្ភៈ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ក៏បានដកស្រង់សម្តីរបស់លោក ទាវ វណ្ណុល ដែលបាននិយាយថា រដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន ម៉ាណែត កាន់តែអាក្រក់ទៅទាក់ទងនឹងប្រជាធិបតេយ្យ ដោយបានបន្តចាប់ខ្លួនក្រុមប្រកួតប្រជែងនយោបាយ និងប្រជាពលរដ្ឋដែលរិះគន់រាជរដ្ឋាភិបាល។
សេចក្តីថ្លែងការណ៍ដដែលឱ្យដឹងទៀតថា ការថ្លែងរបស់លោក ទាវ វណ្ណុល យ៉ាងដូច្នេះ ជា«ការចោទប្រកាន់មកលើរដ្ឋាភិបាលទាំងបំពាន និងខុសពីការពិត»។
អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល បញ្ជាក់វីអូអេឱ្យដឹងនៅថ្ងៃសុក្រនេះថា តំណាងអយ្យការពិតជាបានកោះហៅលោក ទាវ វណ្ណុល ដូចតាមការប្រកាសរបស់គណបក្សភ្លើងទៀន។
ចំណែកអ្នកនំាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា ការថ្លែងរបស់ប្រធានគណបក្សភ្លើងទៀន ប៉ះពាល់មុខមាត់រដ្ឋាភិបាល ទើបមានការប្តឹងផ្តល់បែបនេះ។
លោកបញ្ជាក់ថា៖ «អាហ្នឹងមានពិរុទ្ធភាពហើយបានគេប្តឹង បើថាគ្មានពិរុទ្ធភាពទេ គេប្តឹងធ្វើអី វាអត់ប្រយោជន៍»។
ថ្នាក់ដឹកនាំមួយចំនួនរបស់គណបក្សភ្លើងទៀន ត្រូវបានគេសង្កេតឃើញថា បានរងការប្តឹងផ្តល់នៅតុលាការតាមបណ្តឹងរបស់មេធាវីរដ្ឋាភិបាលកម្ពុជា ដែលភាគច្រើនពាក់ព័ន្ធនឹងការនិយាយបង្ខូចកេរ្តិ៍ឈ្មោះគណបក្សកាន់អំណាច ដូចយ៉ាងលោក ថាច់ សេដ្ឋា ត្រូវបានតុលាការក្រុងភ្នំពេញកាត់ទោសឱ្យជាប់ពន្ធនាគារចំនួន៣ឆ្នាំចំពោះការថ្លែងសារនយោបាយពាក់ព័ន្ធនឹងថ្ងៃ៧មករា និងការបង្កើតគណបក្សប្រជាជនកម្ពុជា៕
វេទិកាបញ្ចេញមតិ