ប្រទេស​កម្ពុជា​និង​ថៃ​មិន​ចុះ​សម្រុង​គ្នា​លើ​ការ​ចុះ​បញ្ជី​ល្ខោន​ខោល​នៅ​យូនីស្កូ

រូបឯកសារ៖ ការ​សម្តែង​ល្ខោន​ខោល​នៅ​សាលា​វិចិត្រ​សិល្បៈ​នៅ​ក្រុង​ភ្នំពេញ​កាល​ពី​ឆ្នាំ​២០១៥។

ការ​សម្រប​សម្រួល​មួយ​ដើម្បី​ដោះស្រាយ​ជម្លោះ​ខាង​វប្បធម៌​មួយ​ដែល​បាន​កើត​មាន​ឡើង​កាល​ពី​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​រវាង​ប្រទេស​ថៃ​និង​ប្រទេស​កម្ពុជា​នៅ​ជិត​ខាង​គ្នា​ បាន​ត្រូវ​ស្នើ​ឱ្យ​មាន​ឡើង​ដោយ​មន្ត្រី​ម្នាក់​នៃ​អង្គការ UNESCO។

ជម្លោះ​នេះ​ដែល​បាន​ជំរុញ​ឱ្យ​មានគំនិត​ជាតិ​និយម​យ៉ាង​ក្លៀវ​ក្លា​នៅ​ក្នុង​បណ្តាញ​សង្គម​នៅ​ក្នុង​ប្រទេស​ទាំង​ពីរ​ទាក់ទិន​នឹង​របាំ​បូរាណ​មួយ​មាន​សម្តែង​នៅ​ក្នុង​ប្រទេ​ស​ទាំងពីរ​នេះ​ដែល​ស្ថិត​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ដែល​ប្រទេស​នីមួយៗ​ចង់​ចុះ​បញ្ជី​ជាមួយ​អង្គការ​ខាង​ការ​សិក្សាអប់រំ​ វិទ្យាសាស្ត្រ​និង​វប្បធម៌​របស់​អ.ស.ប.​ ជា​បេតិកភណ្ឌ​វប្បធម៌​ អរូបិយ ​របស់​ពួក​គេ​រៀងៗ​ខ្លួន។

ប្រទេស​កម្ពុជា​ហាក់​ដូច​ជា​មាន​ប្រៀប​ពី​ព្រោះ​ប្រទេស​ថៃ​មិន​មែន​ជា​រដ្ឋ​មួយ​ក្នុង​បណ្តា​រដ្ឋ​ទាំង​ ១៦៧​ ដែល​បាន​ផ្តល់​សច្ចានុម័តដល់​អនុសញ្ញា​សម្រាប់​ការ​ថែ​រក្សា​បេតិកភណ្ឌ​វប្បធម៌​អរូបិយ។​ អ្នកស្រី Duong ​Bich Hanh ​ប្រធានអង្គភាព​វប្បធម៌​នៅ​ក្នុង​ការិយាល័យ UNESCO ​នាក្រុង​បាង​កក​បាន​និយាយ​ប្រាប់​វីអូអេ​ថា​

«ប្រទេស​ថៃ​មិន​ទាន់​ផ្តល់​សច្ចា​នុម័ត​ដល់​អនុសញ្ញា​នេះ​នៅ​ឡើយ​ទេ ​ដូច្នេះ​ការ​បញ្ចូល​ក្នុង​បញ្ជី​មិន​ទំនង​ជានឹង​មាន​ធ្វើ​ក្នុង​ពេល​ឆាប់ៗ​នេះទេ។ ​ចំណែក​ឯ​ប្រទេស​កម្ពុជា​វិញមាន​ល្ខោន​ព្រះរាជទ្រព្យ​របស់​ពួក​គេ​ដាក់​បញ្ចូល​ក្នុង​បញ្ជីកាល​ពី​ឆ្នាំ២០០៨ រួច​ស្រេច​ហើយ»។

បើតាម​មន្ត្រី​អង្គការ​ UNESCO រូបនេះ ​អាចមាន​ការ​សម្រប​សម្រួល​ដោយ​ពួក​ប្រទេស​ដែល​ស្វះស្វែង​ឱ្យ​មាន​ការ​ដាក់​ពាក្យ​សុំ​រួម​គ្នា។ ពួក​មន្ត្រី​រដ្ឋាភិបាល​ថៃ​កំពុង​ស្វះស្វែងបន្ថយ​ការ​ខឹង​សម្បារ​តាម​បណ្តាញ​ផ្សាយ​ព័ត៌មាន​សង្គម​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ជិត​ខាង​ ហើយ​ហាក់​ដូចជា​បើក​ចំហ​ដល់​ការ​ស្នើ​សម្រប​សម្រួល​របស់​អង្គការ​ UNESCO។

លោក​ Wissanu Kreau-ngam​ ឧបនាយករដ្ឋ​មន្ត្រី​ថៃ​បាន​និយាយ​ថា​ គេ​ក៏​ស្វាគមន៍​ប្រទេស​កម្ពុជា​ឱ្យ​ចុះ​បញ្ជី​ល្ខោន​ខោល​នៅ​អង្គការ ​UNESCO ជា​បេតិកភណ្ឌ​វប្បធម៌​អរូបិយ​ផងដែរ។​

ប៉ុន្តែ​រដ្ឋាភិបាល​យោធា​ថៃ​មាន​ផែន​ការ​ជំរុញ​ឱ្យ​មាន​ការ​ចុះ​បញ្ជី​នៅ​អង្គការ​ UNESCO​ ដោយ​ខ្លួន​ឯង​ ដោយ​សារ​តែ​អង្គការ​នេះ​មិន​កំណត់​ថា​ប្រទេស​ចំនួន​ប៉ុន្មាន​អាច​ចុះ​បញ្ជី​បេតិកភណ្ឌ​ស្រដៀងគ្នា​ទេ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ Weera Rojpojanarat រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌​នៃ​ប្រទេស​ថៃ។

ពួក​មន្ត្រី​ថៃ​បាន​កត់​សម្គាល់​ថា​ ប្រទេស​កម្ពុជា​ ឥណ្ឌូនេស៊ី​ និង​ប្រទេស​ថៃ​ក៏​អះអាង​ទាមទារ​ដូច​គ្នា​លើ​សិល្បៈ​អាយ៉ង ​ក្នុង​ខណៈ​ពេល​ដែល​ប្រទេស​ អាហ្សង់ទីន​ ​និង​ប្រទេស​អ៊ុយរូហ្គាយ​ បាន​ចុះ​បញ្ជី​របាំ​ Tango ក្នុង​បញ្ជី​អង្គការ​ UNESCO ដូចគ្នា។​ ប្រទេស​កូរ៉េ​ទាំងពីរ​ក៏បាន​ចុះ​បញ្ជី​ជ្រក់​គីមជី​ថា​ជា​សម្បត្តិ​វប្បធម៌​របស់​ពួក​គេ​ផង​ដែរ។​

ប៉ុន្តែ​ប្រជារាស្ត្រ​ខ្មែរបាន​សម្តែង​ការ​ភ្ញាក់​ផ្អើល​តាម​បណ្តាញ​សង្គម​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​នេះ​អំពី​ផែន​ការ​របស់​ប្រទេស​ថៃ​ក្នុង​ការ​ចុះ​បញ្ជី​ល្ខោន​ខោល​ដោយ​អះអាង​ថា​ វា​ជា​ផ្នែក​មួយ​នៃ​បេតិកភណ្ឌ​ខ្មែរ ហើយ​របាំ​នៅ​ថៃ​ទើប​កើត​ក្រោយ​និង​ចម្លង​តាម​ប៉ុណ្ណោះ។

ក្រសួង​វប្បធម៌​នៃ​ប្រទេស​កម្ពុជា​បាន​ផ្សាយ​តាម​បណ្តាញ​សង្គម​ដោយ​ខិតខំ​ធ្វើ​ឱ្យ​ស្ងប់​ស្ងាត់​ ដោយ​និយាយ​ថា​ ការតវ៉ា​និង​ការស្នើ​សុំ​របស់​ថៃ​«អាច​ធ្វើ​ប៉ះពាល់​ដល់​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំងពីរ»។

សូម្បី​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ នៃ​ប្រទេស​កម្ពុជាក៏​បាន​លូកដៃ​ចូល​ក្នុង​ជម្លោះ​នេះ​ដែរ ​ដោយ​សរសេរ​សារ​តាម​ទំព័រ​បណ្តាញ​សង្គម​ Facebookថា រដ្ឋាភិបាល​កម្ពុជា​មិន​មែន​មិន​យក​ចិត្ត​ទុកដាក់​លើ​បញ្ហា​នេះ​នោះ​ទេ៕