ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាលា​ស្ថាបត្យកម្ម​ទី១​របស់​ប្រទេស​កូតឌីវ័រ​លើកស្ទួយ​រចនាបថ​ក្នុង​ស្រុក


នេះ​ជា​ផែនទី​របស់​ប្រទេស​កូតឌីវ័រ។
នេះ​ជា​ផែនទី​របស់​ប្រទេស​កូតឌីវ័រ។

វិទ្យាស្ថាន​ National Order of Architects នៃ​ប្រទេស​កូតឌីវ័រ​ (Ivory Coast)​​ ​បាន​បើក​សម្ភោធ​សាលា​ស្ថាបត្យកម្ម​ជំនាញ​​លើក​ដំបូង​ដែល​នេះ​មាន​ន័យ​ថា​ សិស្ស​ពុំ​ចាំបាច់​ទៅ​រៀន​ជំនាញ​នេះ​នៅ​ក្រៅ​ប្រទេស​ទៀត​នោះ​ទេ។​

វិទ្យាស្ថាន​ National Order of Architects នៃ​ប្រទេស​កូតឌីវ័រ​ (Ivory Coast) ​បាន​បើក​សម្ភោធ​សាលា​ស្ថាបត្យកម្ម​ជំនាញលើក​ដំបូង​ដែល​នេះ​មាន​ន័យ​ថា​ សិស្ស​ពុំ​ចាំបាច់​ទៅ​រៀន​ជំនាញ​នេះ​នៅ​ក្រៅ​ប្រទេស​ទៀត​នោះ​ទេ។​ ក្រៅពី​ការ​រចនា​ និង​ទ្រឹស្ដី សាស្រ្តាចារ្យ​ចង់​ឲ្យ​ស្ថាបត្យករ​ជំនាន់​ថ្មី​របស់​កូតឌីវ័រ​មាន​ការ​យល់​ដឹង​អំពី​ ​តម្រូវការ​ខាង​អគារ ​និង​បេតិកភណ្ឌ​នៃ​ប្រទេស​របស់​ខ្លួន។

សិស្ស​ម្នាក់​នៅ​សាលា​ស្ថាបត្យកម្ម​ក្រុង​ Abidjan យក​ចម្រៀក​ឬស្សី​ទៅ​ដាក់​បន្ថែម​ក្នុង​គម្រោង​សិក្ខា​សាលា​ចុង​ក្រោយ​របស់​គាត់​ ដែល​គម្រោង​សាងសង់​តៀម​តែ​បែប​ជប៉ុន។

កិច្ចការ​នេះ​មាន​គោល​បំណង​ឲ្យ​សិស្ស​ស្គាល់​គ្រឿង​សម្ភារៈ​សំណង់​ក្នុង​ស្រុក។

មន​សិស្ស​ចំនួន​១៩នាក់​ចុះ​ឈ្មោះ​ចូលរៀន​ថ្នាក់​បើក​ដំបូង​នៃ​សាលា​ស្ថាបត្យកម្ម​នេះ​ កាល​ពី​ខែ​ធ្នូ​កន្លង​ទៅ។​ ពួកគេ​នឹង​ចំណាយ​ពេល​ចំនួន​៦ឆ្នាំ​រៀន​មុខវិជ្ជា​នេះ។ ហើយ​ពួកគេ​ត្រូវ​ចុះ​ហាត់ការ​នៅ​កន្លែង​មួយ​ចំនួន និងធ្វើ​សារណា​មុន​នឹង​បញ្ចប់​ថ្នាក់​សិក្សា។

ស្ថាបនិក​របស់​សាលា​នេះ​និយាយ​ថា ​វា​គួរ​តែ​ដល់​ពេល​ហើយ​ដែល​ប្រទេស​កូតឌីវ័រ​គួរ​តែ​មាន​សាលា​ស្ថាបត្យកម្ម​ជំនាញ​មួយ​ដោយ​ខ្លួន​ឯង។​ មក​ទល់​ពេល​នេះ​ មាន​សិស្ស​ជាច្រើន​ដែល​មាន​បំណង​ចង់​ក្លាយ​ជា​ស្ថាបត្យករ​បាន​ជ្រើសរើស​ទៅ​រៀន​នៅ​ប្រទេស​បារាំង ​ឬ​សហរដ្ឋ​អាមេរិក។

លោក​ Francis Sossah គឺ​ជា​ស្ថាបត្យករ​ដ៏​ល្បី​ម្នាក់​ក្នុង​ចំណោម​ស្ថាបត្យករ​ល្បីៗ​នៅ​ប្រទេស​កូតឌីវ័រ​ និង​ជា​សាស្រ្តាចារ្យ​នៅ​សាលា​ស្ថាបត្យកម្ម​នេះ​ដែរ។ ​លោក​បាន​ប៉ាន់​ស្មាន​ថា​ មាន​ស្ថាបត្យករ​ប្រហែល​១០០​នាក់​ប៉ុណ្ណោះ​ទទួល​បាន​ការ​បណ្តុះបណ្តាល​ជំនាញ​នៅ​ប្រទេស​នេះ ដែល​ជាប្រទេស​មាន​សេដ្ឋកិច្ច​លូតលាស់​លឿន​បំផុត​នៅ​ក្នុង​ពិភពលោក។

លោក​និយាយ​ថា សម្រាប់​ប្រទេស​ដែល​មាន​ប្រជាជន​ចំនួន​២៥លាន​នាក់​មួយ​នេះ​ យើង​មិន​មាន​សូម្បី​តែ​ចំនួន​ស្ថាបត្យករស្មើ​ទៅ​នឹង​ស្រុក​ទី១៤​ នៅ​ទីក្រុង​ប៉ារីស​មួយ​ផង ឬ​ក៏​ទីក្រុង​ Toulouse ដែល​ជា​ទី​ក្រុង​ដ៏​តូច​មួយ​នៅ​ប្រទេស​បារាំង។​ លោក​និយាយ​វា​ពិបាក​ណាស់​ ពីព្រោះ​យើង​ឃើញ​ថា​បច្ចុប្បន្ន​មាន​គម្រោង​សាងសង់​ច្រើន​នៅ​តំបន់​ជាយ​ក្រុង​ដូចជាមន្ទីរពេទ្យ ​សកលវិទ្យាល័យ​ សាលារៀន​ និង​ការិយាល័យ​ធ្វើការ​ជាដើម។ស្ថាបត្យករ​ជំនាញ​តម្រូវ​ឲ្យ​ដឹក​នាំ​គម្រោង​ទាំង​នេះ។

នៅ​ដំណាក់កាល​ដំបូង​នៃ​ការ​បណ្តុះបណ្តាល​ សិស្ស​របស់​លោក​ Sossah ចំណាយ​ពេល​យ៉ាងច្រើន​គិត​អំពី​កេរតំណែល​ស្ថាបត្យកម្ម​នៃ​ប្រទេស​កូតឌីវ័រ។​ ពួកគេ​បាន​ធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​អគារ​នានា​នៅ​ទីក្រុងឆ្នេរ​ Grand-Bassam និង​ទីក្រុង​ Kong ​ដែល​ជាទីក្រុង​នៅ​ភាគ​ឦសាននៃ​ប្រទេស។​

និស្សិត​ម្នាក់​ឈ្មោះ Georges Brou ​និយាយ​ថា​ដំណើរ​ទស្សនកិច្ច​ទៅ​ទីក្រុង Kong បាន​ធ្វើ​ឲ្យ​យល់​អំពី​កេរតំណែល​របស់​ពួកគេ ដែល​ជា​ស្ថាបត្យកម្ម​ធ្វើ​ឡើង​ពី​ដី​ ហើយ​ព្រះវិហារ​សាសនា​ឥស្លាម​ធ្វើ​ពី​ដី។​ គាត់​បាន​និយាយ​ថា ​នេះ​គឺ​ជា​កេរដំណែល​របស់​យើង​ ហើយ​យើង​ចាំបាច់​ត្រូវ​អភិរក្ស​កេរដំណែល​ទាំង​នេះ។ ​យើង​ចង់​រៀន​អំពី​អគារ​ទាំង​នេះ ហេតុអ្វី​ក៏​យើង​មិន​សាងសង់​អគារ​បែប​នេះ​ទៀត។​ ពីព្រោះ​គាត់​និយាយ​ថា ​អគារ​ដែល​ស្អាត​ជាងគេ​គឺជា​អគារ​ដែល​កសាង​ពី​គំនិត​សាមញ្ញ​បំផុត ហើយ​យើង​មិន​ឃើញ​មានអគារ​បែប​នោះ​ទៀត​ទេ។

មាន​សិស្ស​ជាច្រើន​ទៀត​កំពុង​ខិតខំ​បង្កើត​ស្នាដៃ​របស់គេ​នៅ​ Abidjan ដែល​ជា​រដ្ឋធានី​សេដ្ឋកិច្ច​ទំនើប​របស់​ប្រទេស​កូតឌីវ័រ​ និង​ជា​មជ្ឃមណ្ឌល​ប្រចាំ​តំបន់​ដែល​មាន​អ្នក​តាំង​ទីលំនៅ​ចំនួន​៤លាន​នាក់។

នាង Marie-Danielle Kangah​ និយាយ​ថា​ នាង​សង្ឃឹម​ថា​នឹង​សាងសង់​ផ្ទះ​ដែល​មាន​គុណភាព​ខ្ពស់​សម្រាប់​ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​បច្ចុប្បន្ន​កំពុង​រស់​នៅ​ក្នុង​តំបន់​ជាយ​ក្រុង​អនាធិបតេយ្យ។

នាង​បាន​និយាយ​ថា​មិន​មាន​ច្បាប់​អ្វី​នោះ​ទេ។​ គេ​អាច​សាងសង់​តាម​តែ​គេចង់​ នៅពេល​ដែល​គេ​ចង់​សាងសង់​ និង​នៅ​កន្លែង​ដែល​គែ​ចង់​សង់។ ​មាន​ស្ថាបត្យករ​ច្រើន​ប៉ុន្តែ​ពួកគេ​មិន​បាន​ផ្តោត​ការ​យកចិត្ត​ទុកដាក់​លើ​ចំនួន​ប្រជាជន​ទាំង​អស់​ទេ។​ ហើយ​នាង​និយាយថា​ពួកគេ​ធ្វើ​ការ​ឲ្យ​តែ​បុគ្គល​ប៉ុណ្ណោះ។​ ដូច្នេះ​ប្រសិន​បើ​មាន​ស្ថាបត្យករ​កូតឌីវ័រដែល​ដឹង​ពី​ធាតុ​ពិត​នៃ​ប្រទេស​យើង​នោះ​ យើង​ដែល​ជា​ស្ថាបត្យករ​ជំនាន់​ថ្មី​អាច​ព្យាយាម​ដោះស្រាយ​បញ្ហា​ទាំង​នេះ​បាន។​

សាលា​ស្ថាបត្យកម្ម Abidjan មាន​តម្លៃ​ថ្លៃ​ជាង​សាលា​ឯកជន​ដទៃ​ទៀត​នៅ​ក្នុង​ប្រទេស។​ថ្លៃ​សិក្សា​ប្រចាំ​ឆ្នាំ​នៅ​សាលា​នេះ​អាច​មាន​ចំនួន​ចាប់ពី​៨ពាន់​ដុល្លារ។ ​សាលា​នេះ​សង្ឃឹម​ថា​ នឹង​ផ្ដល់​អាហាររូបករណ៍នៅ​ពេល​អនាគត។

ប្រែ​សម្រួល​ដោយ​ឡេង​ ឡែន

XS
SM
MD
LG