កម្ពុជាប្រាប់វៀតណាមថាគម្រោងព្រែក​ជីក​ហ្វូណន​មិន​ប៉ះពាល់​លំហូរ​ទឹក​និងអេកូឡូស៊ីឡើយ

នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែទ ជួបពិភាក្សាជាមួយប្រធានាធិបតីវៀតណាមលោក Vo Van Thuong នៅវិមានប្រធានាធិបតីវៀតណាម នៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣។

រដ្ឋាភិបាល​កម្ពុជា​ បាន​បំភ្លឺ​ទៅ​កាន់រដ្ឋា​ភិបាល​វៀត​ណាម​ទាក់ទង​នឹង​ការ​ព្រួយ​បារម្ភ​អំពី​គម្រោង​ព្រែក​ជីក​មួយ​ឈ្មោះ​ថា «ហ្វូណន​តេជោ» ដែល​កម្ពុជា​នឹង​សាង​សង់​នៅ​ពេល​មុខ។

កម្ពុជា​បញ្ជាក់ថា​គម្រោងនេះ​ នឹង​មិន​ប៉ះពាល់​ដល់​ប្រព័ន្ធ​អេកូឡូស៊ី និង​លំហូរ​ទឹក​ទន្លេ​មេគង្គ ដែលវៀតណាមស្ថិតនៅ​ក្រោម​ខ្សែ​ទឹក​នោះ​ទេ។ នេះ​បើតាមលោក​ តាន់ ហ្សង់ហ្រ្វង់ស័រ រដ្ឋ​មន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​ដែល​បាន​ធ្វើសន្និសីទ​សារ​ព័ត៌មាន​មួយ កាល​ពី​ថ្ងៃ​ទី១២ ​ខែ​ធ្នូ ឆ្នាំ២០២៣ ក្រោយ​ការ​បញ្ចប់​ទស្សនកិច្ច​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត។

លោក តាន់ ហ្សង់ហ្រ្វង់ស័រ បាន​ថ្លែង​ក្នុង​សន្និ​សីទ​សារ​ព័ត៌មាន​នោះ​ថា ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​បញ្ជាក់​អំពី​គម្រោង​ព្រែក​ជីក​ហ្វូណន​តេជោនេះ​ ទៅ​កាន់​ភាគី​វៀតណាម​ថា ​ព្រែក​ជីកនេះ ជា«ជន្ទល់សេដ្ឋកិច្ច»កម្ពុជា​នៅ​ពេល​ខាង​មុខ ហើយ​វា​នឹង​មិនបង្ក​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​ដល់​លំហូរ​ទឹក​ទន្លេ​មេគង្គ និង​ប្រព័ន្ធ​អេកូឡូស៊ី​នោះ​ទេ។

​បើតាម​លោក​ តាន់ ហ្សង់ហ្រ្វង់ស័រ ការ​បំភ្លឺ​នេះ ​ដោយ​សារ​តែភាគី​វៀត​ណាម​ព្រួយ​បារម្ភ​អំពី​ការ​ជីក​ព្រែក​នេះ និង​ស្នើ​ឱ្យ​កម្ពុជា​បំភ្លឺ។

​លោក​ថ្លែង​ថា៖ ​«សម្តេច​ធិបតី​បញ្ជាក់​ប្រាប់​ភាគី​វៀតណាម​ថាគម្រោងនេះ​មិនបង្កឱ្យ​មាន​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​ដល់របប ​លំហូរ​ទឹក​ទន្លេ​មេគង្គទេ​ និង​ទន្លេផ្សេងៗ​ទៀត​។ ទន្ទឹម​នេះ រក្សា​បាន​នូវ​ស្ថិរភាព​ បរិស្ថាន​ អេកូឡូស៊ី​ និង​ជម្រក​ធម្មជាតិ សម្រាប់​ជីវៈ​ចម្រុះ»​។

លោក​បន្ថែម​ថា៖ «ខាង​វៀតណាម លោក​គ្រាន់​តែ​បារម្ភ​ថា​គម្រោង​ព្រែក​ជីក​ហ្វូណន​តេជោ អាច​នឹង​ជះផល​វិបាក​អវិជ្ជមាន​ទៅ​លើ​ដង​ទន្លេ​មេគង្គ។ ម្ល៉ោះហើយប្រទេសកម្ពុជា​បាន​បង្ហាញ​លទ្ធផល​នៃការ​សិក្សា​មួយ​ចំនួន​ដែល​បង្ហាញ​ថា​ គ្មាន​ឡើយ​ ផល​ប៉ះពាល់​ទៅ​លើ​បរិស្ថាន​»។

វីអូអេ​មិន​ទាន់​អាច​សុំ​ការអត្ថាធិប្បាយ​ពី​ស្ថានទូត​វៀត​ណាម ថៃ និងឡាវ​ប្រចាំ​នៅ​កម្ពុជា​តាម​សារអ៊ីម៉ែល​បាន​នៅ​ឡើយ​ទេ។ វៀតណាម ថៃ​និង​ឡាវ ជា​ប្រទេស​ដែល​ទន្លេ​មេគង្គ​ហូរ​ឆ្លង​កាត់​។

វីអូអេក៏​មិន​ទាន់​អាចសុំការ​អត្ថាធិប្បាយពី​លោក សូ សុភ័ទ្ទ អគ្គ​លេខាធិការ​គណៈ​កម្មាធិការ​ជាតិ​ទន្លេមេគង្គ​បាន​ដែរ។

លោក ផន រឹម អ្នក​នាំ​ពាក្យ​ក្រសួង​សាធារណ​ការ និង​ដឹក​ជញ្ជូន ប្រាប់​វីអូអេជា​អក្សរ​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​តេឡេក្រាម​នៅថ្ងៃ​ពុធនេះ​ថា​ រដ្ឋាភិបាលកម្ពុជា​ចាត់​ទុក​គម្រោង​ «ព្រែក​ជីក​ហ្វូណន​តេជោ»នឹង​ជួយ​បង្កើនលទ្ធភាព​ក្នុងការ​ដឹក​ជញ្ជូន​ពីខេត្ត​ដែលជាប់​ដង​ទន្លេ​សាប ជាប់​ដង​ទន្លេមេគង្គ ចុះ​ទៅ​សមុទ្រ​បាន​កាន់តែ​លឿន ហើយ​សេដ្ឋកិច្ច​របស់​ប្រជា​ពលរដ្ឋ​នៅតាម​បណ្តោយ​ដង​ទន្លេ​នឹង​កាន់​តែ​រីក​ចម្រើន។

រូបឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត ចូលរួមក្នុងពិធីចុះហត្ថលេខា​លើ​គម្រោង​នាវាចរណ៍«ព្រែកជីកហ្វូណនតេជោ» នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣។ (Facebook/Samdech Thipadei Hun Manet, Prime Minister of Cambodia)

គម្រោង​ផ្លូវ​នាវា​ចរណ៍ ហៅ​ថា​«ព្រែក​ជីក​ហ្វូណន​តេជោ» ​ជា​គ្រោង​ដែល​មាន​តម្លៃ​ប្រមាណ​ ១៧០០ ​លាន​ដុល្លារ​អាមេរិក ដែលគម្រោង​នេះ​ជា​ផ្នែក​មួយ​នៃ​គម្រោង​ក្រវាត់​ផ្លូវ​ពាណិជ្ជកម្ម (Belt and Road Initiative ឬBRI)​ របស់​រដ្ឋាភិបាល​ចិន។ គម្រោង​ផ្លូវ​ទឹក​នេះ​មាន​ប្រវែង​ ១៨០​គីឡូម៉ែត្រ​ ចាប់​ពី​ព្រែក​តាកែវ​នៃ​ទន្លេ​មេគង្គ​ ឆ្លង​កាត់​តាម​ព្រែក​តាឯក​ នៃ​ទន្លេបាសាក់ រួច​ចូល​តាម​ព្រែក​តាហ៊ីង​នៃ​ទន្លេ​បាសាក់ ស្រុក​កោះធំ​ និង​បន្ត​រហូត​ដល់​សមុទ្រ​ខេត្ត​កែប ដោយ​ឆ្លង​កាត់​ខេត្ត​ចំនួន​ ៤ រួមមាន​ខេត្ត​កណ្តាល​ ខេត្ត​តាកែវ​ ខេត្តកំពត និង​ខេត្ត​កែប​ ដែល​មាន​ប្រជាជន​សរុប​ប្រមាណ ​១,៦​ លាន​នាក់​ រស់​នៅអម​សង​ខាង​ផ្លូវទឹក។ ​នេះ​បើ​តាម​ការ​ប្រកាស​របស់​រដ្ឋាភិបាល​កម្ពុជា​កាល​ពី​កន្លង​ទៅ។

លោក ហេង គឹមហុង ប្រធាន​ផ្នែក​កម្មវិធី​ស្រាវ​ជ្រាវ និង​តស៊ូ​មតិ​នៃ​សមាគម​បណ្តាញ​យុវជន​កម្ពុជា (CYN) ​ប្រាប់វីអូអេថា​ កម្ពុជា​ត្រូវ​តែ​ធានា​ថា​ការ​សាងសង់ព្រែក​ជីក​មួយ​នេះ​នឹង​មិន​ធ្វើឱ្យ​ទឹក​ប្រៃ​ហូរ​ចូលក្នុង​ទន្លេមេគង្គ ​និង​ទន្លេ​បាសាក់ ដែល​វា​នឹង​ផលប៉ះ​ពាល់​ដល់​បរិស្ថាន និងប្រព័ន្ធ​អេកូឡូស៊ី​។ លោក​បន្ថែម​ថា ​កម្ពុជា​ត្រូវ​បញ្ជាក់​អំពីការ​សិក្សា​លើ​ផល​ប៉ះពាល់​ដោយតម្លាភាពទៅ​កាន់​ប្រទេស​វៀត​ណាម ដោយ​ហេតុថា​វៀតណាម ​ជា​ប្រទេស​ស្ថិត​នៅ​ខ្សែទឹក​ខាង​ក្រោម។

លោក​ថ្លែងថា៖ «កម្ពុជា​ត្រូវ​ធានាថា​មាន​លទ្ធភាព​ខ្ពស់​ក្នុងការ​រក្សាបាន​នូវ​ការ​ទប់​កុំឱ្យ​លំហូរ​ទឹក​សមុទ្រហូរ​ចូល​មក​ក្នុង​ខ្សែ​ទឹក​សាប​របស់​យើង ដើម្បី​ធានា​ថា​វា​មិន​ប៉ះពាល់​ដល់​ប្រព័ន្ធ​អេកូឡូស៊ី​ទឹកសាប»។

កាល​ពីខែ​មិថុនា ឆ្នាំ ២០២៣ ​លោក ស៊ុន ចាន់ថុល អតីត​រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បញ្ជាក់​ជុំវិញ​គម្រោង​សាង​សង់​ព្រែក​ជីក​នេះ​ថា ​គម្រោង​មួយ​នេះ ​មិន​ទាមទារ​ឱ្យ​មាន​ការព្រម​ព្រៀង​ពី​ប្រទេស​ជិត​ខាងទេ ​ដោយ​កម្ពុជា​គ្រាន់​តែ​ជូន​ដំណឹង​តែប៉ុណ្ណោះ។

លោកបញ្ជាក់ថា៖ ​«ទាក់​ទង​ផ្លូវច្បាប់ គឺ​មាន​កិច្ច​ព្រមព្រៀង​មេគង្គ​ឆ្នាំ​ ១៩៩៥ ដែល​និយាយ​ថា​ បើ​ប្រទេស​មួយៗ ​របស់​កិច្ច​ព្រមពៀង​មេគង្គ​៩៥ ដែល​មាន​កម្ពុជា វៀតណាម ឡាវ និង​ថៃ​ ចុះ​កិច្ចព្រម​ព្រៀង​នោះ​ បើ​យើង​ប្រើប្រាស់​ដៃ​ទន្លេ​របស់​យើង​នៅក្នុង​ស្រុក​យើង​ យើង​មិន​បាច់​សុំ​ការ​អនុញ្ញាត​ពី​ប្រទេស​៣​ទៀត អត់​ទេ​។ យើង​ជូន​ដំណឹង​គេ​ ថា​ខ្ញុំ​នឹង​ធ្វើ​ការងារ​នេះ»។

លោក​អះអាង​ថា​ គម្រោង​នេះ​ក៏​មិន​ធ្វើ​ឱ្យ​ទឹក​ប្រៃ ហូរចូល​ទឹកសាប​ទេ ដោយសារ​មាន​ទ្វារ​ទឹក​ចំនួន៣​៕