វ៉ាស៊ីនតោន —
មេដឹកនាំគណបក្សជំទាស់ និងអ្នកវិភាគឯករាជ្យបានដាក់ការសង្ស័យចំពោះការសន្យារបស់មេដឹកនាំកម្ពុជានិងជប៉ុនទាក់ទងនឹងការធ្វើកំណែរទម្រង់ប្រព័ន្ធបោះឆ្នោតទោះជាមានការសន្យារួមគ្នាក្តី។ ការអះអាងយ៉ាងដូច្នេះដោយយោងថា មានបទពិសោធន៍ អនុសាសន៍សហគមន៍អន្តរជាតិនិងការសន្យាកន្លងមកមិនត្រូវបានគេធ្វើកំណែទម្រង់នោះទេ។ មេដឹកនាំគណបក្សជំទាស់ចង់ឃើញការដោះសា្រយបញ្ហាយុត្តិធម៌នៃការបោះឆ្នោតដែលកើតឡើងកាលពីខែកក្កដាសិន មុននឹងរដ្ឋាភិបាលកម្ពុជាធ្វើការសន្យាថ្មី។
ទោះបីជានាយករដ្ឋមន្ត្រីនៃកម្ពុជានិងប្រទេសជប៉ុនព្រមព្រៀងគ្នាថា នឹងកែទម្រង់ប្រព័ន្ធបោះឆ្នោតដែលគេចាត់ទុកថា ធ្វើឲ្យមានការជាប់គាំងនយោបាយនោះក្តី មេដឹកនាំគណបក្សជំទាស់និងអ្នកវិភាគខ្លះក្នុងប្រទេស បានស្នើថា មុនពេលដោះស្រាយបញ្ហាកែទម្រង់ប្រព័ន្ធបោះឆ្នោតថ្មីណាមួយទៅថ្ងៃអនាគត គេត្រូវដោះស្រាយបញ្ហាដែលបានកើតឡើងជាមុនសិន បើពុំដូច្នោះទេ ការសន្យាថ្មីនោះនឹងគ្រាន់តែជាលេសនិងគ្មានន័យ។
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានអះអាងថា គណបក្សគ្រប់គ្រងប្រទេសចង់បង្ហាញមតិជាតិ និងអន្តរជាតិថា ខ្លួនចង់កែទម្រង់ តែ គណបក្សនេះមិនដែលហ៊ានធ្វើឲ្យបានពិតប្រាកដនោះទេ។
«ខ្ញុំថាមុននឹងឈានទៅរកការកែទម្រង់ការបោះឆ្នោតទៅមុខទៀត ទាល់តែរកឲ្យឃើញកំហុសភាពមិនប្រក្រតីនៃការបោះឆ្នោតកន្លងមកសិន។ បើអត់រកភាពមិនប្រក្រតីកន្លងមកទេ ការកែទម្រង់ទៅមុខនឹងមិនចំទិសដៅទេ នេះទី១។ ទី២ បើសិនណាគណបក្សប្រជាជនកម្ពុជាមានចេតនាចង់កែទម្រង់ទៅមុខមែន ទាល់តែគាត់ហ៊ានទទួលខុសត្រូវចំពោះការបោះឆ្នោតកន្លងមកដែលមានភាពមិនប្រក្រតីធ្ងន់ធ្ងរនេះ ទើបយើងមានជំនឿ»។
លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យក្នុងប្រទេសកម្ពុជា បានដាក់ចម្ងល់ទៅលើមូលហេតុដែលរដ្ឋាភិបាលកម្ពុជាស្នើឲ្យជប៉ុនជួយដោះស្រាយនៅពេលដែលលោកអះអាងថា កម្ពុជាមានសមត្ថភាពអាចធ្វើបាន។
«តើយើងសុំគេនេះដោយសុទ្ធចិត្តទេ? តើនេះគ្រាន់តែជាយុទ្ធសាស្ត្រមួយដើម្បីពន្យារ ឬមិនកែទម្រង់? ព្រោះយ៉ាងម៉េច? គឺវាមានសឹងតែទាំងអស់ទៅហើយ។ ខ្មែរយើងធ្វើបានហើយ។ មានអ្វីពិបាកដែលចាំបាច់មានអ្នកជំនាញណាមកទៀត។ នេះបើតាមខ្ញុំយល់»។
ទាំងមេដឹកនាំគណបក្សជំទាស់និងអ្នកវិភាគបានថ្លែងដូច្នេះដោយយោងថា កម្ពុជាធ្លាប់ត្រូវសហភាពអឺរ៉ុប អង្គការជាតិ និងអន្តរជាតិ មន្ត្រីអ.ស.ប.ផ្តល់អនុសាសន៍ជាច្រើនមុនបោះឆ្នោតកាលពីថ្ងៃទី២៨ ខែកក្កដាឆ្នាំ២០១៣ តែកម្ពុជាមិនបានទទួលយកមកកែទម្រង់ទេ។
គណបក្សប្រជាជនកម្ពុជាបានទទួលរងការចោទប្រកាន់ថា បានប្រើប្រាស់ប្រព័ន្ធបោះឆ្នោត ជាពិសេសគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីយកឈ្នះ ការបោះឆ្នោតដែលគណបក្សសង្គ្រោះជាតិចាត់ទុកថា មានការគៃបន្លំ និងមានភាពមិនប្រក្រតីដ៏ធ្ងន់ធ្ងរនោះ។ គណបក្សជំទាស់បានអះអាងថា ខ្លួនជាអ្នកឈ្នះ ការបោះឆ្នោតរហូតដល់៦៣អាសនៈ ហើយបានទាមទារឲ្យមានការរកយុត្តិធម៌ ស៊ើបអង្កេតលទ្ធផលការបោះឆ្នោត និងកែទម្រង់ប្រព័ន្ធបោះឆ្នោតនិងស្ថាប័នជាតិសំខាន់ៗផងដែរ។ តែការទាមទារទាំងនេះមិនត្រូវបានទទួលយកពីគណបក្សប្រជាជនកម្ពុជាទេ ហើយកំពុងធ្វើឲ្យមានការជាប់គាំងផ្នែកនយោបាយដែលបង្កឲ្យមានបាតុកម្មតវ៉ាមិនចេះចប់នោះ។
នៅក្នុងសេចក្តីថ្លែងការណ៍រួមរវាងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៃប្រទេសកម្ពុជា និងនាយករដ្ឋមន្ត្រីជប៉ុន ស៊ីហ្ស៊ូ អាបេ (Shinzo Abe) ដែលបានបំពេញ ទស្សនៈកិច្ចក្នុងប្រទេសកម្ពុជាកាលពីថ្ងៃ១៦ដល់ថ្ងៃទី១៧ វិច្ឆិកា មេដឹកនាំទាំងពីរ ប្តេជ្ញាពង្រឹងឲ្យប្រសើរឡើងថែមទៀតនូវវិស័យជាច្រើន រួមទាំងលទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋ។
លោក Abe បានបញ្ជាក់ថា ប្រទេសជប៉ុននឹងត្រៀមខ្លួនរួចជាស្រេចដើម្បីជួយ ជ្រោមជ្រែងដល់កិច្ចខិតខំប្រឹងប្រែងក្នុងការធ្វើកំណែទម្រង់ការបោះឆ្នោត លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ។
តែលោកកឹម សុខាបានអះអាងថា ប្រទេសជប៉ុននឹងជួបបញ្ហាដូចសហគមន៍ អន្តរជាតិមួយចំនួនដែលធ្លាប់បានទាមទារឲ្យកម្ពុជាកែទម្រង់ប្រព័ន្ធបោះឆ្នោត។
«ដូច្នេះហើយ រឿងជាមួយជប៉ុននេះវាអត់មានអីប្លែកទេ។ បើសិនជាជប៉ុនចូលរួមមកកែ ហើយជប៉ុនចង់កែអញ្ចេះៗ ហើយគណបក្សប្រជាជនកម្ពុជាអត់ទទួលយកទៅកែ ទៅអនុវត្តដដែល។ វាអត់ប្រយោជន៍ទេ»។
ទោះជាយ៉ាងណាក៏ដោយ លោកបណ្ឌិតពុទ្ធា ហង្ស នាយកប្រតិបត្តិនៃអង្គការ ឃ្លាំមើលការបោះឆ្នោតនិចហ៊្វិច បានប្រាថ្នាចង់ឃើញកំណែទម្រង់ប្រព័ន្ធបោះឆ្នោតទទួលបានជោគជ័យសម្រាប់ការបោះឆ្នោតពេលខាងមុខៗ។
«ខ្ញុំយល់ថា នេះជាការសន្យាមួយ។ តែយើងពុំទាន់អាចជឿបានថា តើការសន្យានេះពិតជាមានឆន្ទៈពិតប្រាកដក្នុងការកែទម្រង់ដំណើរការបោះឆ្នោតនៅឡើយទេ សម្រាប់គណបក្សនយោបាយទាំងអស់ ហើយនឹងភាគីជប៉ុនផងដែរ។ តែខ្ញុំគិតថា យ៉ាងហោចណាស់សម្តី (ការសន្យា) នេះជាជំហ៊ានដំបូង»។
លោកពុទ្ធា ហង្សបានកត់សម្គាល់ឃើញថា មានការអនុញ្ញាតពីគណបក្សគ្រប់ គ្រងប្រទេសដើម្បីឲ្យមានសហគមន៍អន្តរជាតិចូលរួមក្នុងដំណើរការកែទម្រង់ ប្រព័ន្ធបោះឆ្នោតនេះ។
ដោយបានបញ្ជាក់ថា រឿងកែទម្រង់ប្រព័ន្ធបោះឆ្នោតត្រូវនាយករដ្ឋមន្ត្រីកម្ពុជាបានស្នើទៅប្រទេសជប៉ុន ដើម្បីធ្វើកំណែទម្រង់នោះ លោកទេព នីថា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.)បានអះអាងថា គ.ជ.ប.ត្រៀមខ្លួនជាស្រេចដើម្បីចូលរួមក្នុងការកែទម្រង់ប្រព័ន្ធបោះឆ្នោតនេះ។
លោកសង្កត់ធ្ងន់ទៀតថា ទោះជាការងារបោះឆ្នោតជាការងារបច្ចេកទេស ហើយការកែទម្រង់នានាជារឿងធម្មតាមែនសម្រាប់ប្រទេសនីមួយៗ តែការសម្រេចមួយចំនួនជារឿងនយោបាយ ឧទាហរណ៍ដូចជារឿងធ្វើវិសោធនកម្មច្បាប់ជាដើម៕