តុលាការ​កំពូល​​ចេញ​ដីកា​ឲ្យ​ចាប់​និង​ឃុំ​ខ្លួន​អតីត​សមាជិក​​ព្រឹទ្ធ​សភា​​​គណបក្ស​ប្រឆាំង

រូបថត​ឯកសារ៖ ​លោកស្រី​ ថាក់ ឡានី​ (ឆ្វេង​ អាវ​ពណ៌​លឿង) ចូល​រួម​​បាតុកម្ម​របស់​គណបក្ស​សម រង្ស៊ី កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ​ឆ្នាំ​២០០៩។ (Reuters)

តុលាការ​កំពូល​​​ដាក់ទោស​អ្នកស្រី ថាក់ ឡានី​ ឲ្យ​ជាប់​ពន្ធនាគារ​១​ឆ្នាំ​កន្លះ​​ពាក់​ព័ន្ធ​នឹង​ការ​ថ្លែង​ថា​ លោក​ហ៊ុន សែន​ជា​អ្នក​នៅ​ពីក្រោយ​ការ​​ស្លាប់​របស់​លោក​បណ្ឌិត កែម ឡី។​ អតីត​សមាជិក​​ព្រឹទ្ធ​សភា​គណបក្ស​ប្រឆាំង​នេះ​កំពុង​និរទេស​ខ្លួន​ក្រៅ​ប្រទេស។

តុលាការ​កំពូល​នៅ​ថ្ងៃ​ច័ន្ទនេះ​ បាន​ចេញ​ដីកា​ឲ្យ​ចាប់​ និង​ឃុំ​ខ្លួន​អ្នកស្រី ​ថាក់ ឡានី ​អតីត​សមាជិកព្រឹទ្ធ​សភាមក​ពី​គណបក្ស​ប្រឆាំង ​បន្ទាប់ពី​តុលាការ​សម្រេច​កាត់ទោស​អ្នកស្រី​ឲ្យ​ជាប់​ពន្ធនា​គារ​រយៈ​ពេល​១​ឆ្នាំ​៦​ខែ​ពាក់​ព័ន្ធ​នឹង​ការ​ថ្លែង​ថា​ លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន​ ជា​អ្នក​នៅ​ពីក្រោយ​ការស្លាប់​របស់​លោក​បណ្ឌិត​ កែម ឡី។ ​នេះ​បើ​តាម​ការ​បញ្ជាក់​ពី​អគ្គ​ព្រះ​រាជ​អាជ្ញា​រង​តុលាការ​កំពូល។​

លោក​ អ៊ុក គឹមសិទ្ធិ​ អគ្គ​ព្រះ​រាជអាជ្ញា​រង​តុលាការ​កំពូល​ ប្រាប់ ​VOA ​នា​រសៀល​ថ្ងៃ​ច័ន្ទ​នេះ​ថា ​លោក ​ឃឹម ប៉ុណ្ណ ​ ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​តុលាការ​កំពូល​ បាន​តម្កល់​សាលដីកា​សាលា​ឧទ្ធរណ៍​ទុក​ជា​បាន​ការ ​និង​ប្រកាស​បិទ​ផ្លូវ​តវ៉ា។ ​លោក​បន្ត​ថា​ តុលាការសម្រេច​កាត់​ទោស​អ្នកស្រី​ថាក់ ឡានី​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​១​ឆ្នាំ​៦​ខែ​ និង​ពិន័យ​ជា​ប្រាក់​៨​លាន​រៀល ​ព្រមទាំង​បញ្ជា​ឲ្យ​ផ្តល់​សំណង​ទៅ​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ចំនួន​១០០​រៀល ​ពី​បទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ ​និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​អំពើ​ដែល​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ក្នុង​សង្គម។​

លោក​បញ្ជាក់​ថា៖​

«តុលាការ​កំពូល​តម្កល់​សាលដីកា​របស់​សាលា​ឧទ្ធរណ៍ ​ហើយ​សាលា​ឧទ្ធរណ៍​បានសម្រេច​តម្កល់​សាលដីកា​[សាលក្រម]​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​ដោយ​មាន​ទណ្ឌកម្ម​១​ឆ្នាំ​៦​ខែ​ ពិន័យ​ជា​ប្រាក់​៨​លាន​រៀល​ និង​សង​ជំងឺ​ចិត្ត​ទៅ​ដល់​ដើម​បណ្តឹង​រដ្ឋប្បវេណី១០០​រៀល។ ​ជា​គោល​ការណ៍​គឺ​សម្រេច​នៅ​សាលា​ឧទ្ធរណ៍​ជា​សេចក្តី​សម្រេច​ចុង​ក្រោយ​ហើយ​ គេ​ចេញ​ដីកា​បង្គាប់ឲ្យចាប់​ខ្លួន ​និង​ឃុំ​ខ្លួន»។​

អតីត​សមាជិក​ព្រឹទ្ធ​សភា​គណបក្ស ​សម រង្ស៊ី​ ដែលទើប​ប្តូរឈ្មោះ​មក​ជាគណបក្ស​ភ្លើងទៀន​ គឺ​អ្នកស្រី ថាក់ ឡានី ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ប្ដឹង​កាល​ពី​ថ្ងៃ​ទី១​ ​ខែ​សីហា ​ឆ្នាំ​២០១៦ តាម​រយៈ​មេធាវីតំណាង​របស់​លោក​ បន្ទាប់​ពី​វីដេអូ​មួយ​ត្រូវ​បាន​បង្ហោះ​កាល​ពី​ចុង​ខែ​កក្កដា ​ដោយ​អង្គភាព​ព័ត៌មាន​ស្និទ្ធ​នឹង​រដ្ឋាភិបាល​ដែលផ្សាយថា ​អ្នក​ស្រី​ថាក់ ឡានី​បាន​ថ្លែង​ថា​ លោក​ហ៊ុន សែន ​នៅ​ពី​ក្រោយការ​សម្លាប់​លោក​ កែម ឡី។​

អ្នកស្រី​ ថាក់ ឡានី​ បាន​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ភ្លាម ​ក្រោយ​ពីដឹង​ថា​ អ្នកស្រី​ត្រូវ​រង​បណ្តឹង​របស់​លោក​នាយក​រដ្ឋមន្រ្តី។​

ក្រៅពី​បាន​ប្ដឹង​អ្នក​ស្រី​ ថាក់ ឡានី លោក ​ហ៊ុន សែន​ ក៏​បាន​ប្ដឹង​លោក​សម រង្ស៊ី​ អតីត​ប្រធាន​គណបក្ស​ប្រឆាំង​ដែល​ត្រូវ​បាន​តុលាការ​រំលាយ​ ពាក់ព័ន្ធ​នឹង​ការ​ចោទ​ថា ​រដ្ឋាភិបាល​លោក​ហ៊ុន សែនជា​អ្នក​នៅ​ពី​ក្រោយ​ឃាតកម្ម​លើ​លោក​កែម ឡី។ ​ចំណែក​លោក​គឹម សុខ​ អ្នកវិភាគ​នយោបាយ​មួយ​រូប​ក៏​ត្រូវ​រង​បណ្តឹង​របស់​រដ្ឋាភិបាលពាក់ព័ន្ធនឹង​ការ​ថ្លែង​ថា ​រដ្ឋអំណាច​ជា​អ្នក​នៅ​ពីក្រោយ​ឃាតកម្ម​លើ​លោក​បណ្ឌិត ​កែម ឡី៕