និស្សិត​គ្មាន​ចំណូល​ចូលរួម​ប្រកាស​ទ្រព្យ​សម្បត្តិ​ជាមួយ​ប្រធាន​អង្គការ

Your browser doesn’t support HTML5

ប្រធាន​​អង្គការ​សង្គម​ស៊ីវិល ​បុគ្គលិក​និង​និស្សិត ​​ចូល​រួម​​សន្និសីទ​មួយ​ស្តី​ពី​ការ​​ស្ម័គ្រ​ចិត្ត​ប្រកាស​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន​ជា​សាធារណៈ​

លោក គួយ មាសសំណាង ​​​និយាយ​ថា​ ការ​ប្រកាស​ទ្រព្យ​សម្បត្តិ​នេះ​​ផ្តល់​ឱកាស​សម្រាប់​អ្នក​ដឹកនាំ​នៃ​អង្គការ​សង្គម​ស៊ីវិល​​បង្ហាញ​ពី​សុចរិតភាព​នៃ​ការ​ដឹកនាំ​របស់​ខ្លួន​។

ប្រធាន​អង្គការ​សង្គម​ស៊ីវិល ​បុគ្គលិក​និង​និស្សិត​ចំនួន​៣៩​នាក់បាន​ស្ម័គ្រ​ចិត្ត​ប្រកាស​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន​ជា​សាធារណៈ​ក្នុង​កម្មវិធី​ដើម្បី​តម្លាភាព​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​ឈ្មោះ ​«ការ​ប្រកាស​ទ្រព្យ​សម្បតិ្ត​តាម​អ៊ីនធឺណិត​ដោយ​ស្ម័គ្រចិត្ត‍»​ ឬ​ជា​ភាសា​អង់គ្លេស​ថា​ Voluntarily Income and Asset Declaration Online (VIADO)‍។ ​នេះ​បើ​យោង​តាម​លោក ​គួយ មាសសំណាង ​ប្រធាន​អង្គការគណនេយ្យភាព​កម្ពុជា។​

​ថ្លែង​ទៅ​កាន់​អ្នកចូលរួម​ជាង​៥០​នាក់នៅ​ក្នុង​សន្និសីទ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​នៅ​វិទ្យាស្ថាន​ Development Innovation​ របស់​អង្គការ​ជំនួយ​ស.រ.អា.​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ ​(USAID) ​លោក គួយ មាសសំណាង ​និយាយ​ថា​ ការ​ប្រកាស​ទ្រព្យ​សម្បត្តិ​នេះផ្តល់​ឱកាស​សម្រាប់​អ្នក​ដឹកនាំ​នៃ​អង្គការ​សង្គម​ស៊ីវិលបង្ហាញ​ពី​សុចរិតភាព​នៃ​ការ​ដឹកនាំ​របស់​ខ្លួន​ ដើម្បី​ជា​គំរូ​ដល់​អ្នក​ដឹកនាំ ​អង្គការ​សង្គម​ស៊ីវិល​ដទៃ​ទៀត​ឲ្យ​អនុវត្តការ​ប្រកាស​ទ្រព្យ​សម្បត្តិ​តាម​អ៊ីនធឺណិត​ដោយ​ស្ម័គ្រចិត្ត​នេះ។​

«ការ​បង្កើន​ភាព​ស្អាតស្អំ​របស់​យើង​ហ្នឹង​គឺ​តាម​រយៈ​ការ​បង្ហាញ​ទ្រព្យសម្បត្តិ​របស់​យើង​ថា​ យើង​គ្រប់គ្រង​គឺ​អត់​មាន​ការ​កេង​ប្រវ័ញ្ច​ទ្រព្យ​ផ្សេងៗ​ពី​អង្គការ​ជំនួយ​ផ្សេងៗ​នោះ​ទេ​បាទ»។

​លោក​ គួយ​ មាសសំណាង​ ឲ្យ​ដឹង​ថា ​លោក​ ឆាំង យុ ​ប្រធាន​មជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា​គឺ​ជា​អ្នក​ប្រកាស​ទ្រព្យសម្បត្តិ​ទីមួយ​ក្នុង​ចំណោម​អ្នក​ស្ម័គ្រចិត្ត​ប្រកាស​ទ្រព្យ​សម្បត្តិ​ដំបូង​គេ។​

លោក​ ឆាំង យុ ​ដែល​មិន​បាន​ដឹង​ខ្លួន​ថា ​លោក​ជា​អ្នក​ស្ម័គ្រ​ចិត្ត​ទី​មួយ​នោះ​ ​ប្រាប់​ VOA​ ថា លោក​ស្ម័គ្រចិត្ត​ប្រកាស​ទ្រព្យ​សម្បត្តិដោយ​មិន​អល់អែក​ ព្រោះ​លោក​យល់​ថា​ ជា​កាតព្វកិច្ច​របស់​អ្នកធ្វើ​ការ​បម្រើ​សង្គម។​

«ការ​បង្ហាញ​ពី​តម្លាភាព​គឺ​វា​ជួយ​ដល់​ការ​អភិវឌ្ឍ​សង្គម​ដែល​ប្រេះស្រាំ​ហ្នឹង​ឲ្យ​ឈាន​ដល់​ការ​អភិវឌ្ឍ។ ​ហើយ​ខ្ញុំ​គិត​ថា ​នេះ​ជា​កិច្ចការ​តូចតាច​ មិន​ធ្ងន់ធ្ងរ​ មិន​ចំណាយ​ពេល​ច្រើន ​ហើយ​បាន​ផល​វិជ្ជមាន​ច្រើន​ បាន​ការ​ទុក​ចិត្ត​ពី​ប្រជាជន​ដើម្បី​ធ្វើ​ការ​ឲ្យ​មាន​ប្រសិទ្ធភាព​បាទ»។

លោក​ប្រធាន​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បន្ត​ថា ​ បើ​ទោះ​ជាចំណាយ​ពេល​ច្រើន​ជាង​នេះក៏​លោក​នៅតែ​ធ្វើ​ដែរ​ ហើយ​លោក​ធ្វើ​ដូច្នេះ​ដោយ​មិន​គិត​ថា ​វា​ជា​ហេតុផលសុំ​ថវិកា​ពី​ម្ចាស់​ជំនួយ​ទេ។ ​លោក​និយាយ​ថា ​ការ​អភិវឌ្ឍ​ជាតិ​ចេញ​ពី​តម្លាភាព​របស់​បុគ្គល​ម្នាក់​ដែល​ដឹក​នាំ​សង្គម។​

«បើ​និយាយ​ឲ្យ​ចំទៅ​ សម្រាប់​ជា​បុគ្គល​ធ្វើការ​ក្នុង​សង្គម​ស៊ីវិល​ក្តី​ នៅ​ក្នុង​រដ្ឋ​ក្តី​ នេះ​គួរ​ជា​លក្ខខណ្ឌ​មួយ​សម្រាប់​ទាំងអស់​គ្នា​បាទ»។​

លោក​ គួយ មាស​សំណាង​ ប្រធាន​អង្គការ​គណនេយ្យភាព​កម្ពុជា ​និយាយ​ថា ​នៅ​ពេល​ការ​បោះឆ្នោត​ជិត​មក​ដល់ ​ការ​ប្រកាស​ទ្រព្យ​សម្បត្តិ​របស់​អ្នក​នយោបាយ​តាម​គំរូ​របស់​សង្គម​ស៊ីវិល​នេះ​នឹងអាច​ជួយ​ទាក់ទាញ​សន្លឹក​ឆ្នោត​ផង​ដែរ។​ ​

«គណបក្ស​នយោបាយ​ណា​ក៏ដោយ​ បើ​គាត់​អាច​បង្ហាញ​ឆន្ទៈ​របស់​គាត់​ ​ក្នុង​ការ​ប្រកាស​ទ្រព្យ​សម្បត្តិ​ជា​សាធារណៈ​ហ្នឹង ​ខ្ញុំ​គិត​ថា ​គាត់​នឹង​ទទួល​បាន​ប្រជាប្រិយភាព​ពី​ប្រជា​ពលរដ្ឋ»។​ ​

លោក​និយាយ​ថា ការ​ប្រកាស​ទ្រព្យ​សម្បត្តិ​ជា​អសាធារណៈ​ក្នុង​សំបុត្រ​បិទ​ជិតដូច​ដែល​មន្ត្រី​រដ្ឋាភិបាល ​និង​អ្នក​នយោបាយធ្វើ​កន្លង​មក​នោះ​ មិន​អាច​ទាក់ទាញ​ទំនុក​ចិត្ត​ពី​ពលរដ្ឋ​ទេ។​

លោក​ ហូរ វ៉ាន់​ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ មណ្ឌល​ភ្នំពេញ​ ​ដែល​បាន​ចូល​រួម​ក្នុង​សន្និសីទ​ស្តី​ពី​ការ​ប្រកាស​ទ្រព្យ​សម្បតិ្ត​ដោយ​ស្ម័គ្រចិត្ត​នេះ​ ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា ​តាម​បំណង​របស់​លោក​ ​បើ​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​ឆ្នោត​នៅ​ឆ្នាំ​២០១៨​ ​មន្ត្រី​ដែល​កាន់​តំណែង​រដ្ឋាភិបាល​ត្រូវ​ប្រកាស​ទ្រព្យ​សម្បត្តិ​ដូច​សង្គម​ស៊ីវិល​បាន​ធ្វើ​ គឺ​ផ្ទុយពី​ការ​ប្រកាស​របស់​មន្ត្រី​ និង​អ្នក​នយោបាយ​បច្ចុប្បន្ន​ដែល​គ្រាន់តែ​បញ្ចូន​សំបុត្រ​ទៅ​អង្គភាព​ប្រឆាំង​អំពី​ពុក​រលួយ ​ហើយ​បិទ​ជិត​ជា​ការណ៍​សម្ងាត់​នោះ​ទេ។​ លោក​និយាយ​ថា​ ដោយ​សារ​វា​ជា​គោល​ការណ៍​ស្ម័គ្រ​ចិត្ត​ ដូច្នេះ​គណបក្ស​ត្រូវ​មាន​ការ​ព្រមព្រៀង​គ្នា​ដូរ​គោល​ការណ៍​នេះ។​

«យើង​ចង់​កែទម្រង់​បញ្ហា​អំពើ​ពុក​រលួយ​ហ្នឹង ​យើង​ត្រូវ​រៀបចំ​គោល​ការណ៍​ថ្មី ​ហើយ​ត្រូវ​មាន​កំណត់​ពេលវេលា​មួយ​ឲ្យ​ឯកភាព​គ្នា​ ពីព្រោះ​យើង​គណបក្ស​មិន​អាច​ធ្វើតាម​ការ​ស្ម័គ្រ​របស់​ម្នាក់ ​ពីរ​នាក់​ ហើយ​បួនដប់​នាក់​ទៀត​អត់​ស្ម័គ្រ។ ​វា​អត់​អញ្ចឹង​ទេ»។

នៅ​ពេល​ VOA ​សួរ​ថា ​ហេតុអ្វី​មិន​ប្រកាស​មុន​បោះ​ឆ្នោត​ លោកនិយាយ​ថា៖

«នៅ​ជា​គណបក្ស​អញ្ចឹង​មិន​អាច​មិន​ទាន់​មាន​ចំណុច​ដែល​អាច​ទទួល​អំពើ​ពុករលួយ​ហ្នឹង​បាន​ ព្រោះ​យើង​មិន​ទាន់​មាន​អំណាច​ក្នុង​ដៃ។ ​យើង​អត់​ទាន់​មាន​ទទួល​ថវិកា​សាធារណៈ​ អាច​នឹង​កេង​យក​ប្រយោជន៍​បាន។​ វា​អត់​ទាន់​មាន!»

​លោក​ ផៃ ស៊ីផាន​ រដ្ឋលេខាធិការ​ និង​ជា​អ្នកនាំ​ពាក្យ​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី ​បាន​ពន្យល់​ថា ​ប្រទេស​កម្ពុជា​ជា​នីតិរដ្ឋ ​ហើយ​ព័ត៌មាន​ចែក​ជា​បី​ធំៗ​គឺ​ព័ត៌មាន​សាធារណៈ​ ព័ត៌មាន​រដ្ឋ​ និង​ព័ត៌មាន​ឯកជន។​ នីតិរដ្ឋ​ត្រូវ​ថ្លឹង​ថ្លែង​តុល្យភាព​រវាង​ព័ត៌មាន​ទាំង​បី​នេះ។ ​

«ការ​ប្រកាស​ទ្រព្យ​សម្បត្តិ​ជា​ព័ត៌មាន​របស់​ឯកជន ​ដែល​ពាក់​ព័ន្ធ​នឹង​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ។ ​ការ​ប្រកាស​ហ្នឹង​គឺ​ជា​ការ​ស្ម័គ្រ​ចិត្ត ហើយ​ប្រកាស​ហ្នឹង​ទុក​ជា​ការ​សម្ងាត់​ជាមួយ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ។ ​ល្គឹកណា​មាន​ការ​ប្តឹង​ផ្តល់​ ល្គឹក​ណា​មាន​ការ​តម្រូវ​ឲ្យ​បើក បាន​គេ​បើក។​ ដូច្នេះ​គេ​ធានា​សុចរិតភាព​របស់​បុគ្គល​ ដែល​ជា​ព័ត៌មាន​ឯកជន​សុទ្ធសាធ ​ដោយ​ស្ម័គ្រ​ចិត្ត​ប្រកាស​ទ្រព្យ​ខ្លួន​ឯង»។​

លោក​រដ្ឋលេខាធិការបាន​ព្រមាន​ថា ការ​ប្រកាស​អំពី​ទ្រព្យ​សម្បត្តិ​ជា​សាធារណៈអាច​នាំ​គ្រោះ​ថ្នាក់​ដល់​សាម៉ី​ខ្លួន។ ​លោក​បន្តថា ​កន្លង​មក​មាន​ភរិយា​របស់​មន្ត្រី​ម្នាក់​ត្រូវ​ចោរ​ប្លន់​សម្លាប់​ដោយ​សារ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ដែល​ថា​ មន្ត្រី​រូប​នោះ​មាន​លុយ​ច្រើន​បាន​ពី​អំពើ​ពុករលួយ​ ​ដែល​ជា​ព័ត៌មាន​មិន​អាច​យក​ជា​ការណ៍​បាន។

លោក​រដ្ឋលេខាធិការ​បន្ថែម​ថា ​លោក​មិន​ជំទាស់​ទេ​ចំពោះ​អ្នក​ស្ម័គ្រ​ចិត្ត​ប្រកាស​ព័ត៌មាន​ឯកជន​របស់​ខ្លួន ​តែ​គេ​មិន​អាច​បង្ខំ​ ឬ​បញ្ចេញ​ទស្សនៈ​បំពាន​អ្នក​ដែល​ការពារ​សិទ្ធ​រក្សា​ព័ត៌មាន​ឯកជន​របស់​គេ ​ដែល​មាន​សុចរិតភាព ​និង​មិន​មាន​បាតុភាព​នោះ​ទេ។​

ក្រៅ​ពី​លោក ​ឆាំង យុ ​នៅ​មាន​ប្រធានអង្គការ ​បុគ្គលិក​ និង​និស្សិត​ដែល​ប្រកាស​ទ្រព្យ​របស់​ខ្លួន​ ហើយ​ខ្លះ​មាន​ត្រឹម​តែ​ម៉ូតូ​មួយ​គ្រឿង​និង​កំព្យូទ័រ​មួយ​គ្រឿង​ដែល​ម្តាយ​ទិញ​ឲ្យ​ ដូច​ជា​និស្សិត​កែវ ចាន់​សួគ៌។​

«នៅ​ពេល​ដែល​ខ្ញុំ​អត់​មាន​អីសោះ ​ហើយ​នៅ​ពេល​ខ្ញុំ​មាន​ប្រាក់ខែ​ ហើយ​ខ្ញុំ​បង្ហាញ​ភាព​ស្អាតស្អំ​របស់​ខ្ញុំ​ពី​សូន្យ»។

​ក្នុង​សន្និសីទ​ស្តីពីការ​ប្រកាស​ទ្រព្យ​សម្បតិ្ត​ដោយ​ស្ម័គ្រចិត្ត​របស់​អ្នក​ដឹកនាំ​ ​បុគ្គលិក​អង្គការ​សង្គម​ស៊ីវិល​ និង​និស្សិត​ នេះ​មានការ​ចាក់​វីដេអូ​អំពី​ការ​ប្រកាស​ទ្យព្យសម្បត្តិ​របស់​ប្រធានាធិបតី​ស.រ.អា.​ផង​ដែរ​ ជា​ពិសេស​ប្រកាស​ទ្រព្យសម្បត្តិ​របស់​លោក​ប្រធានាធិបតី​ស.រ.អា.​បារ៉ាក់​ អូបាម៉ា៕