កម្ពុជា​​បង្ហាញ​​ប្រតិកម្ម​​ទន់ភ្លន់​​ចំពោះ​​ការ​​ចោទ​​ប្រកាន់​​ការ​​ឈ្លប​​យក​​ការណ៍​​របស់​​អាមេរិក

បាតុករ​​តវ៉ា​នៅ​មុខ​វិមានសភា​អាមេរិក U.S. Capitol ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ប្រឆាំង​នឹង​ការ​ឈ្លប​យក​ការណ៍​របស់​ទី​ភ្នាក់ងារ​សន្តិសុខ​ជាតិ (National Security Agency) ចំពោះ​​ពលរដ្ឋ​អាមេរិក​ខ្លួន​ឯង ដែល​ព័ត៌មាន​នេះ​ត្រូវ​បាន​​ទម្លាយ​ចេញ​ដោយ​អតីត​មន្ត្រី​ជាប់​កិច្ចសន្យា Edward Snowden។ (២៦ តុលា ២០១៣)

Your browser doesn’t support HTML5

គម្រោង​ចំណាយ​ថវិកា​ជាតិ​ឆ្នាំ​២០១៤

វ៉ាស៊ីនតោន៖ មន្ត្រីរដ្ឋាភិបាលកម្ពុជាបង្ហាញប្រតិកម្មយ៉ាងទន់ភ្លន់ចំពោះការចោទ​ប្រកាន់អំពីបញ្ហាឈ្លបយកការណ៍សម្ងាត់​របស់​សហរដ្ឋ​អាមេរិក។

អ្នក​នាំ​ពាក្យរបស់រដ្ឋាភិបាលម្នាក់គឺលោក​ ផៃ ស៊ីផាន ​បានអះអាងថា ការឈ្លប​យកការណ៍របស់សរអាជា​រឿងមិន​អាចទទួលយកបាន​ទេ​ តែ​ពុំ​បានផ្តល់​ហេតុ​ផល​ថាចំណាត់វិធានការអ្វី​ដែលកម្ពុជានឹង​ប្រកាន់យកដូចប្រទេសក្នុង​តំបន់អាស៊ីដទៃទៀតទេ។

ថ្លែង​ក្នុងកម្មវិធីហេឡូ​វីអូអេនៅ​ពេលលោកចូលរួមជា​វាគ្មិនកាល​ពី​ថ្ងៃព្រហស្បតិ៍ លោក​ ​ផៃ ស៊ីផាន ​បានអះអាងថា​ ​ការ​ឈ្លបយកការណ៍ពី​ប្រទេសផ្សេងមិន​អាចទទួលយកបាន​ទេ ព្រោះលោកបញ្ជាក់​ថា​ អ្វី​ដែលសរអាកំពុងធ្វើ​ រឿងហ្នឹងជាការពិចារណាមួយ​សម្រាប់​យើង​ ថា​តើ​ការធ្វើរបស់​គេហ្នឹងប៉ះពាល់ដល់សន្តិសុខ​កម្ពុជាឬប៉ះពាល់ដល់គោល​ការណ៍ឯករាជ្យ អព្យាក្រិត​ អធិបតេយ្យ​ភាពរបស់​កម្ពុជាប៉ុណ្ណោះ។​ តែ​គ្រាន់តែ​ជាការសោកស្តាយ​មួយដែលយើងមាន​ជំនឿថា​អ្វីដែល​ជាភាពឯកជនត្រូវ​តែទទួលបាន​ការការពារហើយ​នឹងគោរព។

បណ្តាប្រទេសអាស៊ីនិងអឺរ៉ុប​ខ្លះកំពុងបង្ហាញការ​ខឹងសម្បានឹងសរអាចំពោះ​ការ​ឈ្លបយក​ការណ៍សម្ងាត់​ក្នុង​ប្រទេស​ទាំង​នោះ​ដោយ​ចាត់ទុក​ថា​ ការ​ធ្វើ​ដូច្នោះជា​រឿងមិនសមរម្យ​ ខុស​ច្បាប់នឹង​ក្រម​សីលធម៌ការទូតអន្តរជាតិ។​ នេះ​បើតាមរបាយ​ការណ៍ទី​ភ្នាក់ងារព័ត៌មានបរទេសនានាដែលបានផ្សាយឲ្យដឹងនៅ​ទំព័រ​មុខរបស់គេ។

ទីភ្នាក់ងារព័ត៌មាន សារព័ត៌មាន បណ្តាញសង្គមនិងបណ្តាញព័ត៌មានល្បីៗក្នុង​ពិភពលោកនិងទស្សនាវដ្ដីអាល្លឺម៉ង់​ Der Spiegel ​បាន​បោះពុម្ភផ្សាយផែនទីនៅ​លើគេហទំព័ររបស់​ខ្លួន ដោយបង្ហាញឲ្យ​ដឹង​ថា មានកន្លែងនិង​គ្រឿងសម្រាប់ឈ្លប​យកការណ៍​សម្ងាត់​ចំនួន៩០កន្លែងក្នុងស្ថានទូតសរអាដើម្បីលប​ស្តាប់ការសន្ទនាតាម​ទូរស័ទ្ទឈ្លបយក​ការណ៍តាម​ប្រព័ន្ធអ៊ីនធឺណិត​ជាដើម។​ ក្នុង​នោះរួម​ទាំង​ស្ថានទូតសរអាក្នុងក្រុងប៉េកាំង​ ចាកាតា​ ភ្នំពេញ ​បាងកក កូឡាឡាំពួ​ យាំងហ្គូន ​ញ៉ូវដេលី​ជាដើម។​ បណ្តាញព័ត៌មានទាំង​នោះបានដកស្រង់រឿងរ៉ាវនេះចេញ​ពីព័ត៌មានដែល​ត្រូវទម្លាយដោយលោក​ Edward Snowden ​អតីត​មន្ត្រីក្រសួងស៊ើប​ការសម្ងាត់​ជាប់កិច្ចសន្យារបស់សរអាដែល​ជា​អ្នកទម្លាយ​ការ​សម្ងាត់​ ហើយលោកជាមនុស្ស​ដែលសរអាកំពុងតាមរកចាប់ខ្លួន។

មេដឹកនាំប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍និងអាល្លឺម៉ង់ គឺ​អធិការបតី ​Angela Merkel​ ត្រូវ​គេតាមឈ្លបយក​ការណ៍។​ កាសែត​ Wall Street Journal ​បាន​ រាយការណ៍ថា​ ​បញ្ហា​នេះអាចធ្វើឲ្យ​មានជម្លោះរវាងសរអានិងសម្ព័នមិត្តរបស់​ខ្លួន។ ​ក្រសួង​ការបរទេសសរអាអះអាង​ថា​ ខ្លួន​មិនធ្វើ​ការបកស្រាយអំពី​ការចោទ​ប្រកាន់ណា​មួយចំពោះសកម្មភាពឈ្លបយក​ការណ៍សម្ងាត់​ទេ។

កាសែត ​Jakarta Post ​បាន​ដក​ស្រង់​សម្តីរដ្ឋមន្ត្រី​ការបរទេសឥណ្ឌូនេស៊ី Marty Natalegawa មក​បញ្ជាក់ថា លោកទាមទារឲ្យ​ឯកអគ្គ​រដ្ឋទូតសរអាពន្យល់​លម្អិត​អំពី​បញ្ហានេះ។​ លោក​ចាត់ទុក​ថា​ នេះ​ជារឿងមិន​អាចទទួលយកបានទេ។

បណ្តាញព័ត៌មានតាមប្រព័ន្ធអ៊ីនធឺណិត ​The Malay ​Mail ​Online បាន​ដកស្រង់​សម្តី​របស់​លោក​ Datuk ​Seri ​Ismail ​Sabri ​Yaacob ​រដ្ឋមន្ត្រីកសិកម្ម​ម៉ាឡេស៊ី​ មកបញ្ជាក់​ថា​ សរអាត្រូវ​បញ្ឈប់ធ្វើ​កិច្ចការនេះ​ និងបញ្ឈប់ការប្រើទីក្រុង​កូឡាឡាំពួរដើម្បីធ្វើ​ជា​ស្ថានីយ៍ឈ្លប​យក​ការណ៍​ ហើយ​ការឈ្លបយក​ការណ៍​សម្ងាត់ក្នុងប្រទេសដទៃ​ គឺ​ជារឿងដែលគ្មានសីលធម៌៕