នៅបន្ទាប់ពីមានជំនួបទ្វេភាគីកម្រិតរដ្ឋមន្ត្រីការពារប្រទេស នៅទីក្រុងប៉េកាំង ប្រទេសកម្ពុជានិងចិន បានសម្រេចកិច្ចព្រមព្រៀងរឹតចំណងយោធារវាងប្រទេសទាំងពីរដែលភាគីចិនសន្យាបន្តផ្ដល់ជំនួយសឹកដល់កម្ពុជា និងគ្រោងបន្តធ្វើលំហាត់ហ្វឹកហ្វឺនយោធារួមរវាងកងទ័ពទាំងពីរប្រទេសនៅឆ្នាំក្រោយ។ នេះបើតាមព័ត៌មានដែល VOA ទទួលបាន។
លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា កំពុងស្ថិតក្នុងប្រទេសចិន ដើម្បីបំពេញទស្សនកិច្ចផ្លូវការ និងចូលរួម វេទិកាជជែកសន្ទនាកិច្ចការយោធានិងសន្តិសុខ Beijing Xiangshan Forum។ លោកបានជួបសមភាគីចិន រដ្ឋមន្ត្រីការពារប្រទេស Wei Fenghe កាលពីថ្ងៃអង្គារ មុននឹងសម្រេចការព្រមព្រៀងដែលចិនបន្តផ្ដល់ជំនួយយោធាដល់កម្ពុជា ដែលជាប្រទេសជាដៃគូសម្ព័ន្ធមិត្តរបស់ខ្លួននៅតំបន់អាស៊ីអាគ្នេយ៍ ទាំងផ្នែកនយោបាយ សេដ្ឋកិច្ច និងយោធា ។
ក្នុងព័ត៌មានផ្សព្វផ្សាយលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកកាលពីព្រឹកថ្ងៃពុធ នាយឧត្ដមសេនីយ៍ ទៀ បាញ់ បានឱ្យដឹងថាគណៈប្រតិភូរបស់លោក ដែលរួមមានទាំងនាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទផងបានសម្រេចចុះហត្ថលេខាលើពិធីសារស្ដីពី«ការបន្តផ្ដល់ជំនួយឥតសំណងរបស់ចិនជូនដល់កម្ពុជា»។
មិនមានការបញ្ជាក់ពីទិន្នន័យលម្អិតរបស់កញ្ចប់ជំនួយយោធាថ្មីដែលចិនគ្រោងនឹងផ្ដល់ឱ្យកម្ពុជានោះឡើយ។ នៅពេលត្រូវបានទាក់ទងដោយ VOA នាវេលាព្រឹកថ្ងៃពុធនេះ ឧត្ដមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ បាននិយាយថាលោកមិនទាន់មានព័ត៌មានគ្រប់គ្រាន់ដើម្បីផ្សព្វផ្សាយទាក់ទិននឹងកញ្ចប់ជំនួយថ្មីផ្ដល់ឱ្យដោយកងទ័ពចិនឡើយ។
នេះជាការបញ្ចេញនូវកញ្ចប់ជំនួយសឹកថ្មីផ្សេងទៀតរបស់ចិនមកដល់កម្ពុជា បន្ទាប់ពីបានចុះហត្ថលេខាផ្ដល់ជំនួយយោធាក្នុងតម្លៃទឹកប្រាក់ប្រមាណ ១០០លានដុល្លារអាមេរិក តាមរយៈដំណើរទស្សនកិច្ចរបស់លោក Wei Fenghe រដ្ឋមន្ត្រីការពារជាតិចិន នៅទីក្រុងភ្នំពេញ កាលពីខែមិថុនា កន្លងទៅ។
តែលោកនាយឧត្ដមសេនីយ៍ អ្នកនាំពាក្យក្រសួងការពារជាតិរូបនេះក៏បានផ្សព្វផ្សាយវិចារផ្លូវការ លើទំព័រហ្វេសប៊ុករបស់លោកអំពីជំនួបនេះផងដែរដែលថា ភាគីយោធាទាំងពីរប្រទេសព្រមព្រៀងគ្នាបន្តធ្វើ លំហាត់ហ្វឹកហ្វឺនសមយុទ្ធយោធារួម«នាគមាស»ជាលើកទីបី នៅឆ្នាំ២០១៩ និងបន្តជំនួយរបស់ភាគីចិន ជួយបណ្ដុះបណ្ដាលយោធាកម្ពុជាតាមរយៈ ការពង្រឹង វិទ្យាស្ថានកងទ័ពជើងគោក ក្នុងខេត្តកំពង់ស្ពឺ។
កម្ពុជា និងចិន បានធ្វើលំហាត់ហ្វឹកហ្វឺន«នាគមាស»ពីរដងរួចមកហើយ ដែលលើកដំបូងក្នុងខែធ្នូ ឆ្នាំ២០១៦ និងលើកទីពីរ ដែលមានទំហំជាងមុន ធ្វើនៅខែមីនា ឆ្នាំ២០១៨នេះ ដែលរួមមានទាំងការប្រើប្រាស់រថក្រោះ និងការវាយប្រយុទ្ធទីតាំងខ្មាំងពីលើឧទ្ធម្ភាគចក្រពិឃាដផងដែរ។
ការធ្វើសមយុទ្ធនេះ កើតមាននៅក្រោយពីព្រឹត្តិការណ៍ដែលកម្ពុជា សម្រេចផ្អាកលំហាត់ហ្វឹកហ្វឺន«ឆ្មាំអង្គរ» ដែលធ្លាប់ធ្វើរួមគ្នាជាមួយសហរដ្ឋអាមេរិក និងកិច្ចសហប្រតិបត្តិការណ៍ជំនួយយោធាដើម្បីការអភិវឌ្ឍផ្សេងទៀត ខណៈដែលទំនាក់ទំនងកម្ពុជា-រអាមេរិក ស្គាល់នូវភាពរកាំរកូស តាមរយៈបញ្ហានយោបាយផ្ទៃក្នុងរបស់កម្ពុជា ដែលសហរដ្ឋអាមេរិកត្រូវបានចោទថាបានជួយទំនុកបម្រុង គណបក្សជំទាស់ ដើម្បីប្រុងប្រៀបផ្ដួលរំលំរដ្ឋាភិបាលកម្ពុជា។
ទាំងសហរដ្ឋអាមេរិក និងទាំងគណបក្សសង្គ្រោះជាតិ ដែលជាបក្សជំទាស់ត្រូវបានតុលាការកំពូលរំលាយ កាលពីជិតមួយឆ្នាំមុន សុទ្ធតែបានបដិសេធការចោទខាងលើ។ អវត្តមានបក្សសង្គ្រោះជាតិ បាននាំឱ្យគណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឈ្នះការបោះឆ្នោតរដ្ឋសភាកាលពីខែកក្កដា និងគ្រប់គ្រងអាសនៈទាំង១២៥របស់សភាជាន់ទាបផងដែរ។
បញ្ហានៃភាពចម្រូងចម្រាសផ្នែកនយោបាយ ទាញឱ្យមានការបរិហារពីសំណាក់រដ្ឋាភិបាលលោកខាងលិច អំពីភាពការរៀបចំការបោះឆ្នោតដោយអវត្តមានគណបក្សជំទាស់ និងការរៀបចំរដ្ឋសភានិងរដ្ឋាភិបាលក្រោយការបោះឆ្នោត ទាំងបរិយាកាសសេរីភាពនយោបាយត្រូវបានរឹតត្បិត។
តួយ៉ាង សហភាពអឺរ៉ុប កំពុងតែផ្ដល់សញ្ញាគំរាមថា បញ្ហានយោបាយចាក់ស្រេះរបស់កម្ពុជា អាចនឹងនាំឱ្យប្រទេសមួយនេះបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធនាំទំនិញចូលទៅទីផ្សារអឺរ៉ុប។
ស្របពេលជាមួយគ្នានេះប្រទេសចិនបានថ្លែងជាបន្តបន្ទាប់បន្តជួយជ្រោមជ្រែងរដ្ឋាភិបាលកម្ពុជា ដែលតែងបានគាំទ្រជំហរចិនលើបញ្ហាអន្តរជាតិនានា តួយ៉ាងបញ្ហាសង្គ្រាមពាណិជ្ជកម្ម និងជម្លោះដែនទឹកនៅសមុទ្រចិនខាងត្បូង។
ទាក់ទិននឹងជំនួបខាងលើ ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់រដ្ឋចិន Xinhua ក៏បានបញ្ជាក់ផងដែរថាលោករដ្ឋមន្ត្រីការពារជាតិចិនបានសន្យាបន្តពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ តាមរយៈវិស័យយោធា។
ប្រព័ន្ធឃោសនាផ្លូវការរបស់ចិនមួយនេះបានផ្សាយយ៉ាងដូច្នេះថា៖
«លោក Wei បានថ្លែងក្នុងជំនួបជាមួយលោក បាញ់ ថាកងកម្លាំងប្រដាប់អាវុធរបស់ចិន មានឆន្ទៈក្នុងការចូលរួមប្រកៀកស្មានឹងសមភាគីកម្ពុជាក្នុងការអនុវត្តនូវរាល់ការព្រមព្រៀងកុងសង់ស៊ីស ដែលសម្រេចបានដោយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ»។
នៅខណៈដែលរដ្ឋមន្ត្រីការពារជាតិទាំងពីរប្រទេសជួបគ្នា កងទ័ពជើងទឹកចិន កំពុងចូលរួមជាមួយនឹងកងទ័ពជើងទឹករបស់បណ្ដាប្រទេសអាស៊ានផ្សេងទៀត ក្នុងលំហាត់ហ្វឹកហ្វឺនយោធាលំហរសមុទ្រអាស៊ានចិន នៅខេត្ត Guangdong ប្រទេសចិន ដែលត្រូវបានគេមើលឃើញថា ជាចេតនារបស់ទីក្រុងប៉េកាំងក្នុងការកសាងទំនុកចិត្តរវាងខ្លួននឹងបណ្ដារដ្ឋជាសមាជិកអាស៊ាន បន្ទាប់ពីបានរងផលប៉ះពាល់ពីជម្លោះនៅសមុទ្រចិនខាងត្បូង ដែលមានបណ្ដាប្រទេសអាស៊ាន៤ផ្សេងទៀត កំពុងប្រាថ្នាដណ្ដើមកាន់កាប់ផងដែរ។
ចិន និងអាស៊ាន ក៏កំពុងតែដំណើរការ ចរចាដំណាក់កាលចុងក្រោយ ឈានទៅសម្រេចការព្រមព្រៀងគ្នា លើ«ក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង»។ ក្រសួងការបរទេសអាមេរិកបានប្រាប់ VOA កាលពីពេលថ្មីៗនេះថា ខ្លួនមានក្ដីបារម្ភខណៈដែលចិនកំពុងតែដាក់សម្ពាធរដ្ឋជាសមាជិកអាស៊ាន ក្នុងកិច្ចចរចាបិទទ្វារ ឱ្យទទួលនូវខ្លឹមសារផ្ដួចផ្ដើមដោយចិនក្នុងក្រមប្រតិបត្តិ មិនឱ្យបណ្ដារដ្ឋភាគីទទួលធ្វើសមយុទ្ធ ឬទទួលវិនិយោគរុករកប្រេងនិងឧស្ម័ន ក្នុងសមុទ្រចិនខាងត្បូងពីប្រទេសនៅក្រៅតំបន់នោះទេ បើសិនមិនមានការជូនដំណឹង និងយល់ព្រមជាមុនពីរដ្ឋពាក់ព័ន្ធផ្សេងទៀតនោះទេ។
សហរដ្ឋអាមេរិក បានបញ្ចេញជំហរជំទាស់នឹងការទាមទារ និងការសាងសង់កោះសិប្បនិម្មិតរបស់ចិន ក្នុងសមុទ្រចិនខាងត្បូង ដែលជាច្រកសមុទ្រយុទ្ធសាស្ត្រដ៏សំខាន់ទាំងលើផ្នែកយោធា និងនាវាចរណ៍ជំនួញរបស់ពិភពលោក។ ទស្សនៈនយោបាយការបរទេសនៅអាស៊ីរបស់រដ្ឋការប្រធានាធិបតី Donald Trump ត្រូវបានគេស្គាល់ថា«ឥណ្ឌូប៉ាស៊ីហ្វិក» ដែលគាំទ្រសេរីភាពនាវាចរណ៍ និងអភិបាលកិច្ចលំហរសមុទ្រដែលពឹងផ្អែកលើច្បាប់អន្តរជាតិ។
លើបញ្ហាសមុទ្រចិនខាងត្បូងនេះដែរ កន្លងមក កម្ពុជាធ្លាប់បញ្ជាក់ជំហររបស់ខ្លួនស្របគ្នានឹងមិត្តចិន គឺមិនធ្វើអន្តរជាតូបនីយកម្មបញ្ហាជម្លោះដែនទឹកនេះឡើយ ហើយលើកទឹកចិត្តឱ្យរដ្ឋពាក់ព័ន្ធដោះស្រាយគ្នាដោយទ្វេភាគីហើយថាបញ្ហានេះជាបញ្ហាទ្វេភាគីរវាងសាមីប្រទេសពាក់ព័ន្ធមិនមែនជាបញ្ហារវាងអាស៊ានចិននោះទេ៕