កម្ពុជា​ទិញ​អគ្គិស​នី​ពី​ឡាវជាង​៣០០០ ម៉េហ្គាវ៉ាត់

រូបឯកសារ៖ បង្គោលភ្លើង និង​ខ្សែ​បណ្តាញ​អគ្គិសនី​នៅ​តាម​បណ្តោយ​ផ្លូវកៅស៊ូ​មួយ ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប កាល​ពីថ្ងៃទី​១០ ខែកក្កដា ឆ្នាំ២០១៧។ (ស៊ុន ណារិន/VOA)

លោក ​វ៉ិច​ទ័រ​ ហ្សូនា ថ្លែងថា ​ថា រដ្ឋាភិបាល​បាន​ត្រៀម​ទុន​វិនិយោគ​ប្រមាណ​ពី​៤០០ ទៅ​៥០០លានដុល្លារ​សហរដ្ឋ​អាមេរិក​​ទៅ​​លើ​ហេដ្ឋារចនា​សម្ព័ន្ធ​ និង​ខ្សែបញ្ជូន​អគ្គិសនី​ពី​ព្រំដែន​ឡាវ​ប្រមាណ​ជាង​៣០០គីឡូម៉ែត្រ​។

ប្រទេស​កម្ពុជា​ បាន​ចុះ​កិច្ចព្រមព្រៀង​មួយ​នៅថ្ងៃ​ព្រហស្បតិ៍​នេះ​ដើម្បីទិញអគ្គិសនី​បន្ថែម​ពីប្រទេស​ឡាវ​សម្រាប់​បំពេញ​កង្វះខាត​ការផ្គត់ផ្គង់​អគ្គិសនី​ក្នុងប្រទេស​ ចាប់​ពីឆ្នាំ​នេះ​ រហូត​ដល់​ឆ្នាំ​២០៣០។​

កិច្ច​ព្រមព្រៀងនេះ​ ធ្វើឡើង​ ក្នុងពេល​ដែល​នាយក​រដ្ឋ​មន្ត្រី​ឡាវ ​លោក ​ថងលុន​ ស៊ីសុលីត (Thongloun Sisoulith) ​បាន​ផ្តើមទស្សនកិច្ច​ផ្លូវ​ការរយៈពេល​ពីរថ្ងៃ​នៅកម្ពុជា​នៅថ្ងៃ​នេះ​។​

ថ្លែង​ក្នុង​សន្និសីទ​ព័ត៌មាន​មួយ​ធ្វើ​ឡើង​ក្នុង​ទីក្រុង​ភ្នំពេញ​ នាយករដ្ឋ​មន្ត្រី​កម្ពុជា​លោក​ហ៊ុន សែន​ មាន​ប្រសាសន៍ថា​ កម្ពុជា​បាន​សម្រេច​ទិញ​អគ្គិស​នី​បន្ថែម​ពីឡាវចំនួន​៣១០០​មេហ្គាវ៉ាត់ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវ​ការ​អគ្គិសនី​ក្នុងស្រុក​ដែល​ចេះ​តែរីកធំ​ឡើង​។

លោក​ហ៊ុន សែន​បន្ថែម​ថា៖​

«ដូច្នេះ​ជា​ទំហំ​មួយ​ដ៏ធំ​ បើ​ប្រៀប​ធៀប​ ជា​មួយ​នឹង​ប្រទេស​កម្ពុជា​កាល​មុន​នេះ​ ទីក្រុង​ភ្នំពេញ​និង​ទូទាំង​ប្រទេស​ ប្រើ​ត្រឹម​តែ​៤០មេហ្គាវ៉ាត់​ ប្រមាណ​មិន​ដល់​៤០មេហ្គាវ៉ាត់​ទេ​ ក៏ប៉ុន្តែ​ឥឡូវ​នេះ​ កម្ពុជា​បាន​ឈាន​ទៅទិញ​ អគ្គិសនី​ពី​ឡាវ​ រហូត​ទៅដល់​៣១០០មេហ្គាវ៉ាត់​»។

កាល​ពី​ប៉ុន្មាន​ខែ​កន្លង​ទៅ​នេះ ក្នុង​រាជ​ធានី​ភ្នំពេញ​និង​តាម​បណ្តា​ខេត្ត​ជា​ច្រើន​ក្នុង​ប្រទេស​កម្ពុជា​បាន​ជួប​ការ​ដាច់ចរន្ត​អគ្គិសនី​ជា​ច្រើន​ដោយ​សារ​កង្វះ​ថាម​ពល​អគ្គិសនី។

លោក​ថងលុន​ ស៊ីសុលីត​ នាយក​រដ្ឋមន្ត្រី​ឡាវបានប្រាប់​ក្រុម​អ្នកកាសែត​ថា ការ​សម្រេចចិត្ត​របស់​កម្ពុជា​ដែល​ចង់បាន​ការ​ផ្គត់ផ្គង់​អគ្គិសនី​នេះ​ នឹង​រួម​ចំណែក​ដល់​ការ​អវិឌ្ឍន៍​របស់​ប្រទេស​ឡាវផង​ដែរ​។

លោកស៊ីសុលីត​មាន​ប្រសាសន៍តាម​រយៈ​ការប្រែ​សម្រួល​ជាភាសាខ្មែរ​ថា​៖

«នេះ​គឺជា​ការ​បំពេញ​បន្ថែម​គ្នា​ទៅវិញ​ទៅមក​ ដូច​សម្តេច​តេជោ​បាន​លើក​ឡើង​ ហើយ​កម្ពុជា​នឹង​មាន​អគ្គិសនី​យក​មក​ប្រើ​ប្រាស់​ ក្នុង​ការ​អភិវឌ្ឍន៍​ ហើយ​ខាង​ឡាវ​ យើង​ក៏មាន​ចំណូល​ពី​ការ​លក់​អគ្គិសនី​ពី​កម្ពុជា​ ដើម្បី​យក​ យក​មក​អភិវឌ្ឍ​ប្រទេស​ជាតិ​ ក៏ដូច​ជា​ជីវភាព​រស់​នៅ​របស់​ប្រទេស​យើង​»។

មិនមាន​ការ​បញ្ជាក់​អំពី​ថ្លៃ​ទិញ​អគ្គិ​សនី​ពី​ប្រទេស​ឡាវ​នោះទេ។

លោក​កែវ រតនៈ​ ​អគ្គនាយកអគ្គិសនី​កម្ពុជា​ មិន​ទាន់​អាច​ទាក់​ទង​បាន​ទេ​នៅ​ថ្ងៃព្រហស្បតិ៍

​នេះ។

លោក ​វ៉ិច​ទ័រ​ ហ្សូនា​ អគ្គនាយក​នៃអគ្គនាយកដ្ឋាន​ថាមពល​ និងជា​អ្នកនាំពាក្យ​ក្រសួងរ៉ែ និង​ថាម​ពល​ ប្រាប់​ VOA ​ថា ការ​ទិញ​អគ្គិសនី​ពីប្រទេស​ឡាវ​នៅពេល​នេះ​ គឺទុកសម្រាប់​បំពេញ​បន្ថែម​តម្រូវ​ការចរន្ត​អគ្គិសនីដែល​ចេះ​តែកើន​ឡើង​ពីមួយឆ្នាំ​ទៅមួយ​ឆ្នាំ​ក្នុងចម្លោះ​ពី​៤០០ ទៅ​៥០០​មេហ្គាវ៉ាត់​។

លោក​ថា រដ្ឋាភិបាល​បាន​ត្រៀម​ទុន​វិនិយោគ​ប្រមាណ​ពី​៤០០ ទៅ​៥០០លានដុល្លារ​សហរដ្ឋ​អាមេរិកទៅលើ​ហេដ្ឋារចនា​សម្ព័ន្ធ​ និង​ខ្សែបញ្ជូន​អគ្គិសនី​ពី​ព្រំដែន​ឡាវ​ប្រមាណ​ជាង​៣០០គីឡូម៉ែត្រ​។

លោក​វ៉ិច ទ័រហ្សូនា​ បញ្ជាក់​ថា បច្ចុប្បន្ន​កម្ពុជា​ អាចមាន​សមត្ថភាព​ផ្គត់​ផ្គង់អគ្គិសនី​បាន​ប្រមាណ​២០០០​មេហ្គាវ៉ាត់​ ខណៈ​ដែល​តម្រូវការ​ប្រើ​ប្រាស់ក្នុង​ស្រុក​ខ្ពស់​បំផុត​ប្រមាណ​១៨០០មេហ្គាវ៉ាត់។​

ដោយឡែក​ក្រៅ​ពី​កិច្ច​ព្រម​ព្រាង​ទិញ​លក់​អគ្គិសនី ប្រទេស​កម្ពុជា​និង​ឡាវ​ក៏បានឯកភាព​គ្នា​លើក​កម្ពស់​ទំនាក់​ទំនង​ទ្វេ​ភាគីជា«យុទ្ធសាស្ត្រ​គ្រប់ ​ជ្រុង​ជ្រោយ​ និង​យូរ​អង្វែង»។​

បន្ថែម​ពី​នោះ​ប្រទេស​ទាំង​ពីរបាន​ឯកភាព​គ្នា​ផងដែរ​ ប្រគល់​ភារកិច្ច​ជូន​គណៈកម្មាការចម្រុះ​ខណ្ឌសីមា​ព្រំដែន​នៃប្រទេស​ទាំង​ពីរ​ ដើម្បី​រួម​គ្នា​ព្រាង​ឲ្យ​បាន​ឆាប់​បំផុត​នូវ​ «សន្ធិសញ្ញា​ពីការ​ខណ្ឌ​សីមា​ព្រំដែន​រវាង​កម្ពុជា​ និង​ឡាវ​»​ ពាក់​ព័ន្ធ​កំណាត់​ព្រំដែន​ដែល​ភាគី​ទាំងពីរ​បាន​កំណត់​ខណ្ឌ​សីមា​រួច​រាល់​ហើយ​ចំនួន​៨៦ភាគរយ​នៃខ្សែ​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ។ ចំពោះ​កំណាត់​ព្រំដែន​ដែល​នៅ​សេសសល់​មិន​ទាន់​ខណ្ឌ​សីមា​ ភាគី​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​ថា​ នឹង​បន្ត​ពិភាក្សា​រិះរក​ ផ្លូវ​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី​ឲ្យបាន​ឆាប់​បំផុត៕