អ្នក​វិភាគ៖​ កម្ពុជា​គួ​រក្សា​ជំហរ​អព្យាក្រឹត្យ​​ពាក់ព័ន្ធ​នឹង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ដើម្បី​គេច​ផុត​ពី​ជម្លោះ​នា​នា

រូបឯកសារ៖ លោក​ប្រាក់ សុខុន រដ្ឋមន្រ្តី​ក្រសួងការបរទេស​កម្ពុជា​​ក្នុង​ជំនួបជាមួយលោក​ស្ទេហ្វិន ឌីយ៉ុន (Stéphane Dion)​ ​រដ្ឋមន្រ្តី​ការ​បរទេស​កាណាដា​​ នៅ​ថ្ងៃសុក្រ ទី​០២ ខែ​កញ្ញា​ ឆ្នាំ​២០១៦នៅ​រាជធានី​ភ្នំពេញ ក្នុង​ទស្សនកិច្ច​ផ្លូវរដ្ឋ​ចាប់​ពី​ថ្ងៃ​ទី​១​ដល់ទី​៣ ខែ​កញ្ញា​ឆ្នាំ​២០១៦​នេះ។ (ឡេង ឡែន/VOA)

ក្រោយ​រងការរិះ​គន់​កម្ពុជា​ថា​ មាន​ទំនោរ​គាំទ្រ​ប្រទេស​ចិន​ក្នុង​ជម្លោះ​ដណ្តើម​ការ​កាន់​កាប់​តំបន់​ប្រជុំ​កោះ​នៃ​សមុទ្រ​ចិន​ខាងត្បូង​ជា​បន្ត​បន្ទាប់​ ​រដ្ឋ​មន្រ្តី​ក្រសួង​ការបរ​ទេស​កម្ពុជា​កាល​ពី​ថ្ងៃ​ពុធ​ បាន​ប្រកាស​សា​រជា​ថ្មី​ថា​ កម្ពុជា​ប្រកាន់​ជំហរ​អព្យាក្រឹត្យ​ពាក់ព័ន្ធ​នឹង​ភាព​ចម្រូង​ចម្រាស​សមុទ្រ​ចិន​ខាង​ត្បូង។ ក្រុម​អ្នក​តាម​ដាន​ការ​វិវត្ត​ក្នុង​តំបន់​លើក​ឡើង​ថា​ ​ការ​ប្រកាន់​ជំហរ​កណ្តាល​មិន​លំអៀង​ទៅ​ប្រទេស​ណា​មួយ​នោះ​ នឹង​ធ្វើ​ឲ្យ​ទំនាក់​ទំនង​ការទូត​កម្ពុជា​ ​មិន​ស្ថិត​ក្នុង​ភាព​ឯកោ។​

ការ​ប្រកាស​ពី​ជំហរ​ឯករាជ្យ​ ​និង​អព្យាក្រឹត្យ​របស់​កម្ពុជា​លើ​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​ នឹង​ជួយ​ឲ្យ​កម្ពុជា​ទទួល​បាន​ប្រយោជន៍​យូរ​អង្វែង​ពាក់ព័ន្ធ​នឹង​គោល​នយោបាយ​មិន​មាន​សត្រូវ​ ​ក្នុង​នាម​ជា​ប្រទេស​តូច។ នេះ​បើតាម​ការ​លើក​ឡើង​របស់​ក្រុម​អ្នក​តាមដាន​ការវិវត្ត​អាស៊ាន​ ​និង​តំបន់។

ក្រោយ​វិល​ត្រឡប់​មកពី​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​នៅ​ប្រទេស​ហ្វីលីពីន​ ​កាលពី​ថ្ងៃទី​៩​ ​ខែ​សីហា​ ​នេះ​ លោក​ ​ប្រាក់ សុខុន​ ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ ​បាន​ការពារ​ជំហរ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជាលើ​បញ្ហា​ចម្រូង​ចម្រាស​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ថា​ ​កម្ពុជា​ដើរតួ​ជា​ប្រទេស​ឯករាជ្យ​ ​និង​អព្យាក្រឹត្យ​ ​មិន​គាំទ្រ​ប្រទេស​ណាមួយ​ដែល​ជា​ភាគី​ជម្លោះ​ប្រកួត​ប្រជែង​យក​តំបន់​ដែន​សមុទ្រ​ដ៏​ធំ​នោះ​ទេ។

លោក​ ​ប្រាក់ សុខុន​ ​ថ្លែង​ប្រាប់​អ្នកសារ​ព័ត៌មាន​យ៉ាង​ដូច្នេះ៖​

«​ខ្ញុំ​សូម​បញ្ជាក់​ម្ដង​ហើយ​ម្តង​ទៀត​ គឺ​កម្ពុជា​ក្នុង​ឋានៈ​ជា​រដ្ឋ​ឯករាជ្យ​អធិបតេយ្យ ​ជាពិសេស​អព្យាក្រឹត្យ ​ហើយ​ជា​រដ្ឋ​ដែល​មិន​ទាមទារ​អធិបតេយ្យ​នៅក្នុង​ជម្លោះនៅ​ក្នុង​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​នេះ ​គឺ​យើង​នៅ​តែ​ប្រកាន់​ការ​មិន​ប្រកាន់​បក្ខពួក និង​ការ​មិន​កាន់​ជើង​ភាគី​ណា ​ហើយ​និយាយ​ឲ្យ​ត្រង់​ទៅ​យើង​មិន​មាន​ជា​ផលប្រយោជន៍​អ្វី​នៅ​ក្នុង​ជម្លោះ​នោះ​ទេ»។

រូបឯកសារ៖ សកម្មជន​បរិស្ថាន​កាន់បដាតវ៉ា​នៅ​មុខ​ស្ថានកុងស៊ុល​ចិន ប្រឆាំង​នឹង​ការ​សាងសង់កោះ​របស់​ចិន​នៅ​សមុទ្រ​ចិន​ខាង​ត្បូង នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន កាលពី​ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧។

ការ​លើក​ឡើង​របស់​រដ្ឋមន្ត្រី​ការបរទេស​រូប​នេះ​ធ្វើ​ឡើង​ បន្ទាប់ពី​កម្ពុជា​តែងតែ​រង​ការចោទ​ថា ​មាន​ទំនោរ​គាំទ្រ​ប្រទេសចិន​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ ​ចាប់​តាំង​ពីពេល​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់​ផ្ទះ​ប្រជុំអាស៊ាន​ ​កាលពី​ឆ្នាំ​២០១២​មក។​ ​កម្ពុជា​ក៏​រង​ការ​រិះគន់​ថា​ ​បាន​រារាំង​មិន​ឲ្យ​ប្រើប្រាស់​ពាក្យ​ធ្ងន់ធ្ងរ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍រួម​របស់​រដ្ឋ​មន្ត្រី​ការ​បរទេស​អាស៊ាន​ ទាក់ទង​ទៅ​នឹងភាព​ចម្រូង​ចម្រាស​ក្នុង​តំបន់ដែល​ប្រទេស​ចិន​មាន​ជម្លោះ​ជាមួយ​បណ្តា​ប្រទេស​មួយចំនួន​ទៀត​ ​ជា​ប្រទេស​សមាជិក​សមាគម​អាស៊ាន។

លោក​ ​ឈាង វណ្ណារិទ្ធ​ ​អ្នកវិភាគ​កិច្ចការ​តំបន់​ ​និង​ជា​អ្នក​ស្រាវ​ជ្រាវ​នៃ​វិទ្យាស្ថាន​មួយ​ក្នុង​ប្រទេស​សិង្ហបុរី​ ​ប្រាប់​ ​VOA​ ថា​ ​កម្ពុជា​ក្នុង​ពេល​បច្ចុប្បន្ន​កំពុង​ប្រើប្រាស់​យុទ្ធសាស្រ្តការទូត​ដោយ​ភាព​ប្រយ័ត្ន​ប្រយែង និង​មាន​ភាព​បត់​បែនច្រើន។​ ​លោក​បន្ថែម​ថា​ ​ការ​ប្រកាន់​ជំហរ​អព្យា​ក្រឹត្យ​មិន​លំអៀង​ទៅ​ភាគី​ ​ឬ​ប្រទេស​ណាមួយ​ពាក់ព័ន្ធ​នឹង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ ​នឹង​ធ្វើ​ឲ្យ​កម្ពុជា​ទទួល​បាន​ផលប្រយោជន៍​យូរ​អង្វែង​ក្នុង​ការ​ទំនាក់​ទំនង​ជាមួយ​បណ្តា​ប្រទេស​ផ្សេងៗ។

លោក ឈាង វណ្ណារិទ្ធ​ ​មាន​ប្រសាសន៍​ថា៖​

«យើង​ធ្វើ​យ៉ាង​ណា​គោរព​តាម​រដ្ឋធម្មនុញ្ញ​របស់​យើង ហើយ​ជា​ផល​ប្រយោជន៍​យូរ​អង្វែង​របស់​កម្ពុជា ព្រោះ​កម្ពុជា​ជា​ប្រទេស​តូច យើង​មិន​អាច​ងាក​ទៅ​រក​ប្រទេស​មហា​អំណាច​ណាមួយ​បាន​ទេ វាធ្វើ​ឲ្យ​យើង​បែកបាក់​គ្នា ហើយធ្វើ​ឲ្យ​អស្ថិរភាព​ក្នុង​ប្រទេស​ដែរ។​ អញ្ចឹង​ទេ​យើង​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​គ្រប់​ប្រទេស​មហា​អំណាច​ទាំងអស់​ ​យើង​ត្រូវ​តែ​ពង្រឹង​ទំនាក់​ទំនង​ល្អ គឺ​គោល​នយោបាយ​ការបរទេស​មួយ​ដែល​ពុំ​មាន​សត្រូវ​ ​យើង​មិនគួរ​បង្កើត​សត្រូវ​ ​ឬធ្វើ​ឲ្យ​គេ​ស្អប់​កម្ពុជា​ ​ចំពោះ​គោល​នយោបាយ​ការបរទេស​ ​ឬក៏​ជំហរ​របស់​កម្ពុជា​លើ​បញ្ហា​ណា​មួយ»។

លោក​ ​ឈាង វណ្ណារិទ្ធ​ ​បន្ថែម​ថា​ ​កម្ពុជា​ក៏​ត្រូវ​ពង្រឹង​គោល​ជំហរក្នុង​ការ​អនុវត្ត​ច្បាប់​អន្តរជាតិ​ ​និង​ជំរុញ​ឲ្យ​ប្រទេស​ផ្សេងៗ​ទៀត ពឹង​ផ្អែក​លើ​ច្បាប់​ដើម្បី​ដោះស្រាយ​ជម្លោះ។

​ចំណែក​លោក​ ​មាស នី​ ​អ្នក​វិភាគ​នយោបាយ​ ​និង​ការ​អភិវឌ្ឍ​សង្គម​លើក​ឡើង​ថា​ ​តាមរយៈ​សកម្មភាព​របស់​កម្ពុជាក្នុង​ពេល​កន្លង​មក​បាន​បង្ហាញ​ថា​ ​រដ្ឋាភិបាល​កម្ពុជា​បាន​ងាក​ទៅ​គាំទ្រ​ប្រទេស​ចិន​រួច​ទៅ​ហើយ​ ​ដូច្នេះ​លោក​ថា ការ​ប្រកាស​ពី​ជំហរ​កណ្តាល​របស់​កម្ពុជា​ពាក់ព័ន្ធ​នឹង​ជម្លោះ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ ​គឺ​គ្រាន់តែ​ជា​ការ​បង្ហាញ​ជំហរ​បែប​ការទូត​ប៉ុណ្ណោះ។ លោក​បន្ថែម​ថា​ ​កម្ពុជា​នឹង​ស្ថិត​ក្នុង​ភាព​ឯកោ​ ​ប្រសិន​បើ​កម្ពុជា​មិន​អនុវត្ត​គោល​នយោបាយ​ការ​បរទេស​ឲ្យ​បាន​ស្មើគ្នា​ជាមួយ​ប្រទេស​ផ្សេង​ទៀត។

លោក​មាន​ប្រសាសន៍​ថា៖​

«នៅក្នុង​ជំហរ​កណ្តាល​ គឺជា​រឿង​សំខាន់​ ​ព្រោះ​រស់នៅ​ក្នុង​អាស៊ាន​យើង​ត្រូវ​តែ​ធ្វើ​ម៉េច​បង្ហាញ​នូវ​សាមគ្គីភាព​របស់​ប្រទេស​ក្នុង​តំបន់​អាស៊ាន។​ ​អញ្ចឹង​បើសិន​ជា​យើង​នៅ​ក្នុង​តំបន់អាស៊ាន​ ​ប៉ុន្តែ​ដោយ​សារ​តែ​យើង​មាន​ទទួល​ឥទ្ធិពល​ពី​ចិន​ ​អញ្ចឹង​យើង​ត្រូវ​តែ​ងាក​ទៅ​ខាង​ចិន​តែ​ម្នាក់​ឯង​នោះ​ វា​នឹង​ធ្វើ​ឲ្យ​យើង​មាន​ភាព​ឯកោ​នៅ​ក្នុង​តំបន់​»។

រូបឯកសារ៖ ក្រុម​កងទ័ព​ជើងទឹក​ពិសេស​របសើ​ហ្វីលីពីន​យាមល្បាតលើឆ្នេរ Subic Bay កាល​ពី​ថ្ងៃទី​០៦ សីហា ២០១៣។

ជម្លោះ​កាន់កាប់​តំបន់​ក្នុង​សមុទ្រ​ចិនខាងត្បូង​បាន​កើត​ឡើង​ជាយូរ​មក​ហើយ​រវាង​ប្រទេស​ចិន​ ​និង​បណ្តា​ប្រទេស​អាស៊ាន​មួយចំនួន ដូចជា​ប្រទេស​ព្រុយណេ​ ​ហ្វីលីពីន​ ​ម៉ាឡេស៊ី​ ​តៃវ៉ាន់ និង​វៀតណាម។​ ​ចិន​បាន​ទាមទារ​យក​តំបន់​ភាគច្រើន​បំផុត។ ក្នុង​នោះ​មូលហេតុ​ចម្បង​មួយ​សម្រាប់​ជម្លោះ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ ​គឺ​ការ​ប្រជែង​គ្នា​ដើម្បី​កាន់កាប់​តំបន់​ដែល​សម្បូរ​ធនធាន​រ៉ែ និង​ត្រី។​

កាល​ពី​ថ្ងៃទី១២​ ​ខែកក្កដា​ ឆ្នាំ​២០១៦​ ​កន្លង​ទៅ​ ​តុលាការ​អាជ្ញា​កណ្តាល​អន្តរជាតិ​នៅ​ទីក្រុង​ឡាអេ ប្រទេស​ហូឡង់​ ​បាន​ចេញ​សាល​ដីកា​ឲ្យ​ប្រទេស​ហ្វីលីពីន​ឈ្នះក្តី​លើ​ប្រទេស​ចិន​ពាក់ព័ន្ធ​ទៅ​នឹង​ជម្លោះ​ដណ្តើម​កម្មសិទ្ធិ​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ ​ដែល​ប្រទេស​ហ្វីលីពីន​បាន​ប្តឹង​ប្រឆាំង​នឹង​ចិន​កាល​ពី​ឆ្នាំ​២០១៣។

នា​ពេល​នោះ​ កម្ពុជា​បាន​បង្ហាញ​ជំហរ​មិន​គាំទ្រ​សាល​ដីកា​តុលាការ​ដូច​ប្រទេស​ចិន​ ​ដែល​ជា​មិត្ត​ជិតដិត​ ​និង​ជា​ប្រទេស​ផ្តល់​ជំនួយ​ដ៏​ធំ​របស់​កម្ពុជា។​ ហើយ​ជា​រឿយៗ​ រដ្ឋាភិបាល​កម្ពុជា​បាន​អះអាង​ថា​ ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​នេះ​គួរតែ​ដោះស្រាយ​រវាង​ប្រទេស​ចិន​ ​និង​បណ្ដា​រដ្ឋ​ជា​ភាគី​ជម្លោះ​ មិនមែន​អាស៊ាន​ទាំងមូល​នោះ​ទេ។

ក្នុង​សន្និសីទ​ក្រោយ​ត្រឡប់​មក​ពី​ចូលរួម​កិច្ច​ប្រជុំ​រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន​ ​នៅ​ប្រទេស​ហ្វីលីពីននោះ​ ​លោក​ ​ប្រាក់ សុខុន​ ​ក៏​បាន​ប្រាប់​អ្នកសារ​ព័ត៌មាន​បន្ថែម​ថា​ ​ក្រុម​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​បាន​សម្ដែង​ការ​មិន​សប្បាយ​ចិត្ត​នឹង​ការ​បាញ់​បង្ហោះ​មីស៊ីល​សាកល្បង​របស់​កូរ៉េ​ខាងជើង​ ​និង​បាន​ឯកភាព​គ្នា​ដោះស្រាយ​បញ្ហា​ឧបទ្វីប​កូរ៉េ​ ​ដែល​កំពុង​មាន​ភាព​តានតឹង​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លង​មក​ហើយ។​

អ្នក​តាម​ដាន​ការវិវត្ត​តំបន់​ក៏​បាន​លើក​ឡើង​ថា​ ​នេះ​ជា​សញ្ញា​វិជ្ជមាន​ក្នុង​ការ​ទប់​ស្កាត់​ការ​រីកសាយ​អាវុធ​នុយក្លេអ៊ែរ​ ​ប្រសិន​បើ​ប្រទេស​បណ្តា​អាស៊ាន​ទាំង​នោះ​រួមគ្នា​ដាក់​សម្ពាធ​សេដ្ឋកិច្ច​ និង​ការទូត​ឲ្យ​ខ្លាំង​ លើ​រដ្ឋាភិបាល​ប្រទេស​កូរ៉េ​ខាងជើង​ ​ទៅ​តាម​សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ៕