អ្នកវិភាគ៖ កម្ពុជា​ត្រូវ​រក្សា​ស្ថិរភាព​ភូមិសាស្ត្រ​នយោបាយ​របស់​ខ្លួន ក្រោយ​ពី​ជំនួប​កំពូល​វៀតណាម-កម្ពុជា​-ឡាវ

រូបឯកសារ៖ លោក​ប្រធានាធិបតីវៀតណាម ង្វៀន ហ៊្វូជុង (Nguyen Phu Trong) (ឆ្វេង) ចាប់ដៃស្វាគមន៍ជាមួយលោកនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន សែន ខណៈ​ដែលលោកបានមកចូលរួមកិច្ចប្រជុំមួយ នៅរាជធានីភ្នំពេញ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩។ (Reuters)

អ្នកវិភាគ​លើកឡើង​នៅថ្ងៃចន្ទ​នេះ​ អំពី​លទ្ធភាព​ដែល​កម្ពុជាត្រូវត្រៀមលក្ខណៈ​ដើម្បី​រក្សា​លំនឹង​នយោបាយ​ការបរទេស​របស់ខ្លួន​ ​ក្នុង​បរិបទនៃការ​ប្រកួត​ប្រជែង​ភូមិសាស្រ្ត​នយោបាយរវាង​ប្រទេស​ចិន​ និង​សហរដ្ឋ​អាមេរិកនៅ​តំបន់​អាស៊ី​ បន្ទាប់​ពី​មាន​ជំនួប​កំពូល​រវាង​មេដឹកនាំ​គណបក្ស​កាន់​អំណាចនៃ​ ប្រទេស​វៀតណាម​-កម្ពុជា​-ឡាវ នៅប្រទេស​វៀតណាម។

កាលពី​ថ្ងៃ​អាទិត្យ ទី២៦ ខែ​កញ្ញា​ មេដឹកនាំ​គណបក្ស​គ្រប់គ្រងប្រទេស​ទាំងបី​ខាង​លើ​នេះ បាន​ជួប​គ្នាពិភាក្សា​គ្នា​ជាត្រី​ភាគីនៅ​ទី​ស្នាក់ការ​កណ្តាល​គណបក្ស​កុម្មុយនីស្ត​វៀតណាម​ នៅទីក្រុង​ហាណូយ​ ប្រទេស​វៀតណាម ដែល​ជា​អ្នកជិត​ខាង​កម្ពុជា​។ នេះ​បើ​យោង​ទៅ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មានរបស់​វៀតណាម​។

ជំនួប​កំពូល​បីភាគីនេះ​ធ្វើ​ឡើង ដោយ​មាន​ការ​ចូលរួម​ពី​លោក ​ង្វៀង ភូជុង ​អគ្គលេខា​បក្ស​កុម្មុយនិស្ត​វៀតណាម លោក​ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក​ ថងលូន ស៊ីស៊ូលីត ​អគ្គលេខា​បក្ស​ប្រជាជន​បដិវត្តន៍​ឡាវ​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​ថ្ងៃទី​២៦​ ខែកញ្ញា​ បាន​លើកឡើង​ថា មេដឹកនាំ​គណ​បក្ស​នីមួយៗ​បាន​ចែករំលែកអំពី​សភាព​ការណ៍​ក្នុង​ប្រទេស​រៀងៗ​ខ្លួន​ រួម​មាន​ការងារ​គណបក្ស ការងារ​អភិវឌ្ឍ​សេដ្ឋកិច្ច ​សង្គម ​ពិសេស​ការ​បង្ការ​ការ​ឆ្លងរីក​រាលដាល​នៃ​ជំងឺ​កូវីដ១៩។

ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​លោក​ប៉ា ចន្ទរឿន​ បាន​ថ្លែង​ប្រាប់​ VOA នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ជំនួប​កំពូលរវាងមេដឹកនាំវៀតណាម​-កម្ពុជា​-ឡាវ​ជាជំនួប​មួយ​ដែល​ផ្តល់​ឱកាស​ដើម្បីផ្តោត​លើ​ផែនការ​កិច្ចសហការ​សំខាន់ៗ​ ដូច​ជា ចំណាត់ការ​បន្ថែម​លើ​ការ​បង្ការ​ជំងឺ​កូវីដ១៩ ជា​ដើម។

យ៉ាង​ណាក្តី​ លោកបាន​បញ្ជាក់​ថា លោក​មិន​ទទួល​បាន​ព័ត៌មាន​លម្អិត​ទេ​ថា​តើ​មាន​ការ​ពិភាក្សា​ពី​បញ្ហា​ភូមិសាស្រ្ត​នយោបាយ​ឬយ៉ាងណា។ ប៉ុន្តែលោក​បាន​អះអាង​ថា ​ក្នុង​ករណី​មាន​ការ​ពិភាក្សា​ពី​បញ្ហាភូមិសាស្រ្ត​នយោបាយ នោះ​ជា​រឿង​ល្អ​សម្រាប់​ឲ្យ​កម្ពុជា​អាចត្រៀម​លក្ខណៈបាន​គ្រប់គ្រាន់ មុន​ពេលធ្វើ​ជា​ម្ចាស់​ផ្ទះ​កិច្ចប្រជុំ​អាស៊ាន​នៅ​ឆ្នាំ​ក្រោយ។

លោក​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖ «ប្រសិន​បើ​មាន​ការ​ជជែក​គ្នា​អំពី​ជំហរ​របស់​ប្រទេស​ទាំងបី​ចំពោះ​ស្ថានភាព​ភូមិ​សាស្រ្ត​នយោបាយ ដែល​អ្នក​ខ្លះ​មើល​ឃើញ​ថា ជា​ការ​ប្រកួតប្រជែង​គ្នា​រវាង​មហា​អំណាច​ចិន​និង​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ទម្រង់​ជា​សង្រ្គាម​ត្រជាក់​បែប​ថ្មី​ហ្នឹង ខ្ញុំ​គិត​ថា ក៏​ជា​រឿង​ល្អ​ដែរ​ សម្រាប់​ប្រទេស​កម្ពុជា ​ប្រទេស​ទាំង​បី​នៅ​ជាប់​គ្នា​ហ្នឹង។ ហើយ​ជា​ពិសេស​ ការ​ជជែក​គ្នា​នៅ​ក្នុង​ដំណាក់​កាល​ដំបូង​នេះ​ក៏​ជា​ការ​ពញ្ញាក់​ស្មារតី​មួយ​ដែរ​ដល់​ប្រទេស​ទាំង​បីនៅ​ក្នុង​កិច្ច​សហប្រតិបត្តិការ​នៅ​ពេល​ដែល​កម្ពុជា​នឹង​ធ្វើ​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​ក្រោយ»។

អ្នក​វិភាគ​នយោបាយលោក ​មាស នី បាន​និយាយ​ថា​ ការ​ជួប​ប្រជុំ​គ្នា​រវាង​មេដឹកនាំ​គណបក្ស​ដឹកនាំ​ប្រទេស​ទាំងបី​នេះ​ មាន​គោលដៅ​រក្សា​ទំនាក់ទំនង​រវាងរដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​ វៀងចន្ទន៍​ និង​ហាណូយ​ ខណៈ​កម្ពុជា​កំពុង​តែ​ត្រៀម​ខ្លួន​ដើម្បី​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កិច្ចប្រជុំ​អាស៊ាន​។ លោក​បាន​បន្ត​ថា នៅ​ក្នុង​ជំនួបនោះ​ ក៏អាច​មាន​ការ​ពិភាក្សា​ខ្លះស្តី​ពី​ឥទ្ធិពលមនោគមវិជ្ជា​ភូមិសាស្រ្ត​នយោបាយមក​លើសហគមន៍​អាស៊ាន​ ហើយលោក​ក៏បាន​លើក​ឡើង​ពី​ជំហរ​នយោបាយ​ការបរទេស​កម្ពុជា​ក្នុង​ការ​ត្រូវ​រក្សា​តុល្យភាព​រវាង​ទំនាក់ទំនង​ជាមួយ​វៀតណាម និង​ទំនាក់​ទំនង​ជា​មួយ​ចិន​ផង​ដែរ។

លោក​ប្រាប់​វីអូអេថា​៖ «ខ្ញុំ​គិត​ថា វា​ជៀស​មិន​ផុត​ទេ​ រឿង​អ្នក​នយោបាយ។ នេះ​ គេ​អាច​ជជែក​គ្នា​ ជា​រឿង​ទូទៅ។ ហើយ​យើង​ដឹង​ហើយ​ថា ប្រទេស​ទាំង​នោះ​ជា​ប្រទេស​ដែល​មាន​ភាព​ទុកចិត្ត​គ្នា​តាំង​ពី​ដើម​មក​ដែរ​ណា។ ហើយ​សម្រាប់​កម្ពុជា​ក៏​មាន​តួនាទី​មួយ​ក្នុង​ការ​សម្របសម្រួល​ទៅ​លើ​តុល្យភាព​នៃ​ទំនាក់ទំនង​រវាង​ចិន​ហើយ​និង​វៀត​ណាម​ជាមួយ​កម្ពុជា​ផង​ដែរ ព្រោះ​ថា ប្រទេស​ទាំង​ពីរ​ហ្នឹង​ មក​ដល់​ពេល​នេះ​ វា​ជា​ផ្លូវ​ដ៏​លំបាក​មួយ​សម្រាប់​កម្ពុជា​ក្នុង​ការ​ដើរ​ទេ​ បើ​កាល​ណា​លម្អៀង​ទៅ​ខាង​ណា​មួយ​ ខាង​មួយ​ទៀត​អាច​នឹង​មាន​បញ្ហា​ហើយ»។

​បើតាម​សេចក្តី​រាយការណ៍​របស់​សារព័ត៌មាន​ Viet Nam News ​ចេញ​ផ្សាយ​នៅ​ថ្ងៃចន្ទ​ ទី​២៧ ខែកញ្ញា​ មេដឹកនាំ​គណបក្ស​កាន់​អំណាច​ទាំង​បី​ប្រទេស​ បាន​ជម្រាប​ប្រាប់​គ្នាទៅវិញ​ទៅមក​ អំពី​ស្ថានភាព​របស់​គណបក្ស​ និង​ប្រទេស​ខ្លួន​ និង ​បាន​យល់​ស្របគ្នា​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការក្នុង​វិស័យ​ផ្សេង​ៗ ជំរុញ​យន្តការ​កិច្ច​សហ​ប្រតិបត្តិ​ការ​ដែល​កំពុង​មាន​ប្រសិទ្ធភាព​ស្រាប់​ ​បន្ត​ផ្លាស់ប្តូរ​យោបល់​ ហើយនិង​ការ​ធ្វើការ​រួមគ្នា​ក្នុង​វិស័យ​ជាច្រើន​នៅ​ពេល​អនាគត​ ដើម្បី​ជា​ប្រយោជន៍​របស់​ប្រជាជន​ទាំងបី​ប្រទេស​ ក៏ដូច​ដើម្បី​សន្តិភាព​ ស្ថិរភាព​ កិច្ច​សហប្រតិបត្តិ​ការ និងការ​អភិវឌ្ឍ​នៅ​ក្នុងតំបន់​ និង​សាកល​លោក។

អ្នក​វិភាគ​នយោបាយ​លោក​សេង សារី​ ប្រាប់​វីអូអេកត់​សម្គាល់​ថា​ ជំនួប​ដែល​ធ្វើ​ឡើង​កាលពី​ពេល​ថ្មីៗនេះ​ ជា​រឿង​មួយ​គួរឲ្យ​ចាប់​អារម្មណ៍​ ដោយសារ​ការ​ជួប​ដោយ​ផ្ទាល់​រវាង​មេដឹកនាំ​គណបក្សកាន់​អំណាច​ទាំងបី ក្នុង​គ្រា​មាន​ការ​ឆ្លង​រាតត្បាត​ជំងឺ​កូវីដ១៩។ លោក​បាន​ថ្លែង​ថា៖

«ចំណុច​ដែល​ចាប់​អារម្មណ៍​ទីពីរ​គឺ​ ជំនួប​ដោយ​ផ្ទាល់នេះ​ គឺ​ធ្វើ​ឡើង​អំឡុង​ពេល​ដែល​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំងបី​នេះ​ហាក់​ដូច​ជា​មក​ដល់​ដំណាក់​កាលមួយ​ដែលត្រូវ​មានការ​ជជែក​គ្នា​ដោយ​សារ​តែ​វៀតណាម​ចាប់​ផ្តើម​មាន​ទំនាក់​ទំនង​កាន់​តែ​ជិត​ស្និទ្ធ​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​ កម្ពុជា​ជាមួយ​នឹង​ឡាវ​ យើង​ឃើញ​ថា​ មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជាមួយ​នឹង​ចិន​ ហើយ​ថ្មីៗនេះ​ យើងឃើញ​ថា​គម្រោង​ផ្លូវ​រទេះភ្លើង​ល្បឿន​លឿន​នៅ​ក្នុង​ប្រទេស​ឡាវ​ ក៏ត្រូវ​បាន​បញ្ចប់​ហើយ​ ហើយ​ដាក់​ឲ្យប្រើ ​ដាក់ឲ្យ​ដំណើរ​ការ​ហើយ​ ហើយ​ទីពីរ​ហ្នឹង​នៅ​កម្ពុជា​ ក៏យើង​ឃើញ​ថា​ មាន​គម្រោង​អភិវឌ្ឍន៍​ច្រើន​របស់​ចិន»។

លោក​បន្តថា​ជំនួប​មេដឹកនាំ​គណបក្ស​កាន់​អំណាច​ទាំងបី​ប្រទេស​នេះ​ ក៏​អាច​នឹង​ជជែក​គ្នា​អំពី​យុទ្ធសាស្ត្រ​មួយ​ចំនួន​ទៀត​ នៅ​ក្នុងការ​ការពារ​ហានិភ័យ​នៃ​ការ​ប្រកួតប្រជែង​អំណាច​រវាង​មហា​អំណាច​ទាំង​ពីរ​ គឺចិន​ និង​សហរដ្ឋ​អាមេរិក។

ប្រធាន​គណៈកម្មការ​កិច្ចការ​បរទេស​នៃ​រដ្ឋសភា​ លោក​ឈាង វុន​ដែល​បាន​ចូលរួម​សម្រប​សម្រួល​ជំនួប​កំពូលមេដឹកនាំ​បក្ស​កាន់​អំណាច​វៀតណាម​-កម្ពុជា-ឡាវ ​បាន​ច្រាន​ចោល​ចំពោះ​រាល់ការ​លើកឡើង​ថា ជំនួប​កំពូល​រវាង​មេដឹកនាំ​គណបក្ស​កាន់​អំណាច​ នៃ​ប្រទេស​ទាំង​បី​គឺ​មាន​គោលដៅ​រៀបចំ​យុទ្ធសាស្រ្ត​ផ្នែក​ភូមិសាស្រ្ត​នយោបាយ​ក្នុង​កាលៈ​ទេសៈ​ឥទ្ធិពល​ចិន​បាន​ចុះថម​ថយ​ ក្រោយ​ការ​ផ្លាស់​ប្តូររដ្ឋបាល​ដឹកនាំ​ប្រទេស​នៅ​សហអាមេរិក​។

លោក​បាន​ថ្លែង​ថា៖ «​បើ​យើង​យក​កិច្ច​ព្រមព្រៀង​ហ្នឹង​មក​សិក្សា​មើល​ទៅ​ វា​អត់​មាន​រឿង​អី​ត្រូវ​ទិតៀន​ទៀត ​ព្រោះ​យើង​ធ្វើ​ការងារហ្នឹង​ ដើម្បី​សេចក្តី​សុខ​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់ CLV។ យើង​មើល​ទៅ​ដឹង​ហើយ។ ប៉ុន្តែ​ខ្ញុំ​អត់​យល់​ថា ទិតៀន​អា​រឿង​គេ​ធ្វើ​រដ្ឋបាល​រាល់​ថ្ងៃ​ហ្នឹង​ទៅ​ជា​រឿង​នយោបាយ​ ភូមិសាស្រ្ត​នយោបាយ​អី​អញ្ចឹង​វា​មិន​កើត​ទេ។ អា​អ្នក​និយាយ​អញ្ចឹង​គឺ​ក្តិច​ឲ្យ​ជល់​គ្នា​តា។ នេះ​ឲ្យ​ចិន​ស្អប់​យើង​ យើងស្អប់​ចិន​។ អា​ហ្នឹង​មិន​កើត​ទេ។ ខ្មែរ​យើង​ចាំ​តែ​រងគ្រោះ​អញ្ចឹង​ម៉េច​កើត»។

បើ​តាម​លោក​ ឈាង​ វុន ជំនួប​កំពូល​រវាង​មេដឹកនាំ​គណបក្ស​វៀតណាម កម្ពុជា​ ឡាវ​គឺ​ធ្វើ​ឡើង​ចាប់តាំង​ពី​ឆ្នាំ ១៩៩៩ មក​ ដោយ​កាល​ពី​ដើម​ឡើយ​ ជំនួប​នេះ​ត្រូវ​បាន​ធ្វើឡើង​មួយ​ឆ្នាំ​ម្តង​ មុនពេល​ផ្លាស់ប្តូរមកធ្វើ​ឡើង​រាល់​ពីរ​ឆ្នាំ​ម្តង​វិញ៕