ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​វៀតណាម​ទៅ​ប្រទេស​ឡាវ ជា​ការប្រឹងប្រែង​ដើម្បី​រក្សា​ឥទ្ធិពល


រូបឯកសារ៖ ប្រធានាធិបតី​វៀតណាម លោក Nguyen Xuan Phuc (ទីពីរពីស្តាំ) ចូលរួម​ក្នុង​កិច្ចប្រជុំ​ទ្វេភាគី​ជាមួយ​អនុ​ប្រធានាធិបតី​អាមេរិកអ្នកស្រី Kamala Harris (មិន​មាន​នៅ​ក្នុង​រូប​នេះ) នៅ​វិមាន​ប្រធានាធិបតី​ក្នុង​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម កាលពី​ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១។
រូបឯកសារ៖ ប្រធានាធិបតី​វៀតណាម លោក Nguyen Xuan Phuc (ទីពីរពីស្តាំ) ចូលរួម​ក្នុង​កិច្ចប្រជុំ​ទ្វេភាគី​ជាមួយ​អនុ​ប្រធានាធិបតី​អាមេរិកអ្នកស្រី Kamala Harris (មិន​មាន​នៅ​ក្នុង​រូប​នេះ) នៅ​វិមាន​ប្រធានាធិបតី​ក្នុង​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម កាលពី​ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១។

វៀតណាម​ដែល​ជាគូ​សត្រូវ​យូរ​អង្វែង​ជាមួយប្រទេសចិន​ដែល​មាន​ភាព​តានតឹង​រាប់សិប​ឆ្នាំ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ ក៏​កំពុង​បញ្ចេញ​ឥទ្ធិពល​នៅ​ក្នុង​ប្រទេស​ក្បែរ​ខាង​ដែរ​ គឺ​ប្រទេស​ឡាវ។​

ដំណើរ​ទស្សនកិច្ច​ផ្លូវ​ការ​ កាល​ពីពេល​ថ្មីៗ​នេះ​របស់​ប្រធានាធិបតី​វៀតណាម​លោក Nguyen Xuan Phuc​ ទៅ​ប្រទេស​ឡាវ​ បង្ហាញ​របៀប​ដែល​ប្រទេស​វៀតណាម​កំពុង​ព្យាយាម​រក្សា​តួនាទី​ និង​ឥទ្ធិពល​ជា​ប្រពៃណី​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​ឡាវ​នៅ​ក្នុង​ការ​ប្រឈម​ការ​វាតទី​របស់​ចិន​នៅ​ក្នុង​តំបន់​នេះ។ ​ នេះ​បើ​តាម​ពួក​អ្នក​ជំនាញ​ដែល​បាន​ប្រាប់​ VOA។​

ទំនាក់​ទំនង​ជាមួយ​ឡាវ ​ត្រូវ​បាន​ចាត់​ទុក​ជា​អាទិភាព​នយោបាយ​ការ​បរទេស​កំពូល​របស់​វៀតណាម​ ហើយ​ដំណើរ​ទស្សន​កិច្ច​នៅ​ថ្ងៃ​ទី៩ ​ខែ​សីហា​របស់​ប្រធានាធិបតី ​Phuc​ ឆ្លុះ​បញ្ចាំង​ពី​ការ​គោរព​ជា​ប្រពៃណី​ដែល​ប្រទេស​ទាំង​២​បាន​បង្ហាញ​គ្នា​ទៅ​វិញ​ទៅ​មក។​ វា​ជា​ដំណើរ​ទស្សនកិច្ច​លើក​ទី១​របស់​មេដឹកនាំ​ជាន់​ខ្ពស់​របស់​វៀតណាម​ទៅ​បរទេស​ចាប់​តាំង​ពី​សមាជ​បក្ស​លើក​ទី​១៣​កាលពី​ចុង​ខែ​មករា​ និង​ជា​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​បរទេស​លើក​ទី១​របស់​លោក​ Phuc ​ក្នុងនាម​ជា​ប្រធានាធិបតី​វៀតណាម។​

លោក ​Phuc ​ជា​ប្រមុខ​រដ្ឋ​បរទេស​លើក​ទី១​ទៅ​បំពេញ​ទស្សនកិច្ច​ប្រទេស​ឡាវ​ ចាប់​តាំង​ពី​សមាជ​បក្ស​លើក​ទី​១១​របស់​ឡាវ​នៅ​ពាក់​កណ្តាល​ខែ​មករា​មក។ ​ ដំណើរ​ទស្សនកិច្ច​របស់​លោក​ Phuc ​កើត​មាន​ឡើង​៦​សប្តាហ៍​ បន្ទាប់ពី​ដំណើរ​ទស្សន​កិច្ច​ទៅ​កាន់​ប្រទេស​វៀតណាម​ដោយ​លោក Thongloun Sisoulit ប្រធានាធិបតី​ ​និងជា​អគ្គលេខាធិការ​បក្ស​ប្រជាជន​បដិវត្តន៍​ឡាវ។​

អនុ​រដ្ឋមន្ត្រី​ការ​បរទេស​វៀតណាម​លោក ​Nguyen Quoc Dung ​បាន​ប្រាប់​កិច្ច​សម្ភាសន៍​មួយ​ថា​ «ការណ៍​នេះ​បង្ហាញ​ថា ​ប្រទេស​ទាំង​២​បាន​ផ្តល់​អាទិភាព​ខ្ពស់​បំផុត​ចំពោះ​ការ​ពង្រឹង​ និង​ការអភិវឌ្ឍ​មហា​មិត្តភាព ​សាមគ្គីភាព​ពិសេស ​និង​កិច្ចសហ​កិច្ច​ប្រតិបត្តិការ​ទូលំទូលាយ​រវាង​វៀតណាម ​និង​ឡាវ​ ហើយនឹង​ការ​បង្ហាញ​ទំនាក់​ទំនង​ពិសេស​ដែល​ស្មោះត្រង់​ និង​ស្អិត​ល្មួត​ដូច​ជា​បងប្អូន»។​

បើ​តាម​លោក ​Le Hong Hiep ​អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​នៅឯ​វិទ្យាស្ថាន ​ISEAS-Yusof ​នៅ​ក្នុង​ប្រទេស​សិង្ហបូរី​ថា លោក ​Phuc ​ជ្រើសរើស​យក​ប្រទេស​ឡាវ​សម្រាប់​ទស្សន​កិច្ច​លើក​ទី១ ​បន្ទាប់​ពី​ចូល​កាន់​តំណែង​នោះ​ គឺ​ដើម្បី​បង្ហាញ​ពី​សារៈ​សំខាន់​នៃ​ទំនាក់​ទំនង​វៀតណាម​ជាមួយ​ឡាវ ​ហើយ​វៀតណាម​មាន​បំណង​រក្សា​តួនាទី​ និង​ឥទ្ធិពល​ជា​ប្រពៃណី​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​នោះ។

សម្រាប់​វៀតណាម​ ទំនាក់​ទំនង​ជាមួយ​ឡាវ​និង​កម្ពុជា​មាន​តួនាទី​យ៉ាង​សំខាន់​លើ​គ្រប់​វិស័យ​ ជាពិសេស​ផ្នែក​សន្តិសុខ​ និង​ការពារ​ជាតិ។​ ការ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ប្រទេស​ទាំង​ពីរនេះក៏ដូច​ជា​ការ​រក្សា​ឥទ្ធិពល​ក្នុង​កម្រិត​អតិបរមា​ អាច​ជា​អាទិភាព​គោល​នយោបាយ​ការ​បរទេស​កំពូល​របស់​វៀតណាម»។​

លោក​បាន​បន្ថែម​ថា ​«ក្នុង​រយៈ​ពេល​១០​ ឆ្នាំ​ចុង​ក្រោយ​នេះ​ គោល​ដៅ​នេះ​ជួប​បញ្ហា​ប្រឈម​ជាច្រើន​ដោយសារ​ការ​ប្រកួត​ប្រជែង​យុទ្ធសាស្ត្រ​របស់​ចិន​កំពុង​កើន​ឡើង​នៅ​ក្នុង​ប្រទេស​ទាំងពីរ​នេះ»។​ លោក​បាន​និយាយ​ថា​ ប្រទេស​ចិន​មាន​ភាព​សម្បូរ​បែប​ដោយ​មាន​ប្រាក់​ច្រើន​ដើម្បី​វិនិយោគ​ក្នុង​ទំនាក់​ទំនង​ជាមួយ​ឡាវ​និង​កម្ពុជា​ ជាពិសេស​តាម​រយៈ​កញ្ចប់​ជំនួយ​ កម្ចី​សម្បទាន​ និង​ការ​វិនិយោគ​ហេដ្ឋា​រចនា​សម្ព័ន្ធ៕

XS
SM
MD
LG