លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា សាលដីកាចាប់ខ្លួនលោក សម រង្ស៊ី បានបញ្ជូនទៅកាន់ប្រទេសជាសមាជិកអាស៊ានទាំងអស់ ស្របពេលដែលលោក សម រង្ស៊ី ប្រកាសត្រៀមចូលមកកម្ពុជា នៅដើមខែវិច្ឆិកា ខាងមុខ។
លោក ហ៊ុន សែន បានប្រកាសបែបនេះក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយនាយករដ្ឋមន្ដ្រីឡាវ លោក ថងលូន ស៊ីស៊ូលីត នៅវិមានសន្ដិភាព នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩។ លោក ហ៊ុន សែន បានតបនឹងការលើកឡើងមួយចំនួនដែលថាក្រុមលោក សម រង្ស៊ី អាចចូលមកកម្ពុជាតាមរយៈប្រទេសឡាវ ថាមិនអាចជារឿងទៅរួច។
«ខ្ញុំក៏សូមបញ្ជាក់ជូនផងដែរថា មិនមែនគ្រាន់តែឡាវទេ ទាំងថៃ រដ្ឋាភិបាលថៃ បានទទួលរួចមកហើយនូវសាលដីកាតុលាការដើម្បីចាប់ខ្លួនជនណាដែលមានសាលដីកាតុលាការ។ យើងក៏នឹងបញ្ជូនសាលដីកាតុលាការនោះទៅកាន់ប្រទេសទាំងអស់ នៅក្នុងក្របខ័ណ្ឌអាស៊ានរបស់យើង»។
លោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយបានប្រកាសថាលោកនឹងវិលត្រឡប់មកប្រទេសកម្ពុជាវិញនៅថ្ងៃទី៩ខែវិច្ឆិកា គឺចំថ្ងៃបុណ្យឯករាជ្យជាតិ ក្រោយពីលោកបាននិរទេសទៅក្រៅប្រទេសអស់រយៈពេលប្រាំឆ្នាំ ដោយសារមានបណ្តឹងតាមផ្លូវតុលាការប្រឆាំងនឹងរូបលោក។
លោក ហ៊ុន សែន ក៏បានសុំឲ្យនាយករដ្ឋមន្រ្តីឡាវលើកឡើងអំពីគោលការណ៍អាស៊ាន និងគោលការណ៍របស់ឡាវ ដែលមិនអនុញ្ញាតមានឲ្យប្រើប្រាស់ទឹកដីរបស់ខ្លួនប្រឆាំងប្រទេសកម្ពុជា ឬប្រឆាំងជាមួយប្រទេសជិតខាង។
ក្រោយការស្នើនោះ លោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តីឡាវក៏បានថ្លែងនៅចំពោះមុខលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាភាសាឡាវ និងមានអ្នកបកប្រែជាភាសាខ្មែរថា៖ ««បើសិនជាបុគ្គលណាដែលមានទោសមកឆ្លងប្រទេសឡាវ សញ្ជាតិណាក៏ដោយ ដើម្បីយកប្រទេសឡាវជាកន្លែងឆ្លងកាត់ដើម្បីទៅបំផ្លាញប្រទេសផ្សេងនោះ យើងនឹងដំណើរការយ៉ាងហ្មត់ចត់ យើងនឹងធ្វើការយ៉ាងហ្មត់ចត់ មិនឲ្យកើតបញ្ហានេះឡើង»។
VOA មិនអាចទាក់ទងសុំការអត្ថាធិប្បាយពីលោក សម រង្ស៊ី បានទេ រហូតដល់ល្ងាចថ្ងៃព្រហស្បត៍នេះ។
លោក បណ្ឌិត មាស នី អ្នកវិភាគសង្គម និងនយោបាយ លើកឡើងថា ការប្រកាសរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺបង្ហាញអំពីកម្រិតនៃការព្រួយបារម្ភរបស់រដ្ឋាភិបាលកម្ពុជាលើការវិលត្រឡប់មកវិញរបស់លោក សម រង្ស៊ី។ លោកបន្តថា រដ្ឋាភិបាលកម្ពុជាមិនចង់ឲ្យលោក សម រង្ស៊ី ចូលទៅប្រទេសណាមួយក្នុងតំបន់អាស៊ាននោះទេ ដោយសារបារម្ភថាអាចមានការគាំទ្រផ្នែកផ្លូវអារម្មណ៍ដល់អ្នកគាំទ្របក្សប្រឆាំងនៅកម្ពុជា។
ដោយឡែកលោក អំ សំអាត នាយករងទទួលបន្ទុកផ្នែកឃ្លាំមើល និងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ (Licadho) ប្រាប់ VOA ថា កម្ពុជាអាចមានការសហការរវាងប្រទេសជិតខាង ទាំងក្នុងតំបន់ និងអន្តរជាតិ ពាក់ព័ន្ធនឹងការចាប់បញ្ជូនជនមានទោសណាមួយទៅតាមការព្រមព្រៀង។ លោកបន្តថាសម្រាប់ករណីលោក សម រង្ស៊ី គឺត្រូវបានរដ្ឋាភិបាលមានវិធានការខ្លាំងដោយសារជាប់ពាក់ព័ន្ធនឹងនយោបាយ។
«ក្នុងនាមជាពលរដ្ឋខ្មែរមួយដែរ យើងគ្រាន់តែចង់ឃើញអ្នកនយោបាយទាំងអស់ហ្នឹងគាត់ងាករកតុចរចាគ្នាទៅដើម្បីគិតអំពីឧត្តមប្រយោជន៍ជាតិ ឧត្តមប្រយោជន៍ប្រជាពលរដ្ឋជាធំ យើងកុំគិតអំពីផលប្រយោជន៍នៃអំណាច ឬក៏ផលប្រយោជន៍នយោបាយជាធំ»។
លោក សម រង្ស៊ី បានភៀសខ្លួនទៅក្រៅប្រទេសចាប់តាំងពីឆ្នាំ២០១៥មក ក្រោយពីលោកទទួលរងបណ្តឹងចោទប្រកាន់ជាច្រើនករណីពីសំណាក់មន្រ្តីរដ្ឋាភិបាលកម្ពុជា។
រហូតមកទល់ពេលនេះលោកជាប់បណ្តឹងចំនួនប្រមាណដប់បណ្តឹង ពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ពីលោកហេង សំរិន ប្រធានរដ្ឋសភា លោក ហោ ណាំហុង អតីតរដ្ឋមន្រ្តីក្រសួងការបរទេស និងបណ្តឹងពីលោកស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ តុលាការកម្ពុជាបានកោះហៅលោក សម រង្ស៊ី ជាថ្មីទៀត ឲ្យចូលខ្លួននៅថ្ងៃដើមខែតុលាខាងមុខ៕