កម្ពុជា​នឹង​ទិញ​អាវុធ​កាន់​តែ​ច្រើន​ពី​ប្រទេស​ចិន

រូបភាព​ឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​លើក​ដៃ​ស្វាគមន៍ទៅកាន់អ្នកចូលរួម​ក្នុងពិធីអបអរខួប៦៨ឆ្នាំ នៃគណបក្សប្រជាជនកម្ពុជា នៅកោះពេជ្រ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩។ (អូន ឆេងប៉រ/VOA)

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ចន្ទ​ថា ​ថវិកា​ចំនួន​៤០​លាន​ដុល្លារ​បន្ថែម​ទៀត​នឹង​ត្រូវ​ចំណាយ​ទៅ​លើ​ការ​ទិញ​អាវុធ​ពី​ប្រទេស​ចិន​ដើម្បី​ធ្វើ​ទំនើបកម្ម​យោធា​របស់​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​នេះ។​

ចំណង​ទាក់ទង​ខាង​យោធា​របស់​កម្ពុជា​ជាមួយ​សម្ព័ន្ធមិត្ត​ចិន​កំពុង​ត្រូវបាន​តាមដាន​ពិនិត្យ​ពិច័យ​កាន់​តែ​ខ្លាំង​ឡើង ​បន្ទាប់ពី​មាន​ការ​ព្រួយ​បារម្ភ​របស់​សហ​រដ្ឋអាមេរិក ​និង​មាន​របាយ​ការណ៍​និយាយ​អំពី​កិច្ចព្រមព្រៀង​សម្ងាត់​អនុញ្ញាត​ឲ្យ​កងទ័ព​ចិន​ប្រើ​មូលដ្ឋាន​យោធា​ជើង​ទឹក​របស់​កម្ពុជា ​ប៉ុន្តែ​កម្ពុជា​បាន​បដិសេធ។​

លោក​ហ៊ុនសែន​បាន​ថ្លែង​ថា ​ប្រាក់​៤០​លានដុល្លារ​ដែល​ប្រទេស​កម្ពុជា​នឹង​ចំណាយ​នេះ​គឺជាការ​ចំណាយ​បន្ថែម​ទៅលើ​ទឹក​ប្រាក់​សរុប​២៩០​លាន​ដុល្លារ​ដែល​ចិន​បាន​ផ្តល់ឱ្យ​រួច​ហើយ​សម្រាប់​ការ​ធ្វើ​ទំនើបកម្ម​កង​កម្លាំង​កម្ពុជា។​

លោក​បាន​ថ្លែង​ដូច្នេះ​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ពហុកីឡដ្ឋាន​នៅរាជ​ធានី​ភ្នំពេញ​ឧបត្ថម្ភ​ដោយ​ជន​ជាតិ​ចិន។ ​លោក ​ហ៊ុន សែន​ បាន​មាន​ប្រសាសន៍​ថា ​អាវុធ​ដែល​ត្រូវ​ទិញ​រួម​មាន​កាំភ្លើង​រាប់ម៉ឺន​ដើម​ដើម្បី​ជំនួស​អាវុធ​ចាស់ៗ​ ហើយ​អាវុធទាំង​នោះ​កំពុង​ត្រូវ​បាន​ដឹកជញ្ជូន​មក​ហើយ។

ក្នុង​សុន្ទរកថា​ផ្សាយផ្ទាល់​តាម​ហ្វេសប៊ុក ​លោក​ ហ៊ុន សែន​ បាន​ថ្លែង​ថា​ «ខ្ញុំ​ចង់​ពង្រឹង​កងទ័ព»។ ​លោក​ហ៊ុន សែន បាន​ច្រាន​ចោល​របាយការណ៍​របស់​ទស្សនាវដ្តី ​Wall Street Journal ​កាលពី​សប្តាហ៍​មុន​ដែល​ថា ប្រទេស​ចិន​បាន​ធ្វើ​កិច្ចព្រមព្រៀង​សម្ងាត់​ជាមួយ​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​នេះ​ដើម្បី​អនុញ្ញាត​ឱ្យ​មាន​ការ​ដាក់​កង​ទ័ព​ចិន​នៅ​មូលដ្ឋាន​សមុទ្រ​រាម។ ​របាយ​ការណ៍​នេះ​បាន​ដក​ស្រង់​សម្តី​របស់​មន្ត្រី​សហ​រដ្ឋអាមេរិក​ និង​មន្ត្រី​សម្ព័ន្ធ​មិត្ត។ ​សហរដ្ឋ​អាមេរិក​ក៏​បាន​សម្តែង​ការ​ព្រួយ​បារម្ភផង​ដែរ​ថា​ មូលដ្ឋាន​ទ័ពជើង​ទឹក​រាម​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​កម្ពុជា​អាច​នឹង​ទទួល​កងទ័ពពី​ប្រទេស​ចិន៕