រដ្ឋាភិបាលកម្ពុជាមិនឱ្យមានការសាងសង់គម្រោងទំនប់វារីអគ្គិសនីនៅលើតួទន្លេមេគង្គ ចាប់ពីពេលនេះរហូតដល់ឆ្នាំ២០៤០។ នេះបើតាមឯកសារផែនការមេរបស់ក្រសួងរ៉ែ និងថាមពល ស្តីពីការអភិវឌ្ឍវិស័យថាមពលអគ្គិសនី ដែលចេញផ្សាយនាសប្តាហ៍នេះ។
រដ្ឋាភិបាលនឹងផលិតថាមពលអគ្គិសនី តាមវិធីផ្សេងៗ ក្នុងនោះមានការផលិតថាមពលពន្លឺព្រះអាទិត្យ ដើម្បីបំពេញតម្រូវការអគ្គិសនីនៅកម្ពុជា។
យោងតាមផែនការមេរបស់ក្រសួងរ៉ែ និងថាមពល គោលដៅនៃការផ្គត់ផ្គង់តម្រូវការថាមពលអគ្គិសនី នឹងមានតម្លៃសមរម្យ មានសុវត្ថិភាព មិនប៉ះពាល់បរិស្ថាន និងបង្កើនការប្រើប្រាស់ប្រភពធនធានថាមពលកកើតឡើងវិញ។ ផែនការមេបញ្ជាក់បន្ថែមថារដ្ឋាភិបាលនឹងមិនអភិវឌ្ឍរោងចក្រអគ្គិសនីពីធ្យូងថ្មបន្ថែមទៀត និងទំនប់អគ្គិសនីនៅលើដងទន្លេមេគង្គផ្ទាល់ រហូតដល់ឆ្នាំ២០៤០។
រដ្ឋាភិបាលក៏មានគម្រោងពិចារណាវាយតម្លៃប្រើជម្រើសប្រភពថាមពលកាបូនទាបសម្រាប់គម្រោងពុំទាន់អនុម័ត នៅពេលអនាគត ដែលរួមមានបច្ចេកវិទ្យាដែលកំពុងលេចធ្លោ ដូចជាបច្ចេកវិទ្យាចាប់យក ប្រើប្រាស់ និងរក្សាទុកកាបូន និងអ៊ីដ្រូហ្សែន។ នេះបើតាមឯកសារផែនការមេ។
ដើម្បីបំពេញថាមពលអគ្គិសនីបន្ថែមនៅពេលខាងមុខ កម្ពុជាក៏មានគម្រោងវិនិយោគសាងសង់ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ ដែលមានទំហំថាមពលសរុបចំនួន៣៥០មេហ្គាវ៉ាត់ ក្នុងខេត្តពោធិ៍សាត់ កំពង់ឆ្នាំង ស្វាយរៀង និងខេត្តព្រៃវែង។ ទន្ទឹមនឹងនេះ កម្ពុជាក៏មានទំនប់វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ដែលមានអនុភាព៨០មេហ្គាវ៉ាត់(MW) មាន ទីតាំងស្ថិតនៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលកំពុងត្រូវបានសាងសង់ និងគ្រោងនឹងដាក់ឱ្យដំណើរការនៅក្នុងឆ្នាំ២០២៦ខាងមុខនេះ។
លោក ហេង គុណលាង អគ្គនាយកនៃអគ្គនាយកដ្ឋានថាមពលនៃក្រសួងរ៉ែ និងថាមពល បដិសេធមិនអត្ថាធិប្បាយ ដោយឱ្យអ្នកព័ត៌មានមើលឯកសារផែនការមេរបស់ក្រសួង។
អ្នកការពារបរិស្ថាន និងសិទ្ធិមនុស្ស លោក សាន់ ម៉ាឡា ប្រាប់វីអូអេតាមរយៈប្រព័ន្ធទំនាក់ទំនងតេឡេក្រាមនៅថ្ងៃសុក្រនេះថា ចំពោះផែនការមេដែលដាក់ទិសដៅមិនឱ្យមានការសាងសង់ទំនប់វារីអគ្គិសនីនៅតាមដងទន្លេមេគង្គ គឺជារឿងល្អដែលមិនប៉ះពាល់ដល់បរិស្ថាន។
លោកបញ្ជាក់ថា៖ «រដ្ឋាភិបាលត្រូវបើកឱ្យទូលាយឯកសារបានច្រើនជាងមុន ហើយជាពិសេសគឺមានតែអង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋយើងធ្វើការតាមដានទាំងអស់គ្នាថាការបេ្តជ្ញាចិត្តឬក៏ផែនការនេះ ពិតជាត្រូវបានមន្ត្រីគាត់យកទៅអនុវត្តតាមខ្ជាប់ខ្ជួនមែនឬក៏នៅតែមានបំណងដើម្បីឃុបឃិតគ្នា ដើម្បីអភិវឌ្ឍគម្រោងវារីអគ្គិសនីតទៅទៀត»។
ព័ត៌មានទាក់ទង៖ រដ្ឋាភិបាលបង្កើតតំបន់សុវត្ថិភាពសម្រាប់សត្វផ្សោតទន្លេមេគង្គដែលនៅសេសសល់តិចតួចលោកក៏ជំរុញឱ្យរដ្ឋាភិបាលគួរតែបង្កើតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ និងថាមពលស្អាតផ្សេងៗទៀតបន្ថែម នៅបណ្តាខេត្តដទៃទៀត ដើម្បីកាត់បន្ថយការកាប់បំផ្លាញព្រៃឈើ និងជីវៈចម្រុះផងដែរ។
ទាក់ទងនឹងគម្រោងស្ថាបនាទំនប់វារីអគ្គិសនីនៅកម្ពុជា កាលពីកន្លងទៅ ប្រជាពលរដ្ឋនៅក្នុងស្រុកសំបូរ ខេត្តក្រចេះបានលើកឡើងពីការព្រួយបារម្ភយ៉ាងខ្លាំង និងមិនចង់ឱ្យមានការសាងសង់ទំនប់សំបូរនៅលើតួទន្លេមេគង្គ ដែលអាចផលិតថាមពលប្រមាណ២.៦០០មេហ្គាវ៉ាត់។ ពួកគេបារម្ភថាពួកគេនឹងបាត់បង់ផ្ទះសម្បែង ដីចម្ការ និងការរស់នៅក្បែរទឹកទន្លេ ដែលពួកគេបានរស់នៅជាច្រើនទសវត្សរ៍មកហើយ។
បើតាមអង្គការអន្តរជាតិឈ្មោះ International Rivers ប្រសិនបើមានការសាងសង់ទំនប់សំបូរ វានឹងរាំងខ្ទប់បម្លាស់ទីរបស់ត្រីជាច្រើនរវាងភាគខាងត្បូងឡាវ និងទន្លេសាបរបស់កម្ពុជា វានឹងបំផ្លាញជម្រកសត្វត្រីនៅតំបន់ជ្រៅៗ សំខាន់ៗ ប៉ះពាល់លំហូរដីល្បាប់ និងប្រព័ន្ធអេកូឡូស៊ីរបស់ទឹក។ អង្គការនេះបានលើកឡើងថាការស្ថាបនាទំនប់សំបូរនេះ«នឹងជាកំហុសដែលពោរពេញដោយសោកនាដកម្មនិងតម្លៃបាត់បង់យ៉ាងខ្ពស់សម្រាប់កម្ពុជា»។
លោក ស៊ឹម ណោន អាយុ៤៣ឆ្នាំ ប្រជាពលរដ្ឋរស់នៅ ភូមិកោះដំបង ឃុំបឹងចា ស្រុកសំបូរខេត្តក្រចេះ ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា បើសិនមានការបិទមិនឱ្យសាងសង់វារីអគ្គិសនីនៅតាមដងទន្លេមេគង្គមែន លោកព្រមទាំងប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេមេគង្គមានការសប្បាយចិត្ត និងលែងមានការព្រួយបារម្ភពីការផ្លាស់ប្តូរទីលំនៅ។
លោកលើកឡើងថា៖«បើសិនជាមានការមិនសាងសង់មែន ពួកខ្ញុំសប្បាយចិត្តហើយអ្នកគ្រូ ដោយសារបើសិនមានការសាងសង់មែនពួកខ្ញុំនៅតំបន់នេះ នឹងជួបបញ្ហាពិបាកខ្លាំងនោះទីមួយកន្លែងយើងផ្លាស់ប្តូរទីលំនៅ សាងសង់ទៅទឹកធំទៅវាអាចលិច ដោយសារពួកខ្ញុំនៅដីកោះ កណ្តាលទន្លេមេគង្គ»។
Your browser doesn’t support HTML5
លោកបន្ថែមថា កាលពីមុនធ្លាប់មានពាក្យចចាមអារ៉ាមទាក់ទងនឹងរឿងសាងសង់វារីអគ្គិសនី នៅតាមដងទន្លេមេគង្គដែរ តែមកដល់ពេលនេះដូចជាស្ងាត់ទៅវិញហើយ ដោយសារតែធ្លាប់មានការស្នើសុំឱ្យបញ្ឈប់ពីប្រជាពលរដ្ឋ និងអង្គការមួយចំនួនផងដែរ។
បើតាមឯកសារផ្លូវការរបស់ក្រសួងរ៉ែ និងថាមពល ដែលវីអូអេទទួលបានកាលពីកន្លងទៅ ក្រៅពីទំនប់សំបូរក្នុងខេត្តក្រចេះ កម្ពុជាក៏មានគម្រោងស្ថាបនាទំនប់លើតួមេទន្លេមេគង្គក្នុងខេត្តស្ទឹងត្រែង ដែលមានទំហំថាមពលទៅដល់ ៩០០មេហ្គាវ៉ាត់ផងដែរ។ ក្រៅពីទំនប់ធំៗពីរនេះ ក៏មានទំនប់ទ្រង់ទ្រាយតូចផ្សេងៗទៀត ប្រមាណ១៤ ដែលស្ថិតក្នុងគម្រោងសម្រាប់ការសាងសង់។
រហូតមកដល់ពេលនេះ កម្ពុជាបានស្ថាបនាទំនប់វារីអគ្គិសនីសេសានក្រោម២ ក្នុងខេត្តស្ទឹងត្រែង ដែលមានទំហំ៤០០មេហ្គាវ៉ាត់ ដែលធ្វើឲ្យជន់លិចផ្ទះរាប់រយខ្នង និងសហគមន៍របស់ជនជាតិដើមភាគតិច។
សង្គមស៊ីវិលដែលធ្វើការលើផ្នែកបរិស្ថាននៅកម្ពុជាបានបង្ហាញក្តីព្រួយបារម្ភលើគម្រោងស្ថាបនាទំនប់វារីអគ្គិសនីជាបន្តបន្ទាប់នៅលើដងទន្លេមេគង្គ ជាពិសេសទំនប់របស់ប្រទេសឡាវ ដែលពួកគេអះអាងថានឹងធ្វើឱ្យកម្រិតទឹកទន្លេមេគង្គធ្លាក់ចុះ ហើយប៉ះពាល់ផលត្រី និងដីល្បាប់នៅផ្នែកខាងក្រោម៕