កូន​មន្រ្តី​ជាន់​ខ្ពស់​កម្ពុជា​បន្ត​ទទួល​តំណែង​ធំៗ​តាម​ស្ថាប័ន​រដ្ឋ

រូបឯកសារ៖ ព្រះមហាក្សត្រព្រះបាទ នរោត្តម សីហមុនី និងសមាជិករដ្ឋាភិបាល ចូលរួមសម័យប្រជុំរដ្ឋសភាលើកទី ១ សម្រាប់នីតិកាលទី ៧ នៅរដ្ឋសភា រាជធានីភ្នំពេញ កាលពីថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៣។

ខណៈ​រដ្ឋា​ភិបាល​បន្ត​តែង​តាំង​សែ​ស្រឡាយ​ ដែល​ជា​កូន​ចៅ​មន្ត្រី​រដ្ឋាភិបាល​ឱ្យ​ឡើង​កាន់​តំណែង​ធំៗ​ក្នុង​ស្ថាប័ន​រដ្ឋ ​អ្នកតាម​ដាន​មួយ​ចំនួន​យល់​ឃើញ​ថា​ កម្ពុជា​បាន​ដើរ​បញ្ច្រាស​ពី​អភិបាល​កិច្ច​ល្អ ​និង​គោល​ការណ៍​ប្រជា​ធិបតេយ្យ។​

កូន​មន្រ្តី​ជាន់​ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវ​បាន​តែង​តាំង​ជា​បន្ត​បន្ទាប់ ​ក្រោយ​លោក​ ហ៊ុន ម៉ាណែត ​បាន​កាន់​តំណែង​ជា​នាយក​រដ្ឋមន្រ្តី។​

កាល​ពី​ពេល​ថ្មីៗ​នេះ ​រដ្ឋាភិបាល​បាន​តែង​តាំង​លោក​ សៀ ទីន ​ជា​មេ​បញ្ជា​ការ​បញ្ជាការ​ដ្ឋាន​កងរាជ​អាវុធ​ហត្ថ​ខេត្ត​សៀមរាប។ ​លោក​ សៀ ទីន​ គឺជា​កូន​ប្រុស​របស់​លោក​ឧត្តម​សេនីយ៍​ឯក​ រ័ត្ន ស្រ៊ាង ​មេ​បញ្ជា​ការ​រង​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស ​និង​ជា​មេ​បញ្ជា​ការ​កងរាជ​អាវុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ។​

ចំណែក​កូន​ប្រុស​របស់​លោក​ សេង ទៀង ​ជំនួយ​ការ​របស់​លោក ​ហ៊ុន សែន ​គឺ​លោក​ សេង វណ្ណៈ ​ត្រូវ​បាន​តែង​តាំង​ជា​អភិបាល​រង​រាជធានី​ភ្នំពេញ ​កាលពី​ថ្ងៃទី​២ ​ខែ​កក្កដា ​ឆ្នាំ​២០២៤។​ កូន​ប្រុស​របស់​នាយ​ឧត្តម​សេនីយ៍​ ចៅ ភិរុណ​ គឺ​លោក ចៅ ភិរិទ្ធ ​ត្រូវ​បាន​តែងតាំង​ជា​អគ្គ​នាយក​នៃ​អគ្គ​នាយក​ដ្ឋាន​សម្ភារៈ​បច្ចេក​ទេស​នៃ​ក្រសួង​ការពារ​ជាតិ ​កាលពី​ថ្ងៃ​ទី​២៦ ​ខែ​មិថុនា​ ឆ្នាំ​២០២៤​ ជំនួស​តំណែង​ឪពុក​របស់​លោក​ ដែល​ត្រូវ​ផ្ទេរ​តំណែង​ទៅ​ជា​រដ្ឋ​លេខាធិការ​នៃ​ក្រសួង​ការពារ​ជាតិ​វិញ។​

លោក ​តារា រតនៈ ​កូនប្រុស​លោក​វរសេនីយ៍​ទោ ​ជា តារា ​មេបញ្ជា​ការ​រង​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​បាត់ដំបង​ និង​ជា​ក្មួយ​ប្រុស​របស់​លោក ​កែប ជុតិមា ​ប្រធាន​គណៈ​កម្មការ​ទី៤​នៃ​រដ្ឋ​សភា ​ត្រូវ​បាន​តែង​តាំង​ជា​អនុ​រដ្ឋ​លេខាធិការ​នៃ​រដ្ឋ​លេខា​ធិការ​ដ្ឋាន​អាកាស​ចរណ៍​ស៊ីវិល ​កាលពី​ថ្ងៃ​ទី​១៧​ ខែ​មិថុនា ​ឆ្នាំ​២០២៤។​ ចំណែក​លោក ​ប្រាំង ជលសា ​កូន​ប្រុស​របស់​លោក ​អ៊ិត ប្រាំង ​រដ្ឋ​លេខាធិការ​ក្រសួង​រ៉ែ​និង​ថាមពល​ត្រូវ​បាន​តែង​តាំង​ជា​ប្រតិភូរាជ​រដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គ​នាយក​អគ្គិសនី​កម្ពុជា។ ​លោក​ គង់ សន្យា ​កូន​ប្រុស​របស់​លោក ​គង់ សំអុល​ រដ្ឋមន្រ្តី​ក្រសួង​ព្រះ​បរម​រាជវាំង​ ក្លាយ​ជា​ប្រធាន​មន្ទីរ​ពេទ្យ​កាល់ម៉ែត្រ។ ​ចំណែក​លោក ​កែវ សុទ្ធិ ​ត្រូវ​បាន​តែង​តាំង​ជា​អនុ​ប្រធាន​គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ដែល​ជា​ស្ថាប័ន​រដ្ឋាភិបាល​ដឹកនាំ​ដោយ​ឪពុក​របស់​លោក​ គឺ​លោក ​កែវ រ៉េមី ​ជា​ប្រធាន​ស្ថាប័ន​នោះ។​

លោក ​អ៊ូ ច័ន្ទរ័ត្ន ​ស្ថាបនិក​និង​ជា​អនុ​ប្រធាន​គណបក្ស​កែ​ទម្រង់​កម្ពុជា ​យល់​ឃើញ​ថា​ ការ​តែង​តាំង​កូន​របស់​មន្ត្រី​ធំៗ​ឱ្យ​កាន់​តួនាទី​ធំៗ​បណ្តាល​ឱ្យ​ប្រជា​ពលរដ្ឋ​ដែល​មាន​សមត្ថ​ភាព​បាត់​បង់​ឱកាស​ក្នុង​ការ​បញ្ចេញ​សមត្ថ​ភាព ដើម្បី​ជួយ​ប្រទេស​ជាតិ។ ​លោក​បន្ថែម​ថា ​ការ​តែង​តាំង​សែ​ស្រឡាយ​ក៏​ធ្វើ​ឱ្យ​ការ​អនុវត្ត​ច្បាប់​មិន​មាន​ភាព​ស្មើ​គ្នា។​

លោក​ប្រាប់​វីអូអេ​ថា៖​ «កាល​ណា​តែង​តាំង​បន្ត​ពូជ​ពង្ស​វង្ស​ត្រកូល​អ្នក​ធំ​បែប​ហ្នឹង​ធ្វើ​ឱ្យ​ការ​អនុវត្ត​ច្បាប់​ហ្នឹង​អត់​បាន​ទូលំ​ទូលាយ​ទេ​ ហើយ​អត់​បាន​ស្មើភាព​គ្នា​នៅ​ក្នុង​សង្គម​ទេ។​ ហើយ​ការ​អនុវត្ត​ច្បាប់​ហ្នឹង​ វា​បាន​ទៅ​លើ​អ្នក​ទន់​ខ្សោយ​ អត់​មាន​អំណាច​ ព្រោះ​កាល​ណា​អនុវត្ត​ច្បាប់​ទៅ​លើ​មន្ត្រី​ធំៗ​ សុទ្ធ​តែ​មាន​បក្ខ​ពួក ​ហើយ​សុទ្ធ​តែ​ជា​អ្នក​កាន់​អំណាច។ ​ម្លោះ​ហើយ ​ការ​អនុវត្ត​ច្បាប់​ច្បាស់​ជា​មាន​លម្អៀង​ហើយ​ បើ​សិន​ជា​បន្ត​បែប​ហ្នឹង​បន្ត​ទៅ​ទៀត»។​

អ្នក​នយោបាយ​ជើង​ចាស់​រូប​នោះ​អះអាង​ថា​ ការ​តែង​តាំង​បក្ខ​ពួក​និយម​បែប​នេះ​បង្ហាញ​អំពី​អំពើ​ពុក​រលួយ ​ហើយ​វា​ជះ​ឥទ្ធិពល​ដល់​ស្ថិរភាព​នយោបាយ​ផង​ដែរ​ ព្រោះ​កាលណា​មាន​អស្ថិរភាព​នយោបាយ​ គឺ​ថ្នាក់​ដឹកនាំ​ដែល​មាន​អំណាច​ច្រើន​តែ​ប្រើ​ប្រាស់​អំណាច​ ដើម្បី​គ្រប់គ្រង ​គាប​សង្កត់ និង​បំបិទ​សំឡេង​ជាដើម។ ​ដូច្នេះ​លោក​ថា​ ដើម្បី​ឱ្យ​មាន​ស្ថិរភាព​នយោបាយ​យូរ​អង្វែង​ គឺ​ទាល់តែ​ដើរ​តាម​គោល​ការណ៍​ប្រជា​ធិបតេយ្យ​ច្បាស់​លាស់។​

លោក​បន្ថែម​ថា៖​ «កាលណា​ឡើង​តាម​រយៈបក្ខ​ពួក ​ឡើង​តាម​រយៈ​ក្រុម​គ្រួសារ​ អំពើ​ពុករលួយ​នៅ​តែ​ជា​បញ្ហា​ អ៊ីចឹង​ហើយ​អាច​ជាន់​ឈ្លី​សង្គម​ហ្នឹង​កាន់​តែ​ខ្លាំង​ឡើង។ ​ហើយ​បាត់​បង់​ទំនុក​ចិត្ត​ពីវិនិយោគ​ទុន​ក្រៅ​ប្រទេស​ ដើម្បី​ចូល​មក​ក្នុង​ស្រុក​កាន់​តែ​ខ្លាំង។​ អាហ្នឹង​ជា​ការ​មួយ ​ដែល​មិន​មែន​ខ្ញុំ​អ្នក​ថា​ទេ​ វា​ជា​ទ្រឹស្តី​វិទ្យា​សាស្ត្រ​នយោបាយ ​ហើយ​ជា​ការណ៍​ពិត​ យើង​សង្កេត​ឃើញ​សង្គម​ផ្សេងៗ ​កាល​ណា​មាន​បញ្ហា​បែប​នេះ ​មាន​អស្ថិរ​ភាព​នយោបាយ​ខ្លាំង»។​

ប្រធាន​វិទ្យាស្ថាន​ប្រជា​ធិបតេយ្យ​កម្ពុជា ​លោក​ ប៉ា ច័ន្ទរឿន ​ក៏​មើល​ឃើញ​ដែរ​ថា​ កម្ពុជា​កំពុង​ដើរ​បញ្ច្រាស​នឹង​អភិបាល​កិច្ច​ល្អ​ ក៏​ដូច​ជា​គោល​ការណ៍​ប្រជា​ធិបតេយ្យ ​ដែល​ការណ៍​នេះ​ធ្វើ​ឱ្យ​ប្រជា​ពលរដ្ឋ​ដែល​មាន​សមត្ថ​ភាព​ បាត់​បង់​ឱកាស ​និង​ជា​ការ​ខាត​បង់​មួយ​របស់​ប្រទេស។​

លោក​ថ្លែង​ថា៖​ «វា​ធ្វើ​ឱ្យ​ពលរដ្ឋ​ដទៃ​ទៀត​ដែល​មាន​សមត្ថ​ភាព​ដែល​មាន​ចំណេះ​ជំនាញ​មាន​ឧត្តម​គតិ​មនសិការ​ចង់​ជួយ​ជាតិ​ហ្នឹង ​មិន​មាន​ឱកាស​នៅ​ក្នុង​ការ​បញ្ចេញ​ស្នាដៃ​របស់​ខ្លួន។​ នេះ​ជា​ការ​ខាត​បង់​មួយ​ដែរ​សម្រាប់​សង្គម​មួយ​ទាំង​មូល»។​

លោក​ ប៉ា ច័ន្ទរឿន ​កត់​សម្គាល់​ថា ​ការ​តែង​តាំង​សែ​ស្រឡាយ​បែប​នេះ​គឺ​ដោយ​សារ​កម្ពុជា​នៅ​តែ​ប្រើ​វប្បធម៌​នយោបាយ​បែប​បុរាណ​នៅ​ឡើយ ​ខណៈ​លោក​កត់​សម្គាល់​ថា​ ប្រជា​ពល​រដ្ឋ​ខ្មែរ​ដែល​មាន​សមត្ថ​ភាព ​និង​ចំណេះ​ដឹង​ខ្ពស់​ដែល​អាច​ដឹកនាំ​ស្ថាប័ន​ធំៗ​បាន ​មិន​មាន​ឱកាស ​ដោយ​សារ​ពួកគេ​មិន​មែន​ជា​កូន​របស់​មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋា​ភិបាល។​

លោក​បញ្ជាក់​ថា៖​ «វប្បធម៌​នយោបាយ​របស់​យើង​នៅ​បែប​បុរាណ​នៅ​ឡើយ។​ យើង​នៅ​តែ​គិត​ថា​ ឈាម​វា​ខាប់​ជាង​ទឹក។​ ហើយ​ការ​ជ្រើស​រើស​សាច់​ញាតិ​ សែស្រឡាយ​ចូល​ធ្វើ​កិច្ចការ​ងារ​បន្ត​តំណែង​គឺ​ជា​មាគ៌ា​ឆ្ពោះ​ទៅ​មុខ​ ដើម្បី​ធានា​នូវ​ទាំង​និរន្ត​ភាព ​ក៏​ដូចជា​សុខ​សុវត្ថិភាព​សម្រាប់​មន្ត្រី​ខ្លួន​ឯង ​និង​សង្គម​ទាំង​មូល។​ ប៉ុន្តែ​ធាតុ​ពិត​ទៅ ​នៅ​ក្នុង​សង្គម​ជឿន​លឿន​ ការ​ផ្តល់​ឱកាស​ឱ្យ​មនុស្ស​ពិត​ប្រាកដ​ ធនធាន​ពិត​ប្រាកដ​ធ្វើ​កិច្ច​ការ​ទេ​ ទើប​ធានា​បាន​នូវ​និរន្តរ​ភាព​ ធានា​បាន​នូវ​វឌ្ឍន​ភាព ​និង​សន្តិភាព​ពិត​ប្រាកដ»។​

លោក ​សុខ ​ឥសាន​ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ​ប្រាប់​វីអូអេ​ថាការ​តែង​តាំង​មន្រ្តី​ដើម្បី​កាន់​មុខ​តំណែង​ធំៗ​គឺ​ផ្អែក​តាម​សំណូមពរ ​ភារ​កិច្ច​ចាំបាច់​ និង​លក្ខណៈ​សម្បត្តិ​ដូចជា​សមត្ថ​ភាព​ គុណភាព​ គោល​ជំហរ ​និង​សុខ​ភាព​ជាដើម។​

លោក​ថ្លែង​ថា៖​ «ការ​តែងតាំង​មន្រ្តី​នីមួយៗ ​គេ​សុទ្ធ​តែ​ជ្រើស​រើស​សម្រិត​សម្រាំង​ពី​ក្នុង​ចំណោម​មន្រ្តី​ជា​ច្រើន​ ហើយ​គេ​Select ​[ជ្រើសរើស]​យក​មន្ត្រី​ណា​ដែល​មាន​លក្ខណៈ​សម្បត្តិ​ល្អ​ប្រពៃ​ជាង​គេ​យក​មក​ធ្វើ​ការ​តែង​តាំង​ មិន​មែន​ចេះ​តែ​ធ្វើ​លេងៗ​ទេ។​ ដូច្នេះ​ហើយ​ការ​តែង​តាំង​មន្រ្តី​មិន​មែន​សម្រាប់​ឱ្យ​ការងារ​ស្ទះ ​ឬ​ទ្រឹង​ទេ។ ​គេ​តែង​តាំង​ដើម្បី​យក​មក​ធ្វើ​ការ​ ដើម្បី​រីក​ចម្រើន​ដល់​ប្រទេស​ជាតិ»។​

នៅ​គ្រា​ដែល​លោក​ ហ៊ុន សែន​ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ​បាន​លាលែង​ពី​តំណែង ​ហើយ​កូន​ប្រុស​របស់​លោក ​គឺ​លោក ​ហ៊ុន ម៉ាណែត ​ឡើង​ជំនួស ​កូន​របស់​មន្រ្តី​កំពូលៗ​របស់​គណបក្ស​កាន់​អំណាច​ផ្សេង​ទៀត​ក៏​ទទួល​តំណែង​ពី​ឪពុក​ដែរ ​ដូច​ជា​លោក​ ស សុខា ​កូន​ប្រុស​លោក ​ស ខេង​ ក្លាយ​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ​លោក​ ទៀ សីហា ​កូន​ប្រុស​របស់​លោក​ ទៀ បាញ់ ​ក្លាយ​ជា​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ។ លោក​ ហ៊ុន ម៉ានី ​ប្អូនប្រុស​របស់ ​លោក​ ហ៊ុន ម៉ាណែត​ ក្លាយ​ជា​រដ្ឋមន្រ្តី​ក្រសួង​មុខ​ងារ​សាធារណៈ។​

អ្នកស្រី ​ចម និម្មល​ កូនស្រី​របស់​លោក​ ចម ប្រសិទ្ធ ​ក្លាយ​ជា​រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជ​កម្ម។ ​អ្នកស្រី ​ជា សិរី ​កូនស្រី​របស់​លោក​ ជា ចាន់​តូ ​ក្លាយ​ជា​អគ្គ​ទេសាភិបាល​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​ជំនួស​ឪពុក​របស់​អ្នកស្រី។​ លោក​ ជា សុមេធី ​កូន​របស់​លោក ​ជា ស៊ីម ​អតីត​ប្រធាន​ព្រឹទ្ធ​សភា​ ក្លាយ​ជា​រដ្ឋ​មន្ត្រី​ក្រសួង​សង្គមកិច្ច​អតីត​យុទ្ធជន ​និង​យុវនីតិ​សម្បទា។ ​លោក ​សុខ សូកេន ​កូន​ប្រុស​របស់​លោក​ សុខ អាន ​ក្លាយ​ជា​រដ្ឋមន្ត្រី​ក្រសួង​ទេស​ចរណ៍។ ​លោក​ សាយ ​សំអាល់ ​កូន​ប្រុស​របស់​លោក ​សាយ ឈុំ ​អតីត​ប្រធាន​ព្រឹទ្ធ​សភា ក្លាយ​ជា​រដ្ឋ​មន្ត្រី​ក្រសួង​រៀបចំ​ដែនដី។​

នៅ​តាម​បណ្តា​ខេត្ត​វិញ​ លោក ​គីម រិទ្ធី ​កូន​ប្រុស​របស់​លោក​ គន់ គីម​ ទេស​រដ្ឋមន្ត្រី​អនុ​ប្រធាន​ទី១​គណៈ​កម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្ត​រាយ​ ត្រូវ​បាន​តែងតាំង​ជា​អភិបាល​ខេត្ត​ព្រះ​វិហារ។​ កូន​ប្រុស​លោក​ ប្រាក់ សុខុន ​អតីត​រដ្ឋ​មន្រ្តី​ការ​បរទេស​កម្ពុជា​និង​ជា​សមាជិក​ព្រឹទ្ធ​សភា ​គឺ​លោក​ ប្រាក់ សោភ័ណ ​ក្លាយ​ជា​អភិបាល​ខេត្ត​សៀមរាប។​ លោក ​ប៉េង ពោធិ៍សា ​កូន​របស់​អ្នកស្រី ​ម៉ែន សំអន​ អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ​និង​ជា​តំណាង​រាស្ត្រ​មណ្ឌល​ស្វាយរៀង ​ត្រូវ​បាន​តែង​តាំង​ជា​អភិបាល​ខេត្ត​ស្វាយរៀង។​

ចំណែក​នៅ​ក្រសួង​មហាផ្ទៃ​វិញ ​លោក ​សុខ វាសនា ​កូន​ប្រុស​របស់​លោក​ សុខ ផល​ រដ្ឋ​លេខាធិការ​ក្រសួង​មហាផ្ទៃ ​ទទួល​តំណែង​អគ្គ​នាយក​នៃ​អគ្គ​នាយកដ្ឋាន​អន្តោ​ប្រវេសន៍៕