សមាជិកនិងសកម្មជនប្រាំនាក់នៃគណបក្សភ្លើងទៀននិងគណបក្សឆន្ទៈខ្មែរដែលជាសម្ព័ន្ធរបស់គណបក្សភ្លើងទៀន ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់។ នេះបើតាមគណបក្សភ្លើងទៀន។
គណបក្សភ្លើងទៀនបញ្ជាក់ថា ពួកគេត្រូវបាននគរបាលខេត្តកំពង់ស្ពឺ និងស្វាយរៀងឃាត់ខ្លួន ដោយមិនបញ្ជាក់មូលហេតុឡើយ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្សភ្លើងទៀន ចុះថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៤ សមាជិកគណបក្សពីរនាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីព្រឹកថ្ងៃទី ២៩ ខែកក្កដា ក្នុងនោះរួមមានលោក តុ ដារ៉ា ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀន និងជាសមាជិកក្រុមប្រឹក្សាឃុំកក់ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ និងលោក ពៀក វណ្ណា បេក្ខជនក្រុមប្រឹក្សាសង្កាត់លេខរៀងទី ៣ នៅសង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា៖ «គណបក្សភ្លើងទៀនចាត់ទុកសកម្មភាពខាងលើនេះគឺជាការគំរាមកំហែង និងការធ្វើទុក្ខបុកម្នេញតាមគ្រប់រូបភាព ក្នុងគោលបំណងរារាំងការធ្វើសកម្មភាពនយោបាយស្របច្បាប់របស់សកម្មជនគណបក្សភ្លើងទៀននៅទូទាំងប្រទេស»។
ចំណែកកាលពីសប្តាហ៍មុន គណបក្សភ្លើងទៀនបានឱ្យដឹងថា សកម្មជនរបស់ខ្លួនបីនាក់ គឺលោក អ៊ុក សុវណ្ណឆន ជំទប់ទី ២ ឃុំពោធិ៍អង្រ្កង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ លោក ប៊ុន សារុំ និងលោក ចែម សាវឿន សមាជិកក្រុមប្រឹក្សាស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ មកពីគណបក្សឆន្ទៈខ្មែរ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៤។ គណបក្សបញ្ជាក់ថា ការចាប់ខ្លួននេះកើតឡើង «អំឡុងពេលមន្ត្រីនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលស្រុកបរសេដ្ឋកោះហៅពួកគាត់ទៅសួរនាំអំពីករណីចាំបាច់ផ្ទាល់ខ្លួននៅអធិការដ្ឋាននគរបលស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ»។
អគ្គលេខាធិការគណបក្សភ្លើងទៀន លោក លី សុធារ៉ាយុត្តិ ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា ការចាប់ខ្លួនសមាជិកនិងសកម្មជនគណបក្សជំទាស់ប្រាំនាក់នេះជាការគំរាមកំហែងសកម្មជនដដៃទៀតឱ្យមានការភ័យខ្លាច និងមិនហ៊ានចូលរួមសកម្មភាពនយោបាយជាមួយគណបក្សជំទាស់។
លោកថ្លែងថា៖ «ខ្ញុំយល់ឃើញថា ការចាប់ខ្លួនសកម្មជន និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់របស់គណបក្សភ្លើងទៀនជាបន្តបន្ទាប់នៅស្រុកបរសេដ្ឋខេត្តកំពង់ស្ពឺ គឺជារូបភាពបំភិតបំភ័យ ក៏ដូចជាគំរាមកំហែងយាយី និងការធ្វើទុក្ខបុកម្នេញនយោបាយទៅលើផ្នែកនយោបាយ ទៅលើសកម្មជន និងសមាជិកគណបក្សភ្លើងទៀន។ ហើយវាបង្ហាញថា ជាការរឹតត្បិតទៅលើសិទ្ធិនយោបាយរបស់គណបក្សក្រៅរដ្ឋាភិបាលដូចជាគណបក្សភ្លើងទៀន»។
លោកអំពាវនាវដល់អាជ្ញាធរនិងតុលាការឱ្យពិនិត្យមើលឡើងវិញ ព្រមទាំងទម្លាក់ចោលនូវបទចោទប្រកាន់លើសកម្មជន និងសមាជិករបស់គណបក្សភ្លើងទៀន ដើម្បីឱ្យពួកគេទទួលបានសិទ្ធិស្របច្បាប់មកវិញក្នុងការចូលរួមសកម្មភាពនយោបាយ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់អយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ចុះថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៤ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានបញ្ជូនសំណុំរឿងពាក់ព័ន្ធករណីបរិហារកេរ្តិ៍ជាសាធារណៈ រំលោភលើទំនុកចិត្ត ញុះញង់ឱ្យមានការរើសអើង និងប៉ុនប៉ងកំហែងយក មានសា្ថនទម្ងន់ទោស ទាក់ទងនឹងជនរងគ្រោះ និងបញ្ជូនជនសង្ស័យដែលបានឃាត់ខ្លួនមកកាន់អយ្យការអមសាលាដំបូងខេត្ត កំពង់ស្ពឺចំនួន៣នាក់។ ពួកគេមានលោក អ៊ុក សុវណ្ណឆន លោក ប៊ុន សារុំ និងលោក ចែម សាវឿន ដែលជាសមាជិករបស់គណបក្សភ្លើងទៀន។
តុលាការបញ្ជាក់ថា ការឃាត់ខ្លួននិងកសាងសំណុំរឿងទៅលើជនសង្ស័យទាំង៣នាក់ខាងលើ គឺធ្វើឡើងតាមរយៈពាក្យបណ្តឹងរបស់ជនរងគ្រោះ។
ព្រះរាជអាជ្ញារងខេត្តកំពង់ស្ពឺ និងជាអ្នកនាំពាក្យរបស់តុលាការ លោក រ៉ា លីសួន បដិសេធមិនអត្ថាធិប្បាយលើករណីនេះ។
ចំណែកអធិការនគរបាលស្រុកបរសេដ្ឋ លោក ចន សុភិត ប្រាប់វីអូអេឱ្យទាក់ទងទៅតុលាការវិញ។
លោកថ្លែងថា៖ «ពាក់ព័ន្ធនឹងកិច្ចការងារនេះជារឿងវិធានការផ្លូវច្បាប់ដែលយើងអនុវត្តតាមដីកាបង្គាប់ឱ្យនាំខ្លួនរបស់តុលាការខេត្តកំពង់ស្ពឺហ្នឹងហើយ។ ប្រសិនបើបងឆ្ងល់អី ទាក់ទងទៅអយ្យការខេត្តកំពង់ស្ពឺ»។
ចំណែកអធិការក្រុងស្វាយរៀង លោក កែន រិទ្ធី បានបដិសេធមិនអត្ថាធិប្បាយ ដោយប្រាប់វីអូអេឱ្យទាក់ទងទៅកាន់ស្នងការខេត្តស្វាយរៀងវិញ។
លោក ឈីវ អ៊ិចគង់ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង និងជាអ្នកនាំពាក្យ ប្រាប់វីអូអេថា លោក ពៀក វណ្ណា ត្រូវបានចាប់ខ្លួន ដោយសារ«ពាក់អាវទាហានខុសច្បាប់»។
សេចក្តីប្រកាសព័ត៌មានរបស់តុលាការខេត្តស្វាយរៀង ចុះថ្ងៃទី ៣០ ខែកក្កដា ឱ្យដឹងថា កាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៤ ការិយាល័យសន្តិសុខផ្ទៃក្នុងនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងបានបញ្ជូនសំណុំរឿងព្រហ្មទណ្ឌ ករណីឈ្មោះ ពៀក វណ្ណា «បានធ្វើសកម្មភាពប្រើប្រាស់ដោយខុសច្បាប់នូវសម្លៀកបំពាក់យោធា (អាវប៉ារ៉ា)ទៅប្រើប្រាស់ជាសាធារណៈ ចាប់តាំងពីអំឡុងខែកក្កដា ឆ្នាំ ២០២៤ រហូតដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០២៤ ដោយបានប្រើប្រាស់សម្លៀកបំពាក់នេះ នៅកន្លែងលក់ដូររបស់ខ្លួន ក៏ដូចជាបានពាក់ទៅចូលរួមប្រជុំនៅក្នុងក្រុមបក្សរបស់ខ្លួនទាំងដែលឈ្មោះ ពៀក វណ្ណា ឈ្មោះហៅក្រៅ ឡូញ មិនមែនជាមន្ត្រីយោធានោះទេ»។
តុលាការបញ្ជាក់ថា លោក ពៀក វណ្ណា ត្រូវបានចោទប្រកាន់ពីបទប្រើប្រាស់ដោយខុសច្បាប់នូវសម្លៀកបំពាក់ជាអាទិ៍សម្រាប់អាជ្ញាធរសាធារណៈដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ៦១២ នៃក្រមព្រហ្មទណ្ឌ ដែលអាចជាប់ពន្ធនាគារពី ១ខែទៅ ១ឆ្នាំ ប្រសិនបើតុលាការរកឃើញកំហុស។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន និងអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បាននៅឡើយទេ។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សនៃសមាគមអាដហុក លោក យី សុខសាន្ត លើកឡើងថា ការចាប់ខ្លួនសកម្មជនគណបក្សប្រឆាំងអាចធ្វើឱ្យលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាកាន់តែរួមតូច ហើយវាអាចធ្វើឱ្យមានការថ្កោលទោសពីមជ្ឈដ្ឋានអន្តរជាតិ៕
វេទិកាបញ្ចេញមតិ